សាច់ញាតិ​របស់​អ្នក​ទោស​នយោបាយ ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះលែង ស្នើសុំ​តុលាការ​ឱ្យ​ពន្លឿន​ការ​ដោះលែង

ដោយ ថន ថារ៉ូ
2019.11.30
គា ស៊ីសុគន្ធី អ្នកស្រី គា ស៊ីសុគន្ធី ភរិយា​របស់​លោក ម៉ៃ ហុង​ស្រៀង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ រង់ចាំ​ជួប​ស្វាមី​អ្នកស្រី​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក

សាច់​ញាតិ​របស់​ក្រុម​អ្នក​ទោស​នយោបាយ ដែល​​កំពុង​បន្ត​​ជាប់​​ឃុំ​ នៅ​ក្នុង​ពន្ធនាគារ ស្នើសុំ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី ដោះលែង​​ស្វាមី​ឲ្យ​បាន​លឿន ដើម្បី​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ។ អ្នក​​ឃ្លាំមើល​សិទ្ធិ​មនុស្ស ក៏​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​ទោស​ពាក់ព័ន្ធ​រឿង​នយោបាយ ទើប​ធ្វើ​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ។

ភរិយា ​របស់​អ្នក​ទោស​នយោបាយ ដែល​​អាជ្ញាធរ​ មិន​ទាន់​​ដោះលែង លើក​ឡើង​ពី​ភាព​សង្វេគ​របស់​គ្រួសារ​ និង​កូនៗ ពួក​គាត់ ក្នុង​ការ​បន្ត​បែកបាក់​គ្រួសារ។ ក្រុម​ភរិយា​របស់​អ្នក​​ទោស​នយោបាយ​ទាំង​នោះ ទទូច​សុំ​តុលាការ​ ឱ្យ​លៃ​លក​ដោះ​លែង​ប្ដី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់ៗ។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺ​អ្នក​ស្រី គា ស៊ី​សុគន្ធី រៀបរាប់​ថា អ្នក​ស្រី និង​កូន​តូចៗ ស្រក់​ទឹក​ភ្នែក​នឹក​ប្ដី រាល់​ពេល​ឃើញ​អ្នក​​ជាប់​ឃុំ ត្រូវ​បាន​គេ​ដោះ​លែង​ជា​បន្ត​បន្ទាប់ បែរ​ជា​អភ័ព្វ​តែ​ស្វាមី​​របស់​អ្នក​ស្រី ត្រូវ​បន្ត​ជាប់​ឃុំ គ្មាន​​ដំណឹង​នៃ​ការ​ដោះលែង​សោះ។ ស្ត្រី​ជា​គ្រូ​បង្រៀន​​នៅ​ខេត្ត​ព្រះសីហនុ​រូប​នេះ បាន​ឡើង​មក​ភ្នំពេញ ជិត​មួយ​សប្ដាហ៍ កាល​ពី​ក្រោយ​ថ្ងៃ​ទី១៤ វិច្ឆិកា ដើម្បី​រង់ចាំ​ដំណឹង​នៃ​ការ​ដោះ​លែង​ លោក ម៉ៃ ហុងស្រៀង ជា​ប្ដី ប៉ុន្តែ​មិន​​បាន​ដូច​ក្ដី​រំពឹង​ទេ គឺ​កន្លះ​ខែ​ទៅ​ហើយ តុលាការ​មិន​ទាន់​ដោះលែង​ស្វាមី​អ្នក​ស្រី​ទេ។ អ្នកស្រី​បន្ត​ថា ស្វាមី​​អ្នកស្រី បាន​​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ និង​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​រួច​ហើយ នៅ​តែ​មិន​ទាន់​មាន​ការ​ដោះ​លែង​ទៀត។ អ្នកស្រី​ សុំ​អង្វរ​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដោះ​លែង​លោក ម៉ៃ ហុងស្រៀង ឲ្យ​លឿន ដើម្បី​​បាន​រស់​នៅ​ជួបជុំ​គ្រួសារ​វិញ៖ «ខ្ញុំ​ឃើញ​គេ​ដោះលែង​បណ្ដើរៗ យូរៗ​ មួយ យូរៗ​ មួយ អ៊ីចឹង​ណា។ ខ្ញុំ​សង្ឃឹម​ថា ប្ដី​ខ្ញុំ​នឹង​គេ​ដោះលែង​ដូច​គ្នា អ៊ីចឹង​ដែរ។ ទន្ទឹង​ដូច​តែ​គ្នា ទាំង​ខ្ញុំ ទាំង​គាត់ គឺ​ទន្ទឹង​ចាំ​ថ្ងៃ ដែល​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​ហ្នឹង​ណា។ មក​ដល់​ពេល​នេះ​ហើយ ស្រាប់​តែ​អត់​ទាន់។ សង្ឃឹម​កាល​ថ្ងៃ​ទី​១៥ ដែល​លោក​នាគ​ព័ន្ធ គាត់​ចេញ​នោះ។ ដល់​ហើយ បែរ​ជា​អត់​វិញ​ទៅ ខ្ញុំ​បែរ​ជា​ខក​ដែល ខំ​ឡើង​ទៅ​ចាំ។ អ៊ីចឹង ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​ដោះលែង​គាត់​ឆាប់ៗ​នៅ​ពេល​ខាង​មុខ​នេះ»

លោក ម៉ៃ ហុងស្រៀង ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ​របប​ក្រុង​ភ្នំពេញ និង​ញុះញង់ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ បច្ចុប្បន្ន​សំណុំ​រឿង​របស់​លោក ម៉ៃ ហុងស្រៀង កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្ដឹង​ឧទ្ធរណ៍ ដោយសារ​​លោក មិន​ពេញ​ចិត្ត នឹង​ការ​សម្រេច​ក្ដី​របស់​តុលាការ​ជាន់​ទាប។

(លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ)

 

តំណាង​ក្រុម​មេធាវី ការពារ​ក្ដី​ឲ្យ​​អ្នក​ទោស​នយោបាយ​នៃ​គណ​បក្ស​ប្រឆាំង លោក​មេធាវី​ សំ សុគង់ ធ្លាប់​ឲ្យ​ដឹង​ថា សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជាង ២០នាក់​ទៀត នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស​មិន​ទាន់​បាន​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះអាសន្ន​​​ទេ។ អ្នក​ទាំង​នោះ ខ្លះ​រង​បទ​ចោទ​ញុះញង់ ខ្លះ​រង​បទ​ជេរប្រមាថ និង​ខ្លះ​ទៀត​ រង​បទ​ចោទ​រួមគំនិត​ក្បត់។ លោក​ថា ក្នុង​ចំណោម​អ្នក​​ជាប់​ឃុំ​ជាង ២០នាក់​នោះ មាន​កូន​ក្ដី​របស់​លោក​តែ​ជាង ១០នាក់​ទេ ហើយ​ពួក​គេ​មិន​ទាន់​ទទួល​បាន​ការ​ដោះលែង ដោយសារ​​អ្នក​ខ្លះ ​កំពុង​ប្ដឹង​ឡើង​ឧទ្ធរណ៍ និង​អ្នកខ្លះ សំណុំរឿង​ចេញ​ផុត​ពី​ដៃ​ចៅក្រម​ស៊ើបសួរ។

អតីត​អ្នក​ទោស​មនសិការ ដែល​ទើប​ត្រូវ​បាន​ដោះលែង ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន លោក គង់ រ៉ៃយ៉ា ឲ្យ​ដឹង​ថា អ្នក​ទោស​នយោបាយ និង​មនសិការ នៅ​សល់​ចំនួន​ ១២​នាក់​ទៀត កំពុង​ជាប់​នៅ​មណ្ឌល​កែប្រែ​ "ម១" នៃ​ពន្ធនាគារ​ព្រៃ​ស។ លោក​ថា អ្នក​ទោស​នយោបាយ​ទាំង ១២នាក់​នោះ ខ្លះ​ជា​សកម្មជន​បក្ស​ប្រឆាំង ខ្លះ​​មិន​មែន​ជា​សកម្មជន​បក្ស​ប្រឆាំង​ទេ តែ​ជាប់​ពន្ធនាគារ​ ដោយសារ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម។

លោក គង់ រ៉ៃយ៉ា បន្ត​ថា អ្នក​ទោស​នយោបាយ​ទាំង ១២នាក់ ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ទាំង​ការ​រស់​នៅ និង​ផ្លូវ​ច្បាប់ ព្រោះ​ថា អ្នក​ខ្លះ មក​ដល់​​ចុង​ខែ​វិច្ឆិកា​ទៅ​ហើយ មិន​ទាន់​មាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ទេ ដោយសារ​​មេធាវី​ខាង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ មិន​ចង់​ពាក់ព័ន្ធ​រឿង​​ក្ដី​​នយោបាយ ឯ​ខាង​​គណបក្ស​ប្រឆាំង មិន​បញ្ចេញ​មេធាវី​ជួយ​ការពារ​ក្ដី​ទេ ដោយ​គិត​ថា មិន​មែន​ជា​សមាជិក​បក្ស។​ លោក​ថា ពួក​គេ​ទាំង​ ១២​នាក់​នោះ បាន​ដាក់​លិខិត​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​អស់​ហើយ និង​សុទ្ធ​តែ​សង្ឃឹម​ថា ពួក​គាត់​នឹង​ទទួល​បាន​ការ​ដោះលែង​ឆាប់ៗ ដូច​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត៖ «ក្ដី​សង្ឃឹម​របស់​ពួកគាត់​ហ្នឹង វា​ហាក់​រាង​នៅ​ឆ្ងាយ​បន្តិច ដោយសារ​តែ​បាន​កាត់​ទោស​នៅ​សាលា​ដំបូង​ ឬ​ក៏​សាលា​ឧទ្ធរណ៍​រួច​ហើយ ភាគច្រើន​នោះ​ណា។ ប៉ុន្តែ​នៅ​មាន​មួយ​ចំនួន ក៏​គាត់​មិន​ទាន់​បាន​ទទួល​កម្រិត​ទោស​នៅ​ឡើយ​​ដែរ ហើយ​មួយ​ចំនួន​ គឺ​គាត់​អត់​មាន​មេធាវី ការពារ​ក្ដី​ ខាង​អង្គការ​សង្គម​ស៊ីវិល គេ​ថា បទ​ល្មើស​ពាក់ព័ន្ធ​​រឿង​នយោបាយ​ច្រើន​ពេក អ៊ីចឹង​ទៅ គាត់​អត់​ហ៊ាន។ ខាង​គណបក្ស​នយោបាយ​គេ​ថា គាត់​មិន​មែន​ជា​សកម្មជន​គណបក្ស​នយោបាយ គេ​អត់​ហ៊ាន​បញ្ចេញ​មេធាវី​ឲ្យ»។

ចំណែក​ស្ថានភាព​ក្នុង​មណ្ឌល​អប់រំ កែប្រែ ​ម១ នៃ​ពន្ធនាគារ​ព្រៃ​ស មាន​លក្ខណៈចង្អៀត​ណែន អំពើ​ហិង្សា​រវាង​អ្នក​ជាប់​ឃុំ ការ​ដាក់​ឃុំ​លាយ​ឡំ​គ្នា​រវាង​អ្នក​ជក់​បារី និង​អ្នក​មិន​ជក់ ការ​ខ្វះ​ខាត​ទី​ធ្លា​ហាត់ប្រាណ​ ដូច​នៅ​តាម​ពន្ធនាគារ​ផ្សេង​ទៀត​ដែរ។ លោក គង់ រ៉ៃយ៉ា ថា បន្ទប់​ឃុំឃាំង ទំហំ​​ ៤ម៉ែត្រ​ ៤ជ្រុង និង​​មាន​បង្គន់​មួយ​ក្នុង​នោះ​ផង ត្រូវ​ផ្ទុក​​អ្នក​ជាប់​ឃុំ ចំនួន​២១ ទៅ ​២៧​នាក់ ក្នុង​មួយ​បន្ទប់។ លោក​ថា ករណី​ហិង្សា​ឧស្សាហ៍​កើត​មាន​ណាស់ ព្រោះ​តែ​ភាព​ចង្អៀត និង​ការ​ប្រជ្រៀត​គ្នា​នេះ។

រីឯ​ទីធ្លា​ក្នុង​ពន្ធនាគារ​ព្រៃ​ស វិញ លោក គង់ រ៉ៃ​យ៉ា ថា សឹង​តែ​គ្មាន​កន្លែង​សម្រាប់​ហាត់​ប្រាណ ព្រោះ​ទីធ្លា​ទាំង​នោះ ត្រូវ​យក​ទៅ​​សាងសង់​ជា​អគារ ឃុំឃាំង​អស់​ហើយ។ លោក​បន្ត​ទៀត​ថា ​ក្រោយ​ការ​ស្នើសុំ មន្ត្រី​ពន្ធនាគារ​បាន​យល់​ព្រម​ឲ្យ​ដាក់​អ្នក​ទោស​នយោបាយ ចំនួន ១៨នាក់ ក្នុង​បន្ទប់​​ឃុំ​តែ​មួយ។ ឆ្មាំ​ពន្ធនាគារ​ បាន​រឹតត្បិត​មិន​ឲ្យ​​​​អ្នក​ទោស​នយោបាយ ទទួល​​បាន​ព័ត៌មាន ដូចជា ហាមឃាត់​ការ​មើល​ទូរទស្សន៍ ស្ដាប់​វិទ្យុ ឬ​អាន​កាសែត ខុស​ពី​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។ លោក​អះអាង​ថា ការ​ជាប់​ឃុំ​លើក​ទី១ កាល​ឆ្នាំ២០១៦ លោក​អាច​មើល​ទូរទស្សន៍ ស្ដាប់​វិទ្យុ និង​អាន​កាសែត​បាន៖ «"ម១" ខ្ញុំ​គិត​ថា ជា​ពេល​ដែល​ត្រូវ​ប្រកាស​អាសន្ន ចំពោះ​ការ​ចង្អៀត​ណែន​តាន់តាប់ នៃ​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ មក​ដល់​ពេល​នេះ គឺ​មាន​ជន​ជាប់​ឃុំ​ប្រមាណ​ជា ៩ពាន់​នាក់​ហើយ ក្នុង​ពន្ធនាគារ​ព្រៃ​ស ហើយ​ពន្ធនាគារ​ព្រៃ​ស ស្ទើរ​តែ​គ្មាន​ដី​ទំនេរ​សោះ​ឡើយ សម្រាប់​ជន​ជាប់​ឃុំ​ហាត់​ប្រាណ ដោយសារ​តែ​ពន្ធនាគារ​បាន​យក​ដី​ទំនេរៗ ពី​មុន​ហ្នឹង មក​សង់​ជា​អគារ​សម្រាប់​ឃុំ​អស់​ហើយ រក​ដី​ទំនេរ​គ្មាន​ឡើយ សម្រាប់​ហាត់​ប្រាណ»

ភរិយា​របស់​អ្នក​ទោស​មនសិការ​ម្នាក់​ទៀត គឺ​ជា​ជន​ពិការ​ជើង​ លោក ភុន យុទ្ធ ប្ដី​លោកស្រី មុំ រដ្ឋា (ឬ មុំ វិត) ឲ្យ​ដឹង​ថា ស្វាមី​លោកស្រី ក៏​មិន​ទាន់​ត្រូវ​បាន​ដោះលែង​ដែរ។ លោកស្រី​ថា លោក ភុន យុទ្ធ បាន​ដាក់​លិខិត​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​យូរ​ហើយ តែ​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ប្រាប់​ថា រង់ចាំ​​ឯកសារ និង​ការ​សម្រេច​ពី​មេ​នៅ​ភ្នំពេញ​សិន។ បច្ចុប្បន្ន លោក ភុន យុទ្ធ កំពុង​​កើត​​ជំងឺ​ច្រើន​មុខ ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប។ លោកស្រី មុំ រដ្ឋា ឲ្យ​ដឹង​ថា លោក​ ភុន យុទ្ធ តែង​សរសេរ​ក្រដាស​ឲ្យ​លោកស្រី ទិញ​ថ្នាំ​យក​ទៅ​ឲ្យ​ជា​និច្ច​ ដូច​ជា​ថ្នាំ​ក្ដៅ​ខ្លួន រលាក​ក្រពះ និង​ថ្នាំ​បំបាត់​កន្ទួល​រមាស់៖ «ពិបាក​ដែរ​ហ្នឹង​ណា ដើរ​ប៉័ង​ប៉ៀច (ប៉ាក់ប៉ើក​) អ៊ីចឹង​ណា​បង។ ចិញ្ចឹម​កូន កូន​នៅ​តូច អាយុ​៥​ឆ្នាំ​ជាង។ ខ្ញុំ​​នៅ​ផ្ទះ​ជួល​ទៀត វេទនា​ដែរ​ណា​បង។​ ជួន​ណា ខ្ញុំ​ទៅ​លក់​ដូរ លក់​ខ្សែ​ដៃ​របស់​ជនជាតិ​ របស់​ប្ដី​ខ្ញុំ​លក់។ ប៉ះ​ថ្ងៃ​ណា ដាច់ ថ្ងៃ​ណា​មិន​ដាច់​អត់​អ៊ីចឹង​ទៅ​ណា​បង។ ខ្ញុំ​ទិញ​គ្រឿងគ្រៅ​អ្វី​ឲ្យ​គាត់​ហូប​នៅ​ក្នុង​ ហើយ​ប្ដី​ខ្ញុំ​គាត់​សុំ​លុយ​ខ្ញុំ​ ជួន​ណា​៥​ម៉ឺន ១០​ម៉ឺន អ៊ីចឹង​ទៅ គាត់​បង់​នៅ​ក្នុង​ហ្នឹង។ នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង គាត់​បង់​អ្វីៗ ខ្ញុំ​អត់​សូវ​ដឹង​។ គាត់​ថា សុំ​ខ្ញុំ​៥​ម៉ឺន ដប់​ម៉ឺន​ អ៊ីចឹង ទុក​ជាប់​ខ្លួន​អ៊ីចឹង បង់​អ្វី បង់​អ្វី ខ្ញុំ​អត់​សូវ​ដឹង​ដែរ»។

ស្ត្រី​ពិការ​ជើង​ម្ខាង​រូប​នេះ ទទូច​សុំ​តុលាការ​ឱ្យ​ពន្លឿន​ដោះលែង ស្វាមី​ឲ្យ​​បាន​ឆាប់ ព្រោះ​ជីវភាព​ប្ដី​ប្រពន្ធ​ពិការ​ជើង​មួយ​គ្រួសារ​នេះ កំពុង​ប្រឈម​ជីវភាព​ធ្ងន់ធ្ងរ។ លោកស្រី​បន្ត​ថា ចាប់​តាំង​ពី​ប្ដី ត្រូវ​រង​ការ​ចាប់​ខ្លួន​មក លោកស្រី ត្រូវ​រ៉ាប់​រង​ជីវភាព​​ថ្លៃ​ជួល​ផ្ទះ​ ​ចិញ្ចឹម​កូន​តូច​អាយុ​ ៥​ឆ្នាំ រក​លុយ​ឲ្យ​កូន​តូច​បាន​រៀន​ភាសា​អង់គ្លេស ​និង​ត្រូវ​រក​លុយ​ផ្គត់ផ្គង់​ប្ដី​ ចាយ​វាយ​ក្នុង​ពន្ធនាគារ​ទៀត។ លោកស្រី ថា លោក ​ភុន យុទ្ធ តែង​ទូរស័ព្ទ​​ពី​ពន្ធនាគារ មក​សុំ​លុយ​បន្តិចបន្តួច​​​សម្រាប់​ចាយ​វាយ។ សម្រាប់​ការ​ផ្គត់ផ្គង់​លោក ភុន យុទ្ធ ចាយ​វាយ​ក្នុង​ពន្ធនាគារ គឺ​ចន្លោះ​ ៥ម៉ឺន ទៅ ​១០​ម៉ឺន​រៀល ក្នុង ១សប្ដាហ៍ ឬ​កន្លះ​ខែ។ ស្ត្រី​ពិការ​ជើង​ម្ខាង​រូប​នេះ​បន្ត​ថា ពេល​ខ្លះ​ ត្រូវ​​ទុក​កូន​តូច​ចោល​ឲ្យ​នៅ​តែ​ម្នាក់​ឯង ហើយ​ចេញ​ទៅ​លក់​វត្ថុ​អនុស្សាវរីយ៍ បន្ត​ពី​លោក ភុន យុទ្ធ យក​លុយ​មក​ផ្គត់ផ្គង់​ការ​ចំណាយ​ទាំង​នេះ។

លោក ភុន យុទ្ធ អាយុ​ ៣៦ឆ្នាំ ជា​​ជន​ពិការ​ជើង ​(ស្វិត​ជើង) ​ទាំង​សង​ខាង មាន​មុខ​របរ​ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​បែប​ឆក់​កណ្ដៀត​នៅ​ខេត្ត​សៀមរាប។ សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន ជន​ពិការ​ជើង​រូប​នេះ នៅ​ផ្ទះ​ជួល​​មួយ​កន្លែង ក្រោយ​វត្ត​កេសារ៉ារ៉ាម កាល​ពី​​​ព្រលឹម​ថ្ងៃ​ទី​១៨ ខែ​កក្កដា ​ដោយ​ជាប់​ចោទ​​​ពី​បទ​ញុះញង់​ ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាថ​ជា​សាធារណៈ។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ភុន យុទ្ធ ប្រើ​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ "ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី " បង្ហោះ​សារ​​រិះគន់​របប​ដឹកនាំ​សព្វ​ថ្ងៃ និង​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ ក្រោយ​ការ​ចាប់​ខ្លួន​នោះ គណនេយ្យ​​ហ្វេសប៊ុក ​​របស់​ លោក ភុន យុទ្ធ លែង​អាច​រក​ឃើញ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៀត​ហើយ។

(លោក ភុន យុទ្ធ)

ប្រពន្ធ​របស់​លោក ភុន យុទ្ធ គឺ​លោកស្រី មុំ រដ្ឋា សុំ​អង្វរ​​ឲ្យ​តុលាការ​ពន្លឿន ​​ការ​​ដោះលែង​ស្វាមី ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​​ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ពិការ​ជើង​ទាំង​ពីរ​នាក់​​ប្ដី​ប្រពន្ធ​នេះ បាន​​រស់​នៅ​ជួបជុំ​គ្នា​ ផ្ដល់​ភាព​កក់ក្ដៅ​ ឲ្យ​​កូន​ស្រី​តូច​​ម្នាក់​ផង។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់​​ថា ស្ថាប័ន​ពាក់​ព័ន្ធ​​ គួរ​​​​​រក​គន្លឹះ​ដោះលែង​ និង​ទម្លាក់​ចោល​បទ​ចោទ​ លើ​​​អ្នក​ជាប់​ឃុំ​​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ​ទាំង​អស់​ ទើប​ជា​រឿង​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។