អាជ្ញាធរ​រារាំង​សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​តវ៉ា​មុខ​តុលាការ​ក្រុងភ្នំពេញ

អាជ្ញាធរ​បាន​ចេញ​មក​រារាំង​ប្រពន្ធ និង​កូន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ១០​នាក់ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ នៅ​ព្រឹក​ថ្ងៃទី​២៦ មិថុនា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិមនុស្ស​ហៅ​ការរារាំង​របស់​សមត្ថ​កិច្ច​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ដោយ​ខុសច្បាប់។

តំណាង​ក្រុម​អ្នកតវ៉ា​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​លោកស្រី ព្រុំ ចន្ថា ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​ពួកគាត់​តវ៉ា​ដោយសារ​ប្ដី​របស់​លោក​ស្រី​គឺ​លោក កាក់ កុម្ភារ ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​នេះ​ជាង ១០​នាក់​ផ្សេងទៀត កំពុង​ជាប់គុក​ដោយ​អយុត្តិធម៌​ពីព្រោះ​ពួកគាត់​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​នោះ​ឡើយ។ លោកស្រី​ហៅ​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​ការ​ធ្វើ​ឱ្យ​ប្រពន្ធ​និង​កូន​របស់​ជន​ជាប់ឃុំ​បែកបាក់​គ្នា​ដោយ​ឈឺចាប់​បំផុត៖ «ពួក​ខ្ញុំ​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា​ការ​ញុះញង់​គ្មាន​មេដឹកនាំ​អី​ទាំងអស់ សូម្បីតែ​លុយកាក់​ក៏​ខ្លួនឯង​ដែរ​និយាយ​រួម​ទៅ​គឺ​អត់​មានតែ​ម្ដង​អ្នកខ្លះ​គាត់​ចេញ​ពី​ផ្ទះ​តាំងពី​ព្រលឹម​មក​មានតែ​នំប៉័ង​មួយ​ញាំ​ក៏បាន​ដែរ។ ធម្មតា​គេ​ចាប់​ឪពុក​គេ​ចាប់​ប្ដី​សួរ​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​បើ​មិន​មក​ជួយ​គ្នា​នោះ​យើង​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា ដោយសារ​ឈឺចាប់​គេ​ចាប់​ប្ដី​អីចឹង​ទៅ​មានតែ​នាំគ្នា​ងើប​ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​អ្នក​ជាប់ឃុំ​ព្រោះ​បើ​ពួក​ខ្ញុំ​មិន​ងើប​ទេ​មាន​អ្នកណា​ជួយ​ពួក​ខ្ញុំ​បានទេ»។

ការ​តវ៉ា​នេះ​ពុំ​មាន​អាជ្ញាធរ​ណា​ម្នាក់​ទៅ​ជួបពិភាក្សា​ជាមួយ​ពួកគាត់​នោះ​ទេ​ហើយ​ក្រុម​អ្នកតវ៉ា​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​វិញ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ។ ជំនួយការ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា និង​បាន​សន្យា​ថា ស្ថានទូត​អាមេរិក​នឹង​តាមដាន​ឃ្លាំមើល​រឿង​នេះ​យ៉ាង​យកចិត្តទុកដាក់។ ក្រុម​អ្នក​តវ៉ា​គ្រោង​ប្រមូល​គ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​ទៀត​នៅ​សប្ដាហ៍​ក្រោយ។

នេះ​ជា​លើក​ទី​២​ហើយ ដែល​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​នាំគ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស និង​កង​សន្តិសុខ​ក្រុងភ្នំពេញ​រារាំង និង​ចាប់​ដក​យក​បដា​ពី​ពួកគាត់។ បដា​នោះ​មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា គឺ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ឪពុក​និង​ប្ដី​របស់​ពួក​គាត់​ដោយ​គ្មាន​លក្ខខណ្ឌ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត ប្រាប់​អាស៊ីសេរី​ថា ប៉ូលិស​មិន​បាន​រារាំង​ក្រុម​អ្នក​តវ៉ា​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ទៅ​ការពារ​សន្តិសុខ​នៅមុខ​តុលាការ​ដោយសារ​ខ្លាច​ក្រុម​អ្នក​តវ៉ា​បិទ​ផ្លូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់​សាធារណៈ៖ «អត់​មាន​ពី​ណា​គេ​ណែ​នាំ​ឱ្យ​គាត់​ដក​បដា​ទេ។ តវ៉ា​ត​អី​ប៉ុន្តែ​រឿង​សិទ្ធិ​នៅ​លើ​តុលាការ​ទេ​នគរបាល​អត់​មាន​សិទ្ធិ​ទេ។ ខ្ញុំ​បាន​ណែ​នាំ​ឱ្យ​បងប្អូន​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់ ប៉ុន្តែ​ការ​តវ៉ា​ទាម​យ៉ាងម៉េច​លើ​សិទ្ធិ​របស់​តុលាការ​ទេ»។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​ថា រឿងក្ដី​នេះ​ជា​នីតិវិធី​របស់​តុលាការ​ដោយ​ពុំ​មាន​ក្រុម ឬ​ស្ថាប័ន​ណា​អាច​បង្គាប់បញ្ជា​ឬ​ដាក់​សម្ពាធ​ទៅលើ​តុលាការ​បាន​ឡើយ៖ «ក៏​ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគាត់​គួរតែ​ធ្វើការ​តវ៉ា​ទៅ​មេ​កើយ​របស់​គាត់​នៅ​ក្រៅ​ប្រទេស​ឱ្យ​ជួយ​ពួកគាត់ ដូចជា​ជំនួយ​ផ្នែក​ច្បាប់​អី​ជាដើម។ ពី​ព្រោះ​ថា ក្រុម​ទាំងនោះ​ហើយ​ដែល​បាន​រៀបចំ​ផែនការ​ញុះញង់​ពួកគាត់​ឱ្យ​ធ្វើ​សកម្មភាព​អី​ផ្សេងៗ​ដែល​ឈាន​ទៅ​ការ​ល្មើសច្បាប់​ហើយ​នាំ​ឱ្យ​មាន​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​បែបនេះ»។

ផ្ទុយ​ពី​ការ​លើក​របស់​មន្ត្រី​ក្រសួងយុត្តិធម៌​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ជា​រឿង​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់​។​លោក​បន្ត​ថា ប្រទេស​ប្រជាធិបតេយ្យ​ការ​តវ៉ា​គឺជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។ លោក​បញ្ជាក់​ថា ករណី​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ប្រជាពលរដ្ឋ​តវ៉ា​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ៖ «គឺ​គេ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុម​គ្រួសារ​ឬ​អ្នក​ដែល​រងគ្រោះ​ហ្នឹង​តវ៉ា​ទាមទារ​នូវ​អ្វី​ដែល​ពួកគេ​មិន​ពេញចិត្ត​ហើយ​សុំ​ការ​ទទួល​យក​និង​ធ្វើការ​ដោះស្រាយ​អី​ជាដើម​។​ប្រសិនបើ​ប្រើ​វិធានការ​រឹតត្បិត​ដក​បដា​ដក​ងី​ពួកគាត់​អីចឹង​តើ​វា​ជា​សេរីភាព​មួយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ឬ​អត់ ដែល​តែងតែ​មាន​ការ​អះអាង​ពី​ខាង​សំណាក់​រដ្ឋាភិបាល​នោះ»។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​មាន​សកម្មជន​បក្ស​ប្រឆាំង ចំនួន​១៥​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស។ មន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ​ត្រូវ​បាន​ចោទប្រកាន់​ដូចៗ​គ្នា​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់ កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។

កាល​ពី​ថ្ងៃ​ទី​១១ មិថុនា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ៣០​ស្ថាប័ន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ទង្វើ​យាយី​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ព្រមទាំង​ដោះលែង​អ្នក​ទោស​នយោបាយ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ត្រូវ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន របស់​ពលរដ្ឋ ដូចជា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។