កម្ពុជា-ចិនបញ្ចប់សមយុទ្ធជើងទឹកដំបូងបង្អស់ដោយអះអាងថា មិនមែនជា «ការគំរាមកំហែង» ដល់ប្រទេសណាឡើយ
2024.05.27

កម្ពុជា និងចិនបិទបញ្ចប់ការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទី១មិនធ្លាប់មានពីមុនមកនៅលើលម្ហសមុទ្រកម្ពុជា ដោយអះអាងថា ការធ្វើសមយុទ្ធជើងទឹកនេះ មិនមែនជា «ការគំរាមកំហែង» ដល់ប្រទេសណាមួយឡើយ។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ ថ្លែងក្នុងពិធីបិទសមយុទ្ធជើងទឹករួមគ្នាជាមួយចិន កាលពីថ្ងៃទី២៧ ខែឧសភា ថា ការធ្វើសមយុទ្ធនេះគឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ក្នុងគោលបំណងបង្កើនសមត្ថភាពរវាងកងទ័ពទាំងពីរ ជាពិសេស គឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលម្ហសមុទ្រ។ លោកគូសបញ្ជាក់ថា សមយុទ្ធជើងទឹកនេះមិនមាន «ការគំរាមកំហែង» ដល់ប្រទេសណាឡើយ។
សមយុទ្ធកងទ័ពជើងទឹកនេះ ធ្វើឡើងរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា នៅលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ។ សមយុទ្ធជើងទឹកនេះ មានការចូលរួមពីកងទ័ពជើងទឹកកម្ពុជានិងចិន សរុប ៧៨២នាក់ មាននាវាកងទ័ពជើងទឹក ១៤គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង។ សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធ «នាគមាស» កម្ពុជា-ចិន លើកទី៦ ទ្រង់ទ្រាយធំ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែឧសភាខាងមុខ។
កម្ពុជារងការរិះគន់ថា កំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយចិនកាន់តែខ្លាំងឡើងៗ ខណៈចិនកំពុងជួយអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមដែលត្រូវសហរដ្ឋអាមេរិកសង្ស័យជាយូរមកហើយថា អាចជាមូលដ្ឋានកងទ័ពចិនទីពីរនៅក្រៅប្រទេស។ នៅទន្ទឹមពេលនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយចិននៅលើលម្ហសមុទ្រកម្ពុជានេះ នៅឯច្រកសមុទ្រតៃវ៉ាន់ឯណោះវិញ ចិនក៏បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេល ២ថ្ងៃកាលពីចុងសប្ដាហ៍មុន ដោយបានបញ្ជូនយន្តហោះចម្បាំង ១១១គ្រឿង និងនាវាចម្បាំង ៤៦គ្រឿង មកកាន់តំបន់ជុំវិញកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធរបស់ចិននេះ គឺជាការឆ្លើយតបនឹងការឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីតៃវ៉ាន់ដែលមានជំហរប្រឆាំងចិន។
អ្នកជំនាញអាមេរិកាំងព្រមានថា នាវាចម្បាំងចិនចូលចតនៅកម្ពុជាជាបន្តបន្ទាប់ ជាសញ្ញាណបង្ហាញឱ្យឃើញពីការចាប់ផ្តើមមានវត្តមានយោធាចិន «ជាអចិន្ត្រៃយ៍» នៅកំពង់ផែរាម។ ទន្ទឹមនឹងនោះ ចិនក៏អាចប្រើប្រាស់កំពង់ផែរាម ដើម្បីឈ្លបយកការណ៍ និងប្រមូលព័ត៌មានសម្ងាត់ពីប្រទេសនានា នៅក្នុងតំបន់ ក្នុងករណីមានសង្គ្រាមដណ្តើមយកកោះតៃវ៉ាន់នាពេលអនាគត។
នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិននៅកម្ពុជានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន (Lloyd Austin) ក៏គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ជាផ្នែកមួយនៃការចូលរួមសន្និសីទកំពូលសន្តិសុខប្រចាំឆ្នាំ ឬកិច្ចសន្ទនា សាំងហ្គ្រីឡា (Shangri-La Dialogue) នៅប្រទេសសិង្ហបុរី (Singapore)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។