ភរិយា​​បណ្ឌិត​ ​កែម​ ឡី ​អស់​សង្ឃឹម​ថា​ របប​​លោក​ ​ហ៊ុន​ ​សែន​ ​អាច​​​​រក​​យុត្តិធម៌​​ជូន​​គ្រួសារ​​លោក​ស្រី​

0:00 / 0:00

បន្ទាប់ពី​ទន្ទឹង​រង់ចាំ​ពន្លឺ​យុត្តិធម៌​អស់​រយៈពេល​ ​៥​ ​ឆ្នាំ​ ​លោកស្រី​ ​ប៊ូ​ ​រចនា​ ​ដឹង​ច្បាស់​ថា​ ​គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ប្តី​ ​និង​គ្រួសារ​របស់​លោកស្រី​ ​រឿង​ឃាតកម្ម​លើ​បណ្ឌិត​ ​កែម​ ឡី​នេះ​ ​ជាពិសេស​នៅ​ក្រោម​ការ​​​ដឹកនាំ​របស់​របប​លោក​ ​ហ៊ុន​ ​សែន៖ «​រឿង​យុត្តិធម៌​ហ្នឹង​ ​មិនមែន​តែ​គ្រួសារ​ខ្ញុំ​ទេ​ ​គឺ​មានគ្រួសារ​ច្រើន​ ​ដែល​គាត់​ទទួលរង​នូវ​ភាព​អយុត្តិធម៌​ហ្នឹង​ទាំងអស់គ្នា​តែម្តង​។​ ​ទាមទារ​ពី​រដ្ឋាភិបាល​នៅ​ស្រុកខ្មែរ​ហ្នឹង​ ​គឺ​គ្មាន​សង្ឃឹម​ថា​ ​គាត់​នឹង​អាច​ធ្វើ​បានទេ​។​ ​បើសិនជា​គាត់​ធ្វើ​បាន​មែន​ ​គាត់​មិន​អាច​ទុកឲ្យ​ពួកយើង​ដែល​ជា​ជនរងគ្រោះ​ ​រហូតដល់​ដូច​គ្រួសារ​ខ្ញុំ​នេះ​ ​ប្រាំ​ឆ្នាំ​ ​ហើយ​នៅ​គ្រួសារ​លោក​ ​ជា​ ​វិជ្ជា​ ​គ្រួសារ​លោក​ ​ឈុត​ ​វុទ្ធី​ទៀត​ ​សុទ្ធតែ​ ​១​០​ប្លាយ​ឆ្នាំ​ជាង​។​ ​ដូច្នេះ​មានន័យ​ថា​មួយ​ដំណាក់កាល​ៗ​ ​គឺ​អត់មាន​ស្អី​ ​ដែល​ថា​មាន​យុត្តិធម៌​សម្រាប់​ពួកយើង​ទេ​។​ ​អត់​ហ្មង​ ​គឺ​សូន្យ​ ! ​ មានតែ​បំបិទ​ថែមទៀត​។​ ​និយាយរួម​ទៅ​ ​ឃើញ​តុលាការ​អី​ហ្នឹង​ ​សុទ្ធតែ​នៅ​ក្រោម​ ​ការណ៍​ដែល​បង្គាប់​ការណ៍​ដែល​បញ្ជា​ ​ដូច្នេះ​យើង​មិន​អាច​​​រក​យុត្តិធម៌​បានទេ​»។

លោក​បណ្ឌិត​ ​កែម​ ឡី ​មាន​វ័យ​ ​៥០​ ​ឆ្នាំ​ ​ជា​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៦​ ​នៅ​ក្នុង​ហាង​ស្ដារម៉ា​ត​ (​Star​ ​Mart​) ​ក្នុង​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​កាល់តិច​(​Caltex​) ​នៅ​ស្តុ​ប​បូកគោ​។

ជិត​ ​៩​ខែក្រោយ​មក​ ​នៅដើម​ខែ​ ​មីនា​ ​ឆ្នាំ​ ​២០១៧​ ​តុលាការ​ក្រុងភ្នំពេញ​ ​កាត់ទោស​បុរស​តែម្នាក់​គត់​ ​ឈ្មោះ​ អឿត​ ​អាង​ ​ឲ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត​ពី​បទ ​«​ឃាតកម្ម​គិតទុកជាមុន​»​ ​និង​បទ​ចោទ​មួយទៀត​គឺ​ ​«​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

ក្នុង​ការ​កាត់ទោស​យ៉ាង​ប្រញាប់ប្រញាល់​នេះ​ ​តុលាការ​គ្មាន​សួរ​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដូចជា​អ្នក​លក់​កាំភ្លើង​ ​អ្នកទទួល​ឲ្យ​គាត់​ស្នាក់​នៅ​ក្រុងភ្នំពេញ​ ​ឬ​អ្នក​នៅ​ពីក្រោយខ្នង​ការ​សម្លាប់​នេះ​ទេ​។​ ​លោក​ អឿត​ ​អាង​ ​សារភាព​ ​ថា​គាត់​សម្លាប់​បណ្ឌិត​ ​កែម​ ឡី ​ព្រោះ​រឿង​ជំពាក់ប្រាក់​ ​៣,០០០ ​ដុល្លារ​។​ ​ប៉ុន្តែ​ ​ក្នុងពេលជាមួយគ្នា​នោះ​ ​សូម្បីតែ​ឈ្មោះ​របស់​លោក​ ​ក៏​លោក​កុហក​តុលាការ​ដែរ​។​ ​លោក​ថា ​លោក​ឈ្មោះ​ ​ជួប​ ​សម្លាប់​ ​តាំងពី​កំណើត​។​ ​តែ​ម្តាយ​របស់​លោក​ ​គឺ​លោកស្រី​ ​ឯក​ ​តាប់​ ​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ថា​លោក​ អឿត​ ​អាង​ ​គឺ​ឈ្មោះ​តាំងពី​កំណើត​ ​មិនមែន​ ​ជួប​ ​សម្លាប់​នោះ​ទេ​។​

ក្នុង​ថ្ងៃ​ដែល​តុលាការ​ចេញ​សាលក្រម​ផ្តន្ទាទោស​លោក​ អឿត​ ​អាង​ ​មន្រ្តី​តុលាការ​ក្រុងភ្នំពេញ​ ​ថា​តុលាការ​បាន​បំបែក​សំណុំរឿង​នេះ​ជា​ពីរ​ ​ដោយ​អះអាង​ ​ថា​ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​ ​ក្រៅពី​លោក​ អឿត​ ​អាង​ ​ក្នុង​អំពើ​ឃាតកម្ម​នោះ​។ ប៉ុន្តែ​ ​រហូត​មកដល់ពេលនេះ​ ​សំណុំរឿង​ដែល​ត្រូវ​បំបែក​នោះ​ ​នៅ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​។

វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ ​អ៊ី​ រិន្ទ ​បាន​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​ ​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ ​ថា​រឿង​នេះ​ ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ដែរ​ ​ព្រោះ​កំពុង​ស្ថិត​ក្រោម​ការ​បន្ត​ស៊ើប​អង្កេត​។ វិទ្យុ​អាស៊ី​សេរី​ ​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​នគរបាល​ ​ក្នុង​ក្របខណ្ឌ​នៃ​ដែន​សមត្ថកិច្ច​ ​ក្នុង​សំណុំរឿង​ឃាតកម្ម​របស់​លោក​ ​កែម​ ឡី​ដែរ​ ​ប៉ុន្តែ​ ​ពួកគាត់​រុញ​ដាក់គ្នា​។​

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ​សាន​ ​សុខ​សីហា​ ​រុញ​ឲ្យទៅ​សួរ​​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ​ឆាយ​ ​គឹម​ខឿន​។​ ​ប៉ុន្តែ​ ​លោក​ ​ឆាយ​ ​គឹម​ខឿន​ ​ដំបូង​រុញ​ឲ្យទៅ​សួរ​ខាង​តុលាការ​ ​និង​ក្រោយមក​សុំ​ទុក​ពេល​ឲ្យ​លោក​សួរ​មន្រ្តី​ពាក់ព័ន្ធ​សិន​ ​ព្រោះ​រឿង​ច្រើនពេក​ ​លោក​ថា ​ក្តាប់​មិន​អស់​៖ «បើ​ចង់​សួរ​ ​ទាល់តែ​សួរ​ទៅ​តុលាការ​ ទេ​ ឥឡូវ​ទុក​ពេល​ឲ្យ​ខ្ញុំ​ ​ខ្ញុំ​ចង់​សួរ​ទៅ​អ្នកស៊ើប​អង្កេត​បន្តិច​ ​ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នកស៊ើប​អង្កេត​ ​រឿង​បិទ​អី​នៅ​ ​ព្រោះ​ខ្ញុំ​មិន​មែន​​មើលតែ​មួយ​​រឿង​ហ្នឹង​ឯណា​។​ ​ចាំ​ឲ្យ​ខ្ញុំ​ស៊ើបសួរ​លទ្ធផល​បន្តិច​សិន»

កន្លងមក​ ​មាន​ករណី​ឃាតកម្ម​ជាច្រើន​ ​ដូចជា​ឃាតកម្ម​លើ​តារាភាពយន្ត​អ្នកស្រី​ ​ពិសិដ្ឋ​ ​ពី​លី​កា​ ​មេ​សហជីពកម្មករ​ ​លោក​ ​ជា​ ​វិជ្ជា​ ​សកម្មជន​បរិស្ថាន​លោក​ ​ឈុត​ ​វុទ្ធី​ ​និង​ការ​បាញ់​ប្រហារ​លើ​តារា​ចម្រៀង​កញ្ញា​ ​ទូច​ ​សូនិច​ជាដើម​ ​អាជ្ញាធរ​មិនដែល​រកមុខ​ឃាតករ​ពិត​ឃើញ​ទេ​។​ ​ជាង​នេះ​ទៅទៀត​ ​សំណុំរឿង​ទាំងនេះ​ ​នៅ​កប់​ចោល​រាប់​ឆ្នាំ​ ​រហូតដល់​បច្ចុប្បន្ន​។

ក្នុង​ករណី​ខ្លះ​ ​អាជ្ញាធ​រ​ប្រញាប់​ចាប់​ជន​ដទៃ​ ​ដែល​គ្មាន​កំហុស​សោះ​ ​មក​ទទួលទោស​ជំនួស​ឃាតករ​ពិត​ ​ដូចជា​ករណី​លោក​ ​ជា​ ​វិជ្ជា​ ​ដែល​បុរស​ពីរ​នាក់​ ​គឺ​លោក​ ប៊ន​ ​សំណាង​ ​និង​ ​សុខ​ ​សំអឿន​ ​ដែល​ជា​ឃាតករ​សិប្បនិម្មិត​ ​ត្រូវ​​​ជាប់គុក​រាប់​ឆ្នាំ​ ​ទម្រាំ​តុលាការ​ដោះលែង​វិញ​ ​និង​គ្មាន​ផ្តល់​សំណង​អ្វី​ ​ដើម្បី​ជួសជុល​កំហុស​ឆ្គង​របស់​អាជ្ញាធរ​ ​ដែល​ចាប់​ពួកគាត់​ ​ឲ្យ​មក​ទទួលទោស​ជំនួស​ឃាតករ​ពិត​នោះ​ឡើយ​។

ដោយសារតែ​ការ​មិន​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ​អង្គការសង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ​ដោយ​សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ ​ឬ​អង្គការសហប្រជាជាតិ​ផង​ ​ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី​នេះ​។​ ​ប៉ុន្តែ​ ​រហូត​មកដល់ពេលនេះ​ ​គ្មាន​សេចក្តីរាយការណ៍​ណាមួយ​ ​ដែល​ថា​រដ្ឋាភិបាល​កម្ពុជា​ ​ព្រម​ទទួលតាម​សំណើ​នោះ​ឡើយ​។​

មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​នៅតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​គិតគូរ​រក​ជំនួយ​ពី​ស្ថាប័ន​ស៊ើប​អង្កេត​អន្តរជាតិ​ ​ដើម្បី​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ ​និង​ដោយ​ឯករាជ្យ​ក្នុង​រឿង​នេះ​។​

អ្នកនាំពាក្យ​សមាគម​អា​ដ​ហុ​ក​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​ថាបើ​មាន​ការស៊ើបអង្កេត​គួរឲ្យ​ទុកចិត្ត​ណាមួយ​ ​វា​នឹងបាន​ចំណេញ​ជា​ប្រយោជន៍​ដល់​យុត្តិធម៌​សង្គម​ ​និង​បង្កើន​ការ​ជឿ​ទុកចិត្ត​លើ​អាជ្ញាធរ​ផង​៖ «អា​ជំនឿ​ចិត្ត​របស់​មហាជន​ហ្នឹង​ ​គេ​នឹង​អាច​មាន​ស្ថានភាព​ធូរស្រាល​ ​ទៅលើ​ការ​មន្ទិលសង្ស័យ​ផ្សេងៗ​ ​ចំពោះ​ចំណាត់​ការ​ទៅ​ការស៊ើបអង្កេត​ ​លើ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី ​ហ្នឹង​»

មជ្ឈដ្ឋាន​ទូទៅ​ ​ក៏​នៅតែ​មាន​មន្ទិលសង្ស័យ​ជាច្រើន​ចំណុច​ទៀត​ ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី ​ដូចជា​ការ​បង្ហាញ​វីដេអូ​ពី​កា​មេ​រ៉ា​សុវត្ថិភាព​ ​ពី​ក្នុង​ហាង​ស្តារ​ម៉ា​ត​ ​ដែល​កាត់ត​ជា​កង់​ៗ​។

អគ្គលេខាធិការ​សហ​ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក​ គៀន​ ​ពន្លក​ ​ថាបើ​រដ្ឋាភិបាល​ ​ចង់​បង្ហាញ​តម្លា​ភាព​ ​និង​ឆន្ទៈ​ក្នុង​ការ​រក​យុត្តិធម៌​ ​ក្នុងករណីនេះ​ ​អាជ្ញាធរ​ក៏​គួរ​បង្ហាញ​រូបភាព​វីដេអូ​ពេញលេញ​ ​ដើម្បីឲ្យ​ពលរដ្ឋ​មើលឃើញ​ថា​ជន​នៅ​ក្នុង​វីដេអូ​នោះ​ ​ជា​ អឿត​ ​អាង​ ​ឬ​អ្នកដទៃ​៖ «បង្ហាញ​ពេលមុន​ហ្នឹង​ ​គឺ​អត់មាន​ភាព​ច្បាស់លាស់​ទេ​ ​គ្រាន់តែ​ជា​សកម្មភាព​ខ្លី​ៗ​ ​ដែល​មើលទៅដូចជា​ការរៀបចំ​ទុក​។​ ​សង្ឃឹម​ថា​រដ្ឋាភិបាល​ ​នឹង​បង្ហាញ​វីដេអូ​ដែល​ពិត​ ​ដែល​មាន​សកម្មភាព​សព្វ​បែប​យ៉ាងហ្នឹង​។​ ​មិនគួរ​ណាយ​ក​អ្វី​ដែល​មាននៅ​ក្នុង​កា​មេ​រ៉ា​វីដេអូ​ហ្នឹង​ ​យកទៅ​ទុក​ ​ហើយ​មិន​បង្ហាញ​ឲ្យ​មហាជន​បានឃើញ​នោះ​ទេ​»។

ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី​នេះ​ ​បាន​អង្រួន​ពិភពលោក​ឲ្យ​ចាប់អារម្មណ៍​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​រិះគន់​ ​និង​អំពើ​អយុត្តិធម៌​នៅ​កម្ពុជា​ផង​ដែរ​។​ ​មន្រ្តី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​សោកស្ដាយ​ដែល​ឆ្នាំនេះ​ ​ក៏​មិន​ខុស​ពី​បួន​ឆ្នាំ​កន្លងទៅ​នោះ​ដែរ​ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ ​នៅតែ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​រក​ឃាតករ​ពិត​ ​នៅ​ពីក្រោយ​ការ​សម្លាប់​នេះ​។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​យូមែន​ ​រ៉ៃត៍ ​វ៉ច្ឆ (​Human Rights ​Watch​) ​លោក​ ហ្វ៊ីល​ រ៉ូប៊ើតសុន​ (​Phil​ ​Robertson​) ​ថា​ ​កុំ​សង្ឃឹម​ថា​ នឹង​មានការ​វិវត្ត​ ​ឬ​ចំណាត់​ការ​អ្វី​ឲ្យសោះ​ ​នៅ​ក្នុង​រឿង​នេះ​ ​ដរាបណា​រដ្ឋាភិបាល​ ​និង​តុលាការ​នៅតែ​លូកដៃ​កកូរកកាយ​ ​និង​នៅតែ​គ្មាន​ឆន្ទៈ​នយោបាយ​ ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ​និង​ក្រុម​គ្រួសារ​។​ លោក​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​មិន​ត្រឹមតែ​មិន​ចង់​ស៊ើប​អង្កេត​រឿង​នេះ​ទេ​ ​គឺ​តាម​ធ្វើទុក្ខបុកម្នេញ​គ្រប់រូប​ភាព​ ​និង​ឥត​ស្រាកស្រាន្ត​ ​ទៅលើ​សកម្មជន​ ​ដែល​គ្រាន់តែ​ពួកគាត់​ ​ចង់​ធ្វើពិធី​រម្លឹក​ខួប​បណ្ឌិត​ ​កែម​ ឡី​។​ ​លោក​បន្ត​ថា​ ​មានតែ​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​ ​ដែល​អាច​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ​ដែល​មាន​ការចូលរួម​ពី​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផង​ ​ដើម្បី​ស៊ើប​អង្កេត​រឿង​នេះ​។​ ​បើ​មិន​ដូច្នេះ​ទេ​ ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​យុត្តិធម៌​ក្នុង​រឿង​នេះ​ ​គឺ​នឹង​រលត់​សូន្យសុង​រហូត​ហើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។