អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង អ្នកស្រី លី ស្រីវីណា ចង់​បន្ត​អាជីព​ជា​គ្រូពេទ្យ ទើប​ចុះ​ចូល​បក្ស​កាន់​អំណាច

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​អ្នកស្រី លី ស្រីវីណា បង្ហាញ​បំណង​ចង់​បន្ត​អាជីព​ជា​គ្រូពេទ្យ​ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស និង​ចង់​ចូលរួម​លើកកម្ពស់​សេវា​សុខាភិបាល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ​ទើប​អ្នកស្រី ​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ ជឿ​ជាក់​ថា​ ការ​ដែល​អ្នកស្រី លី ស្រីវីណា​ ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​អំណាច​នេះ​ គឺជា​ការ​ធ្វើ​ឡើង​ដោយ​បង្ខំចិត្ត​ និង​ដើម្បី​ការពារ​មន្ទីរ​សម្រាក​ព្យាបាល​របស់​អ្នកស្រី​ដែល​ត្រូវ​ក្រសួង​សុខាភិបាល​បិទ កាល​ពី​សប្ដាហ៍​មុន។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ វេជ្ជបណ្ឌិត លី ស្រីវីណា ប្រាប់​អាស៊ី សេរី​ក្រោយ​ពេល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ថា អ្នកស្រី ​ស្រលាញ់​អាជីព​គ្រូពេទ្យ​ជា​ខ្លាំង ទោះ​បី​ជា​អាជីព​មួយ​នេះ ធ្វើឲ្យ​អ្នកស្រី​ហត់​នឿយ​ព្យាបាល​អ្នក​ជំងឺ​ភ្លេច​បាយ​ភ្លេច​ទឹក និង​គ្មាន​ពេល​វេលា​ឈប់ សម្រាក​ពេល​បុណ្យទាន​ក៏​ដោយ។ អ្នកស្រី​រម្លឹក​ថា​ រដ្ឋាភិបាល ​បាន​បញ្ជូន​លោកស្រី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ប៉ូឡូញ (Poland)​ ក្នុង​អំឡុង​ឆ្នាំ​១៩៨៩​ ហើយ​អ្នកស្រី​ តែង​ខិតខំ​រៀន​សូត្រ​អស់​ពី​សមត្ថភាព និង​នៅ​តែ​បន្ត​ខិតខំ​រៀន​សូត្រ​បង្កើន​សមត្ថភាព​ជា​ប្រចាំ​ ដូច្នេះ​អ្នកស្រី ​មិន​ចង់​បាត់បង់​អាជីព​ជា​គ្រូពេទ្យ​ឡើយ។ អ្នកស្រី ​សង្ឃឹម​ថា​ រដ្ឋាភិបាល​ នឹង​អនុគ្រោះ​ឲ្យ​អ្នក​ស្រី​បន្ត​អាជីព​ជា​គ្រូពេទ្យ និង​បើក​គ្លីនិក​ឡើង​វិញ​បាន៖ « ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​ចង់​ប្រើ​ចំណេះ​ដឹង​របស់​ខ្ញុំ ដើម្បី​ធ្វើ​ការ​បន្ត​ទៀត នៅ​ក្នុង​អាជីព​របស់​ខ្ញុំ ដែល​មាន​អក្សរ​ជា​តំណាង ព្រោះ​ការ​ខិតខំ​រៀន​សូត្រ​របស់​ខ្ញុំ ថ្វី​ដ្បិត​ខ្ញុំ​មិន​ចេះ​សង្គ្រោះ​មនុស្ស​ដែល​កំពុង​គាំង​បេះដូង តែ​ខ្ញុំ​ចេះ​ធ្វើ​អ្វី​ផ្សេង​ទៀត ហើយទី២ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទោះ​ជា​ប្រទេស​ណា​ក៏​ដោយ មេ​ដឹក​នាំ​ណា​ក៏​ដោយ នៅ​ក្នុង​សង្គ្រាម​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​មិន​ធ្វើ​បាប​គ្រូពេទ្យ​ដែរ។ ខ្ញុំ​ជឿ​ថា ខ្ញុំ​ពិត​ជា​ប្រកប​មុខ​របរ​របស់​ខ្ញុំ​ជា​គ្រូពេទ្យ​បន្ត​ទៅ​ទៀត »

ក្រសួង​សុខាភិបាល​ បាន​សម្រេច​បិទ​គ្លីនិក​របស់​អ្នកស្រី លី ស្រីវីណា កាល​ពី​ថ្ងៃ​ទី៦ វិច្ឆិកា ក្រោយ​ពេល​បុរស​ម្នាក់​ឈ្មោះ ទេព ពៅ បាន​ស្លាប់​នៅ​ក្នុង​គ្លីនីក​នោះ ដោយសារ​គាំងបេះដូង។

ទោះ​ជា​យ៉ាង​ណា​ក្ដី ម្ចាស់​គ្លីនិក​ លី ស្រីវីណា​ គឺ​អ្នកស្រី ​លី ​ស្រីវីណា ​បក​ស្រាយ​ថា​ ការ​ស្លាប់​របស់​អ្នក​ជំងឺ​រូប​នោះ គឺ​ដោយសារ​ការ​​គាំង​បេះដូង​ មិន​ពាក់ព័ន្ធ​នឹង​ការ​ព្យួរ​សេរ៉ូម​ឬ​ថ្នាំ​ពេទ្យ​របស់​គ្លីនិក​ឡើយ។ អ្នកស្រី​រៀបរាប់​ថា​ អ្នក​ជំងឺ​បាន​ទៅ​ព្យាបាល​នៅ​គ្លីនិក​អ្នក​ស្រី​ពាក់​កណ្ដាល​អាធ្រាត្រ​ដោយ​ប្រាប់​ថា ​ចុកពោះ​ ហើយ​ភ្លាមៗ នោះ ​លោក​បាន​​គាំង​បេះដូង​ស្លាប់​តែ​ម្ដង ​ដោយ​មិន​អាច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ជំនាញ​ទាន់​ពេល​វេលា​ឡើយ៖ « មែនទែន​ទៅ​ខ្លួន​គាត់ ( អ្នក​ជំងឺ ) ក៏​មិន​ដឹង​ថា ឈឺ​អ៊ីចឹង ហើយ​ទម្រង់​ហ្នឹង​វា​ប្លែក និង​លឿន​អ៊ីចឹង ហើយ​វា​កណ្ដាល​អាធ្រាត្រ។ពេល​ដែល​ពួក​ខ្ញុំ​ដឹង​ថា គាត់​មិនមែន​ឈឺ​ក្រពះ​គាត់​ឈឺ​បេះដូង គឺ​យើង​មាន​ពេល ១៥នាទី ហើយ ១៥នាទី​នេះ យើង​ហៅ​ឡាន​ពេទ្យ ក៏​មិន​ទាន់​ដែរ ដូច្នេះ​ពួក​ខ្ញុំ​វា​អត់​មាន​អី​សង្គ្រោះ​មែន។ ទី១ ពួក​ខ្ញុំ​មិន​មែន​សុំ​ច្បាប់ ដើម្បី​សង្គ្រោះ​បេះដូង ហើយ​ទី២ ទម្រង់​គាំង​បេះដូង​នោះ គឺ​ជា​ទម្រង់​មួយ​ដែល​មិន​មាន​រោគ​សញ្ញា​ចេញ​ពី​បេះដូង ហើយ​ក៏​មិន​មាន​លក្ខណៈ​គ្រោះថ្នាក់​ដោយសារ​ថ្នាំ ឬ​មួយ​ក៏​គ្រោះថ្នាក់​ដោយសារ​ចាក់​សេរ៉ូម​ទេ ព្រោះ​គ្រាន់តែ​នៅ​ក្នុង​នោះ​មាន​ថ្នាំ​តិចតួច ដូច​ជា ថ្នាំ​ប៉ារ៉ាសេតាម៉ុល (Paracetamol) និង​ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ »

ករណី​អ្នក​ជំងឺ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នេះ តែង​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ មាន​ករណី​ខ្លះ​ ក្រុម​គ្រួសារ​បាន​ប្តឹង​ទាមទារ​រក​យុត្តិធម៌ ប៉ុន្តែ​ក្រសួង​សុខាភិបាល​ ហាក់​គ្មាន​វិធានការ​តឹងរ៉ឹង​ដូច​ករណី​គ្លីនិក​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ​ឡើយ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​រឿង​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​លោក ​ម៉ម ប៊ុនហេង​ និង​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល ​អ្នកស្រី​ យក់ ​សម្បត្តិ ​បានទេ ​ដោយ​អ្នក​ទាំង​ពីរ ​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ​ ហើយ​ចុច​ផ្ដាច់​ទូរស័ព្ទ​វិញ។

អ្នកស្រី ​លី ​ស្រីវីណា​ មិន​ហ៊ាន​និយាយ​ថា ក្រសួង​សុខាភិបាល​បិទ​គ្លីនិក​របស់​អ្នកស្រី ព្រោះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ ប៉ុន្តែ​បី​ថ្ងៃ​ក្រោយ​ការ​បិទ​គ្លីនិក​នេះ អ្នក​ស្រី​បាន​ដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​លិខិត​នោះ អ្នក​ស្រី​លើក​ឡើង​ដូច​ដែល​បាន​ប្រាប់​អាស៊ីសេរី​យ៉ាង​ដូច្នេះ​ដែរ គឺ​អ្នក​ស្រី​ចង់​យក​ចំណេះវិជ្ជា​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ខិត​ខំ​រៀន​ពី​បរទេស​នោះ មក​ជួយ​លើក​កម្ពស់​សេវា​សុខាភិបាល​នៅ​កម្ពុជា។ របប​លោក ហ៊ុន សែន បាន​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អ្នក​ស្រី លី ស្រីវីណា វិញ យ៉ាង​លឿន​រហ័ស នៅថ្ងៃទី១២ វិច្ឆិកា និង​ព្រម​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បក​ស្រាយ​ថា ការ​បិទ​គ្លីនិក និង​រឿង​អ្នកស្រី លី ស្រីវីណា ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ គឺ​ជា​រឿង​ពីរ​ផ្សេងគ្នា ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។ លោក​បញ្ជាក់​ថា គ្លីនិក លី ស្រីវីណា អាច​បើក​ដំណើរ​ការ​ឡើង​វិញ​បាន ឬ​អត់ អាស្រ័យ​លើ​ការ​ស៊ើបអង្កេត​របស់​ក្រសួងសុខាភិបាល ចំណែក​ការ​ផ្តល់​តួនាទី​ដល់​អ្នក​ស្រី លី ស្រីវីណា ចំពោះ​ការ​ចុះ​ចូល​វិញ លោក​មិន​ទាន់​ដឹង​រឿង​នេះ​ទេ៖ « ការ​ចូលរួម​នយោបាយ​មិន​មែន​បាន​សេចក្ដី​ថា មិន​មាន​ការ​ប្រឈម​ជាមួយ​នឹង​វិជ្ជាជីវៈ​ហើយ​នឹង​ក្រម​សីលធម៌​ពេទ្យ​នោះ​ទេ គឺ​មិន​អ៊ីចឹង​នោះ​ទេ។ រឿង​នយោបាយ រឿង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ខ្វះ​ទេ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​ហើយ ដែល​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​នោះ »

អ្នកស្រី លី ស្រីវីណា អាយុ ៥១ឆ្នាំ គឺ​ជា​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​ភ្នំពេញ។ក្នុង​អាជីព​ជា​វេជ្ជបណ្ឌិត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង អ្នក​ស្រី ធ្លាប់​រិះគន់​ធ្ងន់ៗ ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា ដែល​មាន​លក្ខណៈ​ទន់​ខ្សោយ។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​បាន​ប្រកាស​លា​លែង​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែកញ្ញា ឆ្នាំ២០១៧ អំឡុង​ពេល​របប​លោក ហ៊ុន សែន កំពុង​រៀបចំ​រំលាយ​គណបក្ស​ប្រឆាំង និង​ប្រើ​វិធីសាស្ត្រ​ទាំង​ក្ដៅ និង​ត្រជាក់ ដើម្បី​អូស​ទាញ​សមាជិក​បក្ស​ប្រឆាំង​ឱ្យ​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច។ អ្នកស្រី​បាន​អះអាង​នៅ​ពេល​នោះ​ថា ការ​លែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារ​មមាញឹក​ក្នុង​វិជ្ជាជីវៈ ហើយ​អ្នក​ស្រី​មិន​មាន​ចេតនា​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន វ៉ន ចាន់ឡូត ​សង្កេត​ឃើញ​ថា ​ករណី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នេះ​ ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​និង​ជា​ការ​បង្ខំ​ចិត្ត​ដោយសារ​មាន​សម្ពាធ​ផ្សេងៗ ពី​រដ្ឋាភិបាល។ លោក​សង្ស័យ​ថា ​ការ​ដែល​អ្នកស្រី ​លី ស្រីវីណា ​សម្រេច​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន នេះ ប្រហែលជា​អ្នកស្រី​យល់​ថា បើ​នៅ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ទៀត អ្នកស្រី​ អាច​ជួប​រឿង​អយុត្តិធម៌​ដោយ​មិន​នឹក​ស្មាន​ដល់៖ « គណបក្ស​ប្រជាជន​កម្ពុជា កន្លង​មក​ដែល​យើង​មើល​ឃើញ គឺ​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការ​ទាញ​យក​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ​រក​គ្រប់​វិធី​សាស្ត្រ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​នោះ​លះបង់​ចោល​នូវ​គណបក្ស​សង្គ្រោះ​ជាតិ មក​ចាប់​យក​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ក៏​បាន ឬ​មក​ចូលរួម​រស់​ជីវភាព​គណបក្ស​ខ្លួន​ក៏​បាន ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់ គឺ​អ្នក​ទាំង​អស់​នោះ គាត់​មិន​បាន​ចូលរួម​ដោយ​សុទ្ធចិត្ត​នោះ​ទេ គឺ​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​បុគ្គល​សម្រាប់​ពួក​គាត់ ដែល​តម្រូវ​ឲ្យ​គាត់​ធ្វើ​បែប​នេះ »

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក វ៉ន ចាន់ឡូត ជឿ​ថា ការ​ចុះ​ចូល​នេះ ​នឹង​មិន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ខ្លាំង​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​គ្មាន​ចំណេញ​អ្វី​សម្រាប់​គណបក្សប្រជាជន​កម្ពុជា​ឡើយ ព្រោះ​ល្បែង​នយោបាយ​បែប​នេះ ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ដឹង​អស់​ទៅ​ហើយ។

គិត​ត្រឹម​ដើម​ខែវិច្ឆិកាឆ្នាំ២០២០ នេះ តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មាន​ចំនួន ១៤នាក់​ហើយ ក្នុង​ចំណោម​អ្នក​ជាប់​បម្រាម​នយោបាយ​សរុប ១១៨នាក់។ ក្នុង​នោះ អ្នក​ខ្លះ​សម្រេច​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លះ​​បង្កើត​គណបក្ស​នយោបាយ​ថ្មី និង​ខ្លះ​ទៀត រក្សា​ភាព​ស្ងៀមស្ងាត់។ ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ទាំង ៥០០៧នាក់​វិញ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា មាន​តែ​ប្រមាណ ២០% ប៉ុណ្ណោះ ដែល​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តួនាទី​របស់​ខ្លួន។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​វាយ​តម្លៃ​ថា ការ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ឬ​ការ​សុំ​សិទ្ធិ​នយោបាយ​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួន​ឯង មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​ក្រុម​មន្ត្រី ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ការ​សម្រេច​ចិត្ត​បែប​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត និង​លែង​គាំទ្រ​ពួក​គេ។ អ្នក​ជំនាញ​ជំរុញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​​ពង្រឹង​សាមគ្គីផ្ទៃក្នុង​បក្ស ដើម្បី​រក្សា​ទម្ងន់​នយោបាយ​របស់​ខ្លួន ហើយ​ស្វះស្វែង​រក​កិច្ច​​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​មាន​ឱកាស​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។