អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា គម្រោង CLV ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លាក់បាំង​នៅ​សភា

ដោយ ច័ន្ទ ដារ៉ូ
2024.08.17
អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា គម្រោង CLV ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លាក់បាំង​នៅ​សភា លោក សម​ រង្ស៊ី (ឆ្វេង) ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងលោក ឡុង រី អតីត​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុកលោក ឡុង រី

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) កន្លង​ទៅ​ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លាក់បាំង​មិន​ឱ្យ​សមាជិក​មក​គណបក្សជំទាស់​បានដឹង ឬ​ចូលរួម​ជ​ជែង​សួរ​ដេញ​ទេ​។ ការ​បញ្ជាក់​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ចោទ​ថា សមាជិក​សភា​មក​ពី​បក្ស​ជំទាស់​នៅក្នុង​សភា​ជាច្រើន​អាណត្តិ​កន្លងទៅ​មិនបាន​ចេញមុខ​តវ៉ា​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​(CLV-DTA) ប៉ុន្តែ​ជា​អ្នក​នៅ​ពីក្រោយ​កា​របញ្ឆេះ​ឱ្យ​ពលរដ្ឋ​ងើប​តវ៉ា​នៅ​ពេល​នេះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ឡុង រី ចាត់ទុក​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នោះ​ថា ជា​អំពើ​ទុច្ចរិត​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភាន់ច្រឡំ​មក​លើ​គោលជំហរ​របស់​គណបក្ស​ប្រឆាំង​ពាក់ព័ន្ធ​រឿង​បញ្ហា​ទឹកដី​។ លោក​ភ្ញាក់ផ្អើល​ពេល​ឃើញ​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​លិខិត​របស់​រដ្ឋសភា​មួយ​ច្បាប់​មានឈ្មោះ​របស់​លោក​នៅក្នុង​គណៈកម្មការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​(CLV-DTA) កាលពី​ឆ្នាំ​២០១០។

លោក ឡុង រី៖ «យើង​អត់​បានដឹង យើង​អត់​បាន​ចូលរួម អ៊ីចឹង​កុំ​ចេះតែ​ស្រែក​ឱ្យ​លឺ កាលនោះ​មាន​ប្រជុំ​កន្លែង​ណា មានកំណត់​ហេតុអ្វី​ខ្លះ ដឹកនាំ​ប្រជុំ​ដោយ​អ្នកណា តើ​មាន​ហត្ថលេខា​របស់ខ្ញុំ​ទេ​ត្រូវ​បញ្ជាក់​ជា​សាធារណៈ ទី​ពីរ​ត្រូវ​មាន​សុចរិត​ទៀងត្រង់​ជាមួយ​ជាតិ​មាតុភូមិ សាសនា​របស់​យើង​ត្រូវតែ​ត្រង់ មិនមែន​និយាយ​ឱ្យ​តែ​លឺៗ​ទេ ដើម្បី​បង្កាច់បង្ខូច តែ​ការពិត​ខ្លួនឯង​ធ្វើការ​វិនិយោគ​ដី​ទៅ​បរទេស ហើយ​បង្ហូរ​អន្តោ​ប្រវេ​សន្ត​ចូល​ស្រុក​ខ្មែរ កាត់​ដី​ឱ្យ​ខ្លួនឯង​ឱ្យ​គេ​ត្រួតត្រា មក​ចោទ​បក្ស​ប្រឆាំង​បាន​ចូលរួម​ចំណែក​គឺ​វា​ខុស»

មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​បង្ហោះ​លិខិត​មួយ​ច្បាប់​របស់​រដ្ឋសភា​ដែល​បាន​បង្កើត​គណៈកម្មការ​សភា​ប្រទេស​កម្ពុជា នៃ​គណៈកម្មការ​អន្តរ​សភា​កម្ពុជា​-​ឡាវ​-​និង​វៀតណាម កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១០ ដើម្បី​ធ្វើការ​ជំរុញ និង​តាមដាន​ការអនុវត្ត​នូវ​នយោបាយ​អភិវឌ្ឍ​តំបន់ត្រីកោណ​។ គណៈកម្មការ​ដែល​អតីត​ប្រធាន​សភា​លោក ហេង សំរិន បាន​ចុះហត្ថលេខា តែងតាំង​សមាសភាព​សមាជិកសភា​ចំនួន​២៥​នាក់ ដែល​មាន​លោក ឈា វុន ជា​ប្រធាន​គណៈកម្មការ និង​សមាជិកសភា​ម្នាក់​មកពី​គណបក្ស សម រង្ស៊ី គឺ​លោក ឡុង រី ដែល​ជា​សមាជិក​គណៈកម្មការ។

លិខិត​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចំនួន​យក​ទៅ​ធ្វើជា​ប្រធានបទ​ចោទប្រកាន់​លើ​មន្ត្រី​គណបក្ស​ប​ឆាំង​ថា​បាន​ចូលរួម​ដឹង​លឺ​គម្រោង CLV កន្លង​ទៅ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១៥ ខែសីហា ចោទ​ថា ​កិច្ច​សហប្រតិបត្តិការ​នេះ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៧ មាន​សមាជិក​របស់​គ​ណ​បក្ស​ប្រឆាំង​នៅក្នុង​រដ្ឋសភា​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្នក​ទាំងនោះ​មិនបាន​ចេញមុខ​ជំទាស់​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​CLV របស់​រដ្ឋាភិបាល​នោះ​ទេ​។ លោក ហ៊ុន ម៉ាណែត ចោទ​ក្រុម​អ្នកប្រឆាំង​នៅ​ក្រៅ​ប្រទេស នៅ​ពីក្រោយ​ការ​បំផុស និង​ដុត​ស្ថានការណ៍​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​CLV នេះ។

លោក ហ៊ុន ម៉ាណែត៖ «គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ជា​គណបក្ស​ដឹកនាំ​សភា​ម្នាក់ឯង​ទេ​តាំងពី​១៩៩៩ ២០០៣​មាន​បី​គណបក្ស​របស់​លោក ក៏​មាន​នៅក្នុង​សភា​ដែរ​មិច​ក៏​មិន​តវ៉ា​ជំទាស់​ពេលនោះ ស្ងាត់​ម្ល៉េះ​បាន​ន័យ​ថា​អស់លោក​ក៏​យល់​ថា កិច្ចព្រមព្រៀង​មិន​គ្រោះ ទើប​ឯង​ឥឡូវ​មក​ចាប់ផ្តើម​ចេញ​មក​បំផុស និង​ឃើញ​ចរន្ត​ចាប់ផ្តើម​ដុត​បន្ថែម ពេល​គាត់​ជា​សមាជិកសភា​នៅ​គណបក្ស​របស់​គាត់​មាន​៥៥​កៅអី​នៅក្នុង​សភា ម៉េច​ក៏​មិន​និយាយ​រឿង​ហ្នឹង បងប្អូន​សួរ​មើល បក្ស​ប្រឆាំង​ឱ្យ​តែ​រដ្ឋាភិបាល​ធ្វើ​អ្វី​ខុស គ្រោះថ្នាក់ គឺ​គេ​យក​ឱកាស​ហ្នឹង​ដើម្បី​វាយ វាយ​ខ្លាំង​បំផុត​នៅក្នុង​សភា នៅ​ពេល​ដែល​ខ្លួនឯង​នៅក្នុង​សភា​មាន​៥៥​កៅអី ហើយ​តាំងពី​អាណត្តិ​នៅ​ឆ្នាំ​១៩៩៨ មាន​បី​បក្ស​នុះ ហេតុអ្វី​មិន​និយាយ​ថា អាហ្នឹង​ខុស»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ដើម្បី​សុំ​ការ​ឆ្លើយតប​រឿងនេះ​បានទេ​នៅ​ថ្ងៃទី​១៦ ខែសីហា​។ ចំណែក​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន បដិសេធ​ឆ្លើយតប​សំនួរ​របស់​វិទ្យុ​អាស៊ីសេរី។

ទោះ​យ៉ាង​ណា​លោក ឡុង រី បញ្ជាក់​ទៀត​ថា បើ​គណបក្ស​ប្រឆាំង​បានដឹង​នៅ​ពេល​នោះ នឹង​បកអាក្រាត​បំណង​ទុច្ចរិត​មេដឹកនាំ​ផ្ដាច់ការ ដើម្បី​ឱ្យ​ពលរដ្ឋ​បានដឹង​តាំងពី​ពេល​នោះ​មក​ម្ល៉េះ។

លោក ឡុង រី៖ «ពួកយើង​មិន​ទទួលស្គាល់​ដាច់ខាត ការ​ធ្វើ​ច្បាប់ ការរៀបចំ​ជា​ប្រព័ន្ធ​គណៈកម្មការ​ដែល​ផ្តល់​ទឹកដី​បួន​ខេត្ត​ទៅ​ឱ្យគេ​គ្រប់គ្រង​ត្រួតត្រា​ក្តី គឺ​យើង​អត់​ទទួលស្គាល់​ទេ ពីព្រោះ​ដី​នេះ​ជា​ដី​របស់​ខ្មែរ បើ​យើង​បានដឹង​យើង​មិន​អនុញ្ញាត​ឱ្យធ្វើ​អ៊ីចឹង​ទេ យើង​នឹង​ប្រកាស​ឱ្យ​ពលរដ្ឋ​បានដឹង អ៊ីចឹង​សួរ​ថា យើង​បានដឹង​ទេ គឺ​យើង​អត់​បានដឹង​ទេ តើ​យើង​បាន​តវ៉ា​ទេ ដោយសារ​យើង​អត់​បានដឹង ទើប​យើង​មិនបាន​តវ៉ា យើង​ចង់ឱ្យ​បាត់បង់​ទេ គឺ​យើង​អត់​ចង់ឱ្យ​បាត់​ទេ អ៊ីចឹង​ពេលនេះ​យើង​ដឹង យើង​ត្រូវ​ងើប​តវ៉ា អាហ្នឹង​វា​ជា​សេរីភាព ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ងើបឡើង​ដើម្បី​តវ៉ា​រក​លទ្ធភាព​បែប​ណា​ដើម្បី​ជួយ​ការពារ​ទឹកដី​របស់​យើង»

រដ្ឋាភិបាល​ប្រទេស​កម្ពុជា វៀតណាម និង ឡាវ បាន​ព្រមព្រៀងគ្នា​បង្កើត​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​(CLV) កាលពី​ឆ្នាំ ១៩៩៩​។ គម្រោង​នេះ មាន​ខេត្ត​ចំនួន ១៣ ជា​ចំណុះ ដោយ​ប្រទេស​កម្ពុជា​មាន​៤​ខេត្ត​នៅ​ភាគ​ឦសាន ដែល​មាន​ពលរដ្ឋ សរុប​តែ​ជាង ៥០​ម៉ឺន​នាក់​។ ប្រទេស​ឡាវ​មាន​៤​ខេត្ត ដែល​មាន​ប្រជាជន​សរុប​ជាង​៧០​ម៉ឺន​នាក់។ រីឯ​ប្រទេស​វៀតណាម​មាន​៥​ខេត្ត ដែល​មាន​ប្រជាជន រហូតដល់​ជាង ៧​លាន​នាក់។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន​៤​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ឱ្យ​បាន​គង់វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។