អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) រងការចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១៨ មិថុនានេះ ពីបទប្រមាថព្រះមហាក្សត្រ។
លោក ថាក់ស៊ីន បានទៅបង្ហាញខ្លួនតាមដីកាកោះនៅតុលាការព្រហ្មទណ្ឌក្រុងបាងកក នៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណា តុលាការបានសម្រេចអនុញ្ញាតឱ្យលោកនៅក្រៅឃុំបណ្ដោះអាសន្ន។
ទីភ្នាក់ងារសារព័ត៌មាន APចុះផ្សាយនៅថ្ងៃទី ១៨ មិថុនា ថា តុលាការព្រហ្មទណ្ឌរបស់ថៃបានអនុញ្ញាតឱ្យលោក ថាក់ស៊ីន នៅក្រៅឃុំបណ្ដោះអាសន្ន ដោយតម្កល់លុយចំនួន ៥ សែនបាត ស្មើនឹង ១ ម៉ឺន ៣ ពាន់ដុល្លារអាមេរិក ដកទុកលិខិតឆ្លងដែនរបស់លោក ហើយលោកមិនអាចចេញទៅក្រៅប្រទេសបានឡើយ បើគ្មានការយល់ព្រមពីតុលាការ។
មេធាវីការពារក្ដីឱ្យលោក ថាក់ស៊ីន គឺលោក វីនយ៉ាត ឆាតមុនទ្រី (Winyat Chatmontree) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនក្ដីរបស់លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការតតាំងក្ដីនេះ។ លោកអះអាងថា លោក ថាក់ស៊ីន នៅតែរក្សាជំហរថា គាត់មិនបានធ្វើអ្វីខុសនោះទេ ហើយក៏មិនព្រួយបារម្ភអ្វីនោះដែរ។
លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនេះ ដើមដំបូងនៅឆ្នាំ ២០១៦ ប្រមាណមួយឆ្នាំក្រោយលោកផ្ដល់បទសម្ភាសន៍ដល់កាសែតកូរ៉េមួយ។ ប៉ុន្តែនៅពេលនោះ សំណុំរឿងនេះមិនទាន់ត្រូវបានចាត់ការនៅឡើយទេ ពីព្រោះលោកកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។
លោក ថាក់ស៊ីន មានវ័យចាស់ អាយុ ៧៤ ឆ្នាំ ហើយនេះជាហេតុផលដែលតុលាការឱ្យលោកនៅក្រៅឃុំ។ អតីតនាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះបានវិលត្រឡប់ទៅប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំ២០២៣ ដើម្បីប្រឈមនឹងបញ្ហាផ្លូវច្បាប់ក្នុងសំណុំរឿងផ្សេងទៀតពាក់ព័ន្ធនឹងអំពើពុករលួយ ហើយត្រូវព្រះមហាក្សត្រថៃលើកលែងទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។