ភ្លាមៗក្រោយពីអាជ្ញាធររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ឃុំខ្លួនអនុប្រធានបក្សភ្លើងទៀនដ៏មានឥទ្ធិពល លោក ថាច់ សេដ្ឋា មានរឿងរ៉ាវមន្ទិលជាច្រើនជុំវិញសំណុំរឿងដ៏ចម្រូងចម្រាសនេះ។ យ៉ាងហោចណាស់មានរឿងរ៉ាវមន្ទិលសង្ស័យចំនួន ៤យ៉ាង ត្រូវបានក្រុមអ្នកច្បាប់មើលឃើញជុំវិញសំណុំរឿងនេះ។
តើសំណុំរឿងលោក ថាច់ សេដ្ឋា នេះមានភាពមិនប្រក្រតីអ្វីខ្លះ ដែលលោកអ្នកគួរស្វែងយល់?
ការចាប់ឃុំខ្លួនមេបក្សប្រឆាំងដាក់គុក មិនមែនជារឿងរ៉ាវថ្មីថ្មោងនៅកម្ពុជានោះទេ ជាពិសេសនៅមុនពេលបោះឆ្នោតថ្នាក់ជាតិម្តងៗ។
ជាក់ស្តែងនៅប្រមាណមិនដល់ ១ឆ្នាំផង នៅមុនការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០១៨ កន្លងទៅ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិតំណាងឱ្យពលរដ្ឋជិតពាក់កណ្តាលប្រទេស ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន។ លោក ហ៊ុន សែន បានអួតអាងថា សូម្បីតែឪស្តេចម៉ែស្តេច ក៏លោកមិនខ្លាច និងសូម្បីតែមេបក្សប្រឆាំងក៏លោកហ៊ានបញ្ជាឱ្យសមត្ថកិច្ចចូលចាប់ខ្លួនទាំងកណ្តាលយប់។
ឥឡូវនេះ រឿងរ៉ាវច្រំដែលនៃប្រវត្តិសាស្ត្រនេះ បានធ្លាក់មកចំអនុប្រធានគណបក្សភ្លើងទៀនដែលកំពុងតែមានប្រជាប្រិយភាព គឺលោក ថាច់ សេដ្ឋា វិញម្តង ស្របពេលដែលការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងចូលមកដល់នៅមិនដល់ពេលជាង ៦ខែទៀតនោះ។ សំណុំរឿងឈានទៅចាប់ខ្លួនអនុប្រធានបក្សប្រឆាំងរូបនេះ កើតមានឡើងក្រោយពីលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បានប្រកាសជាចំហដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិ តាមកម្ចាត់ និងគាស់រម្លើងឫសគល់នៃអ្វីមួយ ដែលលោកហៅថា ជា «មនោគមវិជ្ជាជ្រុលនិយម»។ ការចាប់ខ្លួននេះ ក៏កើតឡើងក្រោយពីលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដាក់គោលដៅប្តឹងផ្តល់ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិស្របច្បាប់របស់មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន គឺអនុប្រធានគណបក្សភ្លើងទៀនមួយរូបទៀត គឺលោក សុន ឆ័យ និងឧត្តមទីប្រឹក្សាគណបក្សនេះ គឺលោក គង់ គាំ។ ការចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា នេះ ធ្វើឱ្យក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជា ដាក់ជាចម្ងល់ថា តើបុគ្គលណាទៀតជាគោលដៅបន្ទាប់នៅក្នុងជួរសមាជិកក្រុមប្រឹក្សាភិបាលរបស់គណបក្សភ្លើងទៀន ដែលនឹងត្រូវរងគ្រោះបន្តនៅមុនការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។
អ្នកវិភាគនយោបាយ បណ្ឌិត មាស នី មើលឃើញថា ការចាប់ខ្លួននេះជានិន្នាការមួយបង្ហាញថា អ្នកនយោបាយបក្សប្រឆាំងទំនងជានឹងពិបាកគេចរួចពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាល។
បណ្ឌិត មាស នី៖«ឥទ្ធិពលរបស់ភ្លើងទៀនហាក់ដូចជានៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាល។ បើយើងមើលពីយុទ្ធសាស្ត្រដែលយើងឃើញពីមុនមក វាដូចកញ្ច្រែងរែងអង្ករអ៊ីចឹង។ ដូចយើងឃើញស្រាប់ហើយថា ឥឡូវវាមានទាំងការរឹបអូសទ្រព្យសម្បត្តិ ការប្តឹងក្នុងរឿងផ្ទាល់ខ្លួន ហើយរឿងផ្ទាល់ខ្លួននេះ បើសិនជាមិនមានរឿងបច្ចុប្បន្ន ក៏យករឿងអតីតកាលមកដែរ។ ដូច្នេះ យើងមើលទៅក្នុងច្រកទាំងអស់នេះ ខ្ញុំគិតថា អ្នកធ្វើនយោបាយនៅស្រុកខ្មែរ មិនមានអ្នកណាមួយគេចរួចទេ។ តិចណាស់ដែលគេចរួច»។
រីឯអ្នកវិភាគនយោបាយមួយរូបទៀត គឺបណ្ឌិត សេង សារី យល់ថា ការចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា គឺជាយុទ្ធសាស្ត្រមួយរបស់បក្សកាន់អំណាចក្នុងការបោសសម្អាតសង្វៀននយោបាយសម្រាប់អ្នកនយោបាយជំនាន់ថ្មីរបស់ខ្លួន។ លោកមើលឃើញថា ការណ៍នេះ ក៏ជាមធ្យោបាយមួយក្នុងការរុញច្រានគណបក្សភ្លើងទៀនឱ្យធ្លាក់ចូលក្នុងវិបត្តិដោយមិនចាំបាច់ឈានទៅរម្លាយគណបក្សនេះចោលដូចកាលដែលតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ កន្លងទៅនោះទេ។
បណ្ឌិត សេង សារី៖«យើងមើលគោលដៅនៅក្នុងការចាត់ការទៅលើអ្នកនយោបាយ ដែលមាននិន្នាការប្រឆាំងគឺលែងសំដៅទៅលើគណបក្សនយោបាយហើយ តែគឺសំដៅទៅលើបុគ្គលនយោបាយវិញ។ ខ្ញុំបានធ្លាប់ពន្យល់រឿងហ្នឹងដែរថា ជាយុទ្ធសាស្ត្រនៅក្នុងការបោសសម្អាតសង្វៀននយោបាយសម្រាប់អ្នកជំនាន់ក្រោយ ឬក៏ឥឡូវនេះ អាចជាមធ្យោបាយមួយដែរនៅក្នុងការរុញភ្លើងទៀន ឱ្យចេញពីសង្វៀននយោបាយ ដោយមិនចាំបាច់រម្លាយទេ គឺបើសិនជាក្នុងករណីភ្លើងទៀនសម្រេចចិត្តធ្វើពហិការមិនចូលរួមការបោះឆ្នោត គឺមានន័យថា ជាជោគជ័យដោយមិនចាំបាច់រម្លាយភ្លើងទៀនទេ»។
ក៏ប៉ុន្តែ បណ្ឌិត សេង សារី បញ្ជាក់ថា ការបន្តបង្ក្រាប និងចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនេះ ក៏ធ្វើឱ្យគណបក្សប្រឆាំងកាន់តែកើនឡើងប្រជាប្រិយភាព ឬមានការគាំទ្រពីមហាជនកាន់តែច្រើនផងដែរ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ទិត ដាលីន កាលពីថ្ងៃទី១៦ ខែមករា បានចេញដីកាសម្រេចឱ្យឃុំខ្លួន លោក ថាច់ សេដ្ឋា បណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ឬគុកព្រៃស ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកអត់លុយ ឬសែកស្អុយ ប្រព្រឹត្តនៅភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩។ រីឯតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អះអាងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ មករា ថាលោក ថាច់ សេដ្ឋា បានខកខានមិនបានចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួនពីរលើករបស់ចៅក្រមស៊ើបសួរ គឺម្តងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងម្តងទៀតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំដដែល។
ភ្លាមៗក្រោយពីការចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា នេះ មេធាវីលោក ថាច់ សេដ្ឋា និងអ្នកជំនាញផ្នែកច្បាប់បានលើកឡើងពីរឿងរ៉ាវមន្ទិលយ៉ាងហោចណាស់ចំនួន ៤យ៉ាងជុំវិញសំណុំរឿងនេះ។ ភាពមិនប្រក្រតីទាំងនេះ មានដូចជា ពេលវេលានៃការចាប់ខ្លួន ការណ៍ដែលលោក ថាច់ សេដ្ឋា មិនដែលធ្លាប់បានទទួលបានដីកាបង្គាប់ឱ្យចូលខ្លួនទាំងពីរលើក ការណ៍ដែលលោក ថាច់ សេដ្ឋា មិនបានសរសេរចុះកាលបរិច្ឆេទ និងចំនួនទឹកប្រាក់ជាក់លាក់នៅលើសែក ឬមូលប្បទានប័ត្រសងប្រាក់ និងការលើកយកសំណុំរឿងលើអង្គហេតុតែមួយមកកាត់ក្តីពីរដង។
ជុំវិញភាពមិនប្រក្រតីទី១ សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែមករា ថា លោកកត់សម្គាល់ឃើញពីភាពមិនប្រក្រតីនៃការកំណត់យកពេលវេលានៃការចាប់ខ្លួនកូនក្តីខណៈការបោះឆ្នោតជាតិនឹងឈានមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោកមេធាវី ជូង ជូងី៖«ប្រសិនបើគាត់ពិតជាមានកំហុស ឬក៏អីយ៉ាងម៉េចមែនគួរតែរឿងហ្នឹងគឺស្រូតចាត់ការតាំងពីឆ្នាំ២០១៩ ឬ២០២០ មកម៉្លេះ មិនមែនចាំមកដល់ឥឡូវនេះ គឺជិតដល់បោះឆ្នោតហើយ ទើបបានចាត់ការ ខណៈដែលយុទ្ធនាការឃោសនាជិតមកដល់ ពីព្រោះឥឡូវខែមួយហើយ ហើយខែប្រាំពីរគឺបោះឆ្នោតហើយ។ អ៊ីចឹង គឺទាំងគណបក្សកាន់អំណាច និងគណបក្សភ្លើងទៀន កំពុងតែដុតដៃដុតជើង ដើម្បីពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួននៅតាមមូលដ្ឋាន ដើម្បីឈានទៅឈ្នះឆ្នោតនៅឆ្នាំ២០២៣ ហ្នឹង»។
ផ្អែកតាមការអះអាងក្នុងសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យការអមសាលាដំបូងក្រុងភ្នំពេញ អាជ្ញាធររដ្ឋាភិបាលបានចំណាយពេលជាង ១ឆ្នាំកន្លះ ក្រោយពីការចេញដីកាបង្គាប់ឱ្យចូលខ្លួនចុងក្រោយកាលពីខែមិថុនា ឆ្នាំ២០២១ ដើម្បីឈានទៅចាប់ខ្លួនលោក ថាច់ សេដ្ឋា។
បើតាមលោកមេធាវី ជូង ជូងី ភាពមិនប្រក្រតីទីពីរ គឺលោក ថាច់ សេដ្ឋា មិនដែលធ្លាប់បានទទួលបានដីកាបង្គាប់ឱ្យចូលខ្លួនរបស់ចៅក្រម។
លោក ជួង ជូងី៖«ឯកឧត្តម ថាច់ សេដ្ឋា គាត់អះអាងថា អាសយដ្ឋានចង្អុលនៅក្នុងដីកានាំខ្លួនគឺជាអាសយដ្ឋានដែលគាត់អត់នៅយូរហើយ។ អ៊ីចឹង សួរថា បើសិនជាតុលាការបញ្ជូនដីកាបង្គាប់ឱ្យគាត់ចូលខ្លួន ដោយប្រើអាសយដ្ឋានដែលគាត់អត់រស់នៅ ថាតើឱ្យគាត់ទទួលបានយ៉ាងម៉េច?មួយទៀត គាត់ថា អត់ដែលបានទទួលដីកាពីតុលាការទាល់តែសោះ។ អ៊ីចឹង បើគាត់អត់ដែលបានទទួលដីកាពីតុលាការទាល់តែសោះ អាហ្នឹងគឺឱ្យគាត់ចូលរបៀបម៉េច បើគាត់អត់ដែលទទួលសោះ?»
រីឯភាពមិនប្រក្រតីទីបីក្នុងសំណុំរឿងនេះ គឺលោក ថាច់ សេដ្ឋា មិនបានសរសេរចុះកាលបរិច្ឆេទ និងចំនួនទឹកប្រាក់ជាក់លាក់នៅលើសែក (Cheque) ឬមូលប្បទានប័ត្រសងប្រាក់នោះទេ។
លោក ជូង ជូងី៖«អ៊ីចឹង ក្រោយពីខ្ញុំស្តាប់គាត់រ៉ាយរ៉ាប់ត្រួសៗមកថា សែកដែលគាត់ឱ្យទៅគេ មានតែហត្ថលេខាទេ អត់ទាន់សរសេរថា ទឹកប្រាក់ប៉ុន្មាន ហើយនឹងបើកនៅពេលណា។ អ៊ីចឹង បើសិនជាសែកហ្នឹងយកទៅជាភស្តុតាងនៅតុលាការ សួរថាតើនរណាជាអ្នកចេញសែកហ្នឹងពិតប្រាកដ ហើយសែកហ្នឹងត្រូវមានសុពលភាពនៅពេលណា?»
មេធាវីលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ពន្យល់បន្តថា តុលាការទំនងជាចាត់ការពីរដងលើសំណុំរឿងសែក ដែលជាអង្គហេតុតែមួយ ដែលផ្ទុយពីនីតិវិធីច្បាប់។
លោក ជូង ជូងី៖«ក្នុងអង្គហេតុមួយ តុលាការមិនអាចចាត់ការលើសពីមួយដងទេ។ គ្រាន់តែថា រឿងហ្នឹងគឺដូចជាកើតឡើងតាំងពីឆ្នាំ២០១១ ឬ២០១២ មកម៉្លេះ ហើយដែលដើមបណ្តឹងប្តឹងគាត់មួយសារហើយពីបទឆបោក ប៉ុន្តែ បរាជ័យ។ សាលាដំបូងឱ្យគាត់រួចផុតពីបទចោទប្រកាន់។ ដល់ពេលទៅឧទ្ធរណ៍ ឧទ្ធរណ៍គឺនៅតែមិនចោទប្រកាន់គាត់ដដែល គឺឱ្យគាត់រួចផុតពីការចោទប្រកាន់ហ្នឹងដដែល ក្នុងន័យថា គាត់អត់មានកំហុសក្នុងបទឆបោកទេ។ បន្ទាប់មកទៀត គឺដើមបណ្តឹងគាត់យកករណីសែកដដែលហ្នឹងមកប្តឹងគាត់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ក្នុងន័យថា ចោទប្រកាន់គាត់ពីរឿងសែកអត់មានទឹកប្រាក់។ ឥឡូវហ្នឹងគឺសំណុំរឿងហ្នឹង គឺតុលាការបើកការស៊ើបអង្កេតតាំងពីឆ្នាំ២០១៩មកម្ល៉េះ»។
ផ្អែកតាមសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដែលសម្រេចឱ្យលោក ថាច់ សេដ្ឋា ឈ្នះក្តីពីបទ «ឆបោក» លោក ថាច់ សេដ្ឋា បានខ្ចីប្រាក់ពីក្រុមហ៊ុន រិនឆាយ ផនសប (Rin Chhay Pawn Shop) ចំនួនជាង ៣ម៉ឺនដុល្លារ (៣៣.៤០០ ដុល្លារ) ដោយយកប្លង់ដី និងផ្ទះ ៥កន្លែងទៅបញ្ចាំ។ ប្លង់កម្មសិទ្ធិលើអចលនទ្រព្យទាំងនោះ ជារបស់សហគមន៍ខ្មែរកម្ពុជាក្រោម និងមានការឯកភាពពីសហគមន៍ខ្មែរកម្ពុជាក្រោម ឱ្យលោកយកទៅបញ្ចាំដើម្បីយកប្រាក់មកបម្រើការងារជាប្រយោជន៍របស់សហគមន៍ខ្មែរកម្ពុជាក្រោម។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា រដ្ឋាភិបាលកំពុងប្រើប្រាស់នីតិវិធីរបស់តុលាការជាឧបសគ្គមួយសម្រាប់អ្នកនយោបាយលេចធ្លោមកពីគណបក្សប្រឆាំង។
លោក វ៉ន ចាន់ឡូត៖«ពេលខ្លះយើងវិភាគផ្នែកច្បាប់ យើងមិនដឹងជាយកជ្រុងណាមកវិភាគត្រូវទេ ពីព្រោះរឿងហ្នឹងវាមិនដឹងថា ត្រូវបកស្រាយថាយ៉ាងម៉េច?ហើយបើយើងរំលេចទៅនឹងទិដ្ឋភាពពិតនៅក្នុងសង្គម ដូចយើងឃើញអ៊ីចឹង ពេលខ្លះមនុស្សខ្លះអត់មានបញ្ហា ឬក៏កំហុសអីទេ។ ប៉ុន្តែ យ៉ាងហោចណាស់ក៏អាចត្រូវទទួលរងនូវការចោទប្រកាន់ណាមួយ ហើយនីតិវិធីរបស់តុលាការហ្នឹងក៏ជាបញ្ហាប្រឈមសម្រាប់អ្នកទាំងហ្នឹងឬក៏ជាពិសេសគណបក្សប្រឆាំងដែលគាត់ចូលប្រឡូកទៅក្នុងវិស័យនយោបាយរបស់គាត់ដែរ»។
គិតត្រឹមយប់ថ្ងៃទី១៧ ខែមករា វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងម្ចាស់ក្រុមហ៊ុន រិនឆាយ ផនសប លោក ហាយ វណ្ណរិន ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះបាននៅឡើយទេ។ វិទ្យុអាស៊ីសេរី ក៏មិនទាន់អាចទាក់ទងព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំការពន្យល់ជុំវិញសំណុំរឿងរបស់លោក ថាច់ សេដ្ឋា នេះបាននៅឡើយទេ។
ភ្លាមៗ ក្រោយការចាប់ខ្លួនលោក ថាច់ សេដ្ឋា គណបក្សភ្លើងទៀនប្រកាសថា សំណុំរឿងនេះគឺជារឿងនយោបាយ និងជារូបភាពគំរាមកំហែង។ គណបក្សនេះអំពាវនាវឱ្យដោះលែងលោក ថាច់ សេដ្ឋា ដើម្បីធានាបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជាតិខាងមុខ។ កាលពីដើមខែឧសភា ឆ្នាំ២០២២ សភាអឺរ៉ុប ធ្លាប់បានព្រមានថា នឹងដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង បើរកឃើញថា ការបោះឆ្នោតខាងមុខ គ្មានភាពសេរី និងជំរុញឱ្យគណៈកម្មការអឺរ៉ុបតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ប្រសិនបើមានការឈានទៅរម្លាយគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។