ក្រុមគណបក្សនយោបាយសម្ព័ន្ធឆ្ពោះទៅអនាគតបានជួបប្រជុំគ្នា ដើម្បីជជែកពីការសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន ដែលបានជ្រើសយកគណបក្សឆន្ទៈខ្មែរជាគណបក្សទី១ នៃគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ខាងមុខ។ អ្នកវិភាគនយោបាយយល់ថា ការសម្រេចចិត្តរបស់គណបក្សភ្លើងទៀននៅពេលនេះ គឺជាការបើកច្រកនយោបាយឱ្យបានធំទូលាយជាងមុន ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
ការជួបប្រជុំរបស់គណបក្សនយោបាយសម្ព័ន្ធឆ្ពោះទៅអនាគត នៅថ្ងៃទី០១ ខែវិច្ឆិកា មានរបៀបវារៈសំខាន់ពីរ គឺគណបក្សភ្លើងទៀន ប្រាប់ផ្ទាល់មាត់ទៅគណបក្សសម្ព័ន្ធមិត្តឱ្យបានដឹងថា គណបក្សនេះ សម្រេចជ្រើសរើសគណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៤ និងការជជែកពីគម្រោងចុះមូលដ្ឋានរបស់ក្រុមគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដើម្បីឱ្យពលរដ្ឋបានដឹងពីរួមគ្នានៃគណបក្សក្រៅរដ្ឋាភិបាលទាំង៤នេះ។
អគ្គលេខាធិការស្ដីទីគណបក្សភ្លើងទៀន លោក គង់ មូនីកា ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ថា គណបក្សភ្លើងទៀន បានជូនព័ត៌មាន ទៅគណបក្សសម្ព័ន្ធមិត្តបីផ្សេងទៀតរួចហើយនៅក្នុងកិច្ចប្រជុំរបស់សម្ពន្ធភាពឆ្ពោះទៅមុខ។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលនេះ គណបក្សសម្ព័ន្ធមិត្ត គ្រាន់តែស្ដាប់ការជូនដំណឹងរបស់គណបក្សភ្លើងទៀន នៅឡើយទេ ដោយគណបក្សពួកគេ មិនទាន់ចេញសេចក្ដីថ្លែងការណ៍ជុំវិញរឿងនៅឡើយទេ។
លោក គង់ មូនីកា៖«យើងបានជូនព័ត៌មានទៅគណបក្សជាសម្ពន្ធភាពទៅថា ជាជម្រើសបឋមពេលនេះមានគណបក្សឆន្ទៈខ្មែរហើយយើងនៅតែបើកទូលាយសម្រាប់សមាជិកគណបក្សក្នុងសម្ពន្ធភាពមួយឬក៏ពីរអីផ្សេងទៀតសម្រាប់ការឈរឈ្មោះដូច្នេះហើយស្ថិតក្នុងការពិចារណាហើយគ្រាន់តែជាការជូនព័ត៌មានគ្នានៅឡើយទេបាទ»។
ទាក់ទងរឿងនេះដែរ ស្ថាបនិក និងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យដឹងដែរថា គណបក្សរបស់លោកមិនជំទាស់ការសម្រេចចិត្តរបស់គណបក្សភ្លើងទៀននៅពេលនេះនោះទេ។ លោកបន្តថា ក្នុងស្ថានភាពសព្វថ្ងៃ គណបក្សភ្លើងទៀន ត្រូវការចាំបាច់នូវគណបក្សសម្ព័ន្ធមិត្តណាមួយ ឬច្រើនជាងនេះ ក្នុងការឈរដើម្បីអាចចូលរួមការបោះឆ្នោតនាពេលខាងមុខ។ លោកបន្តថា ចំពោះការចុះមូលដ្ឋានគណបក្សទាំង៤ គួរល្មមដល់ពេលដែលគណបក្សទាំង៤ ចុះមូលដ្ឋាន ពន្យល់ប្រាប់ពលរដ្ឋ និងអង្គបោះឆ្នោតពីការរួបរួមនៃសម្ពន្ធភាពនេះហើយ។
លោក អ៊ូ ច័ន្ទរ័ត្ន៖«មានតែម៉្យាងយើងត្រូវតែសម្របសម្រួលហើយសម្រាប់គណបក្សកែទម្រង់ហើយខ្ញុំផ្ទាល់មិនមានអីជាការទាមទារឬមានលក្ខខណ្ឌអីសម្រាប់ភ្លើងទៀនទេឱ្យតែសុខចិត្តធ្វើយ៉ាងម៉េចឱ្យមានដំណើរការការចូលរួមបោះឆ្នោតហ្នឹងបានរលូនទៅយើងអបអរសាទរហើយ»។
រីឯ មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក ផល ស៊ីថុន ប្រាប់ថា គណបក្សរបស់លោកស្វាគមន៍ការសម្រេចចិត្តរបស់គណបក្សភ្លើងទៀន។ ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពី ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានទេនៅថ្ងៃទី១ ខែវិច្ឆិកា។
គណៈអចិន្ត្រយ៍គណបក្សភ្លើងទៀន កាលពីថ្ងៃទី៣១ ខែតុលា បានសម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរជាគណបក្សទី១ ដើម្បីចូលរួមការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខ។ គណបក្សនេះក៏សម្លឹងរកមើលគណបក្សទី២ ដែលស្ថិតនៅក្នុងសម្ព័ន្ធភាពនេះ ក្នុងការចូលរួមការបោះឆ្នោតនេះដែរ។
ទាក់ទងរឿងនេះដែរអ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ការសម្រេចរបស់គណបក្សភ្លើងទៀន គឺជាការបើកច្រកឱ្យបានធំទូលាយជាងការប្រកួតប្រជែងការបោះឆ្នោតមុនៗ។ លោកបន្តទៀតថា គណបក្សនៅក្នុងសម្ពន្ធភាពគួរមានការយោគយល់គ្នា និងអធ្យាស្រ័យ ដល់គណបក្សភ្លើងទៀនទើបអាចធ្វើឱ្យសម្ពន្ធភាពនេះបន្តដំណើរទៅបានវែងឆ្ងាយ។
លោក គឹម សុខ៖«គឺជាការបង្ហាញអត្ថន័យនៃការយល់សេចក្ដីនយោបាយចាស់ទុំនយោបាយ ក្នុងស្ថានភាពប្រកួតប្រជែងជាក់ស្ដែងមានន័យថា ពួកគេចេះមើលនូវផ្លូវដើរនិងគំរូឆ្ពោះទៅមុខ ដើម្បីពង្រីកកម្លាំងអ្នកប្រជាធិបតេយ្យ»។
គណបក្សភ្លើងទៀន គឺជាគណបក្សធំទី២ បន្ទាប់ពីគណបក្សកាន់អំណាច ដែលមានអង្គបោះឆ្នោតសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០២៤ ខាងមុខ។ ការវិវឌ្ឍន៍ស្ថានការណ៍នយោបាយចុងក្រោយនៅពេលនេះដែរ នៅពេលក្រុមគណបក្សប្រឆាំងរួមគ្នាចងសម្ពន្ធភាពនយោបាយដូច្នេះ គណបក្សកាន់អំណាចក៏បានចងសម្ពន្ធភាពនយោបាយជាមួយគណបក្សជិត ៣០ផ្សេងទៀតដែរ។ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបបួលគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យត្រៀមខ្លួនកម្ចាត់អ្នកនយោបាយមួយក្រុម ដែលលោកចោទប្រកាន់ថា ក្រុមជ្រុលនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
