ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ផ្អាក​ប្រមូល​ផ្ដុំ​នៅ​សប្ដាហ៍​នេះ ដោយសារ​មិន​ទាន់​ជា​ពី​របួស

0:00 / 0:00

ក្រុម​​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ ផ្អាក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ថ្ងៃ​សុក្រ​ទី៦ សីហា​នេះ ដោយសារ​បញ្ហា​សុខភាព ជា​ពិសេស មុខ​របួស​ដែល​បង្កឡើង​ដោយ​​​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន​នោះ មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ។

សមាជិក​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ លោកស្រី ព្រុំ ចាន់ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោកស្រី​នៅ​ឈឺ​ក្នុង​ខ្លួន ហើយ​អ្នក​ខ្លះ​ទៀត​មុខ​របួស​នៅ​ហើម​នៅ​ឡើយ ដូច្នេះ​ក៏​សម្រេច​ផ្អាក​ការ​តវ៉ា​នៅ​សប្ដាហ៍​នេះ។ លោកស្រី​បញ្ជាក់​ថា ក្រុម​លោកស្រី​នឹង​​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជាថ្មី​ទៀត​នៅ​ពេល​ជា​ពី​របួស និង​ពេល​មាន​សវនាការ​សំណុំ​រឿង​សមាជិក​បក្ស​ប្រឆាំង៖« ខ្ញុំ​ដឹង​ថា បើ​ទៅ​ត្រូវ​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​ដាក់​លើ​ពួក​ខ្ញុំ​ហើយ មិនដែល​អត់​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​តស៊ូ​ទៅមុខ​ជានិច្ច។ ខ្ញុំ​អត់​មាន​ដក​ថយ​ទេ ដោយ​សារ​បើ​ខ្ញុំ​មិន​ក្រោក​ មិន​ឈរ​ទេ គ្មាន​អ្នក​ណា​ដែល​ទាម​ទារ​ដើម្បី​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​នោះ​ទេ។ និយាយ​ទៅ នៅ​តែ​បន្ត​ការ​រក​ដំណោះស្រាយ​ទៀត អត់​មាន​ឈប់​ទេ ទាល់​តែ​មាន​ដំណោះស្រាយ​ជូន​ក្រុម​គ្រួសារ​​ពួក​ខ្ញុំ​តែ​ម្ដង »

ក្រុម​ស្ត្រី​ថ្ងៃសុក្រ​តែង​នាំ​គ្នា​ប្រមូល​ផ្ដុំ​លើក​បដា និង​ស្រែក​តវ៉ា នៅ​ខាង​មុខ​តុលាការ និង​ទីតាំង​មួយ​ចំនួន​ទៀត ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​គ្រួសារ​ពួក​គាត់​ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌។ ក៏​ប៉ុន្តែ​ការ​ប្រមូល​ផ្ដុំ​ជា​ហូរ​ហែ​មក​នោះ ត្រូវ​បាន​ក្រុម​អាជ្ញាធរ និង​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ តាម​បំបែក និង​ប្រើ​ហិង្សា​លើ​ពួក​គាត់​រហូត​ដល់​មាន​របួស​ស្នាម។

អាជ្ញាធរ​អះអាង​ដដែលៗ​ថា ការ​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិន​ឱ្យ​តវ៉ា​នេះ គឺ​ដោយសារ​ពួក​គាត់​មិន​បាន​សុំ​ការ​អនុញ្ញាត តែ​អាជ្ញាធរ​មិន​បក​ស្រាយ​ពី​ការ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទាំង​នោះ​ទេ។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​ចាត់​ទុក​ទង្វើ​ហិង្សា​របស់​អាជ្ញាធរ​លើ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​នេះ​ថា ជា​អំពើ​ល្មើស​ច្បាប់ និង​ជា​ការ​ប្រើអំណាច​ដោយ​បំពាន​ ដែល​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។