អ្នកវិភាគ ​និង​សង្គម​ស៊ីវិល ​គាំទ្រ​​គំនិត​លោក សម រង្ស៊ី ​ដែល​ទុក​ផ្លូវ​ឲ្យ​លោក ហ៊ុន សែន ​ចុះចេញ​ដោយ​សុវត្ថិភាព​

0:00 / 0:00

អ្នកវិភាគ​នយោបាយ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស ​គាំទ្រ​គំនិត​របស់​លោក សម រង្ស៊ី ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​ចង​គំនុំ​ ឬ​សងសឹក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ ប្រសិនបើ​លោក​ យល់ព្រម​ចុះចេញ​ពី​អំណាច។ ការ​លើក​ឡើង​នេះ​ គឺ​បន្ទាប់​លោក សម រង្ស៊ី ​ប្រកាស​ថា ​គោល​បំណង​របស់​លោក​ដើម្បី​​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បាន​សេចក្តី​សុខ ​ដូច្នេះ​លោក ​អាច​លើកលែង​ទោស​ឲ្យ​លោក ហ៊ុន សែន ប្រសិនបើ​លោក​ចាញ់ឆ្នោត​ហើយ​ព្រម​ដើរ​ចេញ​ពី​អំណាច។

​អ្នកវិភាគ​នយោបាយ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស ​លើក​ឡើង​ថា ​គោលជំហរ​របស់​លោក សម រង្ស៊ី ​ដែល​មិន​ចង​គំនុំ​នយោបាយ ​គឺជា​រឿង​ត្រឹមត្រូវ ​ប៉ុន្តែ​ហាក់​ដូចជា​យឺត​ពេល​ ព្រោះ​ពេលនេះ ​លោក ហ៊ុន សែន ​កំពុង​ក្តាប់​អំណាច​ណែន​ពេញ​ដៃ​ និង​កំពុង​តែ​រិះ​រក​វិធី​រក្សា អំណាច​ត​វង្សត្រកូល​ជា​រៀង​រហូត។​

អ្នកវិភាគ​នយោបាយ ​លោក គឹម សុខ ​ថ្លែង​ថា លោក​​គាំទ្រ​គំនិត​របស់​​លោក សម រង្ស៊ី នេះ ​ព្រោះ​ជា​គំនិត​យោបល់​ដែល​ស្រដៀង​គ្នា​នឹង​គំនិត​របស់​លោក​ដែរ៖« កាលណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ផ្សះផ្សា​និង​ដោះស្រាយ​បញ្ហា​ជាតិ ​ ប្រជាពលរដ្ឋ​ មើល​ឃើញ​ថា​ អ្នក​ប្រជាធិបតេយ្យ ​លោក សម រង្ស៊ី ​លោក កឹម សុខា ​មាន​មធ្យោបាយ​ក្នុង​ការ​ផ្សះផ្សា​ជាតិ ​ហើយ​ទម្លាក់​ចោល​ ការ​ឈឺចាប់​របស់​ខ្លួន​ដើម្បី​ជាតិ​ ដូច្នេះ​ប្រជាពលរដ្ឋ ​ជួយ​ជំរុញ​ដែល​ធ្វើឲ្យ​លោក ហ៊ុន សែន ​ពិបាក​ប្រកែក​មួយ។ទី២ ​កាលណា​វា​ត្រូវ​ផ្លូវ​នឹង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ ក៏​ស្រប​នឹង​គោលការណ៍​ច្បាប់​ជាពិសេស​រដ្ឋធម្មនុញ្ញ ​ជាពិសេស​កិច្ចព្រមព្រៀង​សន្តិ ភាព​ទី​ក្រុង​ប៉ារីស ​ហើយ​សហគមន៍​អន្តរ​ជាតិ ​ក៏​គេ​មាន​ឥទ្ធិពល​កាន់​តែ​ធំ​ក្នុង​ការ​ជួយ ជំរុញ​ឲ្យ​អ្នកកាន់អំណាច ​ពិបាក​ប្រកែក​ក្នុង​ការ​មិន​និយាយ​គ្នា​ដោះស្រាយ​បញ្ហា »

លោក គឹម សុខ ​បន្ត​ថា ​ប្រសិនបើ​លោក ហ៊ុន សែន ​មិន​ទទួល​យក​សំណើ​របស់ លោក សម រង្ស៊ី ​ហើយ​បន្ត​រក​វិធី​រក្សា​អំណាច​ត​វង្សត្រកូល​ដោយ​ជិះជាន់​ពលរដ្ឋ ​និង​បំផ្លាញ​ប្រទេស​ជាតិ​នោះ ​នឹង​អាច​ធ្វើឲ្យ​មាន​ចលនាមហាជន ​ងើបឡើង​ប្រឆាំង​តប​តនឹង​គ្រួសារ​របស់​លោក​វិញ​នៅ​ពេល​ខាងមុខ​៖« គឺ​វា​​អាច​ទៅ​ដូច​ស្ថានភាព​ប្រទេស​ស្រីលង្កា ​គឺ​ប្រជា​ពលរដ្ឋ ​ទាម​ទារ​ឲ្យ​ចុះចេញ​តាមរយៈ​សំឡេង​របស់​ប្រជាពលរដ្ឋ​ រួបរួមគ្នា​ក្នុងការ​តវ៉ា តាមផ្លូវ​ជា​សាធារណៈ​ចឹង​ទៅ។នេះ​គឺជា​ការទទួលខុសត្រូវ​ដែល​ត្រូវ​ប្រឈម​ទៅ​នឹង ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា ​ជាពិសេស​លោក ហ៊ុន សែន ​បើ​មិន​ទទួលយក​នូវ​អ្វី​ដែល​ជា​នយោបាយ​ផ្សះ​ផ្សារ ​បង្រួបបង្រួម ​ជម្រុះ​ចោល​ នូវ​អស្មិមានះ​បុគ្គល​ឬ​ក្រុម​ជា​សត្រូវ​នឹងគ្នា​ហើយ​រក​ផល​ប្រយោជន៍​ដើម្បី​ប្រទេសជាតិ​ ទេ ​ពួកគាត់​ ឬ​ក្រុម​លោក ​ហ៊ុន សែន​ នេះ ​ត្រូវ​ទទួលខុស​ត្រូវ​ជៀស​មិន​ផុត »

​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី ​កាលពី​ថ្ងៃទី១៥ កក្កដា ​ថា ​ប្រសិនបើ​លោក ហ៊ុន សែន ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ហើយ​ហ៊ាន​ប្រគល់​អំណាច ​ប្រសិនបើ​ចាញ់ ឆ្នោត​នោះ ​លោក ​សុខចិត្ត​​ជួយ​រៀបចំ​ធានា​សុវត្ថិភាព​លោក ហ៊ុន សែន ​និង​គ្រួសារ​របស់​លោក ​នៅ​ពេល​អស់​អំណាច។ ​លោក​ បញ្ជាក់ថា ​វិធី​ទាំង​នោះ​ ដូចជា​រៀបចំ​ច្បាប់​លើក​លែង​ទោស​នាយករដ្ឋមន្ត្រី​ ប្រធានរដ្ឋសភា ​ព្រឹទ្ធសភា ​ព្រមទាំង​តែងតាំង​ កូន​របស់​លោក ហ៊ុន សែន ​ឲ្យ​គ្រប់គ្រង​កងទ័ព​ជាដើម៖« ខ្ញុំ​មាន​ទន់ភ្លន់​ អាច​ចេះ​បត់​មែន​អាច​ចេះ​សម្រប​ខ្លួន​ ធ្វើ ម៉េច​ឲ្យ​ខ្មែរ​បាន​សុខ។ បំណង​របស់ខ្ញុំ​គឺ​ឲ្យ​ខ្មែរ​បាន​សុខ​ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​ខ្មែរ​បាន​សុខ ​បើ​ឲ្យ​លោក ​ហ៊ុន សែន ​រួចខ្លួន ​គឺ​ឲ្យ​គាត់​រួចខ្លួន​ទៅ។អត់​មាន​ចង់​ទៅ​សងសឹក អត់​មាន​ចង់​ទៅ​ចាប់​គាត់​ដាក់គុក ​តុលាការ​កាត់ទោស ​បញ្ជូន​ទៅ​តុលាការ​អន្តរជាតិ ​ពី​ព្រោះ​គាត់ ​អាច​មានទោស​ដល់​តុលាការអន្តរជាតិ »

លោក សម រង្ស៊ី ​រម្លឹក​ឡើង​វិញ​ថា ​កាលពី​ឆ្នាំ​២០១៤ ​លោក ហ៊ុន សែន ​គឺ​ជា​អ្នក​ដែល​ស្នើ​សុំ​ឲ្យ​បក្ស​ប្រឆាំង​ និង​បក្ស​ប្រជាជន​ រៀបចំ​ច្បាប់​ការពារ​មេដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ពេល​អស់​អំណាច។លោក​ បញ្ជាក់​ថា ​ពេលនោះ​បក្ស​ប្រឆាំង ​យល់​ព្រម​តាម​សំណើ ​ប៉ុន្តែ​ក្រោយមក ​លោក ហ៊ុន សែន ​ផ្លាស់​ប្តូរ​ចិត្ត​ដោយ​ចង់​បន្ត​កាន់​អំណាច​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នោះ​ ជាប់​គាំង​ទៅវិញ។​​​

ទាក់ទង​ករណីនេះ ​វិទ្យុអាស៊ីសេរី ​មិនអាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន​ និង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ បានទេ ​នៅថ្ងៃទី១៧ ​ខែកក្កដា។ ប៉ុន្តែ​លោក ហ៊ុន សែន​ ធ្លាប់​​លើកឡើង​កាលពី​ខែកញ្ញា ​ឆ្នាំ២០២១ថា ​លោក ​មិន​បាន​ស្នើ​លោក សម រង្ស៊ី ​ធ្វើ​ច្បាប់​ការពារ​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ​។ លោក ហ៊ុន សែន ​ថែមទាំង​ប្រកាស​ថា ​ពេលនេះ​កុំថាឡើយ​ត្រឹម​តាក់​តែង​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី ​និង​ថ្នាក់​ដឹក​​​នាំ​កំពូលៗ​នៅក្នុង​រដ្ឋាភិបាល ​សូម្បី​កែ​រដ្ឋ​ធម្មនុញ្ញ​ឬ​បន្ថែម​​បញ្ញត្តិ​ទៀត​ ក៏​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បាន​ដែរ​​។

ជុំវិញ​រឿង​នេះ​ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក នី សុខា ​ថ្លែង​ថា​ គំនិត​របស់​លោក សម រង្ស៊ី ​គឺជា​រឿង​ល្អ ​ប៉ុន្តែ​ហាក់​ដូចជា​ហួស​ពេល​បន្តិច​ទៅ​ហើយ ព្រោះ​ពេលនេះ ​ពុំ​មាន​សំឡេង​បក្សប្រឆាំង​នៅក្នុង​រដ្ឋសភា​ដូចមុន។​ លោក​ យល់ថា​ កន្លងមក​ ការ​ផ្តួចផ្តើម​គំនិត​ឲ្យ​បង្កើត​ច្បាប់​នេះ​ឡើង ​ព្រោះ​ពេលនោះ ​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច ​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ប្រដុំប្រសង​គ្នា៖« អាហ្នឹង​បើសិនជា​អ្នកនយោបាយ​គេ​រក​ចន្លោះ​ឬ​រក​ផ្លូវ​ ដើម្បី​ធ្វើការ​ផ្សះ​ផ្សារ​នយោបាយ​ណា​មួយ​ដែល​វា​អាច​ល្អ​ ធ្វើឲ្យ​អ្នកនយោបាយ​កាន់អំណាច​មិន​មាន​ការ​បារម្ភ​ហើយ​ងាក​ទៅ​ប្រកួត​ប្រជែង​រៀបចំ​ការបោះឆ្នោត​ឲ្យបាន​សេរី ត្រឹមត្រូវ ​យុត្តិធម៌​ ឲ្យមាន​តម្លាភាព ​ប្រជាពលរដ្ឋ​ អាច​ចូលរួម​ធ្វើ​នយោបាយ ​គេ​អាច​មាន​សិទ្ធិ​បញ្ចេញ មតិ ​មាន​សិទ្ធិ​ជួបជុំ​អី​ទាំងអស់​ហ្នឹង​ឡើង​វិញ​មក ​អាហ្នឹង​មិន​មាន​ជា បញ្ហា​ទាស់​ខុស​អី​ទេ ​ដូច្នេះ​អាហ្នឹង​វា​ជា​ផ្លូវ​មួយ​សម្រាប់​អ្នកនយោបាយ​អាច​ធ្វើការ​ផ្សះផ្សា »

អ្នក​វិភាគ​នយោបាយ​ និង​មន្ត្រី​សង្គម​ស៊ីវិល ​យល់ថា ​ពេលនេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​អាច​មិន​ខ្វាយខ្វល់​ចំពោះ​គោលជំហរ​របស់​លោក សម រង្ស៊ី ​នោះ​ទេ​ ព្រោះ

កូនសោ​ដោះស្រាយ​បញ្ហា​នយោបាយ​​ ​គឺ​ស្ថិត​នៅក្នុង​ដៃ​លោក​ហ៊ុន សែន។ ទោះជា​យ៉ាងណា​ ពួកគាត់​ យល់ថា ​ប្រសិន​បើ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ ​ស្រប តាម​ការ​​ចង់បាន​របស់​បក្ស​កាន់​អំណាច​ដែរ​នោះ​គួរតែ​ចាប់ផ្តើម​ជជែកគ្នា​ឡើងវិញ ​ព្រោះ​តាម​ច្បាប់​ធម្មជាតិ ​ការ​កាន់អំណាច​ មិន​​អាច​គង់វង្ស​ស្ថិតស្ថេរ​រហូត​បាន​ឡើយ​ពោល​គឺ​អាច​ប្រែប្រួល ​ឬ​បាត់បង់​អំណាច​វិញ ​នៅពេល​ណាមួយ​គ្រាន់តែ​យូរ​ឬ​ឆាប់​ប៉ុណ្ណោះ​៕ ​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។