របប​ក្រុង​ភ្នំពេញ​ អះអាង​ថា បាន​គោរព​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ពេល ២៦ឆ្នាំ​មក​នេះ

0:00 / 0:00

របប​ក្រុង​ភ្នំពេញ​​អះអាង​ថា របប​នេះ​តែង​បាន​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន និង​បាន​កែ​ប្រែ​ខ្លឹម​សារ​ឱ្យ​ស្រប​តាម​បច្ចុប្បន្ន​ភាព​ជានិច្ច​ នៅ​រយៈ​ពេល ២៦ឆ្នាំ​មក​នេះ។ ក៏​ប៉ុន្តែ អ្នក​ជំនាញ​ច្បាប់ និង​វិទ្យា​សាស្ត្រ​នយោបាយ សង្កេត​ឃើញ​ថា ការ​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ​មិន​ទាន់​មាន​ភាព​ប្រសើរ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ទេ។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ទោះ​មាន​ចំណុច​១ ក្នុង​រដ្ឋ​ធម្មនុញ្ញ​ គឺ​សមាជជាតិ មិន​ទាន់​អនុវត្ត​បាន​មែន ​ក៏​រដ្ឋាភិបាល​បាន​ដឹកនាំ និង​រៀបចំ​អ្វីៗ ទាំង​អស់ ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ លោក​​ពន្យល់​ពី​មូលហេតុ មិន​អាច​ធ្វើ​សមាជជាតិ​បាន គឺ​ដោយ​សារ​​មាន​ភាព​ស្មុគស្មាញ លើ​សមាសភាព​ចូលរួម​ក្នុង​អង្គ​សមាជ។

លោក ផៃ ស៊ីផាន បន្ត​ថា ​ក្រៅពី​​សមាជជាតិ ដែល​មាន​ចែង​ក្នុង​ជំពូក​ទី១១ គឺ​រដ្ឋាភិបាល​ តែង​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន តួយ៉ាង​ការ​ប្រកាន់​ខ្ជាប់​លទ្ធិ​ប្រជាធិបតេយ្យ ជា​ដើម។ លោក អះអាង​ទៀត​ថា រាល់​ច្បាប់​ពិសេស​គឺ​សុទ្ធ​តែ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​​ទាំង​អស់៖ « ដោយ​សារ​តែ​អាស្រ័យ​ដោយ​អ្នក​សរសេរ​រដ្ឋធម្មនុញ្ញ​​យើង គាត់​សរសេរ​ជា​ទូទៅ ទូលាយ ប៉ុន្តែ​មិន​មែន​បាន​សេចក្ដី​ថា យើង​យក​រដ្ឋធម្មនុញ្ញ​ទៅ​ជា​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​នោះ​ទេ។ រដ្ឋធម្មនុញ្ញ​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ច្បាប់»

ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ខួប​ទី ២៦ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ១៩៩៣។ រយៈ​ពេល ២៦ឆ្នាំ​មក​នេះ រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន ៩ដង​ហើយ។ ​​ការ​វិសោធនកម្ម​ទាំង ​៩ដង​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​យល់​ថា កែ​ទៅ​រក​ខ្លឹមសារ​អាក្រក់ ច្រើន​ជាង​ល្អ។ ការ​កែ​ធម្មនុញ្ញ​ញឹកញាប់​ តាម​ទំនើង​ចិត្ត​នេះ ត្រូវ​​បាន​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ហៅ​ថា​ ជា​ការ​បន្សាប​​ អំណាច​តុលាការ និង​​អង្គ​នីតិ​បញ្ញត្តិ ឲ្យ​ស្ថិត​ក្រោម​អំណាច​ប្រមូលផ្ដុំ​ របស់​​អង្គ​នីតិ​ប្រតិបត្តិ ឬ​​រដ្ឋាភិបាល​ ដែល​​ដឹកនាំ​ដោយ​​លោក ហ៊ុន សែន។

ក្រៅពី​កែប្រែ​ធម្មនុញ្ញ និង​បង្កើត​​ច្បាប់​ពិសេស​ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​បារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​ជា​គ្រឹះ​​របស់​រដ្ឋ​ធម្មនុញ្ញ​ហើយ របប​ក្រុង​ភ្នំពេញ បាន​​បញ្ចូល​គ្រប់​​មន្ត្រី​ទាំង​អស់ នៃ​អំណាច​តុលាការ អង្គ​នីតិ​បញ្ញត្តិ និង​ស្ថាប័ន​កំពូល​របស់​ជាតិ​ផ្សេង​ទៀត​ ឲ្យ​ក្លាយ​ជា​សមាជិក​បក្ស​កាន់​អំណាច។ ការ​ធ្វើ​បែប​នេះ ​បើក​ផ្លូវ​ឱ្យ​ឲ្យ​ប្រធាន​គណបក្ស​កាន់​អំណាច មាន​សិទ្ធិ​​​ អំណាច ដោះដូរ​រាល់​​​សមាជិក​បក្ស​ណា​ ដែល​មិន​ស្រប​តាម​បញ្ជា​ខ្លួន ចេញ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​​របស់​ជាតិ។

ចំណែក​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​វិញ នៅ​ឆ្នាំ​នេះ មិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​​ទេ ក្នុង​ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​ ២៤ កញ្ញា។ ក៏​ប៉ុន្តែ អ្នក​នាំ​ពាក្យ​ និង​ជា​​អគ្គ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក​ តាំង រតនា ប្រាប់​អាស៊ី​សេរី​ថា នៅ​ឆ្នាំ​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ធ្វើ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ខ្លឹម​សារ​រដ្ឋ​ធម្មនុញ្ញ ដល់​​សិស្ស​​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា។

អ្នក​ជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា​ ទោះជា​រដ្ឋ​ធម្មនុញ្ញ​កែប្រែ​ច្រើន​ដង​ហើយ​ក្តី ​ក៏​ខ្លឹមសារ​មិន​ទាន់​វិវត្តន៍​ទៅ​រក​ស្ថានភាព​ប្រសើរ ​​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​​ និង​សហគមន៍​អន្តរជាតិ​ឡើយ។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​រូប​នេះ ​មិន​​ហ៊ាន​សន្មត​ថា រដ្ឋាភិបាល​អនុវត្ត​ រដ្ឋ​ធម្មនុញ្ញ​បាន​ត្រឹម​ត្រូវ​ ឬ​អត់​នោះ​ទេ តែ​លោក​​ថា ​សហគមន៍​អន្តរ​ជាតិ កំពុង​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​​ឲ្យ​បាន​ត្រឹមត្រូវ តាម​ខ្លឹមសារ​​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរ​ជាតិ​ទាំង​ឡាយ ដែល​កម្ពុជា​បាន​ដាក់​​​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​​របស់​ខ្លួន៖ « កន្លែង​ហ្នឹង យើង​មិន​ថា​ល្អ ឬ​មិនល្អ ត្រឹម​ត្រូវ​ ឬ​មិន​ត្រឹមត្រូវ​​ទេ ប៉ុន្តែ​គ្រាន់​តែ​អ្វី​ដែល​​សហគមន៍​អន្តរ​ជាតិ ជា​ពិសេស​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក​បារម្ភ​គឺ ពាក់ព័ន្ធ​ទៅ​លើ​ការ​​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​​ហ្នឹង​ហើយ ដែល​គេ​ទាមទារ​ឲ្យ​យើង​ធ្វើ​ការ​ កម្ពុជា​បាន​ចុះ​អនុសញ្ញា​ សន្ធិសញ្ញា​ ព្រមព្រៀង​ជា​មួយ​អន្តរជាតិ​ហ្នឹង វា​មាន​ខ្លឹមសារ​ក្នុង​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង​ហើយ បាន​អន្តរជាតិ គេ​យក​វិធាន​ការ EBA យក​មក​ចោទ។ សហរដ្ឋ​អាមេរិក យក​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ​ព្រាង​ សេចក្ដី​ព្រាង​ច្បាប់​មួយ​ យក​មក​ជំរុញ​ឲ្យ​កម្ពុជា​ ធ្វើ​តាម​ខ្លឹមសារ​គោលការណ៍​​​​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ហើយ។ អ្វី​ដែល​គេ ជំរុញ​ហ្នឹង វា​មាន​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា»

បើ​ទោះ​មន្ត្រី​របប​ក្រុង​ភ្នំពេញ តែង​អះអាង​រាល់​ឆ្នាំថា របប​លោក ហ៊ុន សែន ​​គោរព​ និង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ក្តី ​ក៏​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​សង្កេត​ឃើញ​ថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​មិន​ហ៊ាន​ប្រើ​ប្រាស់​​សិទ្ធិ​ សេរីភាព​ ដែល​រដ្ឋ​ធម្មនុញ្ញ​ចែង​ឲ្យ​​ប្រើ​នោះ​ទេ ដូចជា​​សិទ្ធិ​តវ៉ា​ សិទ្ធិ​ធ្វើ​នយោបាយ ជាដើម​​ ព្រោះ​​អាជ្ញាធរ​របប​​ក្រុង​ភ្នំពេញ បង្កើន​ការ​រឹតត្បិត គំរាម​កំហែង និង​​ចាប់​​អ្នក​ហ៊ាន​រិះគន់ ​ដាក់​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។