របបក្រុងភ្នំពេញអះអាងថា របបនេះតែងបានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងបានកែប្រែខ្លឹមសារឱ្យស្របតាមបច្ចុប្បន្នភាពជានិច្ច នៅរយៈពេល ២៦ឆ្នាំមកនេះ។ ក៏ប៉ុន្តែ អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយ សង្កេតឃើញថា ការកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញ មិនទាន់មានភាពប្រសើរតាមការចង់បានរបស់ពលរដ្ឋទេ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បញ្ជាក់ថា ទោះមានចំណុច១ ក្នុងរដ្ឋធម្មនុញ្ញ គឺសមាជជាតិ មិនទាន់អនុវត្តបានមែន ក៏រដ្ឋាភិបាលបានដឹកនាំ និងរៀបចំអ្វីៗ ទាំងអស់ ស្របតាមរដ្ឋធម្មនុញ្ញ។ លោកពន្យល់ពីមូលហេតុ មិនអាចធ្វើសមាជជាតិបាន គឺដោយសារមានភាពស្មុគស្មាញ លើសមាសភាពចូលរួមក្នុងអង្គសមាជ។
លោក ផៃ ស៊ីផាន បន្តថា ក្រៅពីសមាជជាតិ ដែលមានចែងក្នុងជំពូកទី១១ គឺរដ្ឋាភិបាល តែងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន តួយ៉ាងការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ជាដើម។ លោក អះអាងទៀតថា រាល់ច្បាប់ពិសេសគឺសុទ្ធតែស្របតាមរដ្ឋធម្មនុញ្ញទាំងអស់៖ « ដោយសារតែអាស្រ័យដោយអ្នកសរសេររដ្ឋធម្មនុញ្ញយើង គាត់សរសេរជាទូទៅ ទូលាយ ប៉ុន្តែមិនមែនបានសេចក្ដីថា យើងយករដ្ឋធម្មនុញ្ញទៅជាអនុវត្តផ្ទុយពីច្បាប់នោះទេ។ រដ្ឋធម្មនុញ្ញ គឺជាមូលដ្ឋានគ្រឹះនៃច្បាប់»។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ជាខួបទី ២៦ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។ រយៈពេល ២៦ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មចំនួន ៩ដងហើយ។ ការវិសោធនកម្មទាំង ៩ដងនេះ ត្រូវបានអ្នកឃ្លាំមើលយល់ថា កែទៅរកខ្លឹមសារអាក្រក់ ច្រើនជាងល្អ។ ការកែធម្មនុញ្ញញឹកញាប់ តាមទំនើងចិត្តនេះ ត្រូវបានក្រុមអ្នកនិយមប្រជាធិបតេយ្យ ហៅថា ជាការបន្សាប អំណាចតុលាការ និងអង្គនីតិបញ្ញត្តិ ឲ្យស្ថិតក្រោមអំណាចប្រមូលផ្ដុំ របស់អង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន។
ក្រៅពីកែប្រែធម្មនុញ្ញ និងបង្កើតច្បាប់ពិសេស ដែលផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាគ្រឹះរបស់រដ្ឋធម្មនុញ្ញហើយ របបក្រុងភ្នំពេញ បានបញ្ចូលគ្រប់មន្ត្រីទាំងអស់ នៃអំណាចតុលាការ អង្គនីតិបញ្ញត្តិ និងស្ថាប័នកំពូលរបស់ជាតិផ្សេងទៀត ឲ្យក្លាយជាសមាជិកបក្សកាន់អំណាច។ ការធ្វើបែបនេះ បើកផ្លូវឱ្យឲ្យប្រធានគណបក្សកាន់អំណាច មានសិទ្ធិ អំណាច ដោះដូររាល់សមាជិកបក្សណា ដែលមិនស្របតាមបញ្ជាខ្លួន ចេញពីថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ។
ចំណែកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញវិញ នៅឆ្នាំនេះ មិនបានធ្វើសន្និសីទសារព័ត៌មានទេ ក្នុងទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា។ ក៏ប៉ុន្តែ អ្នកនាំពាក្យ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា ប្រាប់អាស៊ីសេរីថា នៅឆ្នាំនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសាររដ្ឋធម្មនុញ្ញ ដល់សិស្សនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៣ កញ្ញា។
អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ទោះជារដ្ឋធម្មនុញ្ញកែប្រែច្រើនដងហើយក្តី ក៏ខ្លឹមសារមិនទាន់វិវត្តន៍ទៅរកស្ថានភាពប្រសើរ តាមការចង់បានរបស់ពលរដ្ឋ និងសហគមន៍អន្តរជាតិឡើយ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ មិនហ៊ានសន្មតថា រដ្ឋាភិបាលអនុវត្ត រដ្ឋធម្មនុញ្ញបានត្រឹមត្រូវ ឬអត់នោះទេ តែលោកថា សហគមន៍អន្តរជាតិ កំពុងទាមទារឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានត្រឹមត្រូវ តាមខ្លឹមសារសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងឡាយ ដែលកម្ពុជាបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន៖ « កន្លែងហ្នឹង យើងមិនថាល្អ ឬមិនល្អ ត្រឹមត្រូវ ឬមិនត្រឹមត្រូវទេ ប៉ុន្តែគ្រាន់តែអ្វីដែលសហគមន៍អន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិកបារម្ភគឺ ពាក់ព័ន្ធទៅលើការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាហ្នឹងហើយ ដែលគេទាមទារឲ្យយើងធ្វើការ កម្ពុជាបានចុះអនុសញ្ញា សន្ធិសញ្ញា ព្រមព្រៀងជាមួយអន្តរជាតិហ្នឹង វាមានខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញ។ អ៊ីចឹងហើយ បានអន្តរជាតិ គេយកវិធានការ EBA យកមកចោទ។ សហរដ្ឋអាមេរិក យកច្បាប់ប្រជាធិបតេយ្យកម្ពុជា ព្រាង សេចក្ដីព្រាងច្បាប់មួយ យកមកជំរុញឲ្យកម្ពុជា ធ្វើតាមខ្លឹមសារគោលការណ៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីសនេះហើយ។ អ្វីដែលគេ ជំរុញហ្នឹង វាមាននៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា»។
បើទោះមន្ត្រីរបបក្រុងភ្នំពេញ តែងអះអាងរាល់ឆ្នាំថា របបលោក ហ៊ុន សែន គោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញក្តី ក៏អ្នកឃ្លាំមើលសិទ្ធិមនុស្សសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមិនហ៊ានប្រើប្រាស់សិទ្ធិ សេរីភាព ដែលរដ្ឋធម្មនុញ្ញចែងឲ្យប្រើនោះទេ ដូចជាសិទ្ធិតវ៉ា សិទ្ធិធ្វើនយោបាយ ជាដើម ព្រោះអាជ្ញាធររបបក្រុងភ្នំពេញ បង្កើនការរឹតត្បិត គំរាមកំហែង និងចាប់អ្នកហ៊ានរិះគន់ ដាក់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
