រដ្ឋាភិបាលបដិសេធ​ការ​លើក​ឡើង​របស់​មេ​បក្ស​ភ្លើង​ទៀន រឿង​ដាក់​កាមេរ៉ា​ឃ្លាំមើល​ខាង​មុខ​ផ្ទះ

ដោយ ថា ថៃ
2024.02.07
រដ្ឋាភិបាលបដិសេធ​ការ​លើក​ឡើង​របស់​មេ​បក្ស​ភ្លើង​ទៀន រឿង​ដាក់​កាមេរ៉ា​ឃ្លាំមើល​ខាង​មុខ​ផ្ទះ (ឆ្វេង) លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ និង​លោក ទាវ វណ្ណុល ​ប្រធាន​គណបក្ស​ភ្លើង​ទៀន។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

អ្នកនាំពាក្យ​រដ្ឋាភិបាល​ច្រានចោល​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​ថា អាជ្ញាធរ​រដ្ឋាភិបាល បាន​ដាក់​កាមេរ៉ា​ឃ្លាំមើល​តាម​មុខ​ផ្ទះ​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង និង​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​អាក្រក់ ដោយ​មាន​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ អ្នកវិភាគ យល់ថា ការ​បកស្រាយ​នេះ រដ្ឋាភិបាល​មិន​អាច​លុបលាង​កេរ្តិ៍ឈ្មោះ​អាក្រក់​បាន​ទេ ប្រសិនបើ​មិន​បញ្ឈប់​ការ​គាប​សង្កត់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង និង​មិន​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី៧ កុម្ភៈ​ថា គ្មាន​ការ​ដាក់​កាមេរ៉ា ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ២៤ម៉ោង​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ថា ការ​ដាក់​កាមេរ៉ា​នានា នៅ​តាម​ទី​សាធារណៈ និង​នៅ​រាជធានី​ភ្នំពេញ គឺ​ក្រោម​មូលហេតុ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ទូទៅ​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល បន្ត​ថា ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កន្លង​មក គឺ​ដោយសារ​ពួក​គេ​ប្រព្រឹត្ត​ខុស​ច្បាប់។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល ថា មាន​ចេតនា​អាក្រក់ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល។

ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នេះ គឺ​បន្ទាប់​ពី​លោក ទាវ វណ្ណុល បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ជប៉ុន នីកគែ អេស៊ា (Nikkei Asia) កាល​ថ្ងៃ​ទី៥ កុម្ភៈ​ថា គ្មាន​ប្រជាធិបតេយ្យ​ទេ នៅ​កម្ពុជា។ មេ​បក្ស​ប្រឆាំង​រូប​នេះ ថ្លែង​ថា ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​មក​លោក ហ៊ុន ម៉ាណែត បាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​គូ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង បើ​ប្រៀបធៀប​នឹង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន។ លោក ទាវ វណ្ណុល អះអាង​ថា រដ្ឋាភិបាល​ថ្មី បាន​គំរាម​កំហែង និង​ចាប់​ខ្លួន​អ្នក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ហើយ​សូម្បី​តែ​រូប​លោក និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​តាមដាន​ដោយ​កាមេរ៉ា ២៤ម៉ោង​ដែរ។ ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល នេះ ក្នុង​ពេល​លោក​ទៅ​បំពេញ ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន រយៈ​ពេល ៧ថ្ងៃ​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៧ កុម្ភៈ។ នៅ​ទី​នោះ លោក បាន​ជួប​អ្នក​គាំទ្រ និង​បាន​ជួប​ជាមួយ​សមាជិក​សភា​ជប៉ុន និង​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ក្នុង​បំណង​ស្វែងរក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

ជុំវិញ​រឿង​នេះ វិទ្យុអាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​បន្ថែម​ពី​លោក ទាវ វណ្ណុល បាន​ទេ នៅ​ថ្ងៃ​ទី៧ ខែកុម្ភៈ ដោយសារ​លោក​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​ជប៉ុន​ទៅ​កម្ពុជា​វិញ។

កន្លង​មក អតីត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ក៏​ធ្លាប់​អះអាង​ថា អាជ្ញាធរ បាន​ដាក់​កាមេរ៉ា​តាមដាន​សកម្មភាព​លោក​ដែរ។ 

ស្រដៀង​គ្នា​នេះ អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន និង​បច្ចុប្បន្ន​ជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស ឆន្ទៈ​ខ្មែរ លោក គីមសួរ ភីរិទ្ធ មាន​ប្រសាសន៍​ថា ទោះបីជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​បែប​ណា​ក៏​ដោយ ប៉ុន្តែ​ក្រោយ​ពេល​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត ស្រាប់តែ​អាជ្ញាធរ ដើរ​បំពាក់​កាមេរ៉ា​នៅ​តាម​មុខ​ផ្ទះ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន រួម​ទាំង​ផ្ទះ​របស់​លោក​ដែរ ក្នុង​ពេល​ព្រមៗ គ្នា។លោក បញ្ជាក់​ថា កាមេរ៉ា​ទាំង​នោះ ដាក់​ចាប់​យក​រូបភាព​តែ​នៅ​មុខ​ផ្ទះ​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ដោយ​មិន​បាន​ចាប់​យក​រូបភាព​តាម​បណ្ដោយ​ផ្លូវ ហើយ​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នោះ​ទេ។

លោក គីមសួរ ភីរិទ្ធ៖ «គេ​ថា ដើម្បី​សុវត្ថិភាព អា​ហ្នឹង​គេ​និយាយ។ តែ​តាម​ពិត វា​ចាប់​តែ​មុខ​ផ្ទះ​ថ្នាក់​ដឹកនាំ​ទាំង​អស់ រួម​ទាំង​ខ្ញុំ​ដែរ។ នេះ​ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​តែ​ការ​ពិត​ទេ ហើយ​ត្រង់​ថា ប្រជាធិបតេយ្យ ធ្លាក់​ចុះ ឬ​មិន​ធ្លាក់​ចុះ ហើយ​បកស្រាយ​ថា ការ​និយាយ​នេះ វា​មិន​ត្រឹមត្រូវ គឺ​ការ​ពិត​នៅតែ​ការ​ពិត ព្រោះ​អី​ភ្លើង​ទៀន មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត។ អា​ហ្នឹង​វា​បង្ហាញ​ថា មិនមែន​ជា​ប្រជាធិបតេយ្យ​ពេញលេញ​ទៅ​ហើយ។ ការ​ចោទ​ប្រកាន់ ការ​ចាប់​សកម្មជន​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន ក៏​វា​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ ក៏ដូចជា សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​មួយ​ផ្នែក​ទៀត​ទៅ​ហើយ»

រដ្ឋាភិបាល​តែងតែ​បកស្រាយ​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​បក្ស​ប្រឆាំង រួម​ទាំង​អ្នក​រិះគន់​ផង​ថា ជា​ការ​ពង្រឹង​នីតិរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​អ្នក​ឃ្លាំមើល យល់ថា នេះ​គឺ​ជា​បកស្រាយ​បំពាន​ការ​ពិត ព្រោះ​មិន​មាន​ប្រទេស​ប្រជាធិបតេយ្យ​ណា​មួយ​នៅ​លើ​ពិភពលោក ចាប់​អ្នក​នយោបាយ​ដាក់​គុក​ឥត​ឈប់ឈរ ដោយសារ​ការ​បញ្ចេញមតិ និង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ដូច​នៅ​កម្ពុជា​ឡើយ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ និយាយ​ថា ការ​ព្យាយាម​បកស្រាយ​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មិន​អាច​ជួយ​លុបលាង​ទង្វើ​អាក្រក់​របស់​រដ្ឋាភិបាល​បាន​ទេ។ លោក​យល់​ថា ការ​ដាក់​កាមេរ៉ា ដើម្បី​តាមដាន​សកម្មភាព​របស់​លោក ទាវ វណ្ណុល និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ផ្សេង​ទៀត គឺ​ជា​ទង្វើ​ការ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ។

លោក គឹម សុខ៖ «មិន​អាច​ការពារ​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​បាន​ទេ ពីព្រោះ​កាមេរ៉ា​សុវត្ថិភាព​របស់​រដ្ឋាភិបាល ចាប់​មិន​បាន​ជន​ទាំង​ឡាយ​ណា ដែល​ធ្វើ​បាប​មន្ត្រី​គណបក្ស​ប្រឆាំង​សោះ​ឡើយ មាន​ការ​វាយ​សំពង ការ​សម្លាប់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង វាយ​នៅ​ខាង​មុខ​រដ្ឋសភា វាយ​សមាជិក​រដ្ឋសភា​ជា​ដើម ប៉ុន្តែ កាមេរ៉ា​សុវត្ថិភាព ចាប់​អត់​បាន។ ជូន​កាល​ចាប់​អ្នក​ទាំង​នោះ​បាន​ហើយ​ទៅ​ដាក់​ទោស​កំហុស​បន្តិច រួច​ទៅ​ដំឡើង​បុណ្យស័ក្ដិ​កាន់តែ​ធំ»

មិនមែន​តែ​គណបក្ស​ប្រឆាំង​នោះ​ទេ ដែល​លើក​ឡើង​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត។ កាលពីថ្ងៃទី១១ មករា​កន្លង​ទៅ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ២០២៤ ដោយ​បង្ហាញ​ថា បើ​ទោះជា​កម្ពុជា​បាន​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ថ្មី ក៏​ដោយ តែ​នេះ​គ្រាន់តែ​ជា​ការ​ផ្លាស់ប្ដូរ​មនុស្ស​តែ​ប៉ុណ្ណោះ រីឯ​របៀប​ដឹកនាំ​វិញ គឺ​នៅ​ដដែល។ រដ្ឋាភិបាល នៅតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ យាយី​លើ​អ្នក​រិះគន់ រារាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្រើ​អំពើ​ហិង្សា​ចាប់ចង​អ្នក​រិះគន់​ឥត​ស្រាកស្រាន្ត​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។