ក្រុមអ្នកសារព័ត៌មាន រិះគន់ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងពាក់ព័ន្ធជាច្រើននាក់ទៀតថា ខ្វះការទទួលខុសត្រូវបំពេញតួនាទី បម្រើជាតិ និងពលរដ្ឋឱ្យបានត្រឹមត្រូវស្របតាមច្បាប់។
ពួកគេអះអាងថា មន្ត្រីនាំពាក្យរដ្ឋាភិបាលភាគច្រើន តែងតែគេចវេះ មិនលើកទូរស័ព្ទ និងឆ្លើយតប ចំពោះសំណួររបស់អ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌មន្ត្រីរាជការនោះឡើយ។
ក្រុមអ្នកសារព័ត៌មានបារម្ភថា ប្រសិនបើមន្ត្រីនាំពាក្យរដ្ឋាភិបាលគ្រប់ស្ថាប័ន នៅតែបដិសេធ គេចវេះ មិនឆ្លើយតបនូវសំណួររបស់អ្នកសារព័ត៌មាន នោះបញ្ហាប្រឈមក្នុងសង្គម អំពើពុករលួយ និងការបំផ្លាញធនធានធម្មជាតិ មិនត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីរុញឱ្យមានដំណោះស្រាយជាវិជ្ជមានឡើយ។
អ្នកយកព័ត៌មាន វីអូឌី (VOD) លោក ស៊ុត បាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ វិច្ឆិកាថា មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីនេះ ភាគច្រើនអសកម្មក្នុងការបំពេញតួនាទី និងខ្វះការទទួលខុសត្រូវ ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌មន្ត្រីរាជការ។
លោកបញ្ជាក់ថា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងមន្ត្រីនាំពាក្យក្រសួងជាច្រើននាក់ទៀត ពិបាកនឹងទាក់ទងផ្តល់បទសម្ភាស ដែលជាហេតុធ្វើឱ្យលោកជួបការលំបាកក្នុងការប្រមូលព័ត៌មានឱ្យគ្រប់ជ្រុង ជំរុញឱ្យមានដំណោះស្រាយបញ្ហាប្រឈមក្នុងសង្គម។
លោក ស៊ុត បាន៖ «គ្រប់វិធីសាស្ត្រផ្ញើតាមតាមតេឡេក្រាម(Telegram)រហូតពេលខ្លះផ្ញើតាមMessengerទៀត គាត់មើលឃើញហើយ តែគាត់មិនតបទៀត។ សោកស្តាយនៅពេល យើងចង់បានឱ្យភាគីពាក់ព័ន្ធបំពេញ តម្រូវការ និងបំពេញខ្វះចន្លោះ មន្ត្រីពាក់ព័ន្ធនៅតែព្យាយាមបដិសេធ គេចវេះ»។
ក្រុមអ្នកសារព័ត៌មានកត់សម្គាល់ថា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលអាណត្តិមុនៗ គឺលោក ផៃ ស៊ីផាន និង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន រួមទាំងមន្ត្រីនាំពាក្យសាលាខេត្តចំនួនទៀត តែងតែផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន តាមរយៈទូរស័ព្ទ និងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម។
ក៏ប៉ុន្តែរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មន្ត្រីក្រោមឱវាទរបស់លោករងការរិះគន់ថា គ្មានភាពស្មោះត្រង់បំពេញតួនាទីបម្រើជាតិ និងទំនួលខុសត្រូវ ក្នុងនាមជាមន្ត្រីរាជការ ដែលរដ្ឋផ្តល់សិទ្ធិឱ្យនោះឡើយ។
អ្នកសារព័ត៌មាន (Freelancer) កញ្ញា ជា សុខនី ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាតែងសរសេរព័ត៌មានពីបញ្ហាប្រឈមក្នុងមូលដ្ឋាន នៅខេត្តរតនគិរី ក្រចេះ និងខេត្តព្រះសីហនុជាដើម ដោយចាំបាច់ត្រូវធ្វើសម្ភាសន៍អ្នកនាំពាក្យសាលាខេត្តសាមី និងមន្ត្រីពាក់ព័ន្ធ ក៏ប៉ុន្តែមន្ត្រីទាំងនោះ មិនបានឆ្លើយតបទាន់ពេលវេលា ដោយលើកហេតុផលថា ជាប់រវល់ និងជាប់ប្រជុំ។
កញ្ញាបញ្ជាក់ថា មានករណីខ្លះទៀតមន្ត្រីនាំពាក្យសាលាខេត្ត បានផ្តល់បទសម្ភាសមិនគ្រប់ជ្រុងជ្រោយ និងឆ្លើយពង្វាង ធ្វើឱ្យកញ្ញាជួបការលំបាកក្នុងការសរសេរព័ត៌មានពិត ផ្តល់ដំណោះស្រាយជូនពលរដ្ឋ។
កញ្ញា ជា សុខនី៖ «អ្នកនាំពាក្យរដ្ឋាភិបាលទាំងអស់ ពួកគាត់ត្រូវរក្សាលំនឹង ឆ្លើយតបអ្នកសារព័ត៌មានលឿនរហ័ស ប៉ុន្តែមិនមែនលឿនរហ័ស មិនមែនឆ្លើយការពារ យករួចខ្លួនទេបង។ តែការឆ្លើយយកដំណោះស្រាយ រាល់បញ្ហាអ្វីមួយ ដែលយើងសួរគាត់»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននៅឡើយទេ នៅថ្ងៃទី១ វិច្ឆិកា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
រីឯប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ពលរដ្ឋរងភាពអយុត្តិធម៌ ការរំលោភសិទ្ធិមនុស្ស និងបញ្ហាប្រឈមនៅមូលដ្ឋាន មិនត្រូវបានរុញច្រានឱ្យមានដំណោះស្រាយទាន់ពេលវេលានោះឡើយ ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយបញ្ហានេះ ឱ្យមានប្រសិទ្ធភាព។
លោកយល់ថា មន្ត្រីរដ្ឋាភិបាលគួរតែសហការល្អជាមួយក្រុមអ្នកសារព័ត៌មាន ក្របដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយគ្មានការរើសអើង ដើម្បីរួមគ្នាដោះស្រាយវិបត្តិសង្គម និងអំពើពុករលួយ
លោក ស៊ឹង សែនករុណា៖ «មានតួនាទីជាអ្នកនាំពាក្យឱ្យស្ថាប័នក្រសួងពាក់ព័ន្ធ បើសិនជានៅរបៀបនេះ គួរតែពិនិត្យសមាសភាពនេះឡើងវិញ ហើយដាក់អ្នកដែលគេមានសមត្ថភាព ដែលគេរាក់ទាក់ជាមួយ អ្នកសារព័ត៌មាន ជាជាងមានឥរិយាបថ បែបហ្នឹង វាប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាលវិញទេ។ រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញ កុំឱ្យអ្នកសារព័ត៌មាន គ្នាមានការលំបាក»។
កាលពីចុងខែកញ្ញា ឆ្នាំ២០២២ អង្គការការពារសិទ្ធិពលរដ្ឋនិងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ដោយរកឃើញថា «សេរីភាពសារព័ត៌មានបន្តរងការបំពាន ក្នុងប្រទេសកម្ពុជា ដោយអ្នកកាសែតរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស្ថិតក្នុងស្ថានភាពគំរាមកំហែងខ្លាំង»។
រីឯអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) កាលពីឆ្នាំ២០២២ បានវាយតម្លៃថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៤២ ក្នុងចំណោម ១៨០ប្រទេស ហើយចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់ល្អប្រសើរនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
