ក្រុមមេធាវីរបស់របបក្រុងភ្នំពេញ ប្ដឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មួយករណីទៀត ពីបទបរិហារកេរ្តិ៍ ថា លោក ហ៊ុន សែន យកព្រះមហាក្សត្រ និងពលរដ្ឋក្នុងស្រុក ជាចំណាប់ខ្មាំង។ ការប្ដឹងនេះ ធ្វើឡើងស្របពេល រដ្ឋមន្ត្រីមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជា ឱ្យតំណាងអយ្យការចោទលោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រ កាលពីថ្ងៃទី១៣ កញ្ញា។
ប្រធានក្រុមមេធាវីរបបក្រុងភ្នំពេញ គឺ លោក គី តិច បញ្ជាក់នៅក្នុងបណ្ដឹង ថា លោក សម រង្ស៊ី មានចេតនាអាក្រក់ បរិហារកេរ្តិ៍ លោក ហ៊ុន សែន ជាសាធារណៈ ដើម្បីញុះញង់ឱ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាទង្វើល្មើសច្បាប់ក្រមព្រហ្មទណ្ឌ។
បទចោទបរិហារកេរ្តិ៍មួយករណីបន្ថែមទៀតនេះ គឺលោក គី តិច ប្ដឹងថា លោក សម រង្ស៊ី និយាយតាមវិទ្យុអាស៊ីសេរី ថា អ្នកនៅលើទឹកដីកម្ពុជា ជាចំណាប់ខ្មាំងរបស់ លោក ហ៊ុន សែន សូម្បីព្រះមហាក្សត្រ ក៏ជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន ដែរ។ ដូច្នេះទើបព្រះអង្គខ្លាច លោក ហ៊ុន សែន។ ពាក្យបណ្ដឹងនោះ ត្រូវបានដាក់ចូលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីល្ងាច ថ្ងៃទី១៣ កញ្ញា គឺក្រោយពេលបន្តិច ដែលតំណាងអយ្យការ ទទួលបញ្ជាពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យចោទប្រកាន់ លោក សម រង្ស៊ី ថា និយាយប្រមាថព្រះមហាក្សត្រ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោកមេធាវី គី តិច បានទេ នៅថ្ងៃទី១៥ កញ្ញា ដោយសារមិនទទួលទូរស័ព្ទ តែលោក បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៤ កញ្ញា ថា លោកលែងផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានតាមទូរស័ព្ទហើយ ព្រោះខ្លាចមានអ្នកបន្លំជាអ្នកកាសែត។
លោក សម រង្ស៊ី កំពុងរងបណ្ដឹងនៅតុលាការ ជាង១០ហើយ ក្រោមបទចោទ ញុះញង់កងទ័ព បរិហារកេរ្តិ៍ និងប្រមាថព្រះមហាក្សត្រ។ អាជ្ញាធររបបក្រុងភ្នំពេញ ប្រកាសថា កំពុងតាមចាប់ខ្លួន លោក សម រង្ស៊ី ដើម្បីឱ្យទៅទទួលទោសនៅកម្ពុជា។
បណ្ដឹងប្រឆាំងលោក សម រង្ស៊ី ទាំង២នេះ គឺធ្វើឡើងក្រោយពេល លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីព័ត៌មានអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ កញ្ញា ថា ព្រះមហាក្សត្របច្ចុប្បន្ន មិនអាចប្រៀបផ្ទឹម ជាមួយអតីតព្រះមហាក្សត្រនរោត្តម សីហនុ បាន។ បន្ថែមពីលើនេះ លោក បានបង្ហោះសារក្នុងហ្វេសប៊ុក (Facebook) បន្ថែមទៀតថា ព្រះមហាក្សត្រ មិនដែលចេញព្រះភ័ក្ត្រ ជួយការពារប្រជារាស្ត្រខ្មែរ រងគ្រោះ ដូចជា ការរឹបអូសផ្ទះសម្បែង ដីធ្លី ការចាប់ប្រជាពលរដ្ឋស្លូតត្រង់ យកទៅឃុំឃាំង ការធ្វើទារុណកម្មលើពលរដ្ឋទន់ខ្សោយ ដែលទាមទាររកយុត្តិធម៌ទេ ហើយរង់ចាំតែប្រថាប់ត្រាលើច្បាប់ព្រៃផ្សៃ ដែលផ្ដួចផ្ដើម ដោយ លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោក សម រង្ស៊ី អះអាងថា លោកមិនបានប្រមាថព្រះមហាក្សត្រទេ ប៉ុន្តែគឺបុគ្គលដែលបានចាប់ព្រះមហាក្សត្រធ្វើជាចំណាប់ខ្មាំងទេ ដែលជាអ្នកប្រមាថព្រះអង្គ ហើយជននោះ គឺជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់គំរាមរំលាយរបបរាជានិយមចោល។
ស្របពេល លោក សម រង្ស៊ី រងបណ្ដឹង២ ថែមទៀត ក្រសួងអង្គភាពក្រោមចំណុះរបបក្រុងភ្នំពេញ ចេញលិខិតថ្កោលទោស យ៉ាងតិចណាស់ ៨០លិខិត ថ្កោលទោសថា លោក សម រង្ស៊ី ថាបានប្រមាថព្រះមហាក្សត្រ។ លិខិតថ្កោលទោសទាំងនោះ មានទាំងផ្នែកស៊ីវិល និងកងកម្លាំង តាំងពីថ្នាក់ទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់រដ្ឋបាលសាលារាជធានីខេត្ត និងមានលិខិតផ្ទាល់ខ្លួន របស់ក្រុមមេទាហាន ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ថែមទៀត។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ការចេញលិខិតថ្កោលទោស និងការដាក់ពាក្យប្ដឹងប្រឆាំងលោក សម រង្ស៊ី មិនមែនជាមធ្យោបាយដោះស្រាយវិបត្តិនៅកម្ពុជាទេ តែជាការបន្ថែមស្ថានភាពនយោបាយឱ្យតានតឹងថែមទៀត។ កញ្ញាសង្កេតឃើញថា ការដាក់បណ្ដឹងប្រឆាំងលោក សម រង្ស៊ី ជាង១០មកហើយ គ្មានឥទ្ធិពលអ្វី ដល់លោក សម រង្ស៊ី បន្តិចឡើយ ដូច្នេះរដ្ឋាភិបាលគួរងាកមករកដំណោះស្រាយ ល្អជាងការដាក់ពាក្យប្ដឹងថែមទៀត៖ «អ៊ីចឹងការប្ដឹងនេះ វាហាក់ដូចជាចំណាយពេលអត់មានប្រយោជន៍ នៅក្នុងបរិបទថា ដើម្បីដោះស្រាយបញ្ហានយោបាយ។ អ៊ីចឹង ខ្ញុំគិតថា វាគឺជារឿងមួយ ដែលយើងខ្ជះខ្ជាយដែលរដ្ឋាភិបាលគួរតែផ្ដោតលើការដោះស្រាយបញ្ហា ជាជាងការប្ដឹងអ្នកនេះ ប្ដឹងអ្នកនោះ ពីព្រោះថា ការប្ដឹង វាមានសកម្មភាពចេញទៅ។ ដូច្នេះហើយ វាអាចធ្វើឱ្យការប្រកបវិជ្ជាជីវៈរបស់តុលាការ ឬក៏មន្ត្រី ដែលមានសមត្ថកិច្ចទៅលើមុខងាររបស់ខ្លួនហ្នឹង មិនបានល្អ ដោយសារតែផ្ដោតទៅលើការប្ដឹងផ្ដល់ ពាក់ព័ន្ធនឹងរឿងនយោបាយទៅវិញ»។
លោក សម រង្ស៊ី វិញ និយាយថា លោកមានមោទនភាពខ្លាំង នៅពេលរបបលោក ហ៊ុន សែន ប្ដឹងលោកកាន់តែច្រើន។ លោក ជំរុញឱ្យរបបក្រុងភ្នំពេញ ប្ដឹងលោកថែមទៀត ទាំងនៅតុលាការកម្ពុជា និងតុលាការប្រទេសបារាំង ខណៈ លោក សម រង្ស៊ី កំពុងបង្កើនវោហារសព្ទអំពាវនាវកងទ័ព កុំស្ដាប់បញ្ជាលោក ហ៊ុន សែន និងមេយោធា នៅពេលលោកធ្វើមាតុភូមិនិវត្តន៍ វិលចូលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។