ឧទ្ធម្ភាគចក្រ​អូប័រ និង​រថយន្ត​យោធា​បើក​ឆ្វែល​ទីស្នាក់ការ​បក្ស​ប្រឆាំង

ដោយ ប្រាជ្ញ ចេវ
2016-08-31
Share
រថយន្ត​ខេមរភូមិន្ទ​ល្បាត ២០១៦ ៨៥៥ រថយន្ត​ខេមរភូមិន្ទ​បើក​ល្បាត​កាត់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

កង​អន្តរាគមន៍​ពិសេស មាន​ទាំង​ផ្លូវ​គោក ផ្លូវ​អាកាស និង​ផ្លូវ​ទឹក នាំ​គ្នា​ល្បាត​ជុំវិញ​ទីស្នាក់ការ​កណ្ដាល គណបក្ស​សង្គ្រោះជាតិ​ជា​កន្លែង​ដែល​លោក កឹម សុខា កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាច្រើន​​ខែ​មក​ហើយ។

ប្រតិកម្ម​តប​ចំពោះ​សកម្មភាព​នេះ គណបក្ស​សង្គ្រោះ​ទាមទារ​ពន្យល់​ពី​រដ្ឋាភិបាល និង​ចោទ​ប្រកាន់​ថា​នេះ​ជា​សកម្មភាព​បំភិតបំភ័យ មក​លើ​គណបក្ស និង​អ្នក​គាំទ្រ​របស់​ខ្លួន។

នៅ​រហូត​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​៣១ សីហា នេះ ឧទ្ធម្ភាគចក្រ​យោធា​ដែល​ហោះ​ឆ្វែល​ជុំវិញ​​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ ដោយ​សារ​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ជំនួស​មក​វិញ ដោយ​រថយន្ត​ស្លាក​ខេមរភូមិន្ទ ដែល​មាន​កង​កម្លាំង​ចម្រុះ​ពាក់​អាវ​ប៉ារ៉ា ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​បិទ​មុខ ជិះ​ល្បាត​កាត់​មុខ​ទី​ស្នាក់​ការ​ទៅ​វិញ​ទៅមក។

កាលពី​​ម៉ោង​ជិត ២​រសៀលថ្ងៃដដែល មាន​ឧទ្ធម្ភាគចក្រ​យោធា និង​អូប័រ​យោធា​​ជា​ច្រើន​គ្រឿង​ហោះ​ឆ្វែល និង​បើក​ឆ្លង​កាត់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។ សកម្មភាព​ហោះហើរ​ឆ្លង​កាត់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែលើ នេះ គឺ​បាន​កើត​ឡើង​កាល​ពី​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៣១ ខែ​សីហា នេះ​ម្ដង​រួច​ហើយ។

តំណាងរាស្រ្ត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ឲ្យ​អាស៊ីសេរី ដឹង​ថា កាល​ពី​ព្រឹកមិញ ឧទ្ធម្ភាគចក្រ​ទាំង​នោះ​ហោះ​ឆ្វែល​ក្បែរៗ​ដំបូល​ទីស្នាក់ការ​កណ្ដាល​ក្នុង​រយៈពេល​ជាង ៤០​នាទី ទើប​ផ្លាស់ទី​ចាកចេញ។ លោក ឡុង រី ឲ្យ​ដឹង​ថា មិន​ត្រឹម​តែ​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អូប័រ​ជា​ច្រើន​គ្រឿង​បើក​ឆ្លង​កាត់​ខាង​ក្រោយ​ទីស្នាក់ការ​នេះ​ទៀត​ផង។

លោក​ថា នេះ​ជា​សកម្មភាព​គំរាមកំហែង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ចោទ​សួរ​ថា តើ​ទី​នេះ (ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ) ជា​កន្លែង​ហាត់សម​ហោះ​យន្តហោះ​របស់​យោធា ឬ​យ៉ាង​ណា? រូបភាព​បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​រូប​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​ពេល​សមត្ថកិច្ច​ចុះ​បំបែក​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា​នេះ​ដែរ។

ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃ គឺ​ជា​កន្លែង​ដែល​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឃុំ​ខ្លួន​ឯង ដែល​សកម្មជន​គណបក្ស​ប្រឆាំង​តែងតែ​ផ្លាស់​វេន​គ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅ​ទី​នោះ។ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​មុខ​តុលាការ​កំពូល​នឹង​បើក​សវនាការ​ទាក់ទង​សំណុំ​រឿង​លោក កឹម សុខា និង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ស្អែក​នេះ ជា​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំបូង។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​របស់​លោក ប្រាជ្ញ ចេវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល