លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនជាតិចាមគាំទ្រនយោបាយរបស់លោក ដែលកម្ទេចអ្នកណា ដែលលោកចាត់ទុកថា ជាក្រុមជ្រុលនិយម
2024.12.08
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនជាតិចាម គាំទ្រនយោបាយរបស់លោក ដែលតាមកម្ទេចអ្នកណា ដែលលោក ចាត់ទុកថា ជាក្រុមជ្រុលនិយម ។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ ថា ជាការអនុវត្តនយោបាយប្រជាភិថុតិ និងជាសារនយោបាយ ដែលមានចារិកបំបែកបំបាក់ជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែធ្នូ បានអះអាងជំនួសជនជាតិចាមថា បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសាសនា គឺនឹងមិនត្រូវបានគេលើកយកមកនិយាយឡើយ បើសិនគ្មានអ្វីមួយ ដែលលោកហៅថា សន្តិភាព។
លោកអំពាវនាវឲ្យពលរដ្ឋចាម ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីមួយដែលលោកហៅថាជា «លទ្ធិជ្រុលនិយម» ទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ។ លោកថ្លែងបែបនេះ នៅក្នុងកម្មវិធីសន្និបាតលើកទី២០ នៃអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅសណ្ឋាគារសុខាភ្នំពេញ។
លោក ហ៊ុន ម៉ាណែត៖ «បងប្អូនខ្មែរ-ឥស្លាមក៏បានយល់យ៉ាងច្បាស់ និងមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹងលទ្ធិជ្រុលនិយមទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងជំរុញឲ្យមានការបែងចែក និងបែកបាក់សង្គម កំហឹង ការរើសអើង និងការប្រើប្រាស់ហិង្សា»។
ទាក់ទងរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែធ្នូ ថា លោកចាត់ទុកសារនយោបាយរបស់លោក ហ៊ុន ម៉ាណែត ជាការប្រើប្រាស់ភាសាបែបប្រជាភិថុតិ ។ លោកអះអាងថា កន្លងទៅគណបក្សប្រឆាំង តែងអនុវត្តសិទ្ធិនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងលើសង្វៀននយោបាយ ខណៈរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន» ឯណោះទេ ដែលលោកអះអាងថា តែងអនុវត្តនយោបាយហិង្សានិយម តាមរយៈការរំលោភសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលជាដើម។
លោក ម៉ែន សុថាវរិន្ទ្រ៖ «អ្វី ដែលគាត់និយាយហ្នឹង គឺត្រូវបែរទៅខ្លួនគាត់វិញហើយ អ្នកដែលធ្វើហិង្សានិយមគឺខាងគណបក្សកាន់អំណាចវិញទេ ហើយគណបក្សប្រឆាំង អត់មានទ័ព អត់មានតុលាការ អត់មានអ្វីទាំងអស់ ឥឡូវនេះ គឺឯកបក្សហើយ អ៊ីចឹងគាត់ធ្វើអ្វីទាំងអស់ អ្នកជ្រុលនិយមខ្លាំងគឺគាត់ហ្នឹង ហើយគណបក្សជំទាស់ ប្រជាពលរដ្ឋ សង្គមស៊ីវិល យើងគ្រាន់តែចង់ឃើញប្រទេសមានអធិបតេយ្យពិតប្រាកដ»។
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបន្តវេន ជាងមួយឆ្នាំមកនេះ អង្គការជាតិ-អន្តរជាតិ បានចេញរបាយការណ៍ជាច្រើនបង្ហាញថា រដ្ឋាភិបាល ពុំបានអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍សិទ្ធិមនុស្សជាសកលឡើយ ហើយរដ្ឋាភិបាលកម្ពុជាបែរជាបង្កើនការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារតាមទំនើងចិត្ត និងរឹតត្បិតទៅលើសំឡេងលម្ហសេរីភាពបញ្ចេញមតិ សកម្មភាពសង្គម និងអង្គការសង្គមស៊ីវិលជាដើម។
ជាក់ស្ដែងថ្មីៗនេះ សភាអឺ បានអនុម័តលើសេចក្ដីសម្រេចថ្មីមួយ ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញពីការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ដែលនៅសល់ចំនួន ៨០%ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា រដ្ឋាភិបាលត្រកូល «ហ៊ុន» គួរតែទុកពាក្យថា «ក្រុមជ្រុលនិយម» ទៅប្រើប្រាស់ខ្លួនឯងវិញ ដោយលោកអះអាងថា ដោយសារតែរដ្ឋាភិបាល តែងរិះរកមធ្យោបាយគ្រប់រូបភាពដោយមិនខ្វល់ពីគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងគោលដៅបំបិទសំឡេងអ្នកមានមតិផ្ទុយ ដើម្បីការពារអំណាចសម្រាប់បក្សពួក និងក្រុមគ្រួសារ។
លោក គឹម សុខ៖ «ជាអំពើជ្រុលនិយម និងធ្វើឲ្យបែកបាក់ជាតិលុះត្រាណាតែ ធ្វើសកម្មភាពដោយប្រដាប់អាវុធ បំភិតបំភ័យ ហើយមិនចង់ឲ្យមានការប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ប៉ុន្តែបក្សប្រឆាំងទាមទាររាល់ថ្ងៃចង់បាន ចង់ស្លាប់ទៅហើយ គឺការប្រកួតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេតើ មិនមានចង់ទៅផ្ដួលអ្នកណា»។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង ចង់ឃើញរដ្ឋាភិបាលដឹកនាំដោយគ្រួសារត្រកូល «ហ៊ុន» បើកលម្ហសិទ្ធិសេរីភាពនយោបាយ សេរីភាពសារព័ត៌មាន និងលម្ហសង្គមស៊ីវិល ដើម្បីឲ្យពលរដ្ឋអាចអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ ក្នុងសង្គមប្រជាធិបតេយ្យ និងទទួលបានការជំនួយនានាពីសហគមន៍អន្តរជាតិ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) របស់សហភាពអឺរ៉ុប និងជី.អេស.ភី (GSP) របស់សហរដ្ឋអាមេរិកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។