មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមបារម្ភថា អង្គភាពវាយប្រហារលើប្រព័ន្ធអ៊ីនធឹណេតរបស់រដ្ឋាភិបាលនឹងក្លាយជាឧបករណ៍រឹតត្បិតលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសសកម្មជនសង្គម និងនយោបាយ។ ក្ដីបារម្ភកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មាធិការសន្តិសុខមួយដោយអះអាងថាដើម្បីទប់ទល់នឹងការវាយប្រហារអ៊ីនធឹណេត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេស នូវែលហ្សែលឡង់ (New Zealand) លោក ម៉ន ផល្លា សង្កេតឃើញថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត ពុំមានឆន្ទៈដោះស្រាយបញ្ហាជីវភាពពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតប្រាកដនោះទេ។ លោកយល់ថា បញ្ហាទាំងនេះហើយ ទើបពួកគេព្យាយាមបង្កើតក្រុមដើរវាយប្រហារតាមបណ្ដាញសង្គម ក្នុងគោលបំណងបំបិទសិទ្ធិសេរីភាពដើម្បីបំបិទមាត់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល។
លោក ម៉ន ផល្លា៖ «ការបង្កើតគណៈកម្មាធិការនេះឡើងជាចេតនាមួយដើម្បីបំបិទមាត់អ្នកប្រជាធិបតេយ្យទី១ និងទីពីរអ្នកដែលហ៊ានតវ៉ា និយាយការពិតត្រូវតែទទួលបានការព្រមាន ទទួលបានការចាប់ដាក់ពន្ធនាគារ ជាពិសេស តាមរយៈបណ្ដាញនេះ គឺជាក្រុមមួយធ្វើសកម្មភាពអូសទាញ ឬបំផុសធ្វើឱ្យប្រជាពលរដ្ឋលែងគិតគូអំពីបញ្ហាសង្គមសំខាន់ៗ ជាពិសេសរឿងទឹកដី ដូច្នេះហើយខ្ញុំយល់ថា វាគ្មានប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋខ្មែរទេ គឺមានប្រយោជន៍សម្រាប់តែក្រុមរបស់លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះបាទ»។
កាលពីថ្ងៃទី១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសន្តិសុខឌីជីថល ក្រោមហេតុផល ដើម្បីការពារអត្ថប្រយោជន៍គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើយតបគ្រប់ផ្នែកទាំងបច្ចេកទេស និងកម្លាំងពាក់ព័ន្ធនឹងការធានា និងការពារសន្តិសុខឌីជីថល។ រដ្ឋាភិបាលបញ្ជាក់ថាគណៈកម្មាធិការនេះមានលេខាធិការដ្ឋាន និងអង្គភាពលើអ៊ីនធឹណិតចំនួន៤ រួមមាន អង្គភាពសន្តិសុខសាយប៊ើរកម្ពុជា អង្គភាពប្រឆាំងឧក្រិដ្ឋកម្មសាយប៊ើរ ការពារជាតិក្នុងលំហសាយប៊ើរ ការទូតសាយប៊ើរ ហើយដំណើររបស់អង្គភាព និងប្រាក់ខែរបស់មន្ត្រីបំពេញការងារនៅក្នុងស្ថាប័ននេះប្រើប្រាស់ថវិកាជាតិ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៨ ខែមីនា។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលបញ្ហាសង្គមលោក លី ចាន់ដារ៉ាវុធ លើកឡើងថាការបង្កើតគណៈកម្មាធិការនេះឡើងជារឿងមិនចាំបាច់នោះទេ តែរដ្ឋាភិបាលគួរតែពង្រឹងសមត្ថភាពមន្ត្រីនៅតាមក្រសួង ស្ថាប័នរដ្ឋដែលមានស្រាប់ឱ្យបំពេញការងារប្រឆាំងបទល្មើស និងឧក្រិដ្ឋកម្មលើអ៊ីនធឺណិតឱ្យកាន់តែមានប្រសិទ្ធភាពវិញ។ លោក លី ចាន់ដារ៉ាវុធ សង្កេតឃើញថា ការបង្កើតក្រុមនេះហាក់មានទម្រង់ដូចនឹងក្រុមអុកឡុកនៅលើអ៊ីនធឹណេតកន្លងមកធ្វើសកម្មភាពបន្សាបព័ត៌មានដែលរិះគន់រដ្ឋាភិបាលនៅលើបណ្ដាញសង្គម។
លោក លី ចាន់ដារ៉ាវុធ៖ «ឧទាហរណ៍នៅក្នុងប្រទេសកម្ពុជានៅតែមានគោលនយោបាយផ្តល់ដីសម្បទាន ការលុបបឹងបួធម្មជាតិ ការបណ្ដេញពលរដ្ឋចេញពីលំនៅរបស់ខ្លួននោះព័ត៌មានអសកម្មនៅតែកើតមាននៅក្នុងសង្គម បើសិនយើងមិនចង់ឱ្យមានព័ត៌មានអសកម្មហ្នឹងកើតមាន លុះត្រាតែគ្មានភាពអសកម្មនៅក្នុសង្គម ហើយគ្មានភាពអសកម្មទាល់តែរដ្ឋាភិបាលហ្នឹង ព្យាយាមដោះស្រាយបញ្ហា ជាជាងច្រានចោលព័ត៌មាន ដោយសារការច្រានចោលព័ត៌មានមិនអាចដោះស្រាយអ្វីបានច្រើនទេ។ វាទម្រង់បំបិទសំឡេងលើជនរងគ្រោះយូរៗ ទៅ សំឡេងរបស់ជនរងគ្រោះកាន់តែរីកធំឡើង បញ្ហាសង្គមកាន់តែធ្ងន់ធ្ងរមិនអាចដោះស្រាយបាន»។
កាលពីឆ្នាំ២០១៧ សារបែកធ្លាយចេញពីអ៊ីម៉េលរបស់រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត គឺលោក គឹម សន្ដិភាព បានបង្ហាញពីការបង្កើតក្រុមសង្គ្រាមព័ត៌មានតាមអ៊ីនធឺណិត ដែលមានឈ្មោះជាភាសាអង់គ្លេសថា សាយប៊ើរ វ៉រ រូម (Cyber War Room)។
ក្រុមនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដែលមានលោក ហ៊ុន ម៉ាណែត និងលោក ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការសម្របសម្រួលព័ត៌មាន និងសាធារណមតិបច្ចុប្បន្ននេះជាប្រធាន និងមានអនុប្រធានជាច្រើនរូប ដូចជា លោក សុខ ពុទ្ធិវុធ កូនប្រសាលោក ហ៊ុន សែន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ព្រមទាំងលោក គឹម សន្តិភាព និងមន្ត្រីច្រើននាក់ទៀត។
ក្រុមសង្គ្រាមព័ត៌មានអ៊ីនធឺណិតនេះដើរតួនាទីតាមដាន និងគ្រប់គ្រងព័ត៌មាននានា លើបណ្ដាញសង្គម ព្រមទាំងរៀបចំវិធានការនានាដើម្បីទប់ស្កាត់ ឆ្លើយតប និងវាយបកទៅលើមជ្ឈដ្ឋានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។