លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​ដោយ​យក​ឪ​របស់​លោក​ធ្វើ​ជា​គំរូ

0:00 / 0:00

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​សម្រាប់​នីតិកាល​ទី៧ ឱ្យ​បាន​ជោគជ័យ ដោយ​យក​របៀប​ដឹកនាំ​របស់​ឪពុក​លោក​ធ្វើ​ជា​គម្រូ។ អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត នឹង​បន្ត​ការពារ​អំណាច​បក្ខ​ពួក​ជា​ជាង​ការពារ​ប្រយោជន៍ និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត ប្រកាស​ដាក់​ចេញ​កម្មវិធី​នយោបាយ​អាទិភាព​ចំនួន៦ ដែល​លោក​ថា នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ភ្លាមៗ នៅ​ឆ្នាំ២០២៣។ កម្មវិធី​នយោបាយ​ទាំង​នោះ​មាន​ជា​អាទិ៍ ការ​ពង្រឹង​សេវា​ថែទាំ​សុខភាព ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ បច្ចេកទេស រួម​ទាំង​ផ្ដល់​ជំនួយ​សង្គម​ជូន​ជន​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ។ លោក​ក៏​ជំរុញ​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លើក​ស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ​សង្កាត់​ជាដើម។

លោក ហ៊ុន ម៉ាណែត៖«ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​គាំទ្រ​របស់​ប្រជាជនរដ្ឋាភិបាល​ប្ដេជ្ញា​រួម​​កម្លាំង​ប្រឹងប្រែង ជំរុញ​អនុវត្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​នីតិកាល​ទី៧ នៃ​រដ្ឋសភា​នេះ​សម្រេចជោគជ័យ»។

លោក ហ៊ុន ម៉ាណែត ប្រកាស​បែប​នេះ​ក្នុង​សម័យ​ប្រជុំ​សភា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី២២ ខែសីហា។ ទន្ទឹម​នឹង​ថ្លែង​ពី​កម្មវិធី​នយោបាយ​អាទិភាព​នេះ លោក ហ៊ុន ម៉ាណែត បាន​ឆ្លៀត​វាយ​ប្រហារ​គណបក្ស​ប្រឆាំង និង​អួត​សរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ហើយ​ថា នឹង​យក​ឪពុក​របស់​លោក​ធ្វើ​ជា​គំរូ ដោយ​លោក​មិន​និយាយ​ពី​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ថា កម្មវិធី​នយោបាយ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នេះ មិន​មាន​អ្វី​ខុស​ប្លែក​ពី​រដ្ឋាភិបាល​ឪពុក​របស់​លោក​នោះ​ទេ ហើយ​ទំនង​ជា​មិន​អាច​អនុវត្ត​បាន​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ មិនជឿថា លោក ហ៊ុន ម៉ាណែត អាច​កែទម្រង់​ការ​ដឹកនាំ​ប្រទេស​ឱ្យ​មាន​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ពិត​បាន​ឡើយ ដោយសារ​លោក​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នេះ​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន។ លោក​ថា គណៈរដ្ឋមន្ត្រី​ថ្មី​ដឹកនាំ​តាម​បែប​បក្ខនិយម ដែល​ជា​ប្រភព​អំពើ​ពុក​រលួយ​ចាក់ស្រេះ​ក្នុង​ក្រសួង​ស្ថាប័ន និង​រំលោភ​អំណាច​រដ្ឋ។

លោក គឹម សុខ៖«ដើរ​អត់​ឆ្ងាយ​ពី​ឪពុក​របស់​គាត់​ទេ គឺ​ធ្វើ​តាម​គម្រូ​របស់​ឪពុក​គាត់​ដោយ​ធ្វើបាប​ប្រជាពលរដ្ឋ ដឹកនាំ​ប្រទេស​ជាតិ​ច្របូកច្របល់ ហើយ​ព្រំដែន​គោក ទឹក និង​កោះ​ប្រទេស​ជិត​ខាង​កាត់​យក​បន្តិច​ម្តងៗ អន្តោប្រវេសន៍​ចូល​មក​ក្នុង​ប្រទេស​តាម​ចិត្ត ដូច្នេះ​លោក ហ៊ុន ម៉ាណែត អត់​មាន​អ្វី​ដើរ​ឆ្ងាយ​ពី​គន្លង​ឪពុក​ទេ គឺ​មាន​តែ​ផ្លាស់ប្ដូរ ហ៊ុន ម៉ាណែត ឬ​អំណាច​គ្រួសារ ហ៊ុន ចេញ​ទេ ទើប​អាច​ស្ដារ​អនាគត​ប្រទេស​ជាតិ​បាន»។

ស្រដៀង​គ្នា​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ យល់​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ដែល​ឡើង​មក​ជំនួស​តំណែង​ឪពុក​នេះ​ពេល​នេះ ប្រៀប​បាន​ទៅ​នឹង​ការ​ទទួល​ថ្ម​បាក់​ពី​ឪពុក ព្រោះ​រដ្ឋាភិបាល​អាណត្តិ​ចាស់​របស់​លោក ហ៊ុន សែន បាន​បន្សល់​ទុក​នូវ កេរ្តិ៍ឈ្មោះ​មិន​ល្អ និង​បញ្ហា​ធំៗ ជា​ច្រើន ដូចជា អំពើ​ពុករលួយ ការ​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ដើម។

លោក ម៉ែន សុថាវរិន្ទ៖«យើង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​ឡើង​វិញ។ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​គណបក្ស​ប្រឆាំង​ទាំង​អស់ ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​មក​វិញ​ទាំង​អស់ ហើយ​រៀបចំ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើង​វិញ​ទៅ គឺ​គាត់​នឹង​បាន​ស្អីៗ មក​វិញ​ទាំង​អស់»។

រីឯប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត កាល​ពី​ខែកក្កដា​វិញ លោក​យល់​ថា ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី​នេះ មិនមែន​ជា​ជ័យជម្នះ ដែល​តំណាង​ឱ្យ​សំឡេង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ របស់​គ្រួសារ​ត្រកូល “ហ៊ុន” ក្នុង​ការ​ផ្ទេរ​អំណាច​ត​ត្រកូល។

លោក ក្រវ៉ាញ ដារ៉ន៖«យើង​មិន​អនុញ្ញាត​ទេ ហើយ​អង្គការ​សហប្រជាជាតិ ត្រូវតែ​បញ្ឈប់​អត់​ទទួល​ស្គាល់ បង្កក​កៅអី​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ខុស​ច្បាប់​នេះ ហើយ​បង្កក​រដ្ឋាភិបាល រៀបចំ​ការ​បោះឆ្នោត​សា​ដើម​ឡើង​វិញ»។

ទាក់ទង​រឿង​នេះ​ដែរ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ថ្លែង​ថា រដ្ឋាភិបាល​របស់​ឪពុក និង​កូន​ទាំង​ពីរ​នេះ គ្មាន​ភាព​ខុស​ប្លែក​គ្នា​នោះ​ទេ ដោយសារ​តែ​អំពើ​ពុក​រលួយ​ស៊ី​រូង​ផ្ទៃក្នុង​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ។

លោក អាឡិច៖«ដរាប​ណា​ប្រជាជន​ខ្មែរ​នៅ​ស្ងាត់ នៅ​ស្ងៀម​រាល់​ថ្ងៃ សម្ពាធ​អន្តរជាតិ​ទៅ​លើ​កម្ពុជា គឺ​អត់​ខ្លាំង​ទេ។ ប៉ុន្តែ នៅ​ពេល​ប្រជាជន​ខ្មែរ​ចាប់​ផ្ដើម​សកម្ម ចាប់​ផ្ដើម​ស្វាហាប់ ចាប់​ផ្ដើម​ហ៊ាន ដូច​យើង​ឃើញ​យុវជន​យើង​មួយ​ចំនួន​កំពុង​តែ​ធ្វើ អា​ហ្នឹង​ប្រាកដ​ថា សម្ពាធ​អន្តរជាតិ​នឹង​ឡើង​ហើយ»។

កន្លងទៅ រដ្ឋាភិបាល​អាណត្តិ​មុនៗ ដឹកនាំ​ដោយ​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​អនុវត្ត​គោល​នយោបាយ​កែទម្រង់​លើ​គ្រប់​វិស័យ ប៉ុន្តែ​ទៅ​ទីបំផុត រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព។ ប្រជាពលរដ្ឋ​នៅតែ​លើក​ឡើង​ពី​ទុក្ខ​កង្វល់​ជា​បន្តបន្ទាប់ ដូចជា បញ្ហា​សេដ្ឋកិច្ច អសន្តិសុខ​ក្នុង​សង្គម វិវាទ​ដីធ្លី បញ្ហា​កង្វះ​ទីផ្សារ ចំពោះ​កសិផល តម្លៃជី ថ្នាំ និង​សម្ភារៈ​កសិកម្ម​លើ​ទីផ្សារ​ឡើង​ថ្លៃ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។