លោក ហ៊ុន ម៉ាណែត ថា មិនអនុញ្ញាតឱ្យបរទេសមករំលោភអធិបតេយ្យភាពក្នុងខេត្តព្រះសីហនុ
2024.08.06
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុ មិនបានបាត់បង់អធិបតេយ្យភាព ដោយសារតែមានរំហូរទុនវិនិយោគរបស់បរទេស ឬជនជាតិចិនច្រើនលើសលប់ទេ។ ចំណែក អ្នកវិភាគមើលឃើញថា ទីក្រុងព្រះសីហនុបច្ចុប្បន្នកំពុងរងការត្រួតត្រារបស់ចិនតាមបែបសម័យទំនើប ព្រោះអាជីវកម្ម និងការវិនិយោគទាំងខុសច្បាប់ និងស្របច្បាប់ក្នុងខេត្តនេះភាគច្រើនក្ដោបក្ដាប់ដោយអ្នកជំនួញចិន។
ថ្លែងក្នុងវេទិកាប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅថ្ងៃទី៦ ខែសីហា លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលរបស់លោកមិនបណ្ដោយឱ្យខេត្តព្រះសីហនុធ្លាក់ក្នុងការគ្រប់គ្រងរបស់ជនបរទេសតាមរយៈការចូលមកវិនិយោគដូចការចោទប្រកាន់ទេ។
លោក ហ៊ុន ម៉ាណែត អះអាងទៀតថា មន្ត្រីក្រោមឱវាទរបស់លោកមានសមត្ថភាពគ្រប់គ្រង និងចេះបែងចែកខុសត្រូវ ហើយរដ្ឋាភិបាលរបស់លោក ក៏កំពុងបន្តយុទ្ធសាស្ត្រអភិវឌ្ឍខេត្តតំបន់ជាប់មាត់សមុទ្រឱ្យក្លាយជាទីក្រុងរណបថ្មី។
លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹងខ្ញុំអរគុណប្រទេសមួយដែលមកប្រាប់ខ្ញុំថា ប្រទេសមួយកុំឱ្យទុកចិត្តប្រទេសមួយទៀត ព្រោះគេចង់បានកន្លែងហ្នឹងតាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។ ឥឡូវមកដល់ពេលនេះ កំពង់សោមបាត់អធិបតេយ្យទេ បងប្អូនទៅកំពង់សោមសុំវីសា (VISA) ទេ អត់ទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ យើងបានដាក់គោលនយោបាយបង្កើននូវគោលនយោបាយ យើងធ្វើ ៥ឆ្នាំហើយ ដើម្បីពង្រឹងខេត្តជាប់មាត់សមុទ្ររបស់យើង ជាសក្ដានុពល ជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនគ្រាប់ពេជ្ររបស់អ្នកណាគេទេ។ យើងពង្រឹងខ្លួនឯង យើងម្ចាស់ការលើខ្លួនឯង»។
ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងតាំងជំនាន់លោក ហ៊ុន សែន រហូតដល់កូននេះ ហាក់ពុំមានសមត្ថភាពអភិវឌ្ឍតំបន់ក្រុងព្រះសីហនុដោយខ្លួនឯងនោះទេ ក្រៅពីពឹងផ្អែកដង្ហើមអ្នកជំនួញចិនឱ្យមកបើកបនល្បែងកាស៊ីណូ និងបើកចំហជើងមេឃអនុញ្ញាតឱ្យជនជាតិចិនមួយចំនួនចូលមករកស៊ីក្នុងខេត្តនេះដោយសេរី។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ រិះគន់ថា លោក ហ៊ុន ម៉ាណែត ហាក់មិនទាន់យល់អំពីការគ្រប់គ្រងអធិបតេយ្យតាមបែបសម័យទំនើបនៅឡើយ។ លោកប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែសីហា ថា ទីក្រុងព្រះសីហនុបច្ចុប្បន្នហាក់ក្លាយទីជាទីក្រុងចិន និងកំពុងរងការគំរាមកំហែងជាបន្តបន្ទាប់តាមរយៈជនបរទេស ជាពិសេស ជនជាតិចិនមួយចំនួន បង្កចលាចល បង្កអសន្តិសុខតាមទំនើងចិត្ត។ បន្ថែមពីនេះ លោកពន្យល់ថា ការណ៍ដែលរដ្ឋាភិបាលមិនអើពើក្នុងការទប់ស្កាត់ជនបរទេស និងការវិនិយោគអាជីវកម្មរបស់ពួកគេក្នុងទំហំទឹកប្រាក់ច្រើនលើសលប់ក្នុងខេត្តព្រះសីហនុ វាអាចបង្កផលប៉ះពាល់ដល់សិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋម្ចាស់ស្រុកដែរ។
លោក គឹម សុខ៖ «ការដាក់កងទ័ពក្នុងទឹកដីយើង ឬការប្រើកម្លាំងកងទ័ពវាយយកទឹកដីយើង ការរំកិលព្រំដែនយើងទឹកដីយើង គ្រប់គ្រងដែនសមុទ្រយើងគឺជា ការរំលោភអធិបតេយ្យជាក់ស្ដែង ប៉ុន្តែ ត្រូវប្រយ័ត្នមួយទៀត កាន់តែគ្រោះថ្នាក់ជាងហ្នឹង គឺការបង្ហូរជនជាតិគេចូលក្នុងប្រទេសរបស់យើង តាមវិធីជំនួញឧក្រិដ្ឋកម្ម ពុករលួយ។ ដូច្នេះ ថ្ងៃក្រោយ គេអាចបង្វិលអធិបតេយ្យជាតិយើងតាមគេចង់បានហើយ»។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍតំបន់ខេត្តជាប់មាត់សមុទ្រដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ឱ្យក្លាយជាតំបន់ទីក្រុងរណបថ្មីត្រូវបានអនុវត្តកាលពីអំឡុងឆ្នាំ២០១០ ដែលមានអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេគំនិត។ លោក ហ៊ុន សែន ប្រកាសបើកចំហជើងមេឃឱ្យអ្នកជំនួញចិនចូលមកវិនិយោគក្នុងខេត្តតំបន់ជាប់សមុទ្រជាបន្តបន្ទាប់ ជាពិសេស ខេត្តព្រះសីហនុក្នុងនោះរួមមានជាអាទិ៍ ផ្នែកសណ្ឋាគារ បនល្បែងកាស៊ីណូ ព្រះលានយន្តហោះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងសំណង់អគារជាដើម។ ជាមួយគ្នានោះ បន្តិចម្ដងៗ ជនជាតិចិនមួយចំនួនក៏បានពង្រីកអាជីវកម្មខ្នាតតូចៗ ដែលធ្វើឱ្យប៉ះពាល់មុខរបរពលរដ្ឋក្នុងខេត្តព្រះសីហនុផងដែរ។
ទន្ទឹមគ្នានេះ មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា នៅតាមអគារ ឬសណ្ឋាគារមួយចំនួន ដែលគ្រប់គ្រងដោយអ្នកជំនួញចិនក្នុងខេត្តព្រះសីហនុរងការចោទប្រកាន់ ពាក់ព័ន្ធនឹងមុខជំនួញខុសច្បាប់ ក្នុងនោះរួមមានចាប់បង្ខាំងមនុស្ស និងជួញដូរមនុស្សជាដើម។ លើសពីនេះទៀត ជាញឹកញយជនជាតិចិនមួយចំនួនក្នុងខេត្តនេះ ធ្វើសកម្មភាពកាប់ចាក់ បាញ់បោះគ្នាតាមទីសាធារណដោយសេរី ដោយពុំខ្លាចញញើតនឹងអាជ្ញាធរ និងច្បាប់កម្ពុជាឡើយ។
ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក៏រងការចោទប្រកាន់ថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយរដ្ឋាភិបាលចិនកាលពីឆ្នាំ២០១៩ ដោយអនុញ្ញាតឱ្យយោធាចិនសាងសង់ និងឈរជើងនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុ ដែលផ្ទុយនឹងច្បាប់ធម្មនុញ្ញកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។