លោក ហ៊ុន ម៉ាណែត ព្រមាន​មេដឹកនាំ​សហជីព​កុំ​ខ្ចី​ដៃ​កម្មករ​ទៅ​បម្រើ​សកម្មភាព​នយោបាយ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន ក្រុម​សហជីព​ថា កុំ​យក​ដៃ​កម្មករ​ធ្វើ​សកម្មភាព​បម្រើ​ប្រយោជន៍​នយោបាយ។ ឆ្លើយតប​ការ​លើក​ឡើង​នេះ មេ​ដឹកនាំ​សហជីព​អះអាង​ថា គោលដៅ​របស់​សហជីព គឺ​ដើម្បី​បម្រើ​ការងារ​របស់​កម្មករ​មិនមែន ​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

មេដឹកនាំ​សហជីព រិះគន់​ថា សារ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ​ជា​ការ​ព្រមាន​ទុក​មុន មិន​ចង់​ឱ្យ​កម្មករ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន ទាមទារ​រក​ដំណោះស្រាយ​ក្នុង​ករណី​មានការ​រំលោភ​សិទ្ធិ​ការងារ។

ប្រតិកម្ម​នេះ​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​មិន​ឱ្យ​មេដឹកនាំ​សហជីព​​ប្រមូល​ផ្ដុំ​​កម្មករ​រោងចក្រ ធ្វើ​សកម្មភាព​នយោបាយ ឬ​ការងារ​ផ្សេង​ដែល​មិន​​បម្រើ​ប្រយោជន៍​កម្មករ​។ ទោះ​យ៉ាង​ណា​ក្ដី លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ចេញ​ឈ្មោះ​សហជីព​ដែល​លោក​ព្រមាន​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖«ឈ្មោះ​ជា​សហជីព​តែ​ប្រមូល​បង​ប្អូន​ទៅ​ធ្វើការ​អី​​ផ្សេង​ជា​ពិសេស​ការងារ​នយោបាយ អត់​ចំណេញ​ បើ​ធ្វើ​ការងារ​តំណាង​​​សិទ្ធិ​កម្មករ​​កម្មការិនី​ដោះស្រាយ​បញ្ហា​រឿង​កម្មករ​កម្មការិនី។ បើ​ចង់​​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស​រៀបចំ​ជា​អ៊ិនជីអូ(NGO)ដើរ​តួនាទី​សម្រាប់​ការងារ​សិទ្ធិមនុស្ស​ឱ្យ​ចំ​ទៅ​​យើង​ធ្វើ​ការងារ​ស្រួល​និយាយ​គ្នា​កុំ​ជ្រក​ក្រោម​រូបភាព​យក​ដៃ​បង​ប្អូន​កម្មករ​កម្មការិនី​អាជីព​អង្គការ​វិជ្ជាជីវៈ​ទៅ​ធ្វើ​អី​ផ្សេង​ខុស​ជំនាញ»។

លោក ហ៊ុន ម៉ាណែត ថ្លែង​ដូច្នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត នៅ​តាម​បណ្ដា​រោងចក្រ ​សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា។

លោក ហ៊ុន ម៉ាណែត ព្រមាន​ដូច្នេះ ស្រប​ពេល​កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ត្អូញត្អែរ​អំពី​បញ្ហា​ជីវភាព ដោយសារ​ទទួល​បាន​ប្រាក់ខែ​តិច និង​គ្មាន​ការងារ​បន្ថែម​ម៉ោង បន្ទាប់ពី​ថៅកែ​រោងចក្រ​កាត់បន្ថយ​ថ្ងៃធ្វើការ និង​ព្យួរ​ការងារ ព្រោះ​គ្មាន​ការ​បញ្ជាទិញ​ផលិតផល​ពី​រោងចក្រ។

ទាក់ទង​ការ​ព្រមាន​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់​ថា បើ​មាន​ករណី​មេដឹកនាំ​សហជីព​ណា​ខ្ចី​ដៃ​កម្មករ​បម្រើ​ប្រយោជន៍​របស់​ខ្លួន​ ឬ​ប្រយោជន៍​នយោបាយ លោក​នាយក​រដ្ឋមន្ត្រី បង្ហាញ​ភស្តុតាង ហើយ​អាច​ឱ្យ​ក្រសួង​ការងារ​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​មេ​ដឹកនាំ​សហជីព​នោះ។ អ្នកស្រី​បញ្ជាក់​ថា តួនាទី​របស់​សហជីព​គឺ​ ការពារ​សិទ្ធិ និង​ការពារ​ប្រយោជន៍​របស់​កម្មករ។ អ្នកស្រី​បន្ត​ទៀត​ថា ដើម្បី​ឱ្យ​វិស័យ​ការងារ​នេះ​រីក​ចម្រើន គឺ​ឱ្យ​មាន​ការ​សហការ​គ្នា​រវាង​​រដ្ឋាភិបាល ថៅកែ កម្មករ និង​សហជីព។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«ចង្អុល​បង្ហាញ​កន្លែង​ដែល​គាត់​បាន​ធ្វើ​មិន​ត្រឹមត្រូវ ហើយ​បន្ទាប់​មក​កែសម្រួល​ឱ្យ​គាត់​មក​ធ្វើ​ការងារ​មក​ត្រឹមត្រូវ​វិញ បើ​មាន។ តែ​បើ​ករណី​មិន​មាន ហើយ​ជា​ការ​ចោទ​ប្រកាន់​បែប​អ៊ីចឹង ខ្ញុំ​គិត​ថា អត់​មាន​ចំណេញ​ទៅ​ដល់​ភាគី​ណា​មួយ​ទេ ទៅ​ជា​គេ​យល់​ឃើញ​ថា យើង​អត់​ទាន់​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​វិជ្ជាជីវៈ ធ្វើ​ការងារ​ជាមួយ​គ្នា​ឱ្យ​ល្អ​មិន​គួរ​បាន​ការ​បន្ទោស​បង្អាប់ មិន​គួរ​បាន​ការ​ចោទ​ប្រកាន់ មិន​លើក​ស្ទួយ​ពួក​យើង​នៅ​ក្នុង​ការ​ធ្វើ​ការ​អ៊ីចឹង​ទេ»។

របាយការណ៍​ពី​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ត្រឹម​ដើម​ឆ្នាំ២០២៣ មាន​រោងចក្រ​ចំនួន ១០បាន​បិទទ្វារ រោងចក្រ​ចំនួន​២០​បាន​ព្យួរ​ការងារ​កម្មករ ហើយ​រោងចក្រ​ប្រមាណ ៦០ផ្សេងទៀត​បាន​កាត់បន្ថយ​បុគ្គលិក និង​រោងចក្រ​ប្រមាណ​៨០​ភាគរយ​គ្មាន​វត្ថុធាតុដើម​សម្រាប់​កាត់ដេរ។ របាយការណ៍​បញ្ជាក់​ថា រោងចក្រ​ខ្លះ​បាន​ព្យួរ​កិច្ចសន្យា​ការងារ​កម្មករ​រាប់ពាន់​នាក់ ចន្លោះ​ពី ២ខែ រហូត​ដល់ ៦ខែ ដោយ​អះអាង​ថា គ្មាន​អ្នកបញ្ជា​ទិញ។ កម្មករ​ដែល​ព្យួរ​ការងារ​ភាគ​ច្រើន​ត្រូវ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ត្រឹម ១៥ភាគ​រយ ឬ​ប្រមាណ ៣០ដុល្លា​នៃ​ប្រាក់ឈ្នួល​អប្បបរមា​ប៉ុណ្ណោះ។

ទាក់ទង​រឿង​នេះ​ដែរ សមាជិក​សហជីព​កម្មករ​ណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) លោកស្រី សុខ រតនា លើកឡើង​ថា សហជីព និង​បុគ្គលិក​​​នៅ​ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែល​កំពុង​មាន​វិវាទ​ជាមួយ​ថៅកែ គឺជា​វិវាទ​ការងារ​មិនមែន​ជា​រឿង​នយោបាយ​ទេ។ លោកស្រី​អះអាង​ថា សហជីព​របស់​លោកស្រី​ គ្មាន​គណបក្ស​នយោបាយ​ ឬ​អ្នកណា​​​ម្នាក់​នៅ​ពី​ក្រោយ​ទេ ប៉ុន្តែ ការ​ទាមទារ​របស់​បុគ្គលិក​​ណាហ្គាវើលដ៍​នៅ​ពេល​នេះ​​ព្រោះ​ជួប​រឿង​អយុត្តិធម៌។ លោកស្រី​​បារម្ភ​ថា នៅ​ពេល​ប្រមុខ​រដ្ឋាភិបាល មើល​មក​សហជីព​ក្នុង​ផ្លូវ​មិន​ល្អ ដូច្នេះ លោកស្រី​ មិនសូវ​មាន​​សង្ឃឹម​ថា ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ​ណាហ្គាវើលដ៍ អាច​ទទួល​បាន​ដំណោះស្រាយ​​ឆាប់ៗ​នេះ​នោះ​ឡើយ​។ ទោះ​បែប​នេះ លោកស្រី​ថា ក្រុម​បុគ្គលិក​​ណាហ្គាវើលដ៍​នៅតែ​បន្ត​ទាមទារ​រក​ដំណោះស្រាយ​ការងារ និង​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ប្រធាន​សហជីព​កញ្ញា ​ ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោកស្រី សុខ រតនា៖«យើង​សុំ​មិន​ទទួល​ហើយ​ខ្ញុំ​នៅតែ​និយាយ​ថា ខ្ញុំ​ជា​កម្មករ​ខ្មែរ​ ខ្ញុំ​ទទួល​រង​ភាព​អយុត្តិធម៌​ ខ្ញុំ​នៅតែ​បន្ត​ការ​ទាមទារ​រក​យុត្តិធម៌ គ្មាន​សង្គម​ស៊ីវិល​ណា​មក​ទាញ​យើង ខ្ចី​ដៃ​កម្មករ​ដូច​ជា​ពួក​ខ្ញុំ​ទៅ​ទេ បើ​ខ្ញុំ​​គ្មាន​យុត្តិធម៌​ ខ្ញុំ​គ្មាន​​ការ​តវ៉ា​ទេ​ខ្ញុំ​សុំ​និយាយ​តែ​ប៉ុណ្ណឹង»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន សហជីព​កម្មករ​ណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​ វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​អូស​បន្លាយ​ជាង​​៣​ឆ្នាំ​មក​ហើយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ​ធ្លាប់​បាន​ចោទប្រកាន់​ថា ការ​តវ៉ា​របស់​បុគ្គលិក កម្មករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មាន​ការ​ចូលរួម​ពី​អនីតិជន ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​ខ្ចី ជា​ទម្រង់​នៃ​បដិវត្ត​ពណ៌។ ទោះ​យ៉ាង​ណា​ក្ដី មេ​ដឹកនាំ​សហជីព​រិះគន់​ថា ការ​ចោទប្រកាន់​របស់​លោក ហេង សួរ គឺ​គ្មាន​មូលដ្ឋាន និង​ជា​ចេតនា​មិន​ចង់​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។