ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចោទ​ទី​ប្រឹក្សា​របស់​លោក​ថា បាន​យក​ឈ្មោះ​លោក​ទៅ​បោក​ប្រាស់​អ្នក​ដទៃ

ដោយ សេក បណ្ឌិត
2024.10.08
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចោទ​ទី​ប្រឹក្សា​របស់​លោក​ថា បាន​យក​ឈ្មោះ​លោក​ទៅ​បោក​ប្រាស់​អ្នក​ដទៃ (រូបឯកសារ) លោក ហ៊ុន សែន ថ្លែងសន្ទរកថា​ក្នុង​ពិធី​ជួបសំណេះសំណាល​ជា​មួយ​អាចារ្យ និង​អាចារិនី កាល​ពី​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ចោទ​ទីប្រឹក្សា​របស់​ខ្លួន គឺ​លោក លី សាម៉េត ថា បាន​យក​ឈ្មោះ​លោក​ទៅ​បោក​ប្រាស់​ពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​ឱ្យ​លុយ​ទៅ​កាន់​លោក ហ៊ុន សែន ដើម្បី​ទទួល​បាន​តួនាទី​ ឬ​ផល​ប្រយោជន៍។ អ្នកវិភាគ​ថា​ករណី​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​អំពើ​ពុករលួយ​រាប់​លាន​ដុល្លារ​នេះ សមត្ថកិច្ច​ត្រូវ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​មាន​តម្លាភាព និង​អាច​ឱ្យ​ពលរដ្ឋ​ជឿជាក់​បាន។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក កាល​ពី​ថ្ងៃ​ទី៧ ខែតុលា​ថា ទី​ប្រឹក្សា​របស់​លោក គឺ​លោក លី សាម៉េត ហៅ​គ្រូ​មា បាន​ប្រើ​ប្រាស់​ឈ្មោះ​លោក ដើម្បី​យក​លុយ​ពី​ពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​ជា​ថ្នូរ​នឹង​មុខតំណែង ឬ​ផល​ប្រយោជន៍។

លោក ហ៊ុន សែន ថា លោក លី សាម៉េត បាន​បោក​ប្រាស់​បុគ្គល​ជា​ច្រើន​រូប រួម​មាន​ បុគ្គល​ឈ្មោះ សុខ ឡេង បុគ្គល​ឈ្មោះ មួង ឃីម និង​​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​សែន ទៅ​រាប់​លាន​ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ថា លោក​មិន​ដែល​បាន​ទទួល​លុយ​ជា​ថ្នូរ​នឹង​ការ​តែង​តាំង​មន្ត្រី ក្នុង​តួនាទី​លោក​ជា​នាយក​រដ្ឋមន្ត្រី ឬ​ប្រមុខ​រដ្ឋ​ស្ដីទី​នោះ​ទេ។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន បាន​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យ​សហការ​ជា​មួយ​តុលាការ​ចេញ​ដីកា​បង្កក​ទ្រព្យ​សម្បត្តិ លោក លី សាម៉េត ដើម្បី​ទុក​សង​ដល់​អ្នក​ចាញ់​បោក លោក លី សាម៉េត។ លោក ហ៊ុន សែន ថា អ្នក​ចាញ់​បោក​លោក លី សាម៉េត ទាំង​អស់​អាច​ដាក់​ពាក្យ​បណ្ដឹង ឬ​ទាមទារ​សំណង​ទៅ​កាន់​ក្រុម​មេធាវី​លោក ហ៊ុន សែន ហើយ​សមត្ថកិច្ច​ត្រូវ​ឃ្លាំមើល​មិន​ឱ្យ​លោក លី សាម៉េត នៅ​ក្រៅ​សំណាញ់​ច្បាប់។

មួយ​ថ្ងៃ​ក្រោយ​មក នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ដក​ដំណែង​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ដែល​អភិបាល​ស្រុក​រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ថ្លែង​ថា បាន​ផ្ដល់​ប្រាក់​ចំនួន ៣០ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​លោក លី សាម៉េត ដើម្បី​រត់ការ​ធ្វើ​ជា​អភិបាល​ក្រុងអរិយក្សត្រ។ ទោះ​ជា​យ៉ាង​ណា ក្ដី លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក កន សុខកាយ ត្រូវ​បាន​ដក​ពី​តំណែង​ដោយ​សារ​មន្ត្រី​រូប​នេះ បាន​ប្រព្រឹត្ត​កំហុស​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក លី សាម៉េត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែតុលា។

ចំណែក​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ផ្ទះ​លោក លោក លី សាម៉េត នៅ​ព្រឹក​ថ្ងៃ​ទី៨ តុលា​នេះ ប៉ុន្តែ លោក លី សាម៉េត មិន​បាន​នៅ​ផ្ទះ​នោះ​ដែរ។ លោក​ថា សមត្ថកិច្ច ក៏​មិន​ទាន់​កំណត់​បទ​ចោទ​ទៅ​លើ​លោក លី សាម៉េត ដែរ ប៉ុន្តែ លោក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​ធ្វើ​ការ​លើ​ករណី​នេះ។

លោក សំ វិច្ឆិកា៖ «កាល​ពី​ព្រឹក​មិញ​កម្លាំង​សមត្ថកិច្ច​ដឹក​នាំ​ដោយ​កម្លាំង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​ច្រក​ចូល​ផ្ទះ​គាត់ នៅ​ខណ្ឌឫស្សីកែវ ប៉ុន្តែ​ការ​ត្រួត​ពិនិត្យ​នោះ​គាត់​មិន​បាន​នៅ​ក្នុង​គេហដ្ឋាន​នោះ​ទេ ហើយ​ឥឡូវ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ស្វែងរក​តាម​ជំនាញ​តាម​សមត្ថកិច្ច​បន្ថែម​ទៀត»

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ថា ការ​លើក​ឡើង​របស់​ប្រធាន​ព្រឹទ្ធសភា​បង្ហាញ​ឱ្យ​ឃើញ​ថា លោក លី សាម៉េត បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ និង​ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក​ថា ដើម្បី​កុំ​ឱ្យ​មាន​ករណី​បោកប្រាស់​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​កើត​ឡើង​ដដែល​ៗ​ បន្ត​ទៀត​ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​ និង​អាច​ឱ្យ​សាធារណជន​ជឿជាក់​បាន។

លោក សេក សុជាតិ៖ «ក្រសួង ស្ថាប័ន ជា​ពិសេស អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​តែ​បន្ត​នីតិវិធី​រក​ឱ្យ​ថា តើ​លោក លី សាម៉េត ដែល​ជា​ទី​ព្រឹក្សា​ហ្នឹង ពិត​ជា​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​ដែរ ឬ​អត់ ហើយ​បើ​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​គួរ​ចាត់​វិធានការ​យ៉ាង​ម៉េច ដើម្បី​ឱ្យ​សាធារណជន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ស្តង់ដារ​តែ​មួយ​មិន​មាន​ស្តង់ដារ​ពីរ»

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បាន​តែង​តាំង លោក​ លី សាម៉េត ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក។ ជា​មួយ​នឹង​តួនាទី​នេះ លោក លី សាម៉េត តែង​បាន​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ជួប​ជា​មួយ​មន្ត្រី​បក្ស​ប្រឆាំង ដែល​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច។ នៅ​ក្នុង​អង្ក​ពិធី​នានា លោក លី សាម៉េត ត្រូវ​បាន​គេ​រៀប​ឱ្យ​អង្គុយ​ស្មើ​នឹង​រដ្ឋមន្ត្រី ឬ​អភិបាល​ខេត្ត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ច្រើន ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ឆ្នាំ២០២៤
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។