លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា នៅវិមានសន្តិភាព ដែលធ្វើឡើងនៅមុនមួយថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយយល់ថា ជំនួបទ្វេភាគីនេះ ចិនទំនងជាព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំកម្ពុជារឿងសមុទ្រចិនខាងត្បូង។
ជំនួបបិទទ្វាររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) នៅវិមានសន្តិភាព គឺជជែកពិភាក្សាផ្ដោតលើប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។
ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត ថ្លែងប្រាប់អ្នកកាសែត ក្រោយជំនួបនោះថា នាយករដ្ឋមន្ត្រីចិនពេញចិត្ត ចំពោះទំនាក់ទំនងគ្រប់វិស័យរវាងកម្ពុជា-ចិន។ លោកថា ភាគីចិន ក៏បន្តប្ដេជ្ញាជួយកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែម តាមការផ្តល់ជំនួយផ្សេងៗ៖
«ចិនផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យជារួមមាន៖ទី១ ទឹកប្រាក់ចំនួន២រយលានយ័ន សម្រប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា ជួយដល់ការស្តាឡើងវិញនូវបេតិកភ័ណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់វិស័យសុខាភិបាល ជួយដល់ការរៀបចំការប្រគួតស៊ីហ្គេម នៅឆ្នាំខាងមុខក៏ដូចជួយដល់ កីឡាករ កីឡាការិនីកម្ពុជា ជួយដល់ការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ជួយការស្ថាបនាផ្លូវដេកការតភ្ជាប់ពីកម្ពុជា ថៃ ឡាវ និងប្រទេសចិន។ ជាពិសេសទៀត ជួយ ដល់កម្ពុជាលើវិស័យកសិកម្ម ធ្វើយ៉ាងណាឲ្យផលិតផលកសិផលកម្ពុជា មានគុណភាពអាចនាំចូលទៅប្រទេសចិន ស្របតាមកូតាដែលបានប្រគល់ជូន»។
លោក អ៊ាង សុផល្លែត ឲ្យដឹងដែរថា ជាការឆ្លើយតប គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណចិនដែលបន្តជួយកម្ពុជា និងចាត់ទុកថា ជំនួយរបស់ចិន នឹងជួយអភិវឌ្ឍកម្ពុជាបន្ថែមទៀត។
ក្រោយជំនួបនេះ សមភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារចំនួន១៨ រួមមានឯកសារផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា ដូចជាផ្លូវថ្នល់សាលារៀន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ជាដើម។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោកវណ្ណប៊ុនណា យល់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រីវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជាទន្ទឹមគ្នា នៅមុនកិច្ចប្រជុំអាស៊ាននេះ ទំនងជាដើម្បីបញ្ចុះបញ្ចូលមេដឹកនាំកម្ពុជា ឲ្យលើកយកបញ្ហាជម្លោះសមុទ្រចិនខាងត្បូងទៅដាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ានទៅតាមការចង់បានរបស់ពួកគេរៀងៗខ្លួន៖
«ខ្ញុំមើលឃើញថាជាជម្រើសកម្ពុជា គឺកម្ពុជាគួរតែមិនចាំបាច់យករបៀបវារៈរឿងសមុទ្រចិនខាងត្បូងគឺជារបៀបវារៈសំខាន់ក្នុងការ ចរចារពិភាក្សាគ្នាទេ ប៉ុន្តែជំរុញឲ្យភាគីពាក់ព័ន្ធទាំងផ្នែកអាស៊ាន និងចិនដោះស្រាយជាលក្ខណៈទ្វេភាគីគឺជារឿងល្អដោយសារកម្ពុជាមិនពាក់ព័ន្ធលើរឿងសមុទ្រចិនខាងត្បូង។នេះគឺជាជម្រើសដែលកម្ពុជា គួរធ្វើសម្រាប់ដោះស្រាយបញ្ហា រឿងសមុទ្រចិនខាងត្បូង ដើម្បីកុំឲ្យពាក់ព័ន្ធដល់ខ្លួនផងដែរ។ នេះគឺជាជម្រើសឆ្លាតវៃមួយសម្រាប់កម្ពុជាដែលត្រូវការផលប្រយោជន៍ទាំងចិន និងអាស៊ាន»។
នៅមុននេះមួយថ្ងៃលោក ហ៊ុន សែន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) ដែរ ដោយផ្ដោតលើពង្រឹងទំនាក់ទំនង នយោបាយ និងសេដ្ឋកិច្ច។ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងព្រៀងលើឯកសារចំនួន១១ចំណុចរួមមាន៖ វិស័យក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ទូរគមនាគមន៍ ការងារ និងវិស័យហិរញ្ញវត្ថុជាដើម។
បើទោះបីជានៅពេលនេះ ទាំងរដ្ឋាភិបាលកម្ពុជា ចិន និងវៀតណាម មិនបានលើកឡើងជាសាធារណៈអំពីបញ្ហាសមុទ្រចិនខាងត្បូងក្តី ក៏ប៉ុន្តែរដ្ឋាភិបាលចិន និងវៀតណាម ធ្លាប់បានប្រើឥទ្ធិពលរបស់ខ្លួនមកលើកម្ពុជាម្តងរួចមកហើយ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១២។នៅពេលនោះ វៀតណាម បានស្នើឲ្យកម្ពុជា ដាក់ជម្លោះសមុទ្រចិនខាងត្បូងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាន។ ចំណែកប្រទេសចិនមិនចង់ឱ្យយកជំលោះប្រជុំកោះប៉ារ៉ាសែល នៅសមុទ្រចិនខាងត្បូង ទៅជជែកគ្នាក្នុងវេទិកាតំបន់បែបនេះទេ។នៅទីបំផុត ចិន បានរាំងខ្ទប់កម្ពុជា មិនឱ្យចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ដោយឡែក នៅមុនជំនួបជាមួយនាយករដ្ឋមន្ត្រីចិននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា (Dmytro Kuleba ) នៅវិមានសន្តិភាពដែរ។ ជំនួបនោះ ប្រមុខការទូតអ៊ុយក្រែន អរគុណកម្ពុជា ដែលបានគាំទ្រអ៊ុយក្រែន និងថ្កោលទោសរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន។ ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត ថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបនោះថា ជាការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺកម្ពុជា ប្រឆាំងការឈ្លានពាន ការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាលើអធិបតេយ្យភាព បូរណភាពទឹកដីនៃរដ្ឋដែលឯករាជ្យ ស្របតាមក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោក បន្តថា កម្ពុជា ក៏មិនគាំទ្រដល់ការបំបែករដ្ឋឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។ក្រៅពីជំនួបទ្វេភាគីនេះ វត្តមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។