២៦ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​សម្ដេច​ក្រុមព្រះ លោក ហ៊ុន សែន បន្ត​ក្ដោប​ក្ដាប់​អំណាចដោយ​ហិង្សា និង​ការ​បង្ហូរ​ឈាម​ដដែល

0:00 / 0:00

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ២៦ឆ្នាំ ក្រោយ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​សម្ដេច​ក្រុមព្រះ គឺ​លោក ហ៊ុន សែន នៅ​តែ​ក្ដោប​ក្ដាប់​អំណាច​ដោយសារ​ការ​បង្ក្រាប​គូប្រកួត​របស់​ខ្លួន​ដោយ​ហិង្សា និង​គ្មាន​ការបោះឆ្នោត​ត្រឹមត្រូវ។ ទោះ​យ៉ាងណា​ក្ដី មន្ត្រី​បក្ស​កាន់​អំណាច​អួតអាង​ថា ប្រសិនបើ​គ្មាន​ព្រឹត្តិការ​បង្ហូរ​ឈាម​ថ្ងៃ​ទី៥ ថ្ងៃ​ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ទេ ប្រទេស​កម្ពុជា អាច​នឹង​​ធ្លាក់​ចូល​ក្រោម​ការ​ត្រួតត្រា​នៃ​របប​ខ្មែរ​ក្រហម​ជា​ថ្មី​ឡើង​វិញ។

ថ្ងៃ​នេះ កាល​ពី ២៦ឆ្នាំ​មុន ក្រុម​យោធា របស់​លោក ហ៊ុន សែន កំពុង​ប្រយុទ្ធ​ដណ្ដើម​អំណាច​ពី​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឈាម​ដាប​ទី​ក្រុង​ភ្នំពេញ។ អ្នក​ឃ្លាំមើល​នយោបាយ​ថា លោក ហ៊ុន សែន អាច​គ្រប់គ្រង​អំណាច មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នេះ​ឯង។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា រដ្ឋប្រហារ​ឆ្នាំ១៩៩៧ គឺ​ជា​គន្លឹះ​រដ្ឋប្រហារ ដែល​លោក​ ហ៊ុន សែន ដែល​នាំ ដែល​ឱ្យ​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ជា​អចិន្ត្រៃយ៍​គ្រប់គ្រង​ប្រទេស​កម្ពុជា​មក​ដល់​សព្វថ្ងៃ។ លោក​បន្ត​ទៀត​ថា រយៈ​ពេល​ ២៦​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន នៅតែ​ប្រើ​អាវុធ អំពើ​ហិង្សា ការ​បង្ហូរ​ឈាម​ខ្មែរ​គ្នា​ឯង ដើម្បី​រក្សា​អំណាច​របស់​លោក។ លោក គឹម សុខ លើក​ឧទាហរណ៍​ជាក់ស្ដែង ដូច​ជា ករណី​លោក ហ៊ុន សែន បង្ក្រាប​ការ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៨ រៀបចំ​ឱ្យ​មាន​ការ​បាញ់​សម្លាប់​ព្រះសង្ឃ សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​កម្មករ និង​ជន​ល្បី​មួយ​ចំនួន​ទៀត។

កាលពី​នៅ​ថ្ងៃ​ទី​៥ ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​១៩៩៧ មាន​ការ​ផ្ទុះ​អាវុធ នៅ​ក្នុង និង​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ បង្ក​ឡើង​ដោយ​កង​ទ័ព​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី១ និង​កងទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ទី២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា កង​ទ័ព​រដ្ឋាភិបាល​កំពុង​បង្ក្រាប​ក្រុម​ជ្រុល​និយម និង​កង​ទ័ព​ខ្មែរ​ក្រហម។ ទាហាន និង​មន្ត្រី​យោធា​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​រាប់​សិប​នាក់ ត្រូវ​បាន​ប្រហារ​ជីវិត​ក្រៅ​ច្បាប់។ គេហទំព័រ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ( cambodia.ohchr.org) រាយ​ការណ៍​ថា មនុស្ស​ប្រមាណ ៦០នាក់ ត្រូវ​បាន​ សម្លាប់​ក្រៅ​ច្បាប់ នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​គិត​ចាប់​ពី​ថ្ងៃ​ទី២ កក្កដា ដល់​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ១៩៩៧។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​កាល​ពី ២៦ឆ្នាំ​មុន មិនមែន​រដ្ឋប្រហារ តែ​ជា​ការ​ទប់ស្កាត់​កងទ័ព​ខ្មែរក្រហម​មិន​ឱ្យ​ចូល​ទីក្រុង​ភ្នំពេញ តាម​រយៈ​កងកម្លាំង គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​លួច​បញ្ជូន​ចូល​មក។ លោក សុខ ឥសាន អះអាង​ថា ​ប្រសិនបើ​គ្មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី៥ ថ្ងៃ​ទី៦ ខែ​កក្កដា​ឆ្នាំ​១៩៩៧ ទេ កងទ័ព​ខ្មែរក្រហម​នឹង​គ្រប់គ្រង​ប្រទេស​កម្ពុជា ជា​ថ្មី​ទៀត ដែល​ធ្វើ​ឱ្យ​មាន​របប​វាល​ពិឃាដ​វិល​ត្រឡប់​មក​វិញ។

បើទោះ​ជា​មន្ត្រី​គណបក្ស​កាន់អំណាច​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ មន្ត្រី​បក្ស​ប្រាំង​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី៥ ថ្ងៃ​ទី៦ កក្កដា ឆ្នាំ​១៩៩៧ ថា ជា​ពេលវេលា​អាក្រក់​បំផុត និង​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា បាត់បង់​ឱកាស​រើ​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​កុម្មុយនិស្ត​ផ្ដាច់ការ។ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើក​ឡើង​ថា ការ​បង្កើត​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នេះ ព្រោះ​តែ​លោក ហ៊ុន សែន ដឹងខ្លួន​ថា នឹង​ខ្លួន​ចាញ់​ឆ្នោត​ក្នុង​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ ទើប​លោក​ហ៊ុន​ សែន ធ្វើ​រដ្ឋប្រហារ​កម្ទេច​ដៃគូ​ប្រកួតប្រជែង​ខ្លួន​ចោល​មុន​ការ​បោះឆ្នោត​ដូច្នេះ។ លោក​បន្ត​ទៀត ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ លោក ហ៊ុន សែន បាន​បំបែក​កម្លាំង​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ជា​ច្រើន​ចម្រៀក ហើយ​ទីបំផុត លោក ហ៊ុន សែន ក៏​ឈ្នះ​ឆ្នោត​ដូច​ការ​គ្រោង​ទុក។

លោក អ៊ុំ សំអាន បន្ត​ទៀត​ថា លោក ហ៊ុន សែន តែងតែ​ប្រើ​ល្បិច​ដដែលៗ នេះ គឺ​បំផ្លាញ​គណបក្ស​នយោបាយ ដែល​គូ​ប្រកួតប្រជែង​របស់​ខ្លួន​មុន​ការ​បោះឆ្នោត​ជា​និច្ច ដូច​ជា​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បោះឆ្នោត​ឆ្នាំ២០២៣ នេះ គឺ​ការ​បិទ​មិន​គណបក្ស​ភ្លើង​ទៀន ចូលរួម​ការ​បោះឆ្នោត។ បើ​ទោះ​ជា​លោក ហ៊ុន សែន អាច​នឹង​ឈ្នះ​ឆ្នោត​ក្រោយ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ខាង​មុខ​នេះ ដូច​ការ​ប៉ុនប៉ង​របស់​លោក​ក្ដី តែ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​ថា​ ការ​គ្រប់គ្រង​អំណាច​តាម​របៀប​លោក ហ៊ុន សែន នេះ​មិន​អាច​ស្ថិតស្ថេរ​យូរ​អង្វែង​បាន​ឡើយ​ ពួកគេ​លើក​ឧទាហរណ៍​ថា មេ​ដឹកនាំ​ផ្ដាច់ការ​លើ​លោក មិន​អាច​ដឹកនាំ​ប្រទេស​លើស​ពី​ ពីរ​ជំនាន់​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។