មេដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកបោះឆ្នោតរិះគន់ លោក ហ៊ុន សែន រឿងយកវេទិកាសាធារណឃោសនារកសំឡេងឆ្នោតឲ្យគណបក្សរបស់ខ្លួន ដែលនេះជាការរំលោភច្បាប់បោះឆ្នោត ។ ប្រតិកម្មបែបនេះ ក្រោយពេលប្រមុខរដ្ឋាភិបាល និងជាប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ថ្លែងម្ដងហើយម្ដងទៀតសុំឲ្យរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅមុនរដូវកាលឃោសនាបោះឆ្នោត។
មេដឹកនាំគណបក្សនយោបាយចង់ឃើញប្រមុខគណបក្សកាន់អំណាចធ្វើជាគំរូក្នុងនាមជាអ្នកចាស់ទុំផ្នែកនយោបាយ ដោយកុំយកវេទិកាសាធារណៈមកថ្លែងកេងចំណេញ នយោបាយ និងឃោសនាឲ្យគណបក្សរបស់ខ្លួនមុនពេលរដូវកាល ឃោសនារកសំឡេងឆ្នោត។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនលើកឡើងថា លោក ហ៊ុន សែន គួរយកតួនាទីរបស់ខ្លួនធានាអព្យាក្រឹតភាព ក្នុងនាមខ្លួនជានាយករដ្ឋមន្ត្រី។ លោកចាត់ទុកការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន ឲ្យពលរដ្ឋបោះឆ្នោតជូនគណបក្សរបស់ខ្លួននៅពេលនេះថា ជាឃោសនារកសំឡេងមុនការអនុញ្ញាតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)៖ «មិនទាន់ដល់យុទ្ធនាការឃោសនាបោះឆ្នោតនៅឡើយទេ ហើយក្នុងនាមគាត់ ( លោកហ៊ុន សែន ) គាត់ជានាយករដ្ឋមន្ត្រី ពេលនេះជាពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គាត់ត្រូវធានាអព្យាក្រឹតភាពក្នុងនាមគាត់ជានាយករដ្ឋមន្ត្រី ហើយមិនទាន់ដឹងអី មិនទាន់ដល់ការបោះឆ្នោតផង អំពាវនាវឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនហើយ នេះជាការខុសច្បាប់ហើយ»។
ស្រដៀងគ្នានេះដែរ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា មូលហេតុដែលធ្វើឲ្យលោក ហ៊ុន សែន ធ្វើបែបនេះ គឺដោយសារលោកបារម្ភខ្លាចគណបក្សកាន់អំណាចបាត់បង់សំឡេងឆ្នោត។ លោកថា លោក ហ៊ុន សែន គួរយកចិត្តទុកដាក់ បើកលំហប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ៖ « ខ្ញុំយល់ថា បើទោះជាយ៉ាងម៉េចក៏ដោយ សម្ដេចមិនគួរបារម្ភពេកទេ ក្នុងការបោះឆ្នោតទេ ព្រោះមើលទៅមិនមានគួរប្រកួតប្រជែងណា ធ្វើឲ្យសម្ដេចភ័យនោះទេ មែនទែនទៅ បើទោះជាគណបក្សខ្លះអាចដណ្ដើមអាសនៈបានមួយចំនួនមែន ក៏ប៉ុន្តែហាក់ដូចមើលមិនឃើញការប្រកួតប្រជែងហ្នឹងសមរម្យដូចកាលពីសម័យសង្គ្រោះជាតិ»។
ប្រតិកម្មរបស់មេដឹកនាំគណបក្សនយោបាយបែបនេះ កើតមានក្រោយ ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែមីនា បានស្នើសុំឲ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកអះអាងដែរថា ក្នុងការឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ គឺលោកនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី ចំណែកកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រី មិនទាន់ដល់ពេលឡើងកាន់អំណាចនៅឡើយទេ៖ «ឥឡូវនេះគណបក្សប្រជាជនជាគណបក្សសញ្ញា ទេវតា អ៊ីចឹងទេ បន្តបោះឆ្នោត ហើយខ្ញុំនៅបន្ត សូមបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត២០២៣ គឺ ហ៊ុន សែន»។
ទោះបីជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់អះអាងថា ការប្រើប្រាស់នាយករដ្ឋមន្ត្រី អាចធ្វើឡើងក្រោយការបោះឆ្នោត។ អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត មិនទាន់មានគីឡូគ្រប់គ្រាន់ដើម្បីប្រកួតនឹងមន្ត្រីគណបក្សប្រឆាំងនៅឡើយទេ ទើបលោក ហ៊ុន សែន នៅបន្តអំណាច។
ច្បាប់បោះឆ្នោត បានហាមឃាត់ មិនឲ្យមន្ត្រីសាធារណៈ ដូចជានាយករដ្ឋមន្ត្រីជាដើម ប្រើប្រាស់តួនាទីរបស់រដ្ឋ ដើម្បីកេងចំណេញប្រយោជន៍បក្សរបស់ខ្លួននោះឡើយ។ មាត្រា ៨០ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានហាមប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។ ប៉ុន្តែអ្នកសង្កេតការណ៍បោះឆ្នោតតែងតែលើកឡើងថា គណបក្សកាន់អំណាច ប្រើប្រាស់មន្ត្រីសាធារណៈ និងសម្ភារៈគ្រប់ការបោះឆ្នោតដើម្បីឃោសនាបោះឆ្នោត។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា សំដីរបស់ លោក ហ៊ុន សែន ស្មើនឹងការប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា រដ្ឋសភា និងគ.ជ.បមានតួនាទី ចាត់ការលើករណីនេះ៖ «គ . ជ . បដោយផ្អែកទី១ គឺមានឯកសារជាគោលខាងអាស៊ីសេរីលើកឡើងមិនខុសទេ បើសិនមានបណ្ដឹងអី នឹងធ្វើការពិចារណា តែនេះគ្រាន់តែជាសំឡេងភាគីម្ខាង អ៊ីចឹងអត់មានហេតុផលណាគ . ជ . ប យកបញ្ហាហ្នឹងមកផ្ទៀងផ្ទាត់ទេ ហើយគ . ជ . បក៏មិនធ្វើអត្ថាធិប្បាយទៅលើភាសា ឬសំដីរបស់អ្នកនយោបាយដែរបាទ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងថា ប្រសិនបើមានបណ្ដឹងពីអាជ្ញាធរដែនដី និងតំណាងគណបក្សនយោបាយ គ.ជ.ប នឹងធ្វើការពិចារណា ពិនិត្យលើករណីនេះ។
លោកថា គ.ជ.ប នឹងធ្វើការផ្ទៀងផ្ទាត់បទបញ្ជា និងនីតិវិធីក្នុងអំឡុងពេលឃោសនា រកសំឡេងឆ្នោត៖ «ក្នុងនាមរដ្ឋាភិបាល គឺក្នុងនាមអព្យាក្រឹតភាពដែលមិនអាចប្រើប្រាស់តួនាទីរបស់ខ្លួនមកប្រើប្រាស់សម្រាប់វេទិកា ឃោសនាបម្រើឲ្យគណបក្សរបស់ខ្លួនឯង គឺខុសហើយ ទៅជាការរំលោភហើយរំលោភម៉េចគឺរំលោភការប្រើប្រាស់ធនធានរដ្ឋហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន រិះគន់ជំហររបស់គ.ជ.បថា ថ្នាក់ដឹកនាំស្ថាប័នបោះឆ្នោតមួយនេះមាននិន្នាការលំអៀងទៅរកគណបក្សកាន់អំណាច ព្រោះមន្ត្រីដឹកនាំគ.ជ.បត្រូវបានគណបក្សកាន់អំណាចតែងតាំងដឹកនាំការងារក្នុងស្ថាប័នមួយនេះ។
ការឃោសនារកសំឡេងរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា ខាងមុខ មានរយៈពេល១៤ថ្ងៃ។ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ អាចធ្វើសកម្មភាពឃោសនាចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
