បក្ស​នយោបាយ និង​អ្នក​ធ្វើ​ការងារ​បោះឆ្នោត​ថា លោក ហ៊ុន សែន យក​តួនាទី​រំលោភ​ច្បាប់​បោះឆ្នោត

0:00 / 0:00

មេដឹកនាំ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​រិះគន់ លោក ហ៊ុន សែន រឿង​យក​វេទិកា​សាធារណ​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ដែល​នេះ​ជា​ការ​រំលោភច្បាប់​បោះឆ្នោត ។ ប្រតិកម្ម​បែប​នេះ ក្រោយ​ពេល​ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​ម្ដង​ហើយ​ម្ដងទៀត​សុំ​ឲ្យ​រដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​រដូវ​កាល​ឃោសនាបោះឆ្នោត។

មេដឹកនាំ​គណបក្ស​នយោបាយ​ចង់​ឃើញ​ប្រមុខ​គណបក្ស​កាន់អំណាច​ធ្វើ​ជា​គំរូ​ក្នុង​នាម​ជា​អ្នក​ចាស់ទុំ​ផ្នែក​នយោបាយ ដោយ​កុំ​យក​វេទិកា​សាធារណៈ​មក​ថ្លែង​កេង​ចំណេញ នយោបាយ និង​ឃោសនា​ឲ្យ​គណបក្ស​របស់​ខ្លួន​មុន​ពេល​រដូវ​កាល ឃោសនា​រក​សំឡេង​ឆ្នោត។

​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា លោក ហ៊ុន សែន គួរ​យក​តួនាទី​របស់​ខ្លួន​ធានា​អព្យាក្រឹតភាព ក្នុង​នាម​ខ្លួន​ជា​នាយករដ្ឋមន្ត្រី។ លោក​ចាត់ទុក​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន​នៅ​ពេល​នេះ​ថា ជា​ឃោសនា​រក​សំឡេង​មុន​ការអនុញ្ញាត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប)៖ «មិនទាន់​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ឡើយ​ទេ ហើយ​ក្នុងនាម​គាត់ ( លោក​ហ៊ុន សែន​ ) គាត់​ជា​នាយករដ្ឋមន្ត្រី ពេល​នេះ​ជា​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ គាត់​ត្រូវ​ធានា​អព្យាក្រឹតភាព​ក្នុង​នាម​គាត់​ជា​នាយករដ្ឋមន្ត្រី ហើយ​មិនទាន់​ដឹង​អី មិន​ទាន់​ដល់​ការបោះឆ្នោត​ផង អំពាវនាវ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ហើយ នេះ​ជា​ការ​ខុសច្បាប់​ហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​បែប​នេះ គឺ​ដោយសារ​លោក​បារម្ភ​ខ្លាច​គណបក្ស​កាន់អំណាច​បាត់បង់​សំឡេងឆ្នោត​។ លោក​ថា លោក ហ៊ុន សែន គួរ​យកចិត្តទុកដាក់ បើក​លំហ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៖ « ខ្ញុំ​យល់​ថា បើ​ទោះ​ជា​យ៉ាងម៉េច​ក៏ដោយ សម្ដេច​មិន​គួរ​បារម្ភ​ពេក​ទេ ក្នុង​ការ​បោះឆ្នោត​ទេ ព្រោះ​មើលទៅ​មិន​មាន​គួរ​ប្រកួតប្រជែង​ណា ធ្វើ​ឲ្យ​សម្ដេច​ភ័យ​នោះ​ទេ មែនទែន​ទៅ បើ​ទោះ​ជា​គណបក្ស​ខ្លះ​អាច​ដណ្ដើម​អាសនៈ​បាន​មួយ​ចំនួន​មែន ក៏ប៉ុន្តែ​ហាក់ដូច​មើល​មិន​ឃើញ​ការប្រកួតប្រជែង​ហ្នឹង​សមរម្យ​ដូច​កាលពី​សម័យ​សង្គ្រោះ​ជាតិ»។

ប្រតិកម្ម​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​បែប​នេះ កើត​មាន​ក្រោយ ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​មីនា បាន​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​អះអាង​ដែរ​ថា ក្នុង​ការ​ឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ គឺ​លោក​នៅតែ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ចំណែក​កូនប្រុស​ច្បង​របស់​លោក គឺ លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី មិនទាន់​ដល់ពេល​ឡើង​កាន់​អំណាច​នៅ​ឡើយ​ទេ៖ «ឥឡូវនេះ​គណបក្ស​ប្រជាជន​ជា​គណបក្ស​សញ្ញា ទេវតា អ៊ីចឹង​ទេ បន្ត​បោះឆ្នោត ហើយ​ខ្ញុំ​នៅ​បន្ត សូម​បញ្ជាក់​ថា បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​២០២៣ គឺ ហ៊ុន សែន»។

ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ការ​ប្រើប្រាស់​នាយករដ្ឋមន្ត្រី អាច​ធ្វើ​ឡើង​ក្រោយ​ការ​បោះឆ្នោត​។ អ្នកវិភាគ​ថា លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​គីឡូ​គ្រប់គ្រាន់​ដើម្បី​ប្រកួត​នឹង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅឡើយ​ទេ ទើប​លោក ហ៊ុន សែន នៅ​បន្តអំណាច។

ច្បាប់បោះឆ្នោត បាន​ហាម​ឃាត់ មិន​ឲ្យ​មន្ត្រី​សាធារណៈ ដូច​ជា​នាយករដ្ឋមន្ត្រី​ជាដើម ប្រើប្រាស់​តួនាទី​របស់​រដ្ឋ ដើម្បី​កេង​ចំណេញ​ប្រយោជន៍​បក្ស​របស់​ខ្លួន​នោះ​ឡើយ​។ មាត្រា ៨០ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ហាម​ប្រើប្រាស់​ថវិកា សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត ឲ្យ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ប៉ុន្តែ​អ្នកសង្កេតការណ៍​បោះឆ្នោត​តែងតែ​លើកឡើង​ថា គណបក្សកាន់អំណាច ប្រើប្រាស់​មន្ត្រី​សាធារណៈ និង​សម្ភារៈ​គ្រប់ការ​បោះឆ្នោត​ដើម្បី​ឃោសនាបោះឆ្នោត។

​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា សំដី​របស់ លោក ហ៊ុន សែន ស្មើនឹង​ការប្រើប្រាស់​ថវិកា សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បន្ត​ថា រដ្ឋសភា និង​គ.ជ.ប​មាន​តួនាទី ចាត់ការ​លើ​ករណីនេះ៖ « . . ប​ដោយ​ផ្អែក​ទី​១ គឺ​មាន​ឯកសារ​ជា​គោល​ខាង​អាស៊ីសេរី​លើកឡើង​មិន​ខុស​ទេ បើសិន​មាន​បណ្ដឹង​អី នឹង​ធ្វើ​ការពិចារណា តែ​នេះ​គ្រាន់តែ​ជា​សំឡេង​ភាគី​ម្ខាង អ៊ីចឹង​អត់​មាន​ហេតុផល​ណា​គ​ .​ ជ​ .​ ប យក​បញ្ហា​ហ្នឹង​មក​ផ្ទៀងផ្ទាត់​ទេ ហើយ​គ​ .​ ជ​ .​ ប​ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ភាសា ឬ​សំដី​របស់​អ្នក​នយោបាយ​ដែរ​បាទ»។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ប្រសិនបើ​មាន​បណ្ដឹង​ពី​អាជ្ញាធរ​ដែនដី និង​តំណាង​គណបក្ស​នយោបាយ គ​.​ជ​.​ប នឹង​ធ្វើ​ការ​ពិចារណា ពិនិត្យ​លើ​ករណី​នេះ។

​លោក​ថា គ.ជ.ប នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​បទបញ្ជា និង​នីតិវិធី​ក្នុង​អំឡុង​ពេល​ឃោសនា រក​សំឡេង​ឆ្នោត៖ «ក្នុង​​នាម​រដ្ឋាភិបាល គឺ​ក្នុងនាម​អព្យាក្រឹតភាព​ដែល​មិន​អាច​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​មក​ប្រើប្រាស់​សម្រាប់​វេទិកា ឃោសនា​បម្រើ​ឲ្យ​គណបក្ស​របស់​ខ្លួនឯង គឺ​ខុស​ហើយ ទៅ​ជា​ការ​រំលោភ​ហើយ​រំលោភ​ម៉េច​គឺ​រំលោភ​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ហើយ»។

លោក អ៊ូ ច័ន្ទរ័ត្ន រិះគន់​ជំហរ​របស់​គ.ជ.ប​ថា ថ្នាក់​ដឹកនាំ​ស្ថាប័ន​បោះឆ្នោត​មួយ​នេះ​មាន​និន្នាការ​លំអៀង​ទៅ​រក​គណបក្ស​កាន់អំណាច ព្រោះ​មន្ត្រី​ដឹកនាំ​គ​.ជ.ប​ត្រូវ​បាន​គណបក្ស​កាន់អំណាច​តែងតាំង​ដឹកនាំ​ការងារ​ក្នុង​ស្ថាប័ន​មួយ​នេះ។

ការឃោសនា​រក​សំឡេង​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ថ្ងៃទី​៥ ខែ​មិថុនា ខាងមុខ មាន​រយៈពេល​១៤​ថ្ងៃ​។ គ.ជ.ប អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ អាច​ធ្វើ​សកម្មភាព​ឃោសនា​ចាប់ពី​ថ្ងៃទី​២១ ខែ​ឧសភា ដល់​ថ្ងៃទី​៣ ខែ​មិថុនា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។