នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​រំលែក​ទុក្ខ​ការ​សោយទិវង្គត​របស់​ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី២

នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា បាន​ទៅ​ចូលរួម​រំលែកទុក្ខ​នៃ​ការ​យាងសោយ​ទិវង្គត​​របស់​ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី២ របស់​ចក្រភពអង់គ្លេស នៅ​ឯ​ស្ថានទូត​អង់គ្លេស ប្រចាំ​នៅ​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន បានសរសេរ​រៀបរាប់​ក្នុង​សៀវភៅ​រំលែក​ទុក្ខ​ថា លោក​ក្រៀមក្រំ​យ៉ាង​ខ្លាំង នៅពេល​ទទួល​ដំណឹង​ថា មហាក្សត្រិយានី អេលីហ្សាប៊ែត ទី២ បាន​យាងសោយទិវង្គត​។ លោក​ថា ការ​បាត់បង់ ​មហាក្សត្រិយានី អេលីហ្សាប៊ែត ទី២ នេះ​ថា មិនមែន​សម្រាប់​តែ​ប្រទេស​អង់គ្លេស​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បាត់បង់ របស់​ពិភពលោក​ទាំង​មូល​ផង​ដែរ។

ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី២ បាន​យាង​សោយទិវង្គត កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ២០២២ ក្នុង​ព្រះជន្ម ៩៦ ព្រះវស្សា ក្នុងព្រះរាជដំណាក់ បលម៉ូវ៉ល (Balmoral) របស់​គ្រួសារ​រាជវង្ស នៅ​ប្រទេស​ស្កុតឡែនដ៍ របស់​ចក្រភព​អង់គ្លេស។ ទ្រង់​ជា​ក្សត្រ ដែល​សោយរាជ្យ​បាន​ជាង ៧០ឆ្នាំ គឺ​យូរ​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស។

ពិធី​បុណ្យ​ព្រះ​សព​របស់​ព្រះមហាក្សត្រិយានី Elizabeth II នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ ទី១៩ ខែកញ្ញា នៅ​ឯ​ព្រះវិហារ Westminster Abbey ក្នុង​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។