លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសធ្វើយុទ្ធនាការចុះជួបសួរសុខទុក្ខក្រុមកម្មកររោងចក្រនៅទូទាំងប្រទេស ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាន់តែកៀកមកដល់។ អ្នកវិភាគនិងសហជីពយល់ឃើញថា ការចុះជួបកម្មករនេះ គឺលោក ហ៊ុន សែន មិនមែនចង់ដឹងពីសុខទុក្ខពិតប្រាកដរបស់កម្មករឡើយ ប៉ុន្តែគ្រាន់តែចង់ស្វែងរកការគាំទ្រប៉ុណ្ណោះ។
វាហាក់ក្លាយជាវប្បធម៌ច្រំដែលទៅហើយរបស់លោក ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោក ដែលតែងបង្ហាញសកម្មភាពចុះជួបពលរដ្ឋឬក្រុមកម្មករនៅមុនរដូវកាលបោះឆ្នោត ខណៈអ្នកវិភាគចាត់ទុកថា វាគ្រាន់តែជាឈុតឆាកសម្ដែងមួយ ហើយមិនអាចបោកប្រាស់ពលរដ្ឋទូទៅបាននោះទេ។
អ្នកវិភាគនយោបាយលោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ឧសភាថា លោក ហ៊ុន សែន មិនហ៊ានជួបក្រុមកម្មករទូទៅ និងបើកឱ្យមានការសួរដេញដោល ជុំវិញបញ្ហានានា ដែលកំពុងកើតឡើងលើក្រុមកម្មករ ដូចជា ការបាត់បង់ ឬព្យួរការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប បញ្ហារបស់កម្មករនិងពលរដ្ឋគ្មានលទ្ធភាពបំណុលធនាគារ ឬអ្នកខ្លះទៀត ត្រូវបានក្រុមហ៊ុន ឬបក្ខពួករបស់លោក ហ៊ុន សែន រំលោភយកដីធ្លី និងផ្ទះសម្បែងឡើយ។ លោកបន្តថា លោក ហ៊ុន សែន មិនមែនជួបសួរសុខទុក្ខ ដើម្បីយល់ពីតម្រូវការជាក់ស្ដែងរបស់ក្រុមកម្មករនោះទេ ផ្ទុយទៅវិញ លោកគ្រាន់តែជួបក្រុមកម្មករ ដែលគេបានរៀបចំមិនឱ្យមានប្រតិកម្មសួរដេញដោល ជុំវិញការបាត់បង់ការអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក និងការកាត់ EBA ២០% ពីសហភាពអឺរ៉ុបជាដើម។ លោក គឹម សុខ ហៅសកម្មភាពលោក ហ៊ុន សែន បែបនេះ ជានយោបាយប្រជាភិថុតិ។
លោកថា៖«គាត់គ្រាន់តែជួបកម្មករកម្មការិនី ក្នុងសេនារីយោ នៃក្រុមសហជីពរបស់គណបក្សប្រជាជនកម្ពុជា គឺគេរៀបក្រុមមនុស្សឱ្យទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយវិញទៀត ក៏អាចដាក់បញ្ចូលនូវក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក របស់លោក ហ៊ុន ម៉ានី ឱ្យឃើញវត្តមានច្រើន នៅក្នុងជំនួបនោះដែរ មិនសុទ្ធតែកម្មករកម្មការិនីទេ។ ដូច្នេះ!វិធីបែបហ្នឹង មិនទាក់ទាញបានការចាប់អារម្មណ៍ ឬការគាំទ្រពីក្រុមកម្មករកម្មការិនីឡើយ វាគ្រាន់តែជាឆាកសម្ដែងរបស់លោក ហ៊ុន សែន យកទៅផ្សាយតាមកញ្ចក់ទូរទស្សន៍របស់ពួកគាត់តែប៉ុណ្ណោះ»។
ការលើកឡើងពីអ្នកវិភាគរូបនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសនៅពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ឧសភាថា នៅក្នុងរយៈពេលពេញមួយខែខាងមុននេះ លោកត្រូវមមាញឹកខ្លាំង និងមានកម្មវិធីថ្លែងសារស្ទើរជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ថា ក្នុងរយៈពេលមួយខែខាងមុខនេះ លោកត្រូវចុះជួបកម្មករ ១៨លើក ដោយក្នុងមួយលើក ត្រូវជួបកម្មករចាប់ពី១ម៉ឺន៥ពាន់នាក់ឡើយ។ លោកបន្ថែមថា ចំណែកកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក៏លោកចាត់ឱ្យធ្វើជាតំណាងឱ្យលោក ដើម្បីចុះជួបពលរដ្ឋនៅតាមទីវត្តអារាម ក្នុងពេលលោកមមាញឹកនេះ។ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យមានការរៀបចំក្រុមអ្នកផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចុះទៅផ្សាយផ្ទាល់ពីកន្លែងដែលលោកជួបជុំក្រុមកម្មករទាំងនោះ។
លោកថា៖«នៅសល់ ១៨លើក ក្នុងមួយលើក មិនតិចជាង ១ម៉ឺន ៥ពាន់នាក់ទេ ហើយគ្រាន់តែថ្ងៃសុក្រ ថ្ងៃសៅរ៍ អាហ្នឹងទៅតំបន់សេដ្ឋកិច្ចពិសេស ដោយសារយើងជួបអត់អស់ យើងជួបពីរលើក មួយលើក ១ម៉ឺន ៩ពាន់នាក់ មួយលើក ១ម៉ឺន ៩ពាន់នាក់ ដើរជួបសូរសុខទុក្ខកម្មករ ទាន់ឱកាសកូវីដរៀងធ្លាក់ចុះ»។
តែទោះជាយ៉ាងណាក៏ដោយ ហ៊ុន សែន ប្រកាសថា ការចុះជួបកម្មករនៅពេលខាងមុខនេះ ដើម្បីចង់ដឹងពីសុខទុក្ខរបស់ក្រុមកម្មករក្ដី ប៉ុន្តែកន្លងទៅ លោកមិនដែលអនុញ្ញាតបើកឱ្យក្រុមកម្មករសួរដេញដោល និងលើកឡើងពីសុខទុក្ខរបស់ពួកគាត់ឡើយ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន និយាយតែម្នាក់ឯងអួតពីនយោបាយរបស់លោក រឿងគ្រួសារនិងកូនចៅរបស់លោក និងពេលខ្លះ ប្រើប្រាស់ពាក្យអសុរោះជេរប្រមាថអ្នកដទៃ នៅមុខក្រុមកម្មករនិងក្រុមនិស្សិតទៅវិញ។
លោក គឹម សុខ លើកឡើងទៀតថា ការចុះជួបសួរសុខទុក្ខកម្មករទាំងនោះ គឺលោក ហ៊ុន សែន គ្រាន់តែចង់បង្កើតឈុតឆាកឃោសនានយោបាយតាមកញ្ចក់ទូរទស្សន៍ បន្លំភ្នែកពលរដ្ឋថា លោកទទួលបានការគាំទ្រច្រើនពីក្រុមកម្មករ និងចង់បញ្ជូនសារទៅសហគមន៍អន្តរជាតិថា បើទោះបីជារដ្ឋាភិបាលរបស់លោកកំពុងប្រឈមនឹងវិបត្តិដោយសារការគាបសង្កត់ពីបរទេសក្ដី ក៏ប៉ុន្តែលោកនៅតែមានការគាំទ្រពីក្រុមកម្មករ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរូបនេះបន្តថា វប្បធម៌សម្ដែងល្ខោនដដែលៗ របស់លោក ហ៊ុន សែន នេះ មិនអាចបោកបញ្ឆោតពលរដ្ឋទូទៅបានឡើយ ពីព្រោះនៅពេលនេះ កម្មករនៅទូទាំងប្រទេស ដែលបាត់បង់ការងារធ្វើ មានជីវភាពដុនដាប ប្រឈមបញ្ហាដាច់ស្បៀង ដែលបញ្ហាទាំងនេះ បង្កឡើងពីការដឹកនាំរបស់លោក ហ៊ុន សែន។
ចំណែកប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញដែរថា ការចុះជួបក្រុមកម្មករនៅមុនការបោះឆ្នោតរបស់លោក ហ៊ុន សែន ជាសកម្មភាពមួយដើម្បីទាក់ទាញឱ្យមានការគាំទ្រ ហើយក៏អាចដោះស្រាយបញ្ហាឱ្យកម្មករបានខ្លះដែរ។
លោក អាត់ ធន់៖«ខ្ញុំគិតថា ដើម្បីឱ្យមានប្រយោជន៍តែម្ដង ទី១ គាត់ត្រូវប្រមូលបញ្ហារួម ពីកម្មករ ពីសហជីព និងពីអ្នកពាក់ព័ន្ធ ដែលបញ្ហាទាំងនោះ មិនមែនប្រមូលពីមន្ត្រី ឬពីនិយោជក ឬអ្នកដែលធ្លាប់ផ្ដល់ឱ្យគាត់នោះទេ។ មានន័យថា ប្រមូលតាំងពីសហជីពឯករាជ្យ តាំងពីកម្មកររងគ្រោះពិតប្រាកដ ហើយយកទៅពិនិត្យមើល»។
នៅដើមឆ្នាំ២០២៣ មានរោងចក្រប្រហែល១៤០ ខ្លះបិទទ្វារ ព្យួរការងារកម្មករ និងកាត់បន្ថយបុគ្គលិក និងបានធ្វើឱ្យប៉ះពាល់កម្មករជាង៣ម៉ឺននាក់ ខណៈរដ្ឋាភិបាលថា បណ្ដាលមកពីការធ្លាក់ចុះការបញ្ជាទិញដោយសារសង្គ្រាមនៅអ៊ុយក្រែនទៅវិញ។ ប៉ុន្តែអ្នកវិភាគថា បណ្ដាលមកពីការបាត់បង់ការអនុគ្រោះពន្ធពីអាមេរិកនិងសហភាពអឺរ៉ុប ដោយសារការដឹកនាំរបស់លោក ហ៊ុន សែន បំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន គួរតែបង្កើតកម្មវិធីជួបជុំបែបសមាជជាតិ ដូចនៅជំនាន់សង្គមរាស្ត្រនិយម ដែលអតីតព្រះមហាក្សត្របើកឱ្យប្រជាពលរដ្ឋចូលរួម ហើយបញ្ចេញមតិយោបល់ សួរសំនួរ និងលើកពីបញ្ហាថ្វាយអតីតព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គដោះស្រាយជូន។ រីឯករណីលោក ហ៊ុន សែន នេះ ក៏គួរធ្វើដូចគ្នាដែរ បើកទូលាយឱ្យចូលរួម និងសួរដេញដោល ជុំវិញបញ្ហាដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ន ដូចជាបញ្ហាដែលកម្ពុជាកំពុងប្រឈមបាត់បង់ការអនុគ្រោះពន្ធ EBA បន្ថែម ឬមូលហេតុដែលមិនអាចទទួលបានការអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិកមកវិញ។ ជាពិសេសលោក ហ៊ុន សែន ត្រូវស្ដាប់សំឡេងក្រុមកម្មករ ដើម្បីបើកឱ្យមានសេរីភាពសហជីព សេរីភាពការងារនិងការតវ៉ា និងការស្ដារលទ្ធិប្រជាធិបតេយ្យ ទើបអាចស្វែងរកផលប្រយោជន៍ដល់កម្មករ និងកសិករបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។