លោក ហ៊ុន សែន បន្តប្រកាសថា នឹងការពារមិនឱ្យមានរដ្ឋប្រហារ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចំរើន
2023.01.26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីជិត៣ទសវត្សមុន បន្តប្រកាសថា លោកនឹងការពារដាច់ខាតមិនឱ្យមានរដ្ឋប្រហារណាមួយកើតឡើងនៅកម្ពុជាឡើយ ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនជានិរន្តទៅមុខ។ មន្ត្រីគណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នេះថា ជាសារប្រជាភិថុតិ ដើម្បីកេងចំណេញផ្នែកនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឡើងកាន់អំណាចជិត៤០ឆ្នាំ តាមរយៈការធ្វើរដ្ឋប្រហារយោធា ឆ្នាំ១៩៩៧ និងការបង្ក្រាបលើគណបក្សប្រឆាំងជាបន្តបន្ទាប់នោះ ប្រកាសដាច់ណាត់មិនឲ្យមានអំពើរដ្ឋប្រហារកើតឡើងក្នុងពេលលោកកាន់អំណាចនោះ ដើម្បីទុកពេលកសាងប្រទេសជាតិឲ្យរីកចម្រើន។
លោក ហ៊ុន សែន រំលឹកប្រវត្តិសាស្ត្រថា បើមិនមានសង្គ្រាមផ្ដើមដោយរដ្ឋប្រហារកាលពីឆ្នាំ១៩៧០ទេនោះ កម្ពុជានឹងរីកចំរើនខ្លាំងជាងសព្វថ្ងៃ។ លោកថា យុវជនជំនាន់មុនរដ្ឋប្រហារឆ្នាំ១៩៧០នោះទាញយកផលប្រយោជន៍ច្រើនពីសន្តិភាព ដែលកើតចេញពីការដឹកនាំរបស់សម្ដេច នរោត្តម សីហនុ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ដោយសារលោក លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ទើបធ្វើឱ្យប្រទេសត្រូវបានបំផ្លាញដល់ឫសគល់។ លោក ហ៊ុន សែន ថា នេះជាកំហុសខាងនយោបាយ ដូច្នោះលោកនឹងការពារដាច់ខាតមិនឱ្យមានកំហុសបែបនេះកើតមាននៅកម្ពុជាទៀតឡើយ។
លោក ហ៊ុន សែន៖ «អីចឹងកំហុសខាងនយោបាយមួយនេះធ្វើឱ្យប្រទេសដើរថយក្រោយ ក្នុងដែលប្រទេសដទៃដើរទៅមុខយើងដើរថយក្រោយទៅវិញទេ ។ អ៊ីចឹងកំហុសខាងនយោបាយនេះគឺត្រូវតែ ជៀសវាង ដែលយើងតែងតែនិយាយថា ខិតខំរក្សាសន្តិភាពដែលយើងរកបានដោយលំបាកនេះឱ្យខានតែបាន ទោះដោយតម្លៃណាក៏ដោយត្រូវការសន្តិភាពឱ្យបានសិន»។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យមួយ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា(OCIC)រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ មករា។
ទោះជាយ៉ាងណាការលើករបស់លោក ហ៊ុន សែន នេះ ត្រូវបានមន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយរិះគន់ថា នេះជាសារនយោបាយប្រជាភិថុតិនៅមុនរដូវកាលបោះឆ្នោត។
ក្រុមការងារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ម៉េង សុធារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ៊ុន សែន គ្មានបំណងដឹកនាំប្រទេសឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្ដីសុខនោះទេ ពីព្រោះលោកបានបំផ្លាញប្រជាធិបតេយ្យតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានប្រជាពលរដ្ឋគាំទ្រប្រដំប្រសងជាមួយគណបក្សកាន់អំណាចចោល កាលពីឆ្នាំ២០១៧។ លោកថា ការដែលលោក ហ៊ុន សែន ធ្វើបែបនេះដើម្បីរក្សាអំណាចរបស់ខ្លួនបន្តទៅមុខទៀត។
លោក ម៉េង សុធារ៉ា៖ «អីចឹងពីដើមឡើយគាត់បោកដោយសារអត់មានវិទ្យុទូរទស្សន៍អីមានតិចណាស់ អ៊ីចឹងគាត់គ្រប់គ្រងបាន។ ដោយសារមានប្រព័ន្ធហ្វេសប៊ុកទៅ យូធូបទៅ ជាពិសេសគឺវិទ្យុអាស៊ីសេរីទៅបានផ្សព្វផ្សាយអំពីចំណុចអវិជ្ជមាន គេហៅថា គំនិតអាក្រក់របស់គាត់ ដើម្បីធ្វើឱ្យជាតិបាក់បែកខ្ទេចខ្ទីអស់ហ្នឹងហើយ ដែលបានឱ្យលោក ហ៊ុន សែន ឃើញនូវទង្វើអាក្រក់។ ហើយបានគាត់អស់ប្រជាប្រិយភាព បានគាត់ប្រើរូបភាពគំរាមកំហែង ដើម្បីប្លន់យកអំណាចរបស់គេហ្នឹងបាទ»។
អ្វីដែលលោក ហ៊ុន សែន លើកឡើងនៅពេលនេះ ហាក់ផ្ទុយស្រលះនឹងសកម្មភាពរបស់លោកកន្លងមក។ អំឡុងពេលលោក ហ៊ុន សែន ឡើងកាន់អំណាចអស់រយៈពេលប្រមាណ ៤០ឆ្នាំមកនេះ លោកបានធ្វើសកម្មភាពជាច្រើន ដែលអ្នកឃ្លាំមើល ចាត់ទុកថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងមិនទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ព្រមទាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣។ ជាងនេះទៅទៀត លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ពីតំណែងនាយករដ្ឋមន្ត្រីទី១ កាលពីឆ្នាំ១៩៩៧ ចុងក្រោយនេះ តុលាការដែលក្រោមការដឹកនាំរបស់លោកបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ នៅកម្ពុជាចោលកាលពីឆ្នាំ២០១៧ ពោលគឺ១ឆ្នាំនៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ដែលមជ្ឈដ្ឋានទូទៅ មើលឃើញថា ដោយសារលោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោត តាមបែបប្រជាធិបតេយ្យ។ លើសពីនេះ អ្នកឃ្លាំមើល ចាត់ទុកថា ការប្រកាសរបស់លោក ហ៊ុន សែន ប្រឆាំងរដ្ឋប្រហារនៅពេលនេះ គ្រាន់តែជាលេស ដើម្បីបង្ក្រាបនិងកម្ទេចក្រុមអ្នកប្រជាធិបតេយ្យ ព្រមទាំងជាការព្រមានផ្ទៃក្នុងរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ។
ជុំវិញវិញរឿងនេះអ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា សកម្មភាពរបស់លោក ហ៊ុន សែន ទាំងអស់នោះជាការធ្វើប្រហារដើម្បីបានក្ដោបក្ដាប់អំណាចបន្តទៅមុខទៀត។ លោកបន្ថែមថា ការដែលលោក ហ៊ុន សែន លើកឡើងនៅពេលនេះ ដើម្បីបិទបាំងសកម្មភាពរដ្ឋប្រហាររបស់ខ្លួនកន្លងមក និងទី២ទំនងដោយសារលោក ហ៊ុន សែន ព្រួយបារម្ភពីការផ្ទេរអំណាចរបស់លោកទៅឱ្យកូនប្រុសច្បង គឺ លោក ហ៊ុន ម៉ាណែត ដែលបង្កើតជាកំហឹងធំពេកនៅក្នុងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។
លោក គឹម សុខ៖ «ហើយរឿងទាំងអស់ហ្នឹងហើយដែលបង្កើតទៅជាវិបត្តិក្នុងសង្គមយើង។ វិបត្តិដែលមានអរិភាពក្នុងជម្លោះក្នុងសង្គមដ៏ធំផង កើតនូវរឿងអយុត្តិធម៌នៅពេញប្រទេសកម្ពុជា។ ហើយវិបត្តិធំបំផុតគឺអរិភាពការទូតជាមួយបណ្ដាប្រទេសសេរីប្រជាធិបតេយ្យ ដែលគេបិទជំនួយ ជំនួយមនុស្សធម៌ ជំនួយសេដ្ឋកិច្ចពាណិជ្ជកម្ម ដូចដែលយើងឃើញក្នុងពេលបច្ចុប្បន្ន។ ហើយប្រជាពលរដ្ឋកាន់តែច្រើនហើយយ៉ាងតិចជាង២លាននាក់ចំណាកស្រុក ពីព្រោះតែស្ថានភាពអត់មានការអភិវឌ្ឍន៍»។
អ្នកវិភាគរូបនេះបន្តថា ដើម្បីប្រទេសមានប្រជាធិបតេយ្យ និងមានការអភិវឌ្ឍរីកចំរើនដែលប្រជាពលរដ្ឋរស់នៅមានសេចក្ដីសុខ មានតែរដ្ឋាភិបាលត្រូវបង្កើតឱ្យមានការប្រកួតប្រជែងការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដែលអាចទទួលយកបានគ្រប់គណបក្សនយោបាយ ពោលគឺអ្នកចាញ់ៗដោយអស់ចិត្ត និងអ្នកឈ្នះឈ្នះដោយយុត្តិធម៌។ លើសពីនេះ សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ទង្វើរបស់លោក ហ៊ុន សែន ដែលបំផ្លាញប្រជាធិបតេយ្យតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិកន្លងមក បានធ្វើឲ្យប្រទេសកម្ពុជា ដើរថយក្រោយ ដោយសារសម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចពីក្រុមប្រទេសប្រជាធិបតេយ្យធំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។