រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​អះអាង​ថា ការ​ឃុំខ្លួន​លោក កឹម សុខា គឺ​ស្រប​តាម​ច្បាប់

រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​អះអាង​ថា ការ​ឃុំខ្លួន​លោក កឹម សុខា គឺ​ស្របតាម​ច្បាប់។ លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​របស់​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ​ឧសភា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញអង្គ​នេះ បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា សាលក្រម​កាត់ក្តី​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺ​អនុវត្ត​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ដែល​ជា​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ។

ចំណែក​រឿង​ទាក់​នឹង​គណបក្ស​ភ្លើងទៀន​វិញ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការដែល​គ​.​ជ​.​ប​មិន​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​សម្រាប់​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាងមុខនេះ គឺ​មក​ពី​ទង្វើ​ល្ងង់ខ្លៅ និង​ជា​ការ​គ្មាន​ការទទួលខុសត្រូវ​របស់​មេ​ដឹកនាំ​របស់​គណបក្ស​នេះ និង​ជា​ផែនការ​បង្កប់​នូវ​ចេតនា​ទុច្ចរិត​បង្កើត​ឧបសគ្គ​រារាំង​ដល់​ការបោះឆ្នោត ហើយ​ទម្លាក់កំហុស​មក​លើ​រដ្ឋាភិបាល ដោយ​ព្យាយាម​បង្កើត​ចលាចល និង​អស្ថិរភាព​ក្នុង​សង្គម ជាពិសេស​ក្នុង​ខណៈ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នេះ។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល បាន​ប្រតិកម្ម​កាល​ពេល​ថ្មី​នេះ​ថា លោក​សោកស្ដាយ​ចំពោះ​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន បែប​នេះ។

ប្រធាន​គណបក្ស​ភ្លើងទៀន​រូប​នេះ រំលឹក​ថា ឯកសារ​ដើម​របស់​គណបក្ស​ភ្លើងទៀន ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​សម្រុក​មក​ប្រមូល​យក​ទៅ​អស់​ហើយ ក្នុង​អំឡុងពេល​សមត្ថ​កិច្ច​ចុះ​ឆ្មក់​ប្រមូល​ឯកសារ​នានា របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​គណបក្ស​នេះ កាលពី​ឆ្នាំ​២០១៩។

លោក​បន្ត​ថា នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​ប្រមូល​ទាំង​ឯកសារ​ពាក់ព័ន្ធ​របស់​គណបក្ស​ភ្លើងទៀន ហើយ​បើទោះបីជា​គណបក្ស​ភ្លើងទៀន ប្ដឹង​ទៅ​តុលាការ​ទាមទារ​យក​ឯក​សារ​ទាំងនោះ​មកវិញ ប៉ុន្តែ​តុលាការ​គ្រប់​ជាន់ថ្នាក់​មិន​ព្រម​ប្រគល់​មក​ឱ្យ​គណបក្ស​ភ្លើងទៀន​វិញ​ទេ។

ចំណែក​បណ្ដា​ស្ថានទូត​ប្រទេស​មហាអំណាច ដូចជា​ស្ថានទូត​សហរដ្ឋអាមេរិក បារាំង និង​សហភាព​អឺរ៉ុប រួម​ទាំង​អង្គការ​អន្តរជាតិ​មួយចំនួន​ទៀត បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​ចាត់ទុក​ករណីនេះ ថា​ជា​ការ​រឹតត្បិត​ការប្រកួតប្រជែង​ផ្នែក​នយោបាយ និង​ចាត់ទុក​សកម្មភាព​បែប​នេះ គឺជា​ការ​ដកហូត​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​បន្ថែម​ទៀត ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។