លោក ហ៊ុន សែន យកវេទិកាជាតិទៅឃោសនារកសំឡេងឆ្នោតឱ្យគណបក្សកាន់អំណាច
2022.10.23

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សរបស់លោក និងអះអាងថាលោកមានសិទ្ធិអំពាវនាវរកសំឡេងឆ្នោតជូនគណបក្សប្រជាជនមុនរដូវកាលបោះឆ្នោតដោយមិនខុសច្បាប់នោះទេ។ ប៉ុន្តែគណបក្សក្រៅរដ្ឋាភិបាល អ្នកជំនាញបោះឆ្នោតចាត់ទុក សកម្មភាពរបស់លោក ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តី យកវេទិកា និងធនធានជាតិទៅឃោសនា ដើម្បីកេងចំណេញផលប្រយោជន៍បក្សកាន់អំណាច គឺជាទង្វើបំពានច្បាប់ និងគោលការណ៍បោះឆ្នោតដោយយុត្តិធម៌ និងស្មើភាពគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែតុលា ចុះចែកអំណោយជាថវិកា ស្រូវពូជ និងស្បៀងមួយចំនួនជូនប្រជាពលរដ្ឋជាង៥ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់កន្លងទៅ។ ថ្លែងក្នុងវេទិកា រដ្ឋនោះ លោក ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តីអង្គុយលើបាវអង្ករត្រួត គ្នាបានលើកឡើងពីគុណសម្បត្តិ និងស្នាដៃរបស់គណបក្សកាន់អំណាចក្រោមការដឹកនាំរបស់លោក។ ឆ្លៀតបិទកម្មវិធីលោកបានអំពាវនាវដល់ពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ។ លោក ហ៊ុន សែន អះអាងថាសារអំពាវនាវរកសំឡេងឆ្នោតមុនរដូវការបោះឆ្នោតរបស់លោកមិនបំពានច្បាប់បោះឆ្នោតនោះទេ ពីព្រោះគណបក្សនយោបាយផ្សេងក៏ចេញឃោសនារកសំឡេងឆ្នោតដូចលោកដែរ៖
«ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បើសិនបងប្អូនទុកចិត្តលើគណបក្សប្រជាជន សូមបោះឆ្នោតឱ្យគណបក្សប្រជាជនបន្ត ហើយខ្ញុំនឹងនៅជាមួយបងប្អូនជារៀងរហូត។ គេមុខតែថាខ្ញុំឃោសនាបោះឆ្នោតមុនកាលកំណត់ហើយ ប៉ុន្តែខ្ញុំមានសិទ្ធិនិយាយ ព្រោះអ្នកឯងក៏និយាយដែរ គ្រាន់តែអ្នកឯងសំឡេងតិចជាង ខ្ញុំមានទូរស្សន៍ផ្សាយផ្ទាល់ ហើយលោកឯងមានហ្វេសប៊ុកលោកឯងនិយាយតើ អ៊ីចឹងខ្ញុំនិយាយទៅ វាមិនបំពានច្បាប់បោះឆ្នោតទេ ព្រោះមិនទាន់ដល់ថ្ងៃបោះឆ្នោត ហើយពេលបោះឆ្នោតយកអាហ្នឹងមកចែកក៏ខុសដែរ»។
ការឃោសនាស្វែងរកសំឡេងឆ្នោតខុសរដូវកាល និងបំពានគោលការណ៍បោះឆ្នោតពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមែនជាលើកទីមួយនោះទេ។ លោក ហ៊ុន សែន តែងតែយកជំនួបចែកអំណោយជាស្បៀង និងថវិកាជាតិ រួចហើយលោកអំពាវនាវឲ្យពលរដ្ឋ ឬកម្មករដែលបានអំណោយទាំងនោះ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យលោកអាចបន្ត អំណាចបានយូរតទៅទៀត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ បច្ចុប្បន្ន គ.ជ.ប កំពុងដំណើរការនីតិវិធីឱ្យពលរដ្ឋពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ដើម្បីបកស្រាយជុំវិញរឿងបានទេនៅថ្ងៃទី២៣ ខែតុលា។
ជុំវិញរឿងនេះ ប្រធានគណបក្សឆន្ទៈខ្មែរ ដែលសម្រេចចូលរួមជាមួយគណបក្សភ្លើងទៀនជាបក្សតែមួយសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ លោក គង់ មុនីកា ឱ្យដឹងថាការប្រកួតប្រជែងការបោះឆ្នោតរវាងបក្សនយោបាយក្រៅរដ្ឋាភិបាល និងបក្សកាន់អំណាចកន្លងមកពុំស្មើភាពគ្នានោះទេ។ លោកថាលោក ហ៊ុន សែន និងមន្រ្តីរដ្ឋាភិបាលមួយចំនួនគួរបែងចែងតួនាទីសម្រាប់សកម្មភាពនយោបាយ និងតួនាទីដឹកនាំរដ្ឋដែលតំណាងឱ្យពលរដ្ឋគ្រប់និន្នាការឱ្យបានច្បាស់លាស់ ពីព្រោះសកម្មភាពកន្លងមករំលោភបំពានច្បាប់ធ្វើឱ្យស្ថានភាពនីតិរដ្ឋនៅកម្ពុជាដើរថយក្រោយ ហើយមិនមែនជាគម្រូល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយឡើយ៖
«ខ្ញុំចង់ឃើញការអនុវត្តច្បាប់ និងបើកលំហរប្រជាធិបតេយ្យនៅកម្ពុជាមានភាពល្អប្រសើរ មានសមភាព ភាពត្រឹមត្រូវជាងសព្វថ្ងៃ ហើយសូមឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវទោទន់ ឬផ្តេកផ្តួលតាមអំណាចនៃគណបក្សនយោបាយណាមួយទេ គឺត្រូវអនុត្តឱ្យបានត្រឹមត្រូវនិងស្មើភាពគ្នា»។
លោក គង់ មុនីកា បញ្ជាក់ថាកន្លងមកសកម្មរបស់គណបក្សក្រៅរដ្ឋាភិបាលបានអនុវត្តតាមច្បាប់ត្រឹមត្រូវ ដោយសកម្មភាពឃោសនារកសំឡេង និងចុះការពង្រឹងនៅតាមមូលដ្ឋាន គឺប្រើប្រាស់ថវិកា និងធម្យោបាយរបស់គណបក្ស ដោយមិនបានប្រើប្រាស់ថវិកា ឬធនធានរដ្ឋណាមួយខុសពីច្បាប់កំណត់នោះទេ។
ចំណែក មន្រ្តីជាន់ខ្ពស់ផ្នែកសង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថាការយកតួនាទីជានាយករដ្ឋមន្រ្តីតំណាងឱ្យពលរដ្ឋទាំងមូលទៅឃោសនារកសំឡេងឆ្នោតដើម្បីប្រយោជន៍នយោបាយ គឺជាការបំពានតួនាទី និងប្រើប្រាស់ធនធានរដ្ឋមិនបានត្រឹមត្រូវដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ និងគោលការណ៍បោះឆ្នោតដោយស្មើភាព។ លោកមើលឃើញករណីនេះនឹងមិនអាចធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយយុត្តិធម៌បានទេ៖
«បើសិនមន្រ្តីរាជការ ឬអ្នកមានអំណាចនៅក្នុងតួនាទីរបស់រដ្ឋហើយប្រើប្រាស់របស់រដ្ឋសម្រាប់គណបក្សនយោបាយរបស់ខ្លួនឯង តើភាពអព្យាក្រឹត្យ ភាពត្រឹមត្រូវហ្នឹងកើតមានទេបាទ អ៊ីចឹងវាមិនអាចមានទេ ដោយសារភាពលម្អៀងក្នុងការចូលរួមហ្នឹងរួចស្រាចហើយ កុំថាឡើយការប្រើប្រាស់ធនធានរដ្ឋ សូម្បីការចូលរួម ការគាំទ្រមានក៏មានភាពមិនស្មើភាពគ្នារួចស្រាចហើយបាទ»។
រដ្ឋធម្មនុញ្ញមាត្រា ៣៥ ចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ ប៉ុន្តែ ច្បាប់បោះឆ្នោត បានហាមឃាត់ មិនឲ្យមន្ត្រីសាធារណៈ ដូចជានាយករដ្ឋមន្ត្រីជាដើម ប្រើប្រាស់តួនាទីរបស់រដ្ឋ ដើម្បីកេងចំណេញប្រយោជន៍បក្សរបស់ខ្លួននោះឡើយ។ មាត្រា ៨០ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានហាមប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។
ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិល និងគណបក្សនយោបាយនៅតែរកឃើញថា បក្សកាន់អំណាចរំលោភលើច្បាប់ទាក់ទងនឹងការប្រើប្រាស់ស្ថាប័ននិងធនធានរដ្ឋបម្រើប្រយោជន៍នយោបាយរបស់ខ្លួន ដែលរំលោភបំពានលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគេរកឃើញថា មន្ត្រីរាជការស៊ីវិលមួយចំនួនបានយកម៉ោងការងារ ឈ្មោះស្ថាប័ន និងធនធានរដ្ឋ ទៅបម្រើផលប្រយោជន៍គណបក្សកាន់អំណាចដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់ ដែលតម្រូវមន្ត្រីរាជការត្រូវមានអព្យាក្រិត្យភាពក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន ស្របតាមច្បាប់ និងនីតិវិធីសម្រាប់ការបោះឆ្នោត។ បើទោះជាសកម្មភាពឃោសនារកសំឡេងឆ្នោតដែលរំលោភអំណាច និងតួនាទីនៅតែបន្តកើតឡើង គ្មានស្ថាប័នណាមានសមត្ថកិច្ចចាត់វិធានការលើអ្នកប្រព្រឹត្តឱ្យអនុវត្តតាមច្បាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។