ប្រធានអាស៊ានប្តូរវេន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ស្នើឲ្យអាមេរិក និងអឺរ៉ុប ពិចារណាឡើងវិញ អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
លោក ហ៊ុន សែន លើកហេតុផលថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់ដល់រុស្ស៊ីតែមួយនោះទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមទាំងនៅអឺរ៉ុប និងទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
ការលើកឡើងបែបនេះ ខណៈលោកជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប៊ី្លងឃិន (Antony Blinken) និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា។

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែសីហា។ លោក ហ៊ុន សែន មិនបានឱ្យដឹងថា តើភាគីអាមេរិក និងសហភាពអឺរ៉ុបឆ្លើយតបយ៉ាងណាទៅនឹងសំណើរបស់លោកនេះទេ។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប៊ី្លងឃិន បានសរសេរនៅលើទំព័រទ្វីតធ័រ (Twitter) របស់លោកកាលពីដដែលនោះថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងធ្វើការរួមគ្នាដើម្បីគាំទ្រដល់ប្រជាជនអ៊ុយក្រែន ខណៈតម្រូវឱ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ រីឯ លោក ចូសិប បូររែល វិញ លោកសរសេរនៅលើទំព័រទ្វីតធ័ររបស់លោកថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្តធ្វើការរួមគ្នាដើម្បីឱ្យរុស្ស៊ីបញ្ឈប់អំពើវាយប្រហាររបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន។
ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានផ្សាយកាលពីថ្ងៃទី៤ ខែសីហា ថា ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប៊ី្លងឃិន បានជំរុញឱ្យលោក ហ៊ុន សែន បើកលំហសង្គមស៊ីវិល និងនយោបាយឡើងវិញនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខនេះ និងធ្វើឱ្យមានការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការធានាថា មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមដោយសេរី ក្នុងដំណើរការនយោបាយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងសកម្មជននយោបាយទាំងអស់រួមទាំង កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំងផងដែរ។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានស្នើលោក ហ៊ុន សែន ឱ្យបង្ហាញតម្លាភាពពេញលេញពាក់ព័ន្ធនឹងសកម្មភាពនានារបស់សាធារណរដ្ឋប្រជាមានិតចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។
លោកគូសព្រមានថា វត្តមានផ្ដាច់មុខណាមួយរបស់ចិននៅទីនោះ នឹងប្រឈមនឹងហានិភ័យធ្វើឱ្យខូចខាតដល់អធិបតេយ្យកម្ពុជា សន្តិសុខក្នុងតំបន់ និងការឯកភាពគ្នារបស់អាស៊ានទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។