លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន

0:00 / 0:00

អ្នក​ឃ្លាំមើល​នយោបាយ​ថា ទំនាក់ទំនង​រវាង​គណបក្ស​ភ្លើង​ទៀន ជាមួយ​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត មិនមែន​ជា​ទោស ដែល​ត្រូវ​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន​ទេ។ ការ​លើក​ឡើង​ដូច្នេះ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចំ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​ថា គណបក្ស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​ប្រឈម​ការ​រំលាយ​ចោល ដែល​លោក​មាន​ទាំង​ភស្តុតាង​ទៀត​ផង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ប្រើ​សារ​គំរាម​កំហែង​គណបក្ស​ភ្លើង​ទៀន ដែល​គេ​មើល​ឃើញ​ថា គណបក្ស​មួយ​មាន​កម្លាំង​គ្រប់គ្រាន់​អាច​គួរ​ប្រកួត​ប្រជែង ជាមួយ​គណបក្ស​កាន់​អំណាច។ ទោះ​យ៉ាង​ណា មន្ត្រី​ជាន់ខ្ពស់ គណបក្ស​ភ្លើង​ទៀន​ថា គណបក្ស​នេះ​គ្មាន​រចនាសម្ព័ន្ធ ឬ​ថ្នាក់​ដឹកនាំ​ជា​ទណ្ឌិត​ឡើយ។

សារ​នយោបាយ​លោក ហ៊ុន សែន មាន​ទាំង​ការ​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន​ផង និង​សារ​ខ្វះ​ទៀត​ហាក់​អង្វរ​ទៅ​មេ​ដឹកនាំ​គណបក្ស​នេះ ឱ្យ​ចេញ​មុខ​ថ្កោល​ទោស​លោក សម រង្ស៊ី រឿង​ប្រមាថ​ព្រះមហាក្សត្រ។ លោក ហ៊ុន សែន បាន​ហៅ​ឈ្មោះ​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន រួមមាន៖ លោក ទាវ វណ្ណុល លោក ថាច់ សេដ្ឋា និង​លោក សុន ឆ័យ ឱ្យ​បក​ស្រាយ​ករណី ដែល​លោក​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី និយាយ​ពី ព្រះមហាក្សត្រ កាល​ពី​ពេល​ថ្មី​នេះ​ថា ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ។

« តើ​ការ​និយាយ​របស់​អា​រង្ស៊ី ( លោក សម រង្ស៊ី ) ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ យើង​ចង់​បាន​ការ​បញ្ជាក់​គណបក្ស​ភ្លើង​ទៀន ឱ្យ​បាន​ច្បាស់​ថា តើ​ការ​ប្រមាថ​ព្រះមហាក្សត្រ និង​ចាត់​ទុក​ព្រះមហាក្សត្រ​គ្មាន​មនសិការ​ជាតិ សូម្បី​តែ​បន្តិច និង​ជា​ជន​ក្បត់​ជាតិ តើ​ត្រឹមត្រូវ​ឬ​ទេ សង្ឃឹម ឯកឧត្ដម មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ឯកឧត្ដម ទាវ វណ្ណុល ឯកឧត្ដម សុន ឆ័យ ឯកឧត្ដម ថាច់ សេដ្ឋា នឹង​ធ្វើ​ការ​បញ្ជាក់​ជូន​ជន​រួម​ជាតិ​ឱ្យ​បាន​ជ្រាប»

ចំពោះ​ការ​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន លោក ហ៊ុន សែន អះអាង​ទៀត​ថា លោក​ចាប់​សារ​សំឡេង​ការ​ជជែក​គ្នា​នៃ​កិច្ចប្រជុំ​គណបក្ស​ភ្លើង​ទៀន ជាមួយ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​បារាំង។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​នេះ ក៏​មាន​សារ​សំឡេង​របស់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង និយាយ​ជាមួយ​មន្ត្រី គណបក្ស​ភ្លើង​ទៀន​ម្នាក់ ទាក់ទង​ការ​ផ្ដល់​លុយ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​នេះ​នៅ​ខេត្តរតនគិរី។

« ហើយ​ខ្ញុំ​ដឹង​ថា មាន​ភ្នាក់ងារ​មួយ​បាន​បញ្ជូន​ខ្សែ​អាត់​នេះ​ជូន​ទៅ​អស់​លោក​នេះ​រួច​ហើយ រាប់ទាំង អេង ឆៃអ៊ាង ច្បាប់​ស្ដីទី​គណបក្ស​នយោបាយ គឺ​ចែង​មិន​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត​នោះ​ទេ ដូច្នេះ ចំណុច​នេះ​គ្រាន់តែ​ប្រាប់​អ្នក​ឯង​តម្រុយ​នៃ​ដំណាក់កាល​មួយ​កំពុង​ប្រឈម​សម្រាប់​អ្នក​ឯង​ហើយ​មាន​លទ្ធភាព ដែល​បក្ស​ខ្លះ​អាច​រលាយ​ក៏​អាច​ថា ប្រសិនបើ​គេ​ធ្វើ​សកម្មភាព​ស្រប​ជាមួយ​សកម្មភាព​ជាមួយ​ក្បត់»

លោក ហ៊ុន សែន ថ្លែង​បែប​នេះ គឺ​ក្នុង​ពិធី ផ្តល់ស្រូវពូជដល់ពលរដ្ឋជិត ៣ពាន់ ៥រយគ្រួសារ (៣.៤៦០) នៅ​ខេត្តកំពង់ឆ្នាំង ថ្ងៃ​ទី២៦ ខែតុលា។ លោក ហ៊ុន សែន ក៏​ជំរុញ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​គួរ​ឆាប់​ចាក​ចេញ​ពី​គណបក្ស​នេះ។ ទន្ទឹម​នឹង​ការ​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន លោក ហ៊ុន សែន ឆ្លៀត​ឡង់សេ​ឱ្យ​គណបក្ស​របស់​លោក​មុន​រដូវ​កាល​ឃោសនា​ដែរ​ថា បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្នា​បាន​សុខ។

សារ​ព្រមាន​ធ្ងន់ៗ របស់​លោក ហ៊ុន សែន បែបនេះ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ថ្កោលទោស​លោក សម រង្ស៊ី ថា បាន​ប្រមាថ​ព្រះមហាក្សត្រ។

ចំណែក​ក្រសួង​យុត្តិធម៌កាលពីថ្ងៃទី២៥ ខែតុលា បាន​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន​ប្រមាថ យ៉ាង​ធ្ងន់ធ្ងរ លើ​ព្រះចេស្ដា​ព្រះមហាក្សត្រ។ ទោះ​ពេល​នេះ លោក សម រង្ស៊ី ដែល​ត្រូវ​តុលាការ​នៃ​របប​លោក ហ៊ុន សែន កាត់ទោស​ឱ្យ​ពន្ធនាគារ​មួយ​ជីវិត និង​បំបិទ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិបញ្ជា បង្គាប់​ទៅ​តុលាការ​ក្រុងភ្នំពេញ​ឱ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់ និង​តឹងរ៉ឹង​បំផុត​លើ លោក សម រង្ស៊ី ក្នុង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​នេះ។

ជុំវិញ​សារ​ព្រមាន​របស់​លោក ហ៊ុន សែន លើ​គណបក្ស​ភ្លើង​ទៀន អនុប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​ដឹង​ថា គណបក្ស​ភ្លើង​ទៀន បាន​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់ ហើយ​គណបក្ស​នេះ​មាន​រចនាសម្ព័ន្ធ ថ្នាក់​ដឹកនាំ គឺ​សុទ្ធតែ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​មិន​មែន​ជា​ទណ្ឌិត។ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា គណបក្ស​ភ្លើង​ទៀន ក៏​គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បញ្ជាក់​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​ព្រះមហាក្សត្រ​ក្នុង​ពេល​ឆាប់ៗ នេះ៖

« យើង​ធ្វើ​ដោយ​ឯករាជ្យ​យើង​មាន​អធិបតេយ្យ​បក្ស​របស់​យើង​ពេញ​ដោយ​បរិបូរណ៍ យើង​មិន​ទទួល​បញ្ជា ឬ​ដោយសារ​អ្នក​ណា​បង្គាប់​បញ្ជា​ពី​ខាង​ណា មក​លើ​គណបក្ស​យើង​នោះ​ឡើយ មាន​ន័យ​ថា យើង​ធ្វើ​សកម្មភាព​ដោយ​ទទួល​ខុស​ត្រូវ​ដោយ​ឯករាជ្យ​ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​ស្រប​តាម​លក្ខន្តិកៈ​ដែល​មាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ»

ចំណែក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ពេល​នេះ​ហាក់​ដូច​ជា​បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ​អ្វី​ម៉្យាង​ទើប​លោក ហ៊ុន សែន មាន​ជម្លោះ​ជាមួយ​លោក សម រង្ស៊ី ប៉ុន្តែ បែរ​ជា​ដើរ​ខឹង​គេ​ឯង​គ្រប់​គ្នា។ លោក អេង ឆៃអ៊ាង ឱ្យ​វិទ្យុ​អាស៊ី​សេរី​ថា កាល​មុន​ពេល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ធ្លាប់​មាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា ជា​សកម្មជន​គណបក្ស​ភ្លើង​ទៀន បាន​សុំ​ថវិកា​ពី​លោក​ខ្លះ ដើម្បី​ធ្វើ​នយោបាយ ប៉ុន្តែ​លោក​ថា ការ​សុំ​លុយ​នេះ​ធ្វើ​ឡើង​ក្នុង​នាម​ជា​បុគ្គល​ទេ៖

« ខ្ញុំ​ធម្មតា ខ្ញុំ​មាន​មនោសញ្ចេតនា អ៊ីចឹង​ធ្វើ​ទៅ​ខ្ញុំ​ជួយ​ទេ​តើ ! ប៉ុន្តែ​មិនមែន​ខ្ញុំ​ទៅ​ជួយ​គណបក្ស​ឯ​ណា ដោយសារ​បុគ្គល​ហ្នឹង​គាត់​ទាក់ទង​មក ហើយ​លោក ហ៊ុន សែន ហ្នឹង​និយាយ​រួម​ទៅ គាត់​ឱ្យ​បុគ្គល​ហ្នឹង​មក​បន្លំ​ចូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន អ៊ីចឹង​ទៅ​ដើម្បី​ចង់​ដឹង​ជំហរ​របស់​ពួក​ខ្ញុំ​ណា ជា​ធម្មតា មិន​មែន​ខ្ញុំ​មក​បង្គាប់​បញ្ជា​គណបក្ស​ភ្លើង​ទៀន ខ្ញុំ​អត់​ទេ ដោយសារ​បុគ្គល​ហ្នឹង​ទាក់ទង​មក​ខ្ញុំ»

លោក អេង ឆៃអ៊ាង ឱ្យ​ដឹង​ទៀត លោក ហ៊ុន សែន បាន​បន្លំ​ជា​មនុស្ស​ផ្សេង​ផ្ញើ​សំឡេង​សន្ទនា​នោះ​មក​ឱ្យ​លោក​ស្ដាប់​កាល​ពេល​កន្លង​មក​រួច​ហើយ​ដែរ។ លោក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ដែល​សុំ​លុយ​ពី​លោក ធ្លាប់​ជា​អតីត​អ្នក​នយោបាយ​នៅ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គីន គុណ ក្រោយ​មក​លោក គីន គុណ ធ្លាប់​ធ្វើ​សកម្មភាព នយោបាយ ជាមួយ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ និង​គណបក្ស​ភ្លើង​ទៀន ហើយ​ចុង​ក្រោយ​នេះ លោក គីន គុណ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទទួល​ដំណែង​ជា​ជំនួយ​ការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ទាក់ទង បញ្ហា​នយោបាយ​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា ករណី​នេះ​កើត​ឡើង ព្រោះ​អ្នក​នយោបាយ​ឈ្លោះ​គ្នា ប៉ុន្តែ ពួក​គេ​បាន​យក​រឿង​ជាតិ​មក​ប្រឡូកប្រឡាក់។ លោក​យល់​ថា ទំនាក់ទំនង​រវាង​គណបក្ស​ភ្លើង​ទៀន ជាមួយ​លោក សម រង្ស៊ី ឬ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត មិន​ទាន់​ដល់​កម្រិត ដែល​ត្រូវ​រំលាយ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ។ លោក​បន្ត​ថា កម្ពុជា​គ្មាន​ច្បាប់​ណាមួយ​ហាម​មិន​ពលរដ្ឋ ឬ​អ្នក​នយោបាយ និយាយ​គ្នា​ជាមួយ​ទណ្ឌិត​នោះ​ទេ។

« បាទ​បើ​យើង​និយាយ​ទៅ​ទំនាក់ទំនង ក៏​អត់​មាន​ខុស​ច្បាប់​ទេ បុគ្គល​ណា​ក៏​មាន​សិទ្ធិ​ទាក់ទង​ដែរ ជនជាប់ចោទ មាន​ពិរុទ្ធជន ឬ​អ្នក​ទោស​ក៏​អ្នក​នយោបាយ​មាន​សិទ្ធិ​ទាក់ទង​ដែរ​មាន​ទាស់​ខុស​អី កុំ​ឱ្យ​ទាក់ទង​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​គ្រាន់តែ​ទាក់ទង​ប្រស្រ័យ​ទាក់ទង​គ្នា​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​មាន​ច្បាប់​ណា​ហាម​មិន​ឱ្យ​ពលរដ្ឋ​និយាយ​ឆ្លើយឆ្លង​គ្នា បើសិន​លោក សម រង្ស៊ី ឧទាហរណ៍​គាត់​និយាយ​ទាក់ទង​ជាមួយ​គណបក្ស​ប្រជាជន​ទៅ​ចុះ ប៉ុន្តែ​យ៉ាង​ម៉េច គណបក្ស​ប្រជាជន​ត្រូវ​រំលាយ​ដែរ ឬ​ត្រូវ​ប្រកាស​ដែរ ឬ​យ៉ាង​ម៉េច ? នេះ​ជា​ហេតុផល ដែល​យើង​គួរ​ពិនិត្យ​មើល​ទាំង​អស់​គ្នា»

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាល​ធ្វើ​លោក ហ៊ុន សែន បាន​កែ​ធ្វើ​ច្បាប់​ស្ដីពី​គណបក្ស ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​រហូត​ដល់ ៥ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែ​ម្ដង។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះ​ឆ្នោត រិះគន់​ថា ច្បាប់​គណបក្ស​នយោបាយ​កែ​ថ្មី​នេះ​មាន​ចរិត គាប​សង្កត់​សិទ្ធិ​គណបក្ស​នយោបាយ និង​មាត្រា​ខ្លះ​ចែង​មិន​ច្បាស់លាស់ ដែល​បង្ក​ភាព​ស្រួល​ដល់​គណបក្ស​ណា​មួយ ដែល​រង​ការ​ចោទ​ប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត។

រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ឆ្នាំ២០១៨ ដោយ​បន្សល់​ទុក​នូវ​វិបត្តិ​នយោបាយ​ដ៏​រ៉ាំរ៉ៃ និង​ការ​ជាប់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​សេរី​ជាង ៥ឆ្នាំ​មក​នេះ។ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧ រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ មក​ដល់​ពេល​នេះ​តុលាការ​រក​មិន​ទាន់​ឃើញ​លោក កឹម សុខា មាន​ទោស​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។