ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ព្រមានដកមន្ត្រីអសកម្ម ដែលចាំតែរាយការណ៍ និងបន្ទោសថ្នាក់ក្រោមទុកមួយកន្លែង ព្រោះលោកចាត់ទុកថា មន្ត្រីប្រភេទនេះ មិនអាចជួយអភិវឌ្ឍជាតិឱ្យរីកចម្រើនឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា ការព្រមានរបស់លោក ហ៊ុន សែន នេះ គឺជាសារនយោបាយប្រជាភិថុតិ និងជារឿងដដែលៗ ដែលមិនអាចធ្វើទៅរួចបាននោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងមិនទុកមន្ត្រី ដែលពូកែខាងរាយការណ៍ និងបន្ទោសតែថ្នាក់ក្រោម ឱ្យកាន់ការងារអ្វីទៀតនោះទេ ពោលគឺលោកនឹងប្រមូល ដាក់ឃ្លាំងទាំងអស់ ទុកតែមន្ត្រីណាដែលពូកែដោះស្រាយបញ្ហា និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។
លោក ហ៊ុន សែន បញ្ជាក់ថា កន្លងមក នៅពេលមានបញ្ហាកើតឡើងនៅតាមមូលដ្ឋាន គឺតែងតែលេចចេញមន្ត្រីពីរប្រភេទ គឺមន្ត្រីពូកែដោះស្រាយបញ្ហា និងមន្ត្រីពូកែរាយការណ៍ ហើយចាំតែបន្ទោសថ្នាក់ក្រោម។ លោកចាត់ទុកមន្ត្រីដែលពូកែរាយការណ៍នោះ ជាមន្ត្រីអសមត្ថភាព និងគ្មានភាពជាម្ចាស់ការ ដែលមិនអាចជួយអភិវឌ្ឍជាតិឱ្យរីកចម្រើន។ សារព្រមានជាថ្មីនេះ ធ្វើឡើងក្នុងពេលលោកថ្លែងសុន្ទរកថា ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៅក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ៖ « ឯមនុស្សប្រភេទទី២ គឺជាមនុស្សដោះស្រាយបញ្ហានៅហ្នឹងកន្លែង គឺរួមប្រាស្រ័យសុខទុក្ខជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហា។ ការអន្តរាគមន៍ ពីខាងលើ គឺជារឿងមួយ ប៉ុន្តែការដោះស្រាយបញ្ហានៅហ្នឹងកន្លែង ទើបបង្ហាញពីសមត្ថភាពពិតប្រាកដ ហើយបើមន្ត្រីមិនដោះស្រាយគិតតែពីរាយការណ៍មន្ត្រីហ្នឹង បន្តទៅនឹងត្រូវយកទៅទុកដាក់ ដែលគេហៅថាបញ្ចូលឃ្លាំងទុកមួយកន្លែង មិនអាចបន្តឱ្យកាន់ការងារបន្តទៀតបានទេ » ។
លោក ហ៊ុន សែន បានលើកឧទាហរណ៍ករណីបាក់រំលំអគារកម្ពស់ ៧ជាន់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ដែលបណ្ដាលឱ្យកម្មករសំណង់ស្លាប់២៨នាក់ និងរបួស ២៦នាក់ ថា លោកសោកស្តាយ ដែលពេលនោះ មន្ត្រីថ្នាក់ជាតិ មិនបានចុះជួយអន្តរាគមន៍ ប៉ុន្តែ លោកកោតសរសើរមន្ត្រីថ្នាក់ក្រោម ដែលបានរួមកម្លាំងគ្នាដោះស្រាយបញ្ហា។ និយាយដល់ចំណុចនេះ លោក ហ៊ុន សែន ក៏បានក្រើនបានរម្លឹកមន្ត្រីថ្នាក់ជាតិថា ត្រូវផ្ដល់អំណាចពិតប្រាកដដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហានានា៖ « ចំណុចអស់ទាំងអស់នេះហើយ ដែលយើងឃើញបង្ហាញពីសមត្ថភាព ដោយមិនរង់ចាំថ្នាក់ជាតិចុះទៅទេ ដូច្នេះបានជាឥឡូវនេះ យើងកំពុងជំរុញការបែងចែក មុខងារ ផ្ទេរមុខងារ និងបញ្ជូនអំណាចនោះទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហា » ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសដកមន្ត្រីអសកម្មចេញពីតួនាទីជាញឹកញាប់ ប៉ុន្តែលោកបានត្រឹមនិយាយ មិនចាត់ការឡើយ ឬជួនកាលលោកគ្រាន់តែដកពីកន្លែងចាស់ ផ្លាស់ទៅកន្លែងថ្មីប៉ុណ្ណោះ ។ ជាឧទាហរណ៍ ករណីបាក់រំលំ អាគារចិននៅខេត្តព្រះសីហនុ ដែលគ្មានច្បាប់អនុញ្ញាតនោះ គឺលោក ហ៊ុន សែន បានប្រកាសដក លោក យន្ត មីន ចេញពីតំណែងជាអភិបាលខេត្តព្រះសីហនុ និងដកលោក ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មកាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារ «ការភូតភរ និងខ្វះការទទួលខុសត្រូវ។ ប៉ុន្តែមិនដល់មួយថ្ងៃផង លោក ហ៊ុន សែន បានស្នើសុំព្រះមហាក្សត្រតែងតាំងលោក ញឹម វណ្ណដា ជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្ត្រីដដែល។ ចំណែកលោក យន្ត មីន វិញ ត្រូវបានលោក ហ៊ុន សែន ស្នើសុំឱ្យតែងតាំងជានាយឧត្ដមសេនីយ៍ផ្កាយ៤ នៃកងយោធពលខេមរៈភូមិន្ទ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ លើសពីនេះ កាលពីដើម ឆ្នាំ២០១៦ លោក ហ៊ុន សែន ក៏បានខឹងសម្បា និងប្រកាសដករដ្ឋមន្ត្រី ២រូប គឺអតីតរដ្ឋមន្ត្រីកសិកម្ម លោក អ៊ុក រ៉ាប៊ុន និងអតីតរដ្ឋមន្ត្រីសាធារណការ លោក ត្រាំ អ៊ីវតឹក ផងដែរ ប៉ុន្តែលោក ហ៊ុន សែន មិនបានដករដ្ឋមន្ត្រីដែលលោកប្រកាសថា អសកម្មទាំង២រូបនោះចេញទេ គឺបានត្រឹមតែផ្លាស់ប្ដូរក្រសួងឲ្យកាន់ប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការព្រមានរបស់លោក ហ៊ុន សែន អាចគ្រាន់តែសារនយោបាយធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន ធ្លាប់ប្រកាសបែបនេះជារឿយៗ និងថែមទាំងដាក់ ចេញជាវិធានការ ឬអភិក្រមទៀតផង ដូចជា ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ប៉ុន្តែលោកថា វិធានការនេះមានការអនុវត្តតិចតួចប៉ុណ្ណោះ។ ទោះយ៉ាងណាក្តី លោកបន្តថា ប្រសិនបើរដ្ឋាភិបាលអាចធ្វើបានដូចការប្រកាសនោះ គឺជារឿងល្អបំផុត ព្រោះមិនមែនតែលោកនាយករដ្ឋមន្ត្រីទេ សូម្បីតែប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាផ្ទាល់ ក៏មានការខឹងសម្បា និងធុញទ្រាន់ ចំពោះមន្ត្រីអសកម្មនេះដែរ។ លោក សង្កេតឃើញថា មន្ត្រីថ្នាក់ជាតិដែលអសកម្មចាំតែបន្ទោសថ្នាក់ក្រោម និងមិនទទួលខុសត្រូវការងារនេះមានចំនួនច្រើន ហើយមន្ត្រីថ្នាក់ក្រោម ដែលអសកម្មសមនឹងទទួលបានការស្ដីបន្ទោសនេះ ក៏មានមួយចំនួនច្រើនដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ដើម្បីឲ្យមានមន្ត្រីមានគុណភាព រដ្ឋាភិបាលគួរតែមានប្រព័ន្ធវាយតម្លៃការងារមួយច្បាស់លាស់ និងអនុវត្តវិធានការច្បាប់ព្រមទាំងវិធានការរដ្ឋបាល ឲ្យមានប្រសិទ្ធភាព ចំពោះមន្ត្រីអសកម្ម៖ « ប្រសិនបើមានប្រព័ន្ធវាយតម្លៃមន្ត្រីរាជការប្រចាំឆ្នាំច្បាស់លាស់ ខ្ញុំគិតថា អាចធ្វើឲ្យគាត់ប្រឹងប្រែងដែរ។ បើកាលណា ការវាយតម្លៃរបស់គាត់ធ្លាក់ ខ្ញុំគិតថា កុំឲ្យគាត់ឡើងឋានៈតួនាទី ឬជួនកាលកុំដំឡើងប្រាក់ខែឲ្យគាត់។ ធ្វើដូច្នេះការងារកាន់តែមានប្រសិទ្ធភាព ហើយរដ្ឋក៏ចំណេញទៀត » ។
អ្នកតាមដានបញ្ហាសង្គមនៅកម្ពុជាមួយចំនួន លើកឡើងថា ក្នុងបរិបទសង្គមនយោបាយនៅកម្ពុជា ដែលហ៊ុមព័ទ្ធទៅដោយរបៀបដឹកនាំបែបគ្រួសារនិយម បក្សពួកនិយម ដូចសព្វថ្ងៃនេះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនងាយធ្វើបានដូចការសន្យានោះទេ។ អ្នកស្រាវជ្រាវការអភិវឌ្ឍ សង្គម និងនយោបាយដ៏ល្បី បណ្ឌិត កែម ឡី កាលនៅមានជីវិត ធ្លាប់ផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដករដ្ឋមន្ត្រីចាស់ៗ អសកម្មចេញ ហើយបង្រួមក្រសួងមកនៅត្រឹមតែ១០ បានហើយ ព្រោះក្រសួងសព្វថ្ងៃមានរហូតដល់ជាង ២០ ដែលជាន់តួនាទី និងសមត្ថកិច្ចគ្នា បង្ហិនថវិកាជាតិឥតប្រយោជន៍យ៉ាងច្រើន។ បណ្ឌិត កែម ឡី អះអាងថា បើធ្វើដូចនេះបាន ថវិកាជាតិ នឹងមានគ្រប់គ្រាន់ សម្រាប់ដំឡើងប្រាក់ខែចំនួនយ៉ាងតិច ៥០០ដុល្លារ សម្រាប់កងកម្លាំងប្រដាប់អាវុធម្នាក់ ឬមន្ត្រីរាជការ ហើយកាន់តែធ្វើឲ្យការងារមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។