ក្រោយ​កាន់​អំណាច​ជិត ៤០ឆ្នាំ លោក ហ៊ុន សែន ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​ទៅ​ឱ្យ​កូន រួច​ទៅ​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា

2023.07.26
ក្រោយ​កាន់​អំណាច​ជិត ៤០ឆ្នាំ លោក ហ៊ុន សែន ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​ទៅ​ឱ្យ​កូន រួច​ទៅ​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក ហ៊ុន សែន ដែល​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ជិត ៤០ឆ្នាំ​មក​ហើយ​នោះ ប្រកាស​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្រ្តី​នេះ​ទៅ​ឱ្យ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី២២ សីហា ខាងមុខនេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មេ​ដឹកនាំ​ក្រាញ​អំណាច​រូប​នេះ មិន​ទាន់​បោះបង់​តំណែង​កំពូលៗ នៅ​ក្នុង​ស្ថាប័នរដ្ឋ​នោះ​ទេ។ លោក​នឹង​ទៅ​អង្គុយ​តំណែង​កំពូល​ក្នុង​អង្គនីតិបញ្ញត្តិ គឺ​ប្រធាន​ព្រឹទ្ធសភា នៅ​ដើម​ឆ្នាំ២០២៤ ដែល​តំណែង​នេះ​បច្ចុប្បន្ន គឺ​ជា​របស់​លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ទី២៦ កក្កដា ដែល​ធ្វើ​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត ដែល​គ្មាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​នោះ មិន​ដល់​មួយ​សប្ដាហ៍​ផង លោក ហ៊ុន សែន ឱ្យ​ដឹង​ថា ព្រះមហាក្សត្រ​ដែល​ជា​ព្រះប្រមុខរដ្ឋ នឹង​ត្រាស់​បង្គាប់​តែងតាំង​ឥស្សរជន​មួយ​រូប​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី៧ សីហា។ បន្ទាប់​មក​រដ្ឋសភា​នីតិកាល​ទី៧ នឹង​កោះ​ប្រជុំ​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី២១ សីហា ហើយ​សមាជិក​សភា​នឹង​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី២២ សីហា សភា​នឹង​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​របស់​ព្រឹទ្ធបុរស ហើយ​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នោះ គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី នឹង​ស្បថ​ចូល​កាន់​តំណែង។  

លោក ហ៊ុន សែន អះអាង​ថា មូលហេតុ​ដែល​លោក​លា​ឈប់​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​តាំង​ពី​ក្បាល​អាណត្តិ​ថ្មី​នេះ ដោយសារ​តែ​លោក​គិតគូរ​ទៅ​ដល់​ស្ថិរភាព​នយោបាយ​រយៈ​ពេល​វែង និង​ជា​ការ​យក​គំរូ​តាម​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ផ្ទេរ​ព្រះរាជ​បល្ល័ង្ក។ ទោះ​ជា​យ៉ាង​ណា ក្ដី មេ​ដឹកនាំ​រដ្ឋាភិបាល​ចាំ​ផ្ទះ​រូប​នេះ បែរ​ជា​អួត​ថា គិត​ត្រឹម​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០២៣ គឺ​មាន​រយៈ​ពេល ៣៨ឆ្នាំ ៧ខែ និង ៨ថ្ងៃ​គត់ ដែល​លោក​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​កម្ពុជា។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក ហ៊ុន សែន ក៏​បាន​វាយ​បក​ទៅ​កាន់​សហគមន៍​អន្តរជាតិ ដែល​បាន​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក​ហាក់​ថ្លែង​ឌឺដង​ថា ប្រទេស​មួយ​ចំនួន​តែងតែ​បង្អាប់​រដ្ឋាភិបាល​របស់​លោក ប៉ុន្តែ​ប្រទេស​ទាំង​នោះ នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​លោក ហើយ​ថែម​ទាំង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ផង នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ចំពោះ​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន សែន ថា លោក ហ៊ុន ម៉ាណែត មិន​ចាំបាច់​ត្រូវ​មាន​ការ​គាំទ្រ​ពី​បរទេស​ណា​មួយ​នោះ​ទេ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ប្រកាស​បន្ត​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ដែល​ជា​គូ​ប្រជែង​របស់​លោក។

ក្រៅ​ពី​ទៅ​យក​តំណែង​ប្រធាន​ព្រឹទ្ធសភា​របស់​លោក សាយ ឈុំ ក្រោយ​បោះបង់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាស​ថា ព្រះមហាក្សត្រ​ក៏​នឹង​តែងតាំង​រូប​លោក​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ។ លើស​ពី​នេះ អ្នក​នយោបាយ​ចាស់​វស្សា នៅ​ក្នុង​គណបក្ស​ប្រជាជន ដូចជា លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ជា​ដើម លោក ហ៊ុន សែន ថា ក៏​នឹង​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។