គណបក្សសង្រោះជាតិ និងអ្នកឃ្លាំមើលសង្គមលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់វិបត្តិកូវីដ-១៩ ដើម្បីលើកស្ទួយកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឱ្យលេចធ្លោ ដើម្បីស្នងតំណែងនៅថ្ងៃមុខ។ ការអះអាងបែបនេះ គឺដោយសារលោក ហ៊ុន ម៉ាណែត បានដើរតួយ៉ាងសកម្មជំនួសលោក ហ៊ុន សែន ក្នុងការចុះជួប និងចែកអំណោយដល់ពលរដ្ឋ ពេលលោកកំពុងធ្វើចត្តាឡឺស័កតាមដានសុខភាព។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីលើកតម្កើង លោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងពីគាត់។ មធ្យោបាយទាំងនោះ មានជាអាទិ៍ ការប្រើប្រព័ន្ធតុលាការបង្ក្រាបសំឡេងរិះគន់ និងសំឡេងប្រឆាំង ការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដើម្បីទុកប្រើពេលមានចរន្តប្រឆាំងនឹងការផ្ទេរអំណាច និងការផ្ដល់ឱកាសដល់លោក ហ៊ុន ម៉ាណែត ឱ្យដើរតួជំនួសលោក ដើម្បីចុះជួបពលរដ្ឋតាមមូលដ្ឋានជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មើលឃើញថា លោក ហ៊ុន ម៉ាណែត មិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីស្នងតំណែងពីលោក ហ៊ុន សែន នៅឡើយទេ ហើយមន្ត្រីជាន់ខ្ពស់ចាស់វស្សារបស់បក្សកាន់អំណាចក៏ទំនងជាមិនគាំទ្របេក្ខភាពកូនប្រុសច្បងលោក ហ៊ុន សែន រូបនេះដែរ។ លោកថា ហេតុដូច្នេះទើបលោក ហ៊ុន សែន រិះរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីជួយលោក ហ៊ុន ម៉ាណែត ឱ្យទទួលបានការគាំទ្រពីផ្ទៃក្នុងបក្ស និងពីប្រជាពលរដ្ឋ។ លោកថា ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏កំពុងព្យាយាមបំបិទគណបក្សប្រឆាំងដោយប្រើប្រព័ន្ធតុលាការដែរ៖ «ពេលដែលសកម្មជន អ្នកគាំទ្រគណបក្សប្រឆាំងមិនសុខចិត្ត នៅតែទាមទារតវ៉ាអ៊ីចឹងទៅ គាត់បង្កើនការចាប់ចងហ្នឹង ដើម្បីបំភិតបំភ័យ កុំឱ្យអ្នកដែលមានមតិប្រឆាំងហ្នឹង ហ៊ានងើបឡើង ហើយជាមួយគ្នានេះ គាត់ខិតខំលើកស្ទួយកូនរបស់គាត់ហ្នឹងឯង ដើម្បីឱ្យមានការចាប់អារម្មណ៍ពីមហាជនខ្មែរជាដើម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា នៅថ្ងៃទី១៩ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ ចំណែកតាមបណ្ដាខេត្តវិញ នឹងត្រូវបិទបញ្ចប់ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៥ វិច្ឆិកា។ ក្រោយធ្វើចត្តាឡឺស័កនៅក្នុងផ្ទះរយៈពេល១៤ ថ្ងៃ លោក ហ៊ុន សែន បានចាប់ផ្តើមចេញក្រៅទៅវាយកូនហ្គោល តាមទម្លាប់របស់លោក ក៏ប៉ុន្តែមិនទាន់ចុះមូលដ្ឋានជួបពលរដ្ឋនៅឡើយទេ គិតត្រឹមថ្ងៃ២០ វិច្ឆិកា។
អំឡុងពេលនេះ លោក ហ៊ុន ម៉ាណែត បានដើរតួនាទីយ៉ាងសកម្មជំនួសលោក ដោយបានចុះជួប និងចែកអំណោយដល់ប្រជាពលរដ្ឋតាមបណ្តាខេត្ត ដែលរងគ្រោះដោយទឹកជំនន់។ ក្នុងពិធីទាំងនោះ លោក ហ៊ុន ម៉ាណែត បានលើកសរសើរអំពីគុណសម្បត្តិដឹកនាំរបស់ឪពុកលោក ព្រមទាំងអំពាវនាវដល់ពលរដ្ឋ និងកងទ័ពឱ្យជឿទុកចិត្ត និងការពាររបបដឹកនាំបច្ចុប្បន្ន ដែលលោកហៅថា ជារដ្ឋាភិបាលស្របច្បាប់។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ដើម្បីសុំការឆ្លើយតបរឿងនេះដែរ តែលោកមិនលើកទូរស័ព្ទ នៅរសៀលថ្ងៃទី២០ វិច្ឆិកា។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈរួចហើយថា លោកកំពុងជួយជ្រោមជ្រែងកូនប្រុសច្បងរូបនេះឱ្យក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកថា លោក ហ៊ុន ម៉ាណែត ត្រូវរង់ចាំយ៉ាងហោចណាស់ ក៏១០ ឆ្នាំទៀតដែរ ព្រោះពេលនេះលោកកំពុងកាន់អំណាចនៅឡើយ៖ «នៅក្នុងគណបក្សប្រជាជន មានបេក្ខជនច្រើនណាស់ ក៏ប៉ុន្តែក្នុងឋានៈជាឪពុក យ៉ាងណាក៏ខ្ញុំគាំទ្រកូនខ្ញុំ អប់រំកូនខ្ញុំឱ្យវាមានសមត្ថភាព។ បើវាមិនបានប៉ុនឪវា ក៏បាន៨០ % ឬ៩០ % របស់ឪវាទៅចុះ»។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ ក្រៅពីនេះ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
ទោះជាមានអតីតភាពការងារតិចឆ្នាំក៏ដោយ សញ្ញាប័ត្រពីបរទេសនេះ បូករួមទាំងអំណាចរបស់ឪពុកលោកផង លោក ហ៊ុន ម៉ាណែត ឡើងរាសីយ៉ាងខ្ពស់ត្រដែត ហើយឥទ្ធិពលរបស់លោកវិញ ក៏ត្រូវបានពង្រីកយ៉ាងសម្បើមដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងវ័យ៤៣ ឆ្នាំ លោក ហ៊ុន ម៉ាណែត គឺជាឧត្តមសេនីយ៍ផ្កាយ៣ មានតួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ចំណែក នៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោកគឺជាសមាជិកគណៈ អចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមមនុស្ស៣៤ នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ហើយនៅដើមខែមិថុនា ឆ្នាំ២០២០ នេះ លោក ហ៊ុន សែន បានតែងតាំងលោក ឱ្យធ្វើជាប្រធានចលនាយុវជនគណបក្ស ដែលជាអ្នកដឹកនាំសមាជិកជំនាន់ក្រោយដែលភាគច្រើនជាកូនចៅរបស់មន្ត្រីជំនាន់មុននៃគណបក្សប្រជាជនកម្ពុជា។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា គណបក្សកាន់អំណាចកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធលើសមាជិកគណបក្សប្រឆាំង ឱ្យបញ្ឈប់សកម្មភាព ឬចុះចូលជាមួយខ្លួន។ លោកថា យុទ្ធសាស្ត្រនេះ ក្រៅពីអាចរាំងខ្ទប់គណបក្សប្រឆាំងហើយនោះ ក៏អាចជួយឱ្យបក្សកាន់អំណាចមានឱកាសកាន់តែច្រើនក្នុងការពង្រឹងការគ្រប់គ្រង និងទាញយកប្រជាប្រិយភាពពីពលរដ្ឋតាមរយៈសកម្មភាពចុះជួយពលរដ្ឋ។ លោកបន្ថែមថា វិបត្តិកូវីដ-១៩ នេះ ក៏បានក្លាយជាឱកាសមួយសម្រាប់លោក ហ៊ុន សែន ក្នុងការលើកស្ទួយលោក ហ៊ុន ម៉ាណែត ផងដែរ៖ «យើងមើលឃើញពីចំណាត់ការ និងរបៀបធ្វើការរបស់អ្នកដឹកនាំប្រទេស របស់អ្នកនយោបាយ គឺបានកេងចំណេញក្នុងរូបភាពហ្នឹង។ ជាការរាំងខ្ទប់ដៃគូប្រកួតរបស់ខ្លួនមិនឱ្យមានសកម្មភាព ប៉ុន្តែខ្លួនឯងសម្រួលសកម្មភាពសព្វបែបយ៉ាងនៅក្នុងការធ្វើសកម្មភាពដើម្បីទាញយកប្រជាប្រិយភាព ហើយឆ្លៀតឱកាសហ្នឹងវាយប្រហារអ្នកដែលខ្លួនរាំងខ្ទប់មិនឱ្យធ្វើសកម្មភាពបានហ្នឹង»។
តុលាការនឹងបើកសវនាការសំណុំរឿងរបស់មន្ត្រីជាន់ខ្ពស់ និងសមាជិកបក្សប្រឆាំងជាង១០០ នាក់ ពាក់ព័ន្ធនឹងបទចោទញុះញង់ និងរួមគំនិតក្បត់ នៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខ។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សជឿថា សវនាការនេះនឹងគ្មានយុត្តិធម៌សម្រាប់មន្ត្រីបក្សប្រឆាំងទាំងនោះឡើយ ព្រោះជាសវនាការដែលធ្វើឡើងតាមការចង់បានរបស់បក្សកាន់អំណាច។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានការណ៍នយោបាយ នៅតែទទូចឱ្យរបបលោក ហ៊ុន សែន ដោះស្រាយបញ្ចប់វិបត្តិនយោបាយ ដែលជាដើមចមនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនៅកម្ពុជា។
ចំណែក មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង វិញ ជំរុញឱ្យលោក ហ៊ុន សែន បើកលំហប្រជាធិបតេយ្យឡើងវិញ និងរៀបចំការបោះឆ្នោតដោយត្រឹមត្រូវ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើលោក ហ៊ុន សែន ចង់ផ្ទេរអំណាចឱ្យកូនដោយកិត្តិយស និងមានការទទួលស្គាល់នោះ លោកត្រូវតែរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ហើយអនុញ្ញាតឱ្យគ្រប់គណបក្ស ជាពិសេស គណបក្សសង្គ្រោះជាតិ បានចូលរួមប្រកួតប្រជែង។ បើពុំដូច្នេះទេ លោកជឿថា ពលរដ្ឋមួយភាគធំ និងសហគមន៍អន្តរជាតិ នឹងមិនគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យដឹកនាំប្រទេស បន្តពីលោក ហ៊ុន សែន នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។