លោក ហ៊ុន សែន អះអាងជាថ្មីថានឹងស្នើឲ្យប្រធានាធិបតីអាមេរិកថ្មីលុបបំណុលចាស់ចោល
2017.01.21

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងជាថ្មីថា លោកនឹងស្នើឱ្យលោក ដូណាល់ ត្រាំ (Donald Trump) ដែលទើបនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លុបចោលបំណុលដែលកម្ពុជា ជំពាក់សហរដ្ឋអាមេរិក ក្នុងសម័យលោក លន់ នល់។ ប៉ុន្តែអ្នកវិភាគវិញយល់ថា ដរាបណាសហរដ្ឋអាមេរិក នៅតែចាត់ទុកថា របបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ និងការរំលោភសិទ្ធិមនុស្សនៅតែមាន ដរាបនោះសហរដ្ឋអាមេរិក នឹងមិនសម្រេចលុបចោលបំណុលនោះឡើយ។
មិនមែនជារឿងថ្មីឡើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងស្នើឱ្យប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គិតគូរលុបចោលបំណុលដែលកម្ពុជា ជំពាក់តាំងពីសម័យរបស់លោកសេនាប្រមុខ លន់ នល់។ រយៈពេលកន្លងមក លោក ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ស្រដៀងគ្នានេះដែរ តាំងពីលោកប្រកាសសរសើរបេក្ខភាពប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ មុនលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកម្ល៉េះ។
នៅថ្ងៃទី២០ ខែមករា ក្រោយលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ផ្លូវការភ្លាម លោក ហ៊ុន សែន បានឆ្លៀតឱកាសនៅក្នុងមជ្ឈមណ្ឌលសន្និបាតស្ដីពីវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅក្នុងទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស (Switzerland) ថា ដោយសារតែសង្គ្រាមឈ្លានពានសហរដ្ឋអាមេរិក ដើម្បីគាំទ្ររដ្ឋាភិបាលខុសច្បាប់របស់លោក លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ទើបធ្វើឱ្យកម្ពុជា មានកាកសំណល់ជាតិផ្ទុះជាច្រើនមិនទាន់ដោះចេញពីដីអស់ ដូច្នោះកម្ពុជា គឺជាជនរងគ្រោះនៃសង្គ្រាម ហើយអាមេរិក គួរតែលុបចោលបំណុលនោះ៖ «ខ្ញុំនឹងអំពាវនាវឱ្យរដ្ឋបាលលោក ត្រាំ ដែលទើបចូលកាន់តំណែងប៉ុន្មានម៉ោងថ្មីៗនេះ ឱ្យលុបចោលបំណុលដែលកម្ពុជា ជំពាក់ក្នុងចន្លោះរដ្ឋាភិបាលខុសច្បាប់ (របបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់) ដែលគាំទ្រដោយអាមេរិក»។
បំណុលដែលកម្ពុជា ជំពាក់សហរដ្ឋអាមេរិក នៅក្នុងសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ មកទល់ពេលនេះគិតសរុបទាំងអស់ជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីស្នើលុបបំណុលនេះ លោក ហ៊ុន សែន ក៏ចាត់ទុកបំណុលនេះថា គឺជាបំណុលកខ្វក់ ហើយសហរដ្ឋអាមេរិក គួរជំនួសមកវិញនូវការសងថ្លៃខូចខាតបន្ថែម ជាការសងជំងឺចិត្តចំពោះកម្ពុជា ដើម្បីដោះស្រាយគ្រាប់មីនមិនទាន់ផ្ទុះ ប្រសើរជាជាងទារបំណុលមកខ្មែរជំនាន់ក្រោយបែបនេះ។
ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ បណ្ឌិត មាស នី យល់ថា ថ្វីត្បិតលោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក ជំនួសឱ្យលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប៉ុន្តែលោក ត្រាំ ដែលលោក ហ៊ុន សែន តែងសរសើរនោះ មិនមែនជាអ្នកសម្រេចថា នឹងលុបបំណុលដែលមានតម្លៃរាប់លានដុល្លារឱ្យកម្ពុជា តាមតែអំពើចិត្តឡើយ គឺត្រូវឆ្លងកាត់ការសួរដេញដោល និងយល់ព្រមពីសភាសហរដ្ឋអាមេរិក ជាមុនសិន។ លើសពីនេះ ប្រសិនសភាសហរដ្ឋអាមេរិក ពិតជាលើកយកបំណុលដែលកម្ពុជា ជំពាក់ទៅពិភាក្សាគ្នាមែននោះ ចៀសមិនផុត គឺពួកគេនឹងលើកឡើងអំពីគោលការណ៍គោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ស្របពេលសហរដ្ឋអាមេរិក តែងតែចាត់ទុកថា កំពុងដើរថយក្រោយនោះ៖ «នៅពេលមានការសួរដេញដោលគ្នានៅក្នុងសភាអាមេរិក ខ្ញុំរំពឹងថា នឹងលើកឡើងការរំលោភសិទ្ធិមនុស្ស និងអំពើអយុត្តិធម៌ផ្សេងៗ ដែលកើតឡើងនៅស្រុកខ្មែរ ទៅដាក់លើតុ ដើម្បីពិចារណា ហើយការសម្រេចចិត្តគឺអាស្រ័យលើទង្វើទាំងនេះ»។
លោកបណ្ឌិត មាស នី យល់ថា ដើម្បីឱ្យសហរដ្ឋអាមេរិក អាចគិតគូរលុបបំណុលចោល ទាល់តែប្រព័ន្ធគ្រប់គ្រងរបស់កម្ពុជា សំខាន់ៗ ដូចជាស្ថាប័នតុលាការ រដ្ឋសភា និងរាជរដ្ឋាភិបាល អាចក្លាយជាស្ថាប័នឯករាជ្យ និងងាកមកបម្រើផលប្រយោជន៍ឱ្យប្រជាជនជាធំវិញ ហើយមិនមែនជាការត្រួតត្រាក្រោមឥទ្ធិពលរបស់បុគ្គលណាម្នាក់។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គមរូបនេះបញ្ជាក់ថា សព្វថ្ងៃវាពិបាកឱ្យសហរដ្ឋអាមេរិក សម្រេចលុបចោលបំណុលតាមការអំពាវនាវរបស់លោក ហ៊ុន សែន ណាស់ ព្រោះអីមិនមែនត្រឹមស្ថាប័នរាជរដ្ឋាភិបាលមិនឯករាជ្យទេ សូម្បីតុលាការ និងរដ្ឋសភា ក៏គេសង្កេតឃើញថា បំពេញការងារ និងដើរតួនាទីកន្លងមកតាមការបង្គាប់បញ្ជារបស់បុគ្គលម្នាក់ ដែលជាមូលហេតុធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រងការរិះគន់ថា ធ្លាក់ចុះបន្តបន្ទាប់។
ថ្វីត្បិតលោក ហ៊ុន សែន ចាត់ទុកជំនួយរបស់សហរដ្ឋអាមេរិក ផ្ដល់ឱ្យរបប លន់ នល់ ថាជាជំនួយកខ្វក់ដែលគេសំដៅទៅដល់ជំនួយដើម្បីសម្លាប់ខ្មែរយ៉ាងណាក្ដី ប៉ុន្តែលោកបណ្ឌិត មាស នី រំលឹកអំពីប្រវត្តិសាស្ត្រថា នៅអំឡុងឆ្នាំ១៩៦៨-១៩៦៩ មុនថ្ងៃធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០ គឺកម្ពុជា បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការតាំងមូលដ្ឋានទ័ពស្ទើរនៅទូទាំងប្រទេសពីសំណាក់កងទ័ពវៀតកុង ហើយកាលនោះ កម្ពុជាក៏ប្រឈមមុខនឹងការឈ្លានពានពីកងទ័ពវៀតណាម ដែលទទួលបានជំនួយពីប្រទេសចិន ផងដែរ។ សម្រាប់ថ្ងៃធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ វិញ បណ្ឌិត មាស នី យល់ថា មិនមែនសុទ្ធតែជារឿងក្បត់ជាតិ និងជារឿងអាក្រក់ហួសហេតុពេកឡើយ ព្រោះរដ្ឋប្រហារនេះកើតឡើងបន្ទាប់ពីសម្ដេច សីហនុ មិនមានលទ្ធភាពដើម្បីបណ្ដេញកងទ័ពវៀតកុង ឬគេស្គាល់ថា ទ័ពវៀតណាម ខាងជើងចេញពីកម្ពុជា វិញ ក្រោយពីព្រះអង្គបានអនុញ្ញាតឱ្យមកតាំងមូលដ្ឋានទ័ពនៅកម្ពុជា៕