របប​ក្រុង​ភ្នំពេញ​ត្រៀម​​បង្កើន​​កង​​កម្លាំង​​ជាង​ ១០​​ម៉ឺន​​នាក់​ ដើម្បី​​ការពារ​​ក្នុង​​ថ្ងៃ​​បោះ​ឆ្នោត

0:00 / 0:00

របប​ក្រុង​ភ្នំពេញ ត្រៀម​បង្កើន​កងកម្លាំង​ជាង ៨​ម៉ឺន​នាក់ និង​ប្រជា​ការពារ​ភូមិ​ជាង​ពីរ​ម៉ឺន​នាក់ ដើម្បី​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត សកល​អាណត្តិ​ទី​៦ នៅ​ថ្ងៃអាទិត្យ ទី​២៩ កក្កដា។ សង្គម​ស៊ីវិល​ដាក់​សំណើ​ថា ដើម្បី​ឲ្យ​ស្របច្បាប់​បោះឆ្នោត ការិយាល័យ​មួយ ត្រូវ​មាន​កងកម្លាំង​ការពារ​ត្រឹម ៣​នាក់​តែប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​បារម្ភ​ថា ប្រសិនបើ​កងកម្លាំង​នគរបាល​ជាតិ ប៉េអឹម និង​ដាក់​កម្លាំង​ប្រជា​ការពារ​ភូមិ ទៅ​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត លើស​ពី​ចំនួន​ច្បាប់​ដែល​បាន​កំណត់ នឹង​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ។ មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ពន្យល់​ថា តាម​ច្បាប់​បោះឆ្នោត គឺ​ក្នុង​មួយ​ការិយាល័យ​បោះឆ្នោត​តម្រូវ​ឲ្យ​មាន​កងកម្លាំង​ការពារ​ត្រឹម ៣​នាក់​ប៉ុណ្ណោះ គឺ​ម្នាក់​នៅ​ក្រៅ​ការិយាល័យ​ត្រូវ​មាន​អាវុធ ១​ដើម និង​កងកម្លាំង​២​នាក់ ដែល​ត្រូវ​ការពារ​ក្នុង​ការិយាល័យ​បោះឆ្នោត មិន​តម្រូវ​ឲ្យ​មាន​អាវុធ​ទេ។ សង្គម​ស៊ីវិល​រូបនេះ ថា ជា​រឿង​ថ្មី សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​របប​ក្រុងភ្នំពេញ​បញ្ចូល​ប្រជា​ការពារ​ភូមិ​ឲ្យ​ចូលរួម​ការពារ ក្នុង​ថ្ងៃ​បោះឆ្នោត ខណៈ​ដែល​ការបោះឆ្នោត​លើក​មុនៗ មិន​ធ្លាប់​មាន​កងកម្លាំង​បែបនេះ​ចូលរួម។ ប៉ុន្តែ លោក កន សាវាង្ស ប្រាប់ថា ប្រជា​ការពារ​ភូមិ មិនមែន​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ទេ ដូច្នេះ​ក្រុម​នេះ​ត្រូវ​ការ​ការ​បណ្ដុះបណ្ដាល ការ​អប់រំ​ពី​ការ​បោះឆ្នោត និង​សិទ្ធិមនុស្ស​ជាមុន​សិន៖ «យើង​ក៏​មាន​ការ​ព្រួយបារម្ភ​ខ្លះ​ដែរ បើ​សិន​ជា​កម្លាំង​នៃ​ប្រជា​ការពារ​ភូមិ មិន​បាន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​អី​ឲ្យ​បាន​ច្បាស់លាស់ ឬ​ក៏​ការ​ណែនាំ​ឲ្យ​បាន​សមរម្យ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អី​ទេ អាហ្នឹង​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ដល់​អ្នក​បោះឆ្នោត​ដែរ​ណា។ អ៊ីចឹង​ចំណុច​នេះ សំខាន់​ចាំ​មើល​ជាក់ស្ដែង តើ​មាន​ការ​ណែនាំ​ដល់​កម្រិត​ណា ?»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវ​បាន​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ស្រង់​សម្ដី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេសា ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល ស្ដីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថា របប​ក្រុងភ្នំពេញ មាន​កម្លាំង ដែល​ត្រូវ​ចូលរួម​ការពារ​ការ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៨​ម៉ឺន​នាក់ ក្នុង​នោះ​មក​ពី​កង​យោធពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅ​តាម​ឃុំ​សង្កាត់ ក្រុង ស្រុក ខណ្ឌ ប្រមាណ ជាង​២​ម៉ឺន​នាក់។

លោក គៀត ច័ន្ទថារិទ្ធ បាន​ប្រាប់​គ្រូ​បង្គោល ដែល​បាន​បណ្ដុះបណ្ដាល​ថា នៅ​សល់​តែ ១០១​ថ្ងៃ ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត​ហើយ មន្ត្រី​ដែល​ចូលរួម​ការពារ​បោះឆ្នោត​ទាំងអស់ ត្រូវ​មាន​ការ​យល់ដឹង​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង។ ប៉ុន្តែ សហគមន៍​អន្តរជាតិ បក្ស​​ប្រឆាំង និង​សង្គម​ស៊ីវិល មើល​ឃើញ​ថា បរិយាកាស​នៃ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង​ទេ ដោយសារតែ​របប​ក្រុងភ្នំពេញ បាន​កម្ទេច​សំឡេង​បក្ស​ប្រឆាំង តាមរយៈ​ការ​បិទ​ផ្លូវ​មិន​ឲ្យ​បក្ស​ប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៦។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែង​ក្នុង​កិច្ចប្រជុំ ស្ដីពី​ការ​ផ្សព្វផ្សាយ​ការ​ចាប់ផ្ដើម​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១០ មេសា ថា របប​ក្រុងភ្នំពេញ សម្រេច​ត្រៀម​កម្លាំង​ចំនួន​ជាង ៨​ម៉ឺន ( ៨៤.៥៨៣) នាក់ ដោយ​ដាក់​ពង្រាយ​តាម​ការិយាល័យ និង​តាម​តំបន់​ផ្សេងៗ ដើម្បី​ការពារ​សន្តិសុខ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨។

ចំនួន​កងកម្លាំង​ជាង​ប្រាំបី​ម៉ឺន​នាក់ រួម​នឹង​ប្រជា​ការពារ​ភូមិ​ជាង​ពីរ​ម៉ឺន​នាក់​ទៀត បើ​ធៀប​នឹង​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ បាន​កើន​ឡើង​ពាក់កណ្ដាល ដោយ​ការ​បោះឆ្នោត​កាលណោះ កងកម្លាំង​ដែល​ចូលរួម​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត​មាន​ជាង​ប្រាំ​ម៉ឺន ( ៥១.៥៧៨) នាក់។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ កងកម្លាំង​សមត្ថកិច្ច​សរុប​ត្រូវ​បាន​បែង​ចែក​ជា ៥​ក្រុម រួមមាន​នគរបាល​ចំនួន​ជាង ៣​ម៉ឺន (៣៣.៥២៧) នាក់ កងរាជអាវុធហត្ថ​ចំនួន​ជាង​២​ពាន់​នាក់ (២.៧៨០) នាក់ និង​កង​ខេមរភូមិន្ទ ឬ​យោធា ចំនួន​ជាង​៤​ពាន់​(៤.២៧១) នាក់។

សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី ធ្លាប់​អះអាង​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ប្រជា​ការពារ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ ដោយ​គ្មាន​ទោសពៃរ៍។

អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ យល់ថា ការ​បន្ថែម​កងកម្លាំង និង​បញ្ចូល​ប្រជា​ការពារ​ភូមិ ទៅ​ក្នុង​កិច្ចការពារ ក្នុង​ថ្ងៃ​បោះឆ្នោត ហាក់​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​ត្រៀម​ជើងការ ខ្លាច​មាន​គេ​មក​ដណ្ដើម​អំណាច។ លោក ហង្ស វិទូ មើល​ឃើញ​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ពហិការ ការបោះឆ្នោត ប៉ុន្តែ បក្ស​ប្រឆាំង​មិន​មាន​សមត្ថភាព​រំខាន​ថ្ងៃ​បោះឆ្នោត ដែល​ត្រូវ​ធ្វើ​ឲ្យ​របប​ក្រុងភ្នំពេញ មានការ​បារម្ភ​បែបនេះ​ទេ៖ «លើកលែងតែ​ក្នុង​ករណី​រដ្ឋាភិបាល​ហ្នឹង​ខ្លាច។ ខ្ញុំ​ឧទាហរណ៍ ដូចជា​នៅ​ក្នុង​ការ​បោះឆ្នោត ប្រទេស​ថៃ​កន្លង​មក មាន​ការ​ប្រទ្រូសប្រទ្រាស់​គ្នា អ៊ីចឹង​ទេ​គេ​រាយ​កងកម្លាំង​ប្រដាប់​អាវុធ​សឹងតែ​ថា​រាប់​សែន ជាង​កន្លះ​លាន​នាក់ ច្រើន​មែន​ទេ ឬ​មួយ​ក៏​ពេល​ខ្លះ រហូត​ដល់​ទូទាំង​ប្រទេស នៅ​ប្រទេស​ថៃ។ ក្នុង​ករណី​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​យល់​ឃើញ​ថា វា​លុះ​ណា​តែ​រដ្ឋាភិបាល​ភ័យ​រឿង​ស្អី​មួយ​ដែល​អាច​នឹង​កើតឡើង ដែល​ជា​ទូទៅ​មើល​ទៅ​កម្លាំង​របស់​បក្ស​ប្រឆាំង ឬ​មួយ​ក៏​ប្រជាពលរដ្ឋ​អី លោក​ទៅ​បោះឆ្នោត។ បើ​ឧទាហរណ៍​ថា បើ​នរណា​ចេញ​ទៅ​បោះឆ្នោត លោក​ចេញ​ទៅ​បោះឆ្នោត​ជា​ធម្មតា​ទេ ហើយ​គណបក្ស​ប្រឆាំង ក៏ដូចជា មិន​មាន​សកម្មភាព​ណា​មួយ​ទៅ​ប្រទ្រូសប្រទ្រាស់ ឬ​ក៏​រំខាន​ដល់​ការ​បោះឆ្នោត​ដែរ ក្នុង​ករណី​បិទ​មិន​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចូល​រួម​ការបោះឆ្នោត»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ ធ្លាប់​ប្រកាស​ថា នឹង​រៀបចំ​ការបោះឆ្នោត សកល អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ទាំង​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ បើទោះជា​មាន​ការ​ព្រមាន ពី​របប​ក្រុងភ្នំពេញ ថា​នឹង​បង្ក្រាប​រាល់​ចលនា​គាំទ្រ​គណបក្សប្រឆាំង​បែប​ណា​ក្ដី ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ ព្រមាន​វិញ ថា បន្ថែម​ពីលើ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពហិការ​បោះឆ្នោត ក៏​នឹង​មាន​ចលនា​ងើប​ប៉ះ​បោរ​នៅ​កម្ពុជា​ដែរ ប្រសិនបើ​របប​ក្រុងភ្នំពេញ នៅតែ​រឹតត្បិត​មិន​ឲ្យ​បក្ស​ប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។