អ្នកជំនាញកិច្ចការអន្តរជាតិថា កម្ពុជានឹងមិនអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ានបានទេ បើសិនជានៅតែចង់ឲ្យមេដឹកនាំរបបសឹកចូលរួម
2022.01.27
អ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងថា លោក ហ៊ុន សែន នឹងមិនសម្រេចផែនការរបស់ខ្លួន ក្នុងការបញ្ចុះបញ្ចូលឲ្យមេដឹកនាំអាស៊ានឲ្យទទួលយកមកដឹកនាំរបបសឹកមីយ៉ាន់ម៉ា ឬភូមា (Myanmar)ឲ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខបានជោគជ័យឡើយ។ ពួកគេលើកឡើងថា បើសិនជាលោក ហ៊ុន សែន នៅតែមានះចង់ឲ្យមេដឹកនាំរដ្ឋប្រហារចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២២ខាងមុខនោះ កម្ពុជានឹងបរាជ័យក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិអះអាងថា លោក ហ៊ុន សែន នឹងមិនអាចរៀបចំប្រជុំកំពូលអាស៊ានបានទេ បើសិនជាលោក ហ៊ុន សែន នៅតែរក្សាជំហរចង់មានវត្តមានមេដឹកនាំរបបសឹកមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំនោះ។
អ្នកស្រាវជ្រាវនៃវិទ្យាសា្ថនខ្មែរសំរាប់សហប្រតិបត្តការនិងសន្តិភាពលោក វណ្ណ ប៊ុនណា មិនរំពឹងថា មេដឹកនាំរបបសឹកងាកមកគោរពតាមគោលការណ៍ទាំង៥ចំណុចរបស់អាស៊ានឡើយ។ លោកបន្ថែមថា មកទល់ពេលនេះ របបសឹកនៅតែផ្គើនប្រធានអាស៊ាន និងសហគមន៍អន្តរជាតិដដែល ពិសេស ការប្រើអំពើហិង្សា ការបាញ់សម្លាប់ពលរដ្ឋមីយ៉ាន់ម៉ា ទោះជារបបសឹកធ្លាប់ព្រមព្រៀងជាមួយលោក ហ៊ុន សែន កាលពីដើមខែមករា រួចទៅហើយក៏ដោយ៖ «ពិបាកណាស់សម្រាប់មេដឹកនាំយោធាគោរពកិច្ចព្រមព្រៀងជាមួយលោក ហ៊ុន សែន ទោះជាមានការសន្ទនាតាមវីឌីអូចុងក្រោយនេះក៏ដោយ លោក មីន អ៊ុងល្លាំងមិនមានចេតនាណាមួយដើម្បីធ្វើតាមលោក ហ៊ុន សែន ឬគោរពកិច្ចព្រៀមព្រៀងរបស់ខ្លួនណាស់»។
ការលើកឡើងរបស់អ្នកតាមដានកិច្ចការអន្តរជាតិនេះ នៅក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូបសន្ទនាជាមួយមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា (Myanmar) លោក មីន អ៊ុងល្លាំង (Min Aung Hlaing) កាលពីថ្ងៃទី២៦ ខែមករា។ នៅក្នុងជំនួបនោះ លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំរដ្ឋប្រហាររូបនេះអនុវត្តកិច្ចព្រមព្រៀង៤ចំណុចរួមមាន៖ ស្នើឲ្យមេដឹកនាំរដ្ឋប្រហារអនុវត្តឲ្យបានគោលការណ៍ទាំង៥ចំណុចរបស់អាស៊ាន។ ស្នើឲ្យបង្កលក្ខណៈល្អឲ្យប្រេសិតពិសេសចូលទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ត្រូវបញ្ឈប់នូវរាល់អំពើហិង្សា និង ត្រូវផ្ដល់ការសហការជាមួយបណ្ដាប្រទេសជាសមាជិក ក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ាជាដើម។ លោក ហ៊ុន សែន បញ្ជាក់ថា បើសិនជាមេដឹកនាំរបបសឹកអនុវត្តគោលការណ៍ទាំង៥ចំណុចរបស់អាស៊ានបាន គឺអាចមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខបាន។ មកទល់ពេលនេះខាងរបបសឹកវិញ ក៏មិនទាន់ឆ្លើយតបទៅនឹងសំណើរបស់លោក ហ៊ុន សែនវិញថាយ៉ាងណានៅឡើយទេ។
នេះមិនមែនជាលើកទី១ទេ ដែលលោកហ៊ុន សែន ស្នើទៅលោក មីន អ៊ុងល្លាំង ឲ្យអនុវត្តគោលការណ៍៤ចំណុចដូចដែលលោកបានស្នើឡើងនេះ។ នៅក្នុងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោក ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមករានោះ លោក មីន អ៊ុងល្លាំង និង លោក ហ៊ុន សែន បានព្រមព្រៀងគ្នា លើគោលការណ៍ទាំងនេះ ម្ដងរួចមកហើយ។ ក៏ប៉ុន្តែក្រោយពីលោក ហ៊ុន សែន វិលត្រលប់មកកម្ពុជាវិញ មិនបានស្រួលបួលផង ក្រុមយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់សម្លាប់ពលរដ្ឋស៊ីវិលភូមាដដែល។ ក្រៅពីនេះ តុលាការរបបសឹកបានកាត់ទោសមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ គឺអ្នកស្រី អ៊ុង សាន សូជី (Aung San Sukyi) ឲ្យជាប់ពន្ធនាគារ៤ឆ្នាំថែមទៀតផង។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា ឥលូវនេះលោក ហ៊ុន សែន ហាក់បន្ទន់ឥរិយាបទខ្លះ លើជំហរដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ានេះ។ មុនពេលលោក ហ៊ុន សែន បានសន្ទនាជាមួយលោក មីន អ៊ុងល្លាំងនោះ ទំនងជាមានការព្រមព្រៀងពីមេដឹកនាំអាស៊ានផ្សេងទៀត ដូចជាមេដឹកនាំម៉ាឡេស៊ី និងមេដឹកនាំឥណ្ឌូនេស៊ីជាដើម ពីព្រោះថា ការជួបមេដឹកនាំរបបសឹកនេះ នៅបន្ទាប់លោក បានជូបមេដឹកនំាឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo)និងមេដឹកនាំម៉ាឡេស៊ី កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមករា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី បញ្ជាក់ថា ការព្យាយាមរបស់លោក ហ៊ុន សែន នេះ នឹងមិនបានផ្លែផ្កាអ្វីជាដុំកំភូនទេ ពីព្រោះថា ទិសដៅរបស់មេដឹកនាំធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុង សានសូជី (Aung San Su Kyi) នោះ គឺចង់ក្ដោបក្ដាប់អំណាចផ្ដាច់ការយូរអង្វែងទៅមុខទៀត៖ «បើសិនជារបបសឹកមិនខ្វល់ពីកិច្ចព្រមព្រៀងរបស់ខ្លួនទេ មិនមែនតែអន្តរជាតិទេ ដែលនឹងដាក់គំនាបសង្កត់លើរបបសឹកនោះ សូម្បីតែអាស៊ានក៏នឹងមានវិធានការតឹងរឹងលើរបបសឹកនេះដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅក្នុងវេទិកាអាស៊ានទេសចរនៅឯខេត្តព្រះសីហនុថា អាស៊ានមានការងារច្រើនណាស់ដែលត្រូវធ្វើ។ លោកបន្ថែមថា អាស៊ានមិនមែនជាចំណាប់ខ្មាំងរបស់មីយ៉ាន់ម៉ាឡើយ៖ «ខ្ញុំសូមបញ្ជាក់ថា កិច្ចការរបស់អាស៊ានសម្រាប់ឆ្នំា២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយមុខនោះទេ យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងរបស់មីយ៉ាន់ម៉ានោះដែរ សូមខ្ញុំបញ្ជាក់ប្រាប់អ្នកតាមដានកិច្ចការទាំងឡាយ»។
អ្នកវិភាគនយោបាយនិរទេសខ្លួននៅក្រៅប្រទេសលោក គឹម សុខ ព្រមានថា បើសិនជាលោក ហ៊ុន សែន មិនព្រមដកខ្លួនថយឲ្យឆ្ងាយពីមេដឹកនាំយោធាទេ លោក ហ៊ុន សែន នឹងបរាជ័យលើការរៀបចំកិច្ចប្រជុំផ្សេងៗទៀតរបស់អាស៊ានជាមិនខាន៖ «ខ្ញុំគិតថា ការព្យាយាមរបស់លោក ហ៊ុន សែន ដើម្បីបង្កើតគំរូថ្មីនៅអាស៊ាន។ ហើយមកទល់ពេលនេះ លោក ហ៊ុន សែន បានដឹងពីបរាជ័យរបស់ខ្លួនឯងទៅហើយ បរាជ័យនេះ បង្ហាញឲ្យឃើញថា បើសិនជាលោក ហ៊ុន សែន មិននៅឃ្លាតឆ្ងាយពីរបបសឹកទេ គឺការងាររបស់អាស៊ាន និងកិច្ចប្រជុំអាស៊ានផ្សេងៗក៏នឹងពិបាកធ្វើដែរ»។
កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានខកខានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានម្ដងរួចមកហើយ ដោយសារតែលោក ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដ៏ចម្រូងចម្រាស់កាលពីដើមខែមករា។ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក សៃហ្វ៊ុដឌីន អាប់ឌុលឡោះ (Saifuddin Abdullah)បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មូលហេតុដែលរដ្ឋមន្រ្តី ការបរទេសអាស៊ានមិនទៅចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់កម្ពុជា ដូចការគ្រោងទុកកាលពីថ្ងៃទី១៨ ថ្ងៃទី១៩ ខែមករានោះ ដោយសារតែលោក ហ៊ុន សែន ទៅជួបមេដឹកនាំរបបសឹកដោយអនុម័ត ដោយមិនបានពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានជាមុនសិន។
នៅក្នុងជំនួបរវាងលោក ហ៊ុន សែន និងមេដឹកនាំឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះវិញ លោក ហ៊ុន សែន បានជំរុញឲ្យប្រធានាធិបតីឥណ្ឌូនេស៊ី ជួយជំរុញឲ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននេះវិញឆាប់ៗដែរ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិអះអាងថា កម្ពុជានឹងរងភាពអាម៉ាស់កាន់តែខ្លាំងពិសេសអាចខកខានរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២២ ខាងមុខទៀត បើសិនជាលោក ហ៊ុន សែន នៅតែមានះចង់ឲ្យមេដឹករបបសឹកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដដែលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។