សហព័ន្ធសហជីពអន្តរជាតិ International Trade Union Confederation (ITUC) និងសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ជំរុញឱ្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់ចោលជាបន្ទាន់រាល់បទចោទទាំងអស់ប្រឆាំងនឹងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ព្រមទាំងសកម្មជនសហជីពដទៃទៀតដែលកំពុងជាប់ឃុំ ហើយដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។ សហព័ន្ធសហជីពអន្តរជាតិ ITUC ក៏ជំរុញឱ្យរដ្ឋាភិបាល ត្រូវប្ដេជ្ញាចិត្តគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានដូចដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិនានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។
ការជំរុញនេះ ធ្វើឡើងក្នុងលិខិតរួមគ្នាមួយច្បាប់សរសេរដោយអគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិ ITUC និងសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ITUC-AP ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា នេះ។ ក្នុងលិខិតរួមគ្នានេះ សហព័ន្ធសហជីពអន្តរជាតិ ITUC ដែលតំណាងឱ្យកម្មករនិយោជិតក្នុងវិស័យការងារចំនួន ២០០លាននាក់ មកពី១៦៣ ប្រទេស និងដែនដីនៅទូទាំងពិភពលោក បានថ្កោលទោសការចាប់ខ្លួនលោក រ៉ុង ឈុន ដែលបច្ចុប្បន្នលោកក៏ជាប្រធានក្រុមប្រឹក្សាសហព័ន្ធសហជីពអន្តរជាតិកម្ពុជាផងដែរ។ អង្គការអន្តរជាតិមួយនេះថា ពួកគេមានកង្វល់ជាខ្លាំង ដែលការចាប់ខ្លួនលោក រ៉ុង ឈុន កើតមានឡើងដោយសារតែលោកមានប្រវត្តិ និងបានធ្វើសកម្មភាពជាច្រើនឱ្យសហជីពនារយៈពេលចុងក្រោយនេះ ដោយបានរិះគន់ចំណាត់ការ និងគោលនយោបាយរបស់រដ្ឋាភិបាល ជុំវិញផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចបណ្ដាលមកពីជំងឺរាតត្បាតសាកលកូវីដ-១៩។
សហព័ន្ធសហជីពអន្តរជាតិ ITUC ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីនិន្នាការដ៏គួរឱ្យភ័យខ្លាចនៃការបង្ក្រាបមកលើសំឡេងប្រឆាំង និងក្រុមអ្នករិះគន់នៅកម្ពុជា។ អង្គការនេះសង្កត់ធ្ងន់ថា សេរីភាពក្នុងការសម្ដែងមតិ និងតំណាងឱ្យផលប្រយោជន៍របស់កម្មករ-កម្មការិនីក្នុងវិស័យការងារ គឺពិតជាមានសារសំខាន់មិនអាចខ្វះបានក្នុងការអនុវត្តដោយសេរី នៃសេរីភាពនៃការប្រមូលផ្តុំរបស់ពួកគេ។ អង្គការអន្តរជាតិដដែលនេះថា រដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចការពារ និងគោរពតាមសិទ្ធិនានា ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិរបស់អង្គការការងារអន្តរជាតិ ILO លេខ ៨៧ និងសន្ធិសញ្ញាអន្តរជាតិនានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។