មេឃុំ​​គណបក្ស​​ភ្លើង​ទៀន​​ខេត្តកំពង់ធំ​ ឡើង​កាន់​​តំណែង​​ថ្ងៃ​ដំបូង​​ប្រកាស​​ជំហរ​​បំរើ​​ពលរដ្ឋ​​ដោយ​មិន​​រើសអើង

ដោយ ទីន ហ្សាការីយ៉ា
2022.07.05
មេឃុំ​​គណបក្ស​​ភ្លើង​ទៀន​​ខេត្តកំពង់ធំ​ ឡើង​កាន់​​តំណែង​​ថ្ងៃ​ដំបូង​​ប្រកាស​​ជំហរ​​បំរើ​​ពលរដ្ឋ​​ដោយ​មិន​​រើសអើង លោក ញឹម សារ៉ុម (ពាក់ក្រវ៉ាត់ករក្រហម) ត្រូវបាន​ប្រកាស​សុពលភាព​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំចំណាលើ ខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ លោក ញឹម សារ៉ុម ត្រូវ​​បាន​អាជ្ញាធរ​ខេត្តកំពង់ធំ​ចាប់​ឃុំខ្លួន​មួយ​រយៈពេល​ខ្លី ក្នុង​សំណុំ​រឿង​ប្លន់ ក្រោយ​ជាប់ឆ្នោតជាមេឃុំ។ ប៉ុន្តែលោក​ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​ពី​មហាជន​រិះគន់​ខ្លាំង។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តកំពង់ធំ

ប្រធាន​ប្រឹក្សា​ឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​កំពង់ធំ​ត្រូវ​បាន​ប្រកាស​សុពលភាព​ចូល​កាន់​តំណែង​ជា​មេឃុំ​នៅ​​ព្រឹក​ថ្ងៃទី៤ ខែកក្កដា។ ពួកគេ​ប្ដេជ្ញា​ថា នឹង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យល្អ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ សង្គម​ស៊ីវិល​សាទរ​ចំពោះការ​ចូល​កាន់​តំណែង​ជា​មេឃុំនេះ និង​អំពាវនាវ​អោយ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​ជាប់​ឆ្នោត​ទាំង​នោះ​ធ្វើការ​រួម​គ្នា​បំរើ​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សេចក្ដីសុខ​របស់​ពលរដ្ឋ។

មេឃុំ​ចំណាលើ ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​នោះ​បានប្ដេជ្ញា​ចិត្ត​ធ្វើការ​សហការ​គ្នា សាមគ្គីគ្នា ជួយ​ដល់​ពលរដ្ឋ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​ចាប់​ផ្ដើម​ប្រកាស​សុពលភាព​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥  ចាប់ពី​ថ្ងៃ៤ ខែកក្កដានេះ

ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ចំណាលើ មកពី​គណបក្ស​ភ្លើងទៀន​លោក ញឹម សារ៉ុម ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី៤ ខែកក្កដា ថា​លោក​និង​សហការ​គ្នា​ធ្វើការ​ដឹកនាំ​ឃុំ​អោយ​មាន​ការ​អភិវឌ្ឍន៍ និង​មាន​ភាព​រីកចំរើន ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាលលោក​បន្ត​ថា លោកគ្មាន​ចិត្ត​ចង្អៀត​ចង្អល់​ក្នុង​ការ​អនុវត្ត​ការងារ​រួម​ជាមួយសមាជិក​ក្រុមប្រឹក្សា​បក្ស​កាន់​អំណាឡើយ។ លោក បញ្ជាក់ថា  នឹង​ធ្វើ​ការងារ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ«ខ្ញុំបាន​ប្តេជ្ញា​ចិត្ត អនុវត្ត​យ៉ាង​ខ្ជាបខ្ជួន តាម​ច្បាប់​គោលនយោបាយ​ គោលការណ៍ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​របស់​ក្រសួង​មហាផ្ទៃ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ប្រគល់​ជូន​ហើយ​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី និង​ភារៈកិច្ច​អស់ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ខិតខំ​បម្រើ និង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្ញុំ​អោយ​បាន​ទាន់​ពេល​វេលា ហើយ​ខិតខំ​លើក​កម្ពស់​ កិច្ចការងារ​ដើម្បី​ជំរុញ​អោយ​ស្ត្រី ទៅ​ជា​ផ្នែក​យែនឌ័រ​ហ្នឹង អោយ​គាត់​មាន​សកម្មភាព​ចូលរួម​អោយ​បាន​ច្រើន​  សក្តិសម​គាត់​ចំពោះ​ការ​អភិវឌ្ឍន៍​សង្គម»

លោក ញឹម សារ៉ុម បន្ថែម​ថា ​កិច្ចការ​សំខាន់​ដែល​លោក​ត្រូវ​ធ្វើ គឺ​ផ្តោត​លើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ឃុំ​របស់​លោក អោយ​ពលរដ្ឋ​ប្រើប្រាស់​ងាយ​ស្រួល

ឃុំចំណារលើ ខេត្តកំពង់ធំ គឺ​ជាបេក្ខជន​គណបក្ស​ភ្លើងទៀន ដែលបាន​ឈ្នះឆ្នោត​ជា​មេឃុំ។ រីឯ​ជំទប់ទី២​បាន​ទៅ​លើ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា។ វិទ្យុអាស៊ីសេរី មិន​អាចទាក់ទង​ជំទប់ទី២​ឃុំចំណាលើ​ គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ បានទេ នៅ​ថ្ងៃទី៤ ខែកក្កដា  ។ ប៉ុន្តែកន្លង​មក​អ្នក​នាំ​ពាក្យ​គណក្ស​កាន់​អំណាចលោក សុខ ឥសាន មាន​ប្រសាសន៍​ថាមេឃុំ​គណបក្ស​ដទៃ​ដែល​ជាប់​ឆ្នោត​កុំ​ព្រួយ​បារម្ភ​ក្នុង​ការ​បំពេញ​តួនាទី ហើយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ នឹង​ផ្តល់​កិច្ច​សហការ​ល្អ ​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន។ លោក​បន្តថា អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ នឹង​មិនរើស​អើង​និន្នាការ​នយោបាយ​ជាមួយ​គណបក្ស​នយោបាយ​ដទៃ​ទៀត​ទេ​ ព្រោះ​របៀប​ធ្វើការ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ​ ឋិត​ក្រោម​ច្បាប់​ស្តីពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង ថ្លែង​ថា ការ​លើក​ឡើង​របស់​ប្រធាន​ក្រុម​ប្រឹក្សានិង​សមាជិក​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ផ្សេង​គ្នា ហើយ​អាច​ធ្វើការងារ​ជាមួយ​គ្នា​បាន​ជា​ការ​ល្អ​ប្រសើរលោក​បន្ត​ថា ការធ្វើជា​មួយ​គ្នា​គ្មាន​អ្វីជាការ​លំបាក​ឡើយ ព្រោះថា​ការ​ដែល​ប្រកាន់​នយោបាយ​ផ្សេងគ្នា​ គឺជា​ទស្សនៈខុសគ្នា​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ​នៅ​ក្នុង​សង្គម

លោក យង់ គិមអេង យល់ឃើញ​ថា នយោបាយ​នៅតាម​ឃុំសង្កាត់​គួរ​មាន​គំនិត​ចាស់​ទុំ​នយោបាយ​ហើយ គួរ​ធ្វើ​ការ​រួមគ្នា ដើម្បី​ជា​ប្រយោជន៍​ដោយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។ លោក យង់ គិមអេង បន្ថែមថា ការ​គិត​ខុស​គ្នា គឺ​ជា​ការ​គិត​ពី​របៀប​ធ្វើការ​ខុសៗ​គ្នា​ដែរ​ ហើយ​សេចក្តី​ត្រូវ​ការ និង​បញ្ហា​របស់​ពលរដ្ឋ​ក៏​ខុស​គ្នា​ដែរ៖ «ការ​លើកឡើង​របស់​ពួកគាត់​ល្អ អឺពួកគាត់​អាច​រក្សា​បាន​នូវ​សាមគ្គីភាព​ជារួម  ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​អ្នកដឹកនាំក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជា​ការ​ប្រសើរហើយ​ពួកគាត់​អាច​ធ្វើការ​ជា​មួយ​គ្នា​ធ្វើ​ម៉េច​អោយ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ឃុំសង្កាត់​ កុំ​អោយ​មាន​ការ​បែកបាក់​ប្រេះឆា​គ្នា ហ្នឹង​ជា​រឿង​មួយ​សំខាន់​ណាស់»ហើយ​យើង​ផ្តោត​ទៅ​លើ​គោលដៅ​រួម សំខាន់​គឺការ​អភិវឌ្ឍន៍ ដែល​បំពេញ​នូវ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដោះ​ស្រាយ​នូវ​បញ្ហា​របស់​ប្រជាពលរដ្ឋខ្ញុំថា​រឿង​ទាំង​អស់​នេះ គឺ​សំខាន់ ហើយ​ស្របតាម​អ្វី​ដែល​ជា​គោលការណ៍ នៃ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែរ​បាទ»

ការ​បោះឆ្នោត​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​កន្លងទៅ គណបក្ស​ភ្លើងទៀន​ឈ្នះ​បាន​អាសនៈ ជិត​២​ពាន់​២០០​អាសនៈ  (២,១៩៨) អាសនៈ និង ជាប់ជា​មេឃុំ​ចំនួន ៤ឃុំ គឺ​ឃុំចំណាលើ ឃុំដូង និង​ឃុំក្រយា ខេត្តកំពង់ធំ និង​មួយ​ឃុំ​ទៀត​នៅ​ខេត្តកំពង់ចាម​ កន្លងមក​ពួកគេ​បាន​​ប្ដេជ្ញា​ថា  នឹង​ខិតខំ​បំពេញ​ការងារ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ

ក្រសួង​មហាផ្ទៃ ចាប់ផ្ដើម​ប្រកាស​សុពលភាព​មេឃុំ​ចៅសង្កាត់​ចាប់​ពី​ថ្ងៃទី៤ ខែកក្កដា ​រហូត​ដល់​ថ្ងៃទី៩ ខែកក្កដា ក្នុងនោះ​ខេត្តដែល​ប្រកាស​សុពលភាពមេឃុំ​ចៅ​សង្កាត់​ថ្ងៃ​ដំបូង​ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ធំ កោះកុង កំពត កំពង់ចាម រាជធានី​ភ្នំពេញ ​និង​ខេត្តមួយ​ចំនួន​ទៀត

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន ថា លោក​មិន​ខ្លាច​ក្នុង​ការ​ចូល​បំភ្លឺ​តុលាការ​ទេ ពាក់ព័ន្ធ​បទ​ចោទ «មិន​រាងចាល»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។