លោក កឹម សុខា មិន​អាច​ទៅ​ចូលរួម​វេទិកា​គោលនយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​សារ​តុលាការ​មិន​អនុញ្ញាត

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា សរសេរ​សារ​បង្ហាញ​ការ​សោកស្តាយដែល​រូប​លោក​មិន​អាច​ធ្វើដំណើរ​ទៅ​ចូលរួម​វេទិកា​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany) តាម​កម្មវិធី​ដែលបាន​គ្រោង​ទុកដោយ​សារ​តែ​សិទ្ធិសេរីភាព​របស់​លោក​ត្រូវ​បាន​ហាម​ឃាត់។

លោក​ត្រូវ​បាន​វេទិកា​គោលនយោបាយ​ពិភពលោក (World Policy Forum) របស់ប្រទេស​អាល្លឺម៉ង់អញ្ជើញ​ឲ្យ​ចូលរួម​ធ្វើ​បាឋកថា​ដោយ​ផ្ទាល់​ ដើម្បី​ចែករំលែក​នូវ​ទស្សនៈនិង​បទពិសោធន៍​ក្នុង​សន្និសីទ​កំពូល​ស្តីពី​ដំណោះស្រាយ​សាកល (Global Solution Summit) នៅថ្ងៃទី២៨ ខែមីនា នាទី​ក្រុង​ប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែតុលាការ​កម្ពុជា​មិន​អនុញ្ញាត។

សហមេធាវី​ការពារក្តី​លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់​វិទ្យុ​អាស៊ីសេរី​ ថា​ក្រុម​សហមេធាវី​បាន​ដាក់​ពាក្យ​សុំ​ព្យួរដីកា​សម្រេច​ ដែលដាក់​លោក កឹម សុខា ឲ្យស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នោះដែរ ដើម្បី​ឲ្យ​លោក កឹម សុខា អាចទៅចូលរួម​ដោល​ផ្ទាល់​ដែរ។ ប៉ុន្តែ អ្នកស្រី​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​នោះ។

អ្នកស្រី​បន្ថែម​ថា តុលាការ​អនុញ្ញាត​ឲ្យត្រឹម​លោក កឹម សុខា ចូលរួម​វេទិកា​នោះ​ពី​ចម្ងាយ តាម​ប្រព័ន្ធអនឡាញ។ ប៉ុន្តែ អ្នកស្រី​អះអាង​ថា លោក កឹម សុខា មិនអាច​ចូលរួម​ពី​ចម្ងាយ តាមប្រព័ន្ធអនឡាញនោះ​បាន​ទេ​ ដោយ​សារ​តែកម្មវិធីនោះ​ តម្រូវ​ឲ្យ​លោក កឹម សុខា មាន​វត្តមាន​ដោយ​ផ្ទាល់៖ «ទោះបីជា​មាន​ការ​អនុញ្ញាត ឲ្យចូលរួម​តាមរយៈ​ប្រព័ន្ធ​អនឡាញ​នេះ​ក៏​ដោយ ក៏​ឯកឧត្តម កឹម សុខា នៅតែមិន​អាច​ចូលរួម​បាន ដោយ​សារ​តែ​អ្នក​រៀបចំ​បាន​បញ្ជាក់​មក​វិញ​យ៉ាង​ច្បាស់​ថា ការ​ចូលរួម និងការ​ថ្លែង​បាឋកថា តាម​វិធី​អនឡាញ​ដែល​តុលាការ ​បានអនុញ្ញាត​ហ្នឹង​ គឺមិនមែន​ជាគោលបំណង​និង​កម្មវិធីដែល​អ្នក​រៀបចំ​កម្មវិធី​សន្និសីទ​ស្ដីពី​ដំណោះ​ស្រាយ រៀបចំ​ដើម្បី​ឯកឧត្តម កឹម សុខា​ នៅក្នុង​អង្គប្រជុំ​នោះ​ទេ ។ គោលបំណង​របស់​កម្មវិធី គឺ​អញ្ជើញ​ឯកឧត្តម កឹម សុខា ទៅ​ចូលរួម ដើម្បីធ្វើ​បាឋកថា​ដោយ​ផ្ទាល់ »

លោក កឹម សុខា ដែលជាប់ចោទ​ពី​បទក្បត់ជាតិត្រូវ​តុលាការ​ដាក់​ឲ្យនៅ​ក្រៅ​ឃុំជា​បណ្ដោះអាសន្ន ប៉ុន្តែ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ និង​មិនឲ្យធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ បើ​តាម​ច្បាប់បម្រាមនេះ​នឹងនៅ​ជាប់​រហូត​ដល់​តុលាការ​ចេញសាលក្រម​ស្ថាបពរ​ក្នុង​រឿង​ក្តី​របស់​លោក។តែរឿងក្តីដែល​អូស​បន្ថាយ​ពេល​ជាង​បួន​ឆ្នាំ និង​ត្រូវ​មជ្ឈដ្ឋាន​ទូទៅថា​មាន​ចរិត​នយោបាយ​នេះមិន​ដឹង​ថ្ងៃណាបិទ​បញ្ចប់​ចប់នោះ​ឡើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯណោះវិញ​លោក​ធ្លាប់​អារកាត់​ជំនួស​តុលាការ ថាទាល់តែឆ្នាំ២០២៤ ទើបរឿង​ក្តីនេះចប់។

ទោះជាយ៉ាង​នេះក្ដី លោក កឹម សុខា ថា​ការរឹតត្បិ​ត​សិទ្ធិសេរីភាព​របស់​លោក​នេះ​ ធ្វើឲ្យ​លោក​មិន​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោកនិងមិន​អាចជួយ​លើក​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បាន។

លោកសូមឲ្យ​មនុស្សជាតិ​ទាំងឡាយមាន​សិទ្ធិសេរីភាព មានយុត្តិធម៌ និង​មាន​ព្រហ្មវិហារ​ធម៌​ដើម្បី​ឲ្យ​ពិភពលោក​មាន​សន្តិភាព​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។