សហមេធាវីលោក កឹម សុខា ស្នើឱ្យតុលាការបញ្ឈប់ការប្រើប្រាស់ឈ្មោះប្រទេស និងស្ថាប័នសិប្បនិម្មិត ក្នុងដំណើរការកាត់ក្ដី
2024.06.06
សហមេធាវីរបស់លោក កឹម សុខា លើកឡើងដូចៗគ្នាថា តុលាការមិនគួរដាក់ឈ្មោះសិប្បនិម្មិត តំណាងឱ្យប្រទេស ស្ថាប័ន នៅពេលអានរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ ដើម្បីដាក់បន្ទុកទៅលើលោក កឹម សុខា ពីបទក្បត់ជាតិឡើយ។ មន្ត្រីសង្គមស៊ីវិលគាំទ្រការលើកឡើងរបស់សហមេធាវីរបស់លោក កឹម សុខា និងចាត់ទុកការអូសបន្លាយដំណើរកាត់ក្ដីលោក កឹម សុខា គឺជារឿងនយោបាយ។
សាលាឧទ្ធរណ៍ភ្នំពេញបើកសវនាការលើកទី១០ លើបណ្ដឹង ជំទាស់របស់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិត ត្រូវរ៉ូវគ្នាជាមួយបរទេស។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក អាង ឧត្ដម ប្រាប់អ្នកសារព័ត៌មាន ថា សវនាការលើកនេះមិនមានការដេញរវាងកូនក្ដីរបស់លោក ជាមួយនឹងអង្គចៅក្រមនោះឡើយ។ លោកបន្តថា ក្រឡាបញ្ជីបានអានតែឯកសារដាក់បន្ទុកលើលោក កឹម សុខា និងឯកសារភស្តុតាងដោះបន្ទុក ដែលជាខ្លឹមសារពេញលេញ ដែលលោក កឹម សុខា បានថ្លែងនៅប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។
លោក អាង ឧត្ដម៖ «ព្រោះសាលក្រម សាលដីកា នឹងក្លាយជាដីកាសាធារណៈ ហើយបើសាធារណជនយកទៅអាន ដឹងនរណាមកពាក់ព័ន្ធ ទាក់ទិនអីខ្លះ បើអត់ដឹងណារដ្ឋកខគ អង្គការ កខគឃង បុគ្គល ចឆជឈញ ឃើញទេអត់ដឹង យើងតវ៉ាឱ្យដាក់ឱ្យពេញ ឥឡូវគេនៅតែច្រានចោលអត់ទទួលយក អ៊ីចឹងដល់ពេលអ៊ីចឹងខ្ញុំមិនសង្ឃឹមថា អ្នកអានក្រៅពីភាគីសំណុំរឿង ដឹងរឿងហ្នឹងទេ»។
ក្រៅពីតុលាការបន្តប្រើប្រាស់ឈ្មោះប្រទេស និងស្ថាប័នដោយតាងជាអក្សរហើយនោះ សាលាឧទ្ធរណ៍ភ្នំពេញនៅតែយកភស្តុតាង ពីគណនីហ្វេសប៊ុកអនាមិកមកដាក់បន្ទុកលើលោក កឹម សុខា ដូចទៅនឹងដំណាក់កាលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញដែរ។
ជុំវិញរឿងនេះ សហមេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺលោក ផែង ហេង ចាត់ទុកការយកអត្ថបទពីទំព័រហ្វេសប៊ុកអនាមិក ដែលមិនមានប្រភពច្បាស់លាស់ ដើម្បីដាក់បន្ទុកលើលោក កឹម សុខា មិនមែនជារឿងត្រឹមត្រូវនោះឡើយ។ លោកបន្តថា តាមរយៈសវនាការនេះ លោកក៏បានស្នើឱ្យអង្គចៅក្រម ពិចារណាចំពោះភស្តុតាងមិនពេញលេញ ឬភស្តុតាងវីដេអូកាត់ត ដែលតុលាការបានដាក់បន្ទុក ដើម្បីចោទប្រកាន់លោក កឹម សុខា ដែរ។
លោក ផែង ហេង៖ «ប៉ុន្តែទោះជាយ៉ាងណា ក៏យើងអរគុណតុលាការដែលបានអានប្រតិចារឹកជាសម្ដីដើមរបស់ឯកឧត្ដម កឹម សុខា នៅប្រទេសអូស្ត្រាលី ហើយគាត់បានបញ្ជាក់ច្បាស់ណាស់ គឺឃ្លាមួយដែលចៅក្រមគួរតែពិចារណា ដែលគាត់ថាក្នុងនាមគាត់ ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បុគ្គលគាត់ផ្ទាល់ ក៏ដូចជាគណបក្សសង្គ្រោះជាតិ គឺមិនប្រើហិង្សាទេ ត្រង់នេះខ្ញុំគិតថាតុលាការគួរតែស្ដាប់បាននូវសម្ដីសន្និដ្ឋានជារួមទៅលើការមានប្រសាសន៍របស់គាត់»។
ជុំវិញរឿងនេះដែរ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត ដែលបានឃ្លាំមើលសវនាការមានប្រសាសន៍ថា ដោយសារតែតុលាការមិនបញ្ចេញឈ្មោះពិតរបស់ប្រទេស និងស្ថាប័នដែលលោក កឹម សុខា មានទំនាក់ទំនងជាសាធារណៈ ដូច្នេះរបាយការណ៍ភស្តុតាងទាំងនោះមិនមានលក្ខណៈពេញលេញ ក្នុងការចោទប្រកាន់លោក កឹម សុខា នោះឡើយ។
លោក យី សុខសាន្ត៖ «ពីព្រោះរឿងនេះ រឿងរួមគំនិតក្បត់គឺរឿងធំណាស់ មិនយកមកតាងយកមកឧទាហរណ៍អ៊ីចឹងទេ យើងស្នើសុំដោយទទូចដែរដល់រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នតុលាការ គួរតែផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានបានចូលទៅផ្ដិតយក ដោយសារថា នេះទុកជាគំរូក្មេងជំនាន់ឥឡូវ និងក្មេងជំនាន់ក្រោយ ថា តើរឿងក្បត់ជាតិហ្នឹងវាពាក់ព័ន្ធនឹងប្រទេសណាខ្លះ ចំណុចនេះហើយដែលយើងមើលរបាយការណ៍ហាក់ដូចជា នៅខ្វះចន្លោះមិនទាន់អាចយកមកជាភស្តុតាងចោទប្រកាន់គាត់បាន»។
សវនាការលើកទី១០ បានបិទបញ្ចប់នៅម៉ោង១១ ៣០នាទីព្រឹក នៅថ្ងៃដដែល ដោយសាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តសវនាការលើសំណុំរឿងលោក កឹម សុខា ជាថ្មីម្ដងទៀត នៅថ្ងៃទី២០ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។