មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា

0:00 / 0:00

សហមេធាវី​របស់​លោក កឹម សុខា គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ឆាប់ៗ​នេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា​លោក កឹម សុខា នឹង​ទទួល​បាន​យុត្តិធម៌ និង​សេរីភាព​មក​វិញ​នៅពេល​កម្ពុជា​​មាន​ដោះស្រាយ​នយោបាយ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា គឺ​លោក ផែង ហេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញាថាសេចក្តី​សន្និដ្ឋាន​កម្រាស់​ជាង​៥០ទំព័រ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា គឺ​ក្រុម​មេធាវី​បាន​រៀបចំ​រួចហើយ​សម្រាប់​ដាក់​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​នៅ​មុន​ពេល​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​នឹង​បើក​សវនាការ​ធ្វើ​សេចក្ដីសន្និដ្ឋាន​ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ខាង​មុខ។

ទន្ទឹម​នឹង​នេះ លោក ផែង ហេង ឱ្យ​ដឹង​ថា សេចក្តី​សន្និដ្ឋាន​ជា​លាយលក្ខណ៍​អក្សរ​នេះ​បាន​បកស្រាយ​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់ អង្គហេតុ និង​ភស្តុតាង​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ក្តី​មិន​បាន​ត្រឹមត្រូវ​លើ​កូន​ក្តី​របស់​លោក​កន្លង​មក។ លោក​បញ្ជាក់​លោក កឹម សុខា ជា​មេដឹកនាំ​ស្អាតស្អំ ស្រឡាញ់​ជាតិ និង​ការពារ​បូរណភាព​ទឹកដី ដោយ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ឬ​ឃុបឃិត​គ្នា​ជាមួយ​បរទេស​ធ្វើ​សកម្មភាព​ណា​មួយ​បំផ្លាញ​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ ឬ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

លោក​សង្ឃឹម​ថា ការ​ពន្យល់​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​យក​ទៅ​ពិចារណា ដោយ​បដិសេធ​ចំពោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មីនា ដែល​បាន​សម្រេច​ផ្ដន្ទាទោស​ឱ្យ​លោក កឹម សុខា ជាប់​ពន្ធនាការ​២៧ឆ្នាំ​ទាំង​អយុត្តិធម៌។

លោក ផែង ហេង៖ «សេចក្តី​សន្និដ្ឋាន​របស់​មេធាវី គឺ​ធ្វើ​ការ​បកស្រាយ​ជំទាស់​ទៅ​នឹង​អ្វី​​ដែល​​សាលក្រម​ផ្ដន្ទាទោស និង​អ្វី​ដែល​យល់​ឃើញ​ខុស​ទៅ​នឹង​អង្គហេតុ និង​អង្គច្បាប់​ក្នុង​សាលក្រម​ហ្នឹង ហើយ​យើង​​ទុក​លទ្ធភាព ការ​បកស្រាយ​នេះ​ដើម្បី​ឱ្យ​សាលាឧទ្ធរណ៍​ពិចារណា​បដិសេធ​សាលក្រម និង​ផ្តល់​សេរីភាព​ឱ្យ​លោក កឹម សុខា»។

ទន្ទឹម​នឹង ការ​តតាំង​ក្តី ស្វែងរក យុត្តិធម៌ នៅ តុលាការ នេះ លោក ផែង ហេង បង្ហើប​ឱ្យ ដឹង ថា បច្ចុប្បន្ន លោក កឹម សុខា ដែល កំពុង ជាប់ឃុំ នៅក្នុង ផ្ទះ មាន វ័យ កាន់តែ ចាស់ និង មាន បញ្ហា សុខភាព ខណៈ លោក មាន ជំងឺ លើស ជាតិ ស្ករ ជំងឺ លើស ឈាម និង ជំងឺ អាលែកហ្ស៊ី​ស្បែក ជាដើម ដែល ត្រូវ ព្យាបាល ជា ប្រចាំ។ លោក ស្នើ ឱ្យ តុលាការ ថ្នាក់លើ សម្រេច ក្តី នៅ ពេល ខាងមុខ ឈរ លើ ភាព ឯករាជ្យ ហើយ​ទម្លាក់ ចោល ការចោទប្រកាន់ និ ង​ប្រគល់ សេរីភាព ដល់ លោក កឹម សុខា ឡើងវិញ ។

លោក ផែង ហេង៖ «ខ្ញុំ​គិត​ថា​ចៅក្រម​សាលាឧទ្ធរណ៍​ដែល​ជា​ចៅក្រម​មាន​ឋានានុក្រម​ខ្ពស់ មាន​បទពិសោធន៍​ច្រើន ចៅក្រម​មាន​ស្នាដៃ អ៊ីចឹង​ចៅក្រម​​នឹង​មាន​បទពិសោធន៍ នឹង​បាន​សិក្សា​ច្បាស់លាស់​អំពី​អង្គហេតុ និង​អង្គច្បាប់ ហើយ​​ខ្ញុំ​គិត​ថា ឆន្ទានុសិទ្ធិ​​របស់​ចៅក្រម​នឹង​សម្រេច​ឱ្យ​ឯកឧត្តម កឹម សុខា រួចផុត​ពី​ការ​ចោទ​ប្រកាន់»។

សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី០៤ ខែកក្កដា បាន​បិទ​បញ្ចប់​ការ​សាកសួរ និង​សម្រេច​ធ្វើ​សេចក្ដីសន្និដ្ឋាន​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ខាងមុខ លើ​បណ្ដឹង​ជំទាស់​របស់​មេដឹកនាំ​បក្ស​សង្គ្រោះជាតិ ​លោក កឹម សុខា ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។ សេចក្តី​សន្និដ្ឋាន​លើ​អង្គហេតុ និង​អង្គ​ច្បាប់​ដោយ​ផ្ទាល់​​នៅក្នុង​សវនាការ​ខាងមុខ​នឹង​មាន​បី​ភាគី​ចូលរួម រួមមាន​ភាគី​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ភាគី​ខាង​តំណាង​អយ្យការ និង​ភាគី​មេធាវី​ដើម​បណ្តឹង។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា មេធាវី​តែងតែ​លើក​ហេតុផល និង​ភស្តុតាង​បញ្ជាក់​ថា លោក កឹម សុខា មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា សំណុំ​រឿង​នេះ​បើ​គ្មាន​ការ​ដោះស្រាយ​ផ្នែក​នយោបាយ​ទេ លោក កឹម សុខា អាច​ពិបាក​ទទួល​​បាន​យុត្តិធម៌​នៅ​ពេល​ខាងមុខ។ លោក អំ សំអាត រំលឹក​ថា កម្ពុជា​មាន​បញ្ហា​ចម្រូងចម្រាស​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​តែ​បន្ត​កើត​ឡើង ដូច្នេះ​លោក​ចង់​ឃើញ​អ្នកនយោបាយ​ចូល​តុចរចា​ដោះស្រាយ​ជម្លោះ​ជាមួយ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​តម្កល់​ផលប្រយោជន៍​ជាតិ។

លោក អំ សំអាត៖«ខ្ញុំ​យល់​ថា បើសិន​អ្នកនយោបាយ​ទាំងអស់ យើង​បន្ត​នូវ​វប្បធម៌​សន្ទនា​គ្នា ហើយ​ការ​ដោះស្រាយ​តាម​ផ្នែក​នយោបាយ​ដោយ​តម្កល់​ឧត្តម​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ហើយ​នឹង​យក​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​៥ឆ្នាំ​ក្នុង​ការ​បោះឆ្នោត​ម្តង ហើយ​បើសិន​ជា​មាន​ការ​បន្ធូរបន្ថយ​ស្ថានភាព បរិយាកាស​នយោបាយ​ហើយ កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាជាង​ភាព​ចម្រូងចម្រាស​នៃ​ស្ថានភាព​នយោបាយ​កន្លងមក​នោះ​បាទ»។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា វ័យ៧០ឆ្នាំ ដាក់​ពន្ធនាគារ​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើកលែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។ ទោះជាយ៉ាងណា​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​សំណុំ​រឿង​នេះ​ថា​ជា​រឿង​នយោបាយ ហើយ​ទាមទារ​ឱ្យ​លុបចោល​ការចោទប្រកាន់​និង​ប្រគល់​សេរីភាព​ពេញលេញ ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។