មេប្រឆាំងដែលកំពុងបាត់សិទ្ធិធ្វើនយោបាយ លោក កឹម សុខា លើកឡើងថា ប្រធានាធិបតីអាល្លឺម៉ង់ (Germany) បានយកចិត្តទុកពីការបាត់បង់សិទ្ធិសេរីភាពរបស់លោក។ ទោះយ៉ាងណាមន្ត្រីបក្សកាន់អំណាចថា អ្វីដែលមេដឹកនាំអាល្លឺម៉ង់លើកឡើងនោះ គ្រាន់តែជាមនោសញ្ចេតនាបុគ្គល ហើយក៏មិនអាចជួយអ្វីដល់លោក កឹម សុខា បានឡើយ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) បានផ្ដល់តម្លៃដល់រូប ក្នុងការតស៊ូដោយអហិង្សា និងការអត់ធ្មត់ ដើម្បីបុព្វហេតុលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក កឹម សុខា ឱ្យដឹងទៀតថា លោក ហ្វ្រែង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ បានប្រាប់លោកថា មិនមែនតែមេដឹកនាំអាល្លឺម៉ង់ទេ គឺទាំងសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិផ្សេងទៀត ក៏កំពុងតាមដានករណីសិទ្ធិសេរីភាពរបស់លោកដែរ ស្របពេលការបោះឆ្នោតជាតិ កាន់តែខិតជិតចូលមកដល់។ លោក កឹម សុខា លើកឡើងដូច្នេះ តាមទំព័រហ្វេសប៊ុកកាលពីថ្ងៃយប់ទី១៥ ខែកុម្ភៈ បន្ទាប់មេបក្សប្រឆាំងរូបនេះ ជួបជជែកជាមួយប្រធានាធិបតី អាល្លឺម៉ង់លោក ហ្វ្រែង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ។ ទំព័រហ្វេសប៊ុកស្ថានទូតអាល្លឺម៉ង់ឱ្យដឹងដែរថា លោក ហ្វ្រែង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ ក៏បានជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិល និយាយពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយ និងការបិទវិទ្យុវីអូឌី (VOD) ផងដែរ។ លោកប្រធានាធិបតី ក៏បង្ហាញក្ដីបារម្ភពីការបញ្ហានេះដែរ។
ប្រធានាធិបតី លោក ហ្វ្រែង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។
ទាក់ទងរឿងនេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងតាមទំព័រហ្វេសប៊ុករបស់លោកដែរ ដោយលោកស្នើរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ គួរចាប់អារម្មណ៍ពីស្ថានការណ៍សិទ្ធិមនុស្ស ដែលកំពុងធ្លាក់ដុនដាប ដោយការគាបសង្កត់ពីរដ្ឋាភិបាលលោក ហ៊ុន សែន។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការដែល ប្រធានាធិបតី លោក ហ្វ្រែង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ ជួបលោក កឹម សុខា និងអ្នកពាក់ព័ន្ធផ្សេងទៀត គឺជាមនោសញ្ចេតនា។ លោក សុខ ឥសាន អះអាងទៀតថា មេដឹកនាំអាល្លឺម៉ង់ ពេលជួបលោក ហ៊ុន សែន មិនបានឡើងពីសំណុំរឿងលោក កឹម សុខា ទេ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ និយាយដដែលៗទៀតថា បើទោះជាប្រធានាធិបតីអាល្លឺម៉ង់ យកចិត្តទុកដាក់ពីបញ្ហាសិទ្ធិសេរីលោក កឹម សុខា ក្ដីក៏មិនអាចធ្វើឱ្យប៉ះពាល់ដល់ការសម្រេចក្ដីរបស់តុលាការ ក្នុងការប្រកាសលោក កឹម សុខា នាពេលខាងមុខនេះដែរ។
លោក សុខ ឥសាន៖«ជួបដូចខ្ញុំថា អ៊ីចឹង ជួបជាមនោសញ្ចេតនារវាងភាគីទាំងពីរគាត់(លោក ហ្វ្រែង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ)ក៏អត់មានលើកឡើងជាការសន្និដ្ឋានយ៉ាងណាចំពោះករណី កឹម សុខា ក៏អត់មានឮនិយាយទេ»។
ការលើកឡើងរបស់មេដឹកនាំសហគមន៍អន្តរជាតិ ពីសិទ្ធិលោក កឹម សុខា ពេលនេះ គឺនៅសល់ពេលជាង ៥ខែទៀតទេ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេសថ្មី ប៉ុន្តែ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទំនងបាត់បង់ឱកាសក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា មេដឹកនាំ ឬតំណាងអង្គទូតប្រទេសលោកសេរី តែងតែជួបលោក កឹម សុខា ជាញឹកញាប់ណាស់មកហើយ តែលទ្ធផល ហាក់មិនទាន់មានអ្វីប្រែប្រួលជាវិជ្ជមានគួរឱ្យកត់សម្គាល់ឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា បើទោះជាមានជំនួបលោក កឹម សុខា ជាមួយលោកប្រធានាធិបតីអាល្លឺម៉ង់ពេលនេះ ក៏ទំនងមិនធ្វើឱ្យលោក កឹម សុខា មានឱកាសចូលរួមក្នុងប្រកួតប្រជែងការបោះឆ្នោតនាខែកក្កដាខាងមុខនេះដែរ។
លោក កន សាវាង្ស៖«អ៊ីចឹងរៀងសំខាន់រឿងត្រង់ហ្នឹងថា ការជួបអីហ្នឹងជារបៀបវារៈនៅក្នុងការជួបរបស់ស្ថានទូត ប៉ុន្តែ អ្វីដែលខ្ញុំមានការសោកស្ដាយគឺថា គាត់(លោក កឹម សុខា)នៅតែមិនមានឱកាសគ្រប់គ្រាន់នៅក្នុងការចូលរួមការបោះឆ្នោតឆ្នាំ២០២៣ ហ្នឹងបាទ»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ការយកចិត្តទុកដាក់របស់មេដឹកនាំអាល្លឺម៉ង់ពេលនេះ មិនមែនត្រឹមតែជាការចង់ដឹងពីសុខទុក្ខលោក កឹម សុខា ទេ តែជាការឈឺឆ្អាលពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តទៀតថា ប្រសិនបើសហគមន៍អន្តរជាតិ នៅតែប្រើប្រាស់នយោបាយការបរទេសទន់ភ្លន់លើរដ្ឋាភិបាលលោក ហ៊ុន សែន ដូចសព្វថ្ងៃនេះ ទំនងមិនបានធ្វើឱ្យលោក ហ៊ុន សែន បន្ធូរដៃ ឬផ្ដល់សេរីភាពជូនលោក កឹម សុខា ឡើយ។
លោក គឹម សុខ៖«តើតាមការចង់បានរបស់អ្នកសម្របសម្រួលការទូតទេ ខ្ញុំយល់ថា នៅឆ្ងាយខ្លាំងណាស់ ព្រោះអ្វីដែលជាសេណារីយោរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលបច្ចុប្បន្នមិនផ្ដោតទៅលើការស្ដារលទ្ធិប្រជាធិបតេយ្យ និងមុខមាត់របស់កម្ពុជាទេ»។
សាលាដំបូងរាជធានីភ្នំពេញចាយពេលអស់ជាង ៥ឆ្នាំ ទម្រាំបិទបញ្ចប់សវនាការ លោក កឹម សុខា កាលពីចុងឆ្នាំ២០២២។ តុលាការគ្រោងប្រកាសសាលក្រម រឿងលោក កឹម សុខា សំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា នាថ្ងៃទី៣ ខែមីនា ខាងមុខ។ សហគមន៍ជាតិរិះគន់ថា ការចោទប្រកាន់លើលោក កឹម សុខា គ្មានមូលដ្ឋាន និងជំរុញទៅរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាតឱ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។