មេធាវី​លោក កឹម សុខា ទទូច​ឱ្យ​តុលាការ​ពន្លឿន​សវនាការ​ឡើង​វិញ​ឱ្យ​បាន​ឆាប់

​ដោយ ខែ សុណង
2020.10.24
កឹម សុខា ២០១៩ ៦២២ លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។
រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង

មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ចង់​ឃើញ​តុលាការ​ជម្រះក្ដី​ឱ្យ​លឿន​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គូ​ភាគី​ក្នុង​សំណុំ​រឿង​នេះ​។ អ្នកឃ្លាំមើល​សង្គម​យល់ថា ជម្លោះ​នយោបាយ​នេះ​គួរ​ដល់ពេល​បក្ស​កាន់អំណាច​បន្ធូរដៃ​វិញ​ហើយ ខណៈ​សហគមន៍​អន្តរជាតិ​តែងតែ​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ផ្សះផ្សា​គ្នា​ឡើងវិញ។

ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឱ្យ​ដឹង​ថា អស់​រយៈពេល​ជិត​២០​ថ្ងៃ​ហើយ សាលាដំបូង​រាជធានី​ភ្នំពេញ​មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​តុលាការ​បន្ត​ដំណើរការ​ជម្រះក្ដី​សំណុំរឿង​លោក កឹម សុខា ឡើងវិញ​នៅឡើយ​ទេ​។ មេធាវី​ម្នាក់​ក្នុងចំណោម​ក្រុម​មេធាវី​ការពារ​ក្ដី​លោក លោក កឹម សុខា គឺ​លោក ផែង ហេង ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​២៤ ខែ​តុលា​ថា ក្រុម​មេធាវី​មកដល់ពេលនេះ​មិន​ទាន់​ទទួល​លិខិត​ឆ្លើយតប​ពី​តុលាការ​វិញ​នៅ​ឡើយ​ទេ​។ លោក​មេធាវី ផែង ហេង ចង់​ឃើញ​តុលាការ​ពន្លឿន​សំណុំ​រឿង​នេះ ដូច​សំណុំរឿង​ផ្សេងទៀត​ដែល​ក្រសួង​យុត្តិធម៌​យកចិត្តទុកដាក់​ដោះស្រាយ​ពន្លឿន​នីតិវិធី៖ «ធម្មតា​គោលការណ៍​យុត្តិធម៌​កាលណា​ចាត់ចែង​បាន​លឿន​គូភាគី​ឆាប់​ទទួល​បាន​យុត្តិធម៌​អ៊ីចឹង បាន​ហើយ​បាន​ក្រសួងយុត្តិធម៌​ឃើញ​កន្លងមក​ដាក់​ពន្លឿន​នីតិវិធី ហើយ​សំណុំរឿង​ឯកឧត្ដម កឹម សុខា ក៏​រាប់​ឆ្នាំ​ហើយ​ដែរ ហើយ​យើង​ក៏​ចង់​សំណុំរឿង​ហ្នឹង​បាន​លឿន​ដូច​សំណុំរឿង​ផ្សេងៗ​ទៀត​ដែរ»

កាលពី​ថ្ងៃ​០៥ ខែ​តុលា សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្នើសុំ​តុលាការ​បន្ត​ដំណើរការ​ជម្រះក្ដី​សំណុំរឿង​លោក កឹម សុខា ឡើងវិញ​ឱ្យ​បាន​ឆាប់ៗ​។ ក្រុម​មេធាវី​លើកឡើង​ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ​-១៩ រដ្ឋាភិបាល​គ្រប់គ្រង​បាន​ទាំងស្រុង ហើយ​ចំណែក​សវនាការ​លើ​សំណុំរឿង​ផ្សេងៗ​ក៏​តុលាការ​កំពុងតែ​ដំណើរ​សវនាការ​ធម្មតា​ដែរ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​នៅឡើយ​ទេ​ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​។​

កាលពី​ខែ​មិថុនា​ក្រុម​មេធាវី​លោក កឹម សុខា បាន​ស្នើ​សុំ​បន្ត​សវនាការ​ឡើងវិញ​ម្ដង​រួចហើយ ប៉ុន្តែ​តុលាការ​បដិសេធ​ដោយ​លើក​ហេតុផល​ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិន​ទាន់​ធូរស្រាល។

ទោះជា​យ៉ាងណា កាសែត​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ឈ្មោះ​ខ្មែរ​ថាមស៍ (Khmer Times) បាន​ចុះផ្សាយ​កាលពី​ខែ​កញ្ញា​ថា ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​របស់​គណៈរដ្ឋមន្ត្រី លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​និយាយ​ថា សំណុំរឿង​របស់​លោក កឹម សុខា អាច​ពន្យារពេល​រហូត​ដល់​ឆ្នាំ​២០២៤។អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​បណ្ឌិត សេង សារី យល់ថា បើទោះ​ជា​ល្បែង​នយោបាយ​នេះ​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​ក្ដី ប៉ុន្តែ​ល្មម​ដល់​ពេលវេលា​សម្របសម្រួល​នយោបាយ​ឡើងវិញ​ហើយ​ដើម្បី​ប្រយោជន៍​ជាតិ ព្រោះ​កម្ពុជា​កំពុង​ជួប​វិបត្តិ​ផ្ទួនៗ​នៅ​រយៈពេល​ចុងក្រោយ​នេះ​។ លោក​ព្រួយបារម្ភ​ថា បើ​ស្ថាន​ការ​ភាព​សិទ្ធិមនុស្ស និង​ស្ថានភាព​នយោបាយ​មិនបាន​កែ​លម្អ​ក្នុង​កាលៈទេសៈ​នេះ​ទេ កម្ពុជា​នឹង​រឹតតែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារតែ​គ្រោះ​ទឹកជំនន់ និង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%«ធ្វើ​កំណែ​ទម្រង់​ច្បាប់​នយោបាយ​ថ្មី​ហ្នឹង​ដែល​បង្កើត​ឡើង​ចេតនា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​និយាយ​បែបនេះ​មិនមែន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ​ក៏ប៉ុន្តែ​យើង​មើល​ឃើញ​ថា​ កម្លាំង​ប្រជាធិបតេយ្យ​ដែល​មាន​ស្ទើរតែ​ស្មើគ្នា​ហ្នឹង​គឺជា​កម្លាំង​មួយ​ត្រូវ​ពិចារណា​ដែរ មិនមែន​មាន​ន័យ​​ថា យើង​ឈ្នះ​ដោយ​សំឡេង​៥០+១​ហើយ ​ស្រាប់តែ​៤០​ភាគរយ​ដែល​គេ​ទទួល​បាន​សំឡេង​នោះ​យើង​ផាត់​គេ​ចោល​នេះ​ មិនមែន​ប្រទេស​ប្រជាធិបតេយ្យ​ដែល​អនុវត្ត​ដែរ»

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧​។ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​ខ្លះ​ដោយ​អនុញ្ញាត​អាច​ឱ្យ​ធ្វើដំណើរ​ក្នុង​ប្រទេស​ ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ​និង​ចេញ​ក្រៅ​ប្រទេស​។ ទោះយ៉ាង​ណា​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្នុង​ពេល​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ចុះ​ជួប​ពលរដ្ឋ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ចំណែក អង្គទូត​ប្រទេស​មហាអំណាច​បាន​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា ជា​ញឹកញាប់​ផង​ដែរ​ជាពិសេស​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ។​

ស្ថានទូត​សហរដ្ឋអាមេរិក​បង្ហោះ​សា​រលើ​ហ្វេសប៊ុក ក្រោយ​ជំនួប​រវាង​លោក ប៉ាទ្រីក ម័រហ្វី និង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២២ តុលា ថា សហរដ្ឋអាមេរិក​នៅតែ​មានការ​ប្ដេជ្ញា​ចិត្ត ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​សេចក្ដីប្រាថ្នា​ចង់បាន​សន្តិភាព វិបុលភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។