ប្រពន្ធរបស់ចៅសង្កាត់រងទីពីរ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គណបក្សសង្គ្រោះជាតិ និងសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្វាយសំណើដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទានលើកលែងទោស ដល់ លោក ចៅ វាសនា ដែលកំពុងមានជំងឺធ្ងន់ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។ លោក ចៅ វាសនា បានជាប់ពន្ធនាគារ អស់រយៈពេលលើស ពីរភាគបីនៃទោសជាប់ពន្ធនាគាររបស់លោក ដែលអាចឲ្យព្រះមហាក្សត្រលើកលែងទៅឲ្យបាន។
អតីតសមាជិកព្រឹទ្ធសភា និងជានាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រាប់អាស៊ីសេរីថា លោកបានថ្វាយលិខិត ស្នើសុំឲ្យព្រះមហាក្សត្រ លើកលែងទោសឲ្យលោក ចៅ វាសនា ក្នុងមានជាមនុស្សធម៌ មិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។
លិខិតថ្វាយព្រះមហាក្សត្រ របស់សហគមន៍ខ្មែរកម្ពុជាក្រោមបញ្ជាក់ថា លោក ចៅ វាសនា បានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល ៤ឆ្នាំ និង ៥ខែ លើទោសសរុបចំនួន ៥ឆ្នាំរួចហើយ ដូច្នោះបើតាមច្បាប់ ព្រះមហាក្សត្រ អាចលើកលែងទោសឲ្យលោក ចៅ វាសនាបាន ដោយសារតែ លោកកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។ លោក ថាច់ សេដ្ឋា ថ្លែងថា លោកបានសម្រេចចិត្ត សរសេរលិខិតទៅព្រះមហាក្សត្រ ដោយសារតែ ប្រពន្ធ លោក ចៅ វាសនា ទទូចស្នើសុំលោកឲ្យ ឲ្យជួយអន្តរាគមន៍ ដោយសារតែលោក ចៅ វាសនា ជាខ្មែរក្រោម និងកំពុងមានបញ្ហាសុខភាព៖ «ខ្ញុំមានសង្ឃឹមថា យ៉ាងមុតមាំថា ព្រះមហាក្សត្រ នឹងលើកលែងទោសដល់លោក ចៅ វាសនា ដោយសារតែ លោក ចៅ វាសនា បានអនុវត្តទោសបានជាងពីរភាគបីទៅតាមអំណាចនៃសាលក្រម»។
ជុំវិញសំណើឲ្យលើកលែងទោសនេះ ប្រពន្ធលោក ចៅ វាសនា លោកស្រី វង្ស គឹមហុង ប្រាប់អាស៊ីសេរីថា លោក ចៅ វាសនា កំពុងមានជំងឺ ខ្លាញ់រុំបេះដូងធ្ងន់ធ្ងរ ហើយកំពុងជាប់ក្នុងបន្ទាប់ណែនចង្អៀត។ បន្ថែមលើនេះទៅទៀត លោក ចៅ វាសនា ក៏កំពុងរងសំពាធផ្នែកនយោបាយក្នុងពន្ធនាការផងដែរ។ លោកស្រីថា ខាងពន្ធនាគារ ហាក់មិនចង់ឲ្យអ្នកស្រី សាកសួរសុខទុក្ខប្តីរបស់លោកស្រីទេ៖ «ចង់និយាយថា រឹតត្បិតគាត់ខ្លាំង ជួនកាលយើងយករបស់របរថ្ងៃ ណាស្រួលទៅ ឲ្យចូល ថ្ងៃណាអត់ស្រួលអត់ឲ្យចូលទៅ។ ខ្ញុំគិតក្នុងចិត្តថា ធ្វើហួសហេតុពេក»។
ពាក់ព័ន្ធសំណើទៅព្រះមហាក្សត្រនេះ ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១០ តុលាថា ខាងពន្ធនាគារខេត្ត អាចមានសិទ្ធិ ស្នើឲ្យមានការដោះលែង លោក ចៅ វាសនា ប្រសិនបើ ខាងពន្ធនាគារមើលឃើញថា លោក ចៅ វាសនា កំពុងជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ៖ «ករណីរបស់លោក ចៅ វាសនា នេះ សាលដីកាស្ថាពរទៅហើយ។ ដូច្នោះលទ្ធភាពដោះលែងលុះត្រាទៅតាមការស្នើសុំ ការលើកលែងទោស ប៉ុន្តែបើសុខភាពលោកធ្ងន់ធ្ងរ ខាងពន្ធនាគារអាចដាក់សំណើសុំការលើកលែងទោស»។
អាស៊ីសេរីមិនទាន់អាចទាក់ទងនឹងមន្ត្រីពន្ធនាគារខេត្ត បន្ទាយមានជ័យបាន ប៉ុន្តែមន្ត្រីពន្ធនាគារខេត្តនេះ ធ្លាប់អះអាងថា ពន្ធនាគារកំពុងធ្វើការកែប្រែលក្ខខណ្ឌ ពន្ធនាគារដើម្បីកាត់បន្ថយការចង្អៀតណែនរបស់អ្នកទោស។ ចំពោះសំណើសុំលើកលែងទោស លោក ចៅ វាសនា នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បដិសេធមិនឆ្លើយសំណួរ អាស៊ីសេរី ដោយបង្វែរសំណួរទៅលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌វិញ ប៉ុន្តែលោក ជិន ម៉ាលីន ធ្លាប់ប្រកាសផ្អាកនិយាយជាមួយនឹងអ្នកសារព័ត៌មានហើយ។
លោក ចៅ វាសនា ជាចៅសង្កាត់រងទីពីរ នៅសង្កាត់ ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបក្រុងភ្នំពេញរំលាយចោលទាំងខុសច្បាប់។ លោកមានដើមកំណើតជាខ្មែរកម្ពុជាក្រោម។ លោកបានចាកចេញពីទឹកដីកំណើត កាលពីឆ្នាំ ១៩៩០ ដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម។ លោក ចៅ វាសនា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ គឺនៅមុនពេលបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោសដោយសារតែលោកបានចូលរួមឃ្លាំមើល សកម្មភាពអូសរទេះធ្វើបាតុកម្មរបស់កម្មករ កាលពីឆ្នាំ ២០១៥។
សង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនលោក ចៅ វាសនា នេះថា ជាករណីនយោបាយដោយសារតែ លោកជាមនុស្សមានប្រជាប្រិយភាព ហើយអាចជាប់ឆ្នោតឈ្នះ គណបក្ស ប្រជាជនកម្ពុជា។ មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា ធ្លាប់ប្រាប់អាស៊ីសេរីថា ការឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងរូបនេះមានភាពអយុត្តិធម៌។ លោកថា លោក ចៅ វាសនា ជាប់ឃុំដោយគ្មានកំហុស ព្រោះលោកជាចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត ដែលបានទៅពិនិត្យប្រជាពលរដ្ឋតវ៉ានៅក្រុងប៉ោយប៉ែត ក្នុងនាមជាអាជ្ញាធរដែនដី ហើយបែរជាត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។