ប្រធានគណបក្សឆន្ទៈខ្មែរលាលែងពីគណបក្សជាផ្លូវការហើយ ដើម្បីនាំក្រុមមេដឹកនាំបក្សនេះ ទៅចូលរួមសកម្មភាពជាមួយគណបក្សភ្លើងទៀន។
សេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីសម្រេចនៃអង្គសមាជវិសាមញ្ញរបស់គណបក្សឆន្ទៈខ្មែរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា គណបក្សនេះយល់ព្រមឱ្យលោក គង់ មុនីកា ជាប្រធានគណបក្ស រួមនឹងថ្នាក់ដឹកនាំគណបក្សនេះមួយចំនួនបានលាលែងពីបក្ស ទៅចូលរួមនយោបាយក្រោមស្លាកគណបក្សភ្លើងទៀនវិញ។
ជាមួយគ្នានេះគណបក្សឆន្ទៈខ្មែរក៏បានសម្រេចមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ នោះដែរ។ តែទោះជាយ៉ាងណា គណបក្សនេះនៅរក្សាឈ្មោះគណបក្សឆន្ទៈខ្មែរនៅក្នុងបញ្ជីគណបក្សនយោបាយផ្លូវការរបស់ក្រសួងមហាផ្ទៃដដែល។
គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សមួយក្នុងចំណោមគណបក្សដែលបានបែកចេញពីគណបក្សសង្រ្គោះជាតិ បានប្រកាសចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីរួមកម្លាំងគ្នាក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ កាលពីថ្ងៃទី៣ ខែតុលា។
ប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា អះអាងថា ថ្នាក់ដឹកនាំរបស់គណបក្សឆន្ទៈខ្មែរនឹងទៅជួយធ្វើការងារ ពង្រឹងសកម្មភាពនយោបាយរបស់គណបក្សភ្លើងទៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។