លោក គង់ សំអាន និងសកម្មជនបក្សប្រឆាំងផ្សេងទៀតកំពុងរងទុក្ខវេទនាក្នុងពន្ធនាគារ គ្រួសាររបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស អះអាងថា លោក គង់ សំអាន និងសកម្មជនបក្សប្រឆាំងផ្សេងទៀតកំពុងរងទុក្ខវេទនា ក្នុងពន្ធនាគារទាំងអយុត្តិធម៌ ខណៈពួកគេបន្តស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ចូលតុចរចាជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោះស្រាយវិបត្តិនយោបាយ។ មន្ត្រីពន្ធនាគារជំរុញឲ្យជនជាប់ឃុំដាក់សំណើទៅប្រធានពន្ធនាគារព្រៃស ដើម្បីអន្តរាគមន៍ និងដោះស្រាយ។
ប្រពន្ធ និងកូនរបស់មន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តត្បូងឃ្មុំ បានយកម្ហូបអាហារ ដោយជួបសួរសុខទុក្ខឪពុក និងប្ដីដែលកំពុងធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៣ ខែឧសភា។
ពួកគាត់ព្រួយបារម្ភថា ស្ថានភាពជំងឺជនជាប់ឃុំនយោបាយមួយចំនួនរួមទាំងលោក គង់ សំអាន អាចនឹងមានបញ្ហាធ្ងន់ធ្ងរប្រសិនមិនបានព្យាបាលឱ្យទាន់ពេលទេនោះ។
កូនស្រីមន្ត្រីគណបក្សប្រឆាំងកំពុងជាប់ពន្ធនាគារលោក គង់ សំអាន គឺកញ្ញា គង់ មុយលី ប្រាប់វិទ្យុអាស៊ីសេរីថា ការចាប់ឪពុករបស់កញ្ញា និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារព្រៃសរាប់ឆ្នាំមកនេះ គឺជារឿងអយុត្តិធម៌បំផុតសម្រាប់អ្នកនយោបាយបក្សប្រឆាំង ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។ កញ្ញាបញ្ជាក់ថា រឿងរ៉ាវគួរឱ្យខ្លោចផ្សាបំផុតនោះ ឪពុករបស់កញ្ញាវ័យចំណាស់បានធ្លាក់ខ្លួនឈឺ និងមានបញ្ហាសុខភាពទ្រុឌទ្រោមខ្លាំងដោយសារជំងឺដុះសាច់តម្រងនោម លើសឈាម និងឈឺធ្មេញនៅក្នុងបន្ទប់ពន្ធនាគារតូចចង្អៀត ដោយសារពុំបានយកចិត្តទុកដាក់ថែទាំ និងព្យាបាលឱ្យបានត្រឹមត្រូវ។ កញ្ញាស្នើឱ្យប្រធានពន្ធនាគារព្រៃសអនុញ្ញាតឱ្យឪពុកចេញទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ៖ « គាត់ក៏ត្រេកអរដែលពេលឃើញសាច់ញាតិទៅអ៊ីចឹង គាត់និយាយហើយនិយាយទៀតសូមឱ្យមានការដោះលែងពួកគាត់ទៅ ព្រោះពួកគាត់អត់មានកំហុសទេ គាត់បម្រើប្រជាជន មនុស្សស្លូតបូតមិនសមណាយកពួកគាត់ដាក់ក្នុងហ្នឹងទេ វាអយុត្តិធម៌ណាស់សម្រាប់ខ្មែរអ្នកស្នេហាជាតិ»។
កូនមន្ត្រីបក្សប្រឆាំងរូបនេះ ឱ្យដឹងថា ឪពុករបស់កញ្ញាផ្កាំផ្ញើថា សកម្មជនបក្សប្រឆាំងទាំងអស់ ចង់ឃើញមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងចូលតុចរចាដោះស្រាយបញ្ចប់ជម្លោះនយោបាយដោយសន្តិវិធី ព្រមទាំងដោះលែងពួកគាត់ឱ្យមានសេរីភាព ដើម្បីបានជួបជុំគ្រួសារឡើងវិញ។
លោក គង់ សំអាន អាយុ ៧០ឆ្នាំ គឺជាអតីតគ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាស្រុកមេមត់នៃគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០២០។ តុលាការខេត្តត្បូងឃ្មុំបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន ៧ឆ្នាំ ពីបទរួមគំនិតក្បត់ ដោយសារលោកបានគាំទ្រនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង និងហូបនំបញ្ចុកជុំគ្នាជាមួយសមាជិកដទៃទៀតនៃគណបក្សសង្គ្រោះជាតិ ជាពិសេសលោកបានគាំទ្រដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ថ្មីៗនេះ តុលាការកំពូលតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ក្រោម ដែលបានកាត់ទោសឱ្យលោក គង់ សំអាន ជាប់ពន្ធនាគារ៧ឆ្នាំដដែល។
ទាក់ទងរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថា មន្ត្រីរបស់លោកបានយកចិត្តទុកដាក់លើបញ្ហាសុខភាព និងអនាម័យរបស់ជនឃុំទាំងអស់។ ចំណែកស្ថានភាពរបស់លោក គង់ សំអាន វិញលោកអះអាងមិនមានបញ្ហាដូចការលើកឡើងរបស់គ្រួសារនោះទេ ពីព្រោះលោកបានទៅជួបសកម្មជនរូបនោះដោយផ្ទាល់។ ប៉ុន្តែលោកឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងចុះព្យាបាលសុខភាពមាត់ធ្មេញដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារខាងមុខនេះ ហើយសំណើផ្សេងទៀតខាងលោកនឹងយកទៅពិនិត្យដោះស្រាយបន្ថែមទៀត៖ « បើគាត់កាត់ទោសហើយ ខាងខ្ញុំមានចំណែកខ្លះក្នុងការស្នើឈ្មោះគាត់ ប៉ុន្តែពេលនេះយើងរង់ចាំនីតិវិធីតុលាការសិនថាត្រូវធ្វើមិច ហើយការស្នើយ៉ាងមិចនោះ យើងនឹងពិចារណាទៅតាមហ្នឹងដែរ ហើយយើងមិនដែលចង់ទុកមនុស្សឱ្យនៅយូរទេ ដោយសារគាត់ចាស់អ៊ីចឹងយើងព្យាយាមយកចិត្តទុកដាក់ជាមួយតើ»។
ទោះយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ជនជាប់ឃុំគ្រប់រូបមានសិទ្ធិទទួលបានសេវាសុខភាព និងការយកចិត្តទុកដាក់ពីមន្ត្រីពន្ធនាគារដោយស្មើភាពគ្នា និងគ្មានការរើសអើងនិន្នាការនយោបាយ។ លោកបន្តថា ការដែលសកម្មជននយោបាយទាំងនោះបន្តលើកឡើងអំពីបញ្ហានានា ដូចជា អនាម័យ សុខភាព និងរបបអាហារជាបន្តបន្ទាប់ ដោយសារអាជ្ញាធរពន្ធនាគារមិនបានចាត់វិធានការដោះស្រាយបញ្ហាទាំងនេះឲ្យបានទាន់ពេលវេលា និងបញ្ហាភាពចង្អៀតណែនាំឱ្យមានប្រសិទ្ធភាពនៅឡើយ៖ « អ្នកជាប់ឃុំណាមួយដែលគាត់មានជំងឺ ត្រូវការព្យាបាល អាហ្នឹងត្រូវការយកចិត្តទុកដាក់ និងពិនិត្យលើស្ថានភាពជាក់ស្តែងនៃជំងឺរបស់អ្នកជាប់ឃុំ វាជាការទទួលខុសត្រូវរបស់មន្ត្រីពន្ធនាគារ»។
លោក អំ សំអាត ថ្លែងថា កន្លងមកអង្គការសង្គមស៊ីវិលតែងតែចាត់ទុកការចាប់ និងឃុំខ្លួនសកម្មជនបក្សប្រឆាំង ដែលអនុវត្តសិទ្ធិជាមូលដ្ឋានមានធានាដោយច្បាប់ជាតិ-អន្តរជាតិថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ ដូច្នេះលោកយល់ថា យន្តការ ឬមធ្យោបាយតែមួយទេ ដែលអាចដោះលែងសកម្មជននយោបាយឱ្យមានសេរីភាព ដើម្បីជួបជុំគ្រួសារ និងបន្តជីវភាពនយោបាយឡើងវិញ គឺការចរចាបញ្ចប់វិបត្តិនយោបាយដូចដែលអ្នកនយោបាយធ្លាប់ធ្វើពីមុនមក។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប្រមាណ ៦០នាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងថ្កោលទោសរបបលោក ហ៊ុន សែន ចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ក្រាបសំឡេងគណបក្សប្រឆាំង។ ពួកគេស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។